អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ទស្សនកិច្ចសហគមន៍ភូមិបាក់នឹម

នៅវេលាម៉ោង៧:៤០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៤០នាក់ មកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដឹកនាំក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើដំណើរតាមរថយន្តក្រុងចេញពីរមណីយដ្ឋានទំនប់ម្លេច ឆ្ពោះទៅសហគមន៍ភូមិបាក់នឹម ស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅវេលាម៉ោង៨ព្រឹក ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាបានទៅឈប់នៅជើងភ្នំដំរីរមៀល រួចបន្តដំណើរដោយថ្មើរជើងប្រមាណ១គីឡូម៉ែត្រទើបដល់សហគមន៍ភូមិបាក់នឹម។ គោលបំណងនៃដំណើរទស្សកិច្ចសិក្សាទៅកាន់សហគមន៍ភូមិបាក់នឹម ដើម្បីឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាឈ្វេងយល់អំពីរឿងរ៉ាវជីវិតរបស់ប្រជាជននៅសហគមន៍ដែលបានឆ្លងកាត់របបខ្មែរក្រហម។

នៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ យើងសង្កេតឃើញរុក្ខជាតិនៅតាមជួរភ្នំដំរីរមៀលមានពណ៌បៃតងស្រស់បំព្រង។ ទេសភាពដ៏ស្រស់ត្រកាលទាំងនេះ បានធ្វើឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ព្រមទាំងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម មានអារម្មណ៍ស្រស់ស្រាយ និងភាពសប្បាយរីក។ សហគមន៍ភូមិបាក់នឹម គឺស្ថិតនៅឆ្ងាយពីទីប្រជុំជន និងមានភ្នំនៅព័ទ្ធជុំវិញប្រៀបបានទៅនឹងជញ្ជាំងបាំង។ នៅជុំវិញបរិវេណសហគមន៍ភូមិបាក់នឹមមានវាលស្មៅពណ៌បៃតង និងមានស្រះឈូកចំមុខដែលកំពុងចេញផ្ការហង់។ សហគមន៍ភូមិបាក់នឹមគឺជាកន្លែងសម្រាប់ប្រជាជនក្នុងនៅក្នុងភូមិមកជួបជុំគ្នា និងជាកន្លែងសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាធ្វើការងារបម្រើដល់សហគមន៍។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖