មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៥នាក់ (ស្រី៧នាក់) មកពីស្រុកកោះសូទិន និងស្រុកផ្សេងៗទៀតនៅខេត្តកំពង់ចាម ឲ្យមកចូលរួមសន្និសីទលើកទីមួយ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយខុទ្ធកាល័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមហាវិទ្យាល័យច្បាប់ ប៊ីសស្លី នៃសាកលវិទ្យាល័យតេមផល សហរដ្ឋអាមេរិក ដោយមានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងផ្តល់ទីកន្លែងដោយទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ វាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់ ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអប់រំ សុខាភិបាល សិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ បានចូលរួមនៅក្នុងសន្និសីទនេះ។
បន្ទាប់ពីចប់សន្និសីទអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម ៖
តុង សុភា
ខ្ញុំបាទឈ្មោះ តុង សុភា អាយុ៥៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម ដែលបានអញ្ជើញខ្ញុំចូលរួមសន្និសីទលើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» និងធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនជាតិ និងអន្ដរជាតិ។ ខ្ញុំនឹងនិយាយអំពីរឿងរ៉ាវជីវិតនៅក្នុងរបបខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយឲ្យបានយល់ដឹង និងទប់ស្កាត់កុំឲ្យរបបនេះវិលមកសារជាថ្មីម្ដងទៀត។
ខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះខ្ញុំ។ ខ្ញុំសូមគោរពជូនពរ លោកនាយក ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា មានសុខភាពល្អ និងមានជ័យជម្នះជានិច្ច។
ម៉ៅ វណ្ណា
នាងខ្ញុំឈ្មោះ ម៉ៅ វណ្ណា រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រោយពីនាងខ្ញុំចូលរួមសន្និសីទលើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធឡើងពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាងខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយក្រៃលែង។ ខ្ញុំឃើញកន្លែងប្រជុំដ៏ធំល្វីងល្វើយ ដែលខ្ញុំមិនធ្លាប់បានជួបនាពេលកន្លងមក។ ខ្ញុំបានជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពីខេត្តនានាយ៉ាងច្រើនកុះករ និងបានជួបផ្ទាល់ជាមួយភ្ញៀវជាតិ និងអន្ដរជាតិដែរ។ លើសពីនេះទៅទៀត នាងខ្ញុំបានជួបផ្ទាល់ជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចទាំងពីមានប្រសាសន៍ដ៏មានអត្ថន័យ និងមានសារសំខាន់មិនអាចកាត់ថ្លៃបាន ក្រោមស្នូរទះដៃដ៏កងរំពងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ រួមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ។
ខ្ញុំសូមគោរពជូនពរដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងគ្រប់រាជធានីខេត្ត សូមលោកជួបប្រទះតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ជាពិសេសលោកនាយកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមសន្និសីទលើកក្រោយទៀត។ សូមអរគុណ!
អៀង សារឿន (រូបពាក់អាវខៀវ ឈរកណ្ដាល)
ខ្ញុំបាទឈ្មោះ អៀង សារឿន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរំភើបនិងសប្បាយរីករាយដែលបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ស្ថិតនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមានរយៈពេល៣ថ្ងៃ។ ខ្ញុំគឺជាអតីតកងទ័ពខ្មែរក្រហម ដែលត្រូវបានបញ្ជូនទៅវាយនៅសមរភូមិជាច្រើន ហើយខ្ញុំស្ទើរតែមិនជឿថាអាចនៅរស់រានមានជីវិតនោះទេ។ ខ្ញុំមិនចង់ឲ្យសង្រ្គាមកើតឡើងក្នុងប្រទេសរបស់យើងទៀតទេ។
ខ្ញុំពិតជាមានអារម្មណ៍រំភើបនៅពេលដែលឃើញកងទ័ពរបស់ខ្មែរមានភាពអង់អាចក្លាហាន ហើយមានចំណេះដឹងដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ លើសពីនោះ ខ្ញុំចង់ឃើញកងទ័ពអាចជួយប្រជាជនទូទៅ។ សន្និសីទនេះបានធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ថ្មី និងការយល់ដឹងកាន់តែច្រើន។ ខ្ញុំនឹងចែករំលែកចំណេះដឹងរបស់ខ្ញុំទាក់ទងនឹងសង្រ្គាម និងរបបប្រល័យពូជសាសន៍ទៅដល់យុវជនជំនាន់ក្រោយឲ្យបានយល់ដឹង និងទប់ស្កាត់កុំឲ្យរបបនេះកើតឡើងម្តងទៀត។
ខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះខ្ញុំ។ ខ្ញុំសូមគោរពជូនពរលោកនាយកព្រមទាំងបុគ្គលិកទាំងអស់ឲ្យមានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ច។
មួង សុម៉ាលី
ខ្ញុំឈ្មោះ មួង សុម៉ាលី អាយុ៦២ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នាងខ្ញុំបានចូលរួមសន្និសីទលើកទី១ ស្តីពី « អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ នាងខ្ញុំបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្រ្តកុំឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត កើតមានម្ដងទៀត តាមរយៈការបកស្រាយពីវាគ្មិនជាតិ និងអន្ដរជាតិដែលបានចូលរួម។ លើសពីនេះទៀត នាងខ្ញុំបានជួបផ្ទាល់ជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានមានប្រសាសន៍ដ៏មានអត្ថន័យនិងសារសំខាន់ណាស់នៅក្នុងសន្និសីទនេះ។
ខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះខ្ញុំ។ ខ្ញុំសូមគោរពជូនពរលោកនាយកនិងក្រុមការងារមានសុខភាពល្អ និងមានជ័យជម្នះគ្រប់ភារកិច្ច។
ម៉ម ស្រឿន
ខ្ញុំបាទឈ្មោះ ម៉ម ស្រឿន អាយុ៧៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» និងយល់ថា សន្និសីទនេះល្អណាស់សម្រាប់ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំមិននឹកស្មានថា បានចូលសន្និសីទដ៏មានសារសំខាន់ និងអត្ថន័យបែបនេះទេ។ ខ្ញុំបានស្ដាប់សុន្ទរកថារបស់សម្ដេច មហាបវរធីប ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់។ ខ្ញុំមិនចង់ឲ្យកើតមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ម្ដងទៀតទេ ពីព្រោះប្រជាជនលំបាកវេទនាខ្លាំងណាស់។ ខ្ញុំនឹងនិយាយរៀបរាប់អំពីបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់អំឡុងពេលសង្រ្គាម និងរបបខ្មែរក្រហមប្រាប់ទៅដល់យុវជនជំនាន់ក្រោយដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្ដយើង។
ចុងក្រោយ ខ្ញុំសូមអរគុណដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំសូមជូនពរលោកនាយកឲ្យជួបពុទ្ធពរបួនប្រការគឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អត្ថបទ និងរូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម