ប្រវត្តិអតីតភូមិត្រពាំងវែង

អតីតភូមិត្រពាំងវែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រះនេត្រព្រះ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អតីតភូមិត្រពាំងវែងត្រូវបានបង្កើតឡើងដោយកម្មាភិបាលខ្មែរក្រហម។ ភូមិនេះមានទីតាំងនៅជាប់ជើងភ្នំអរិយកន្ត ក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ តំបន់៥ ភូមិភាគពាយ័ព្យ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ បើតាមប្រជាជនដែលធ្លាប់បានរស់នៅក្នុងភូមិត្រពាំងវែងក្នុងរបបខែ្មរក្រហមបានរៀបរាប់ថា «ឈ្មោះភូមិត្រពាំងវែង ត្រូវបានហៅតៗគ្នាតាមរយៈប្រជាជនមូលដ្ឋាន ព្រោះនៅតំបន់នោះមានត្រពាំងវែងពីបូរាណមួយ។ ត្រពាំងនេះមិនសូវជ្រៅប៉ុន្មាននោះទេ ប៉ុន្តែមានទឹកថ្លាឆ្វង់ ហើយទឹកក្នុងត្រពាំងក៏ត្រូវបានប្រជាជនប្រើប្រាស់ដែរ»។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលយោធាខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ ផ្ទះរបស់ប្រជាជននៅភូមិកណ្តាលមួយចំនួននៅក្នុងឃុំព្រះ​នេត្រព្រះត្រូវបានយោធាខ្មែរក្រហមរុះរើ និងដុតចោល បន្ទាប់ពីជម្លៀស​ប្រជាជនចេញអស់។ នៅអំឡុងឆ្នាំ១៩៧៥ដដែល កម្មាភិបាលខ្មែរក្រហមនៅក្នុងឃុំព្រះនេត្រព្រះបានបង្កើតភូមិថ្មីមួយ គឺភូមិត្រពាំងវែងសម្រាប់ឲ្យប្រជាជនដែលជម្លៀសចេញពីភូមិកណ្តាលស្នាក់នៅ។ ដំបូងកម្មាភិបាលខ្មែរក្រហមបាននាំកម្លាំងទៅកាប់ឆ្ការនៅភូមិត្រពាំងវែង ព្រោះភូមិនេះមានព្រៃដុះព័ទ្ធជុំជិត។ បន្ទាប់មកខ្មែរក្រហមបានសាងសង់ខ្ទមស្បូវចំនួន១៥ សម្រាប់ប្រជាជន៣០គ្រួសារ។ ខ្ទមនីមួយៗត្រូវបានខណ្ឌជាប្រឡោះសម្រាប់២គ្រួសារស្នាក់នៅ។ ខ្ទមស្បូវទាំងនេះ ត្រូវបានសាងសង់ឡើងជាពីរជួរទល់មុខគ្នា។ បន្ទាប់ពីកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានសាងសង់ខ្ទមទាំងនោះរួចរាល់ ប្រជាជនក្នុងភូមិកណ្តាលត្រូវបានបញ្ជូនឲ្យមករស់​នៅភូមិត្រពាំងវែងនេះ។ ខ្ទមនីមួយៗត្រូវបានខ្មែរក្រហមសរ សេរលេខរៀងសម្គាល់ ហើយមុននឹងអនុញ្ញាតឲ្យប្រជាជនមូលដ្ឋានចូលស្នាក់នៅ គឺខ្មែរ​ក្រហមតម្រូវឲ្យប្រជាជនចាប់ឆ្នោត ព្រោះខ្មែរក្រហមយល់ថាដីក្នុងបរិវេណនៃខ្ទមស្បូវនីមួយៗមានជីវជាតិខុសៗគ្នាសម្រាប់ដាំដំណាំ។ ខ្មែរក្រហមធ្វើ​ដូច្នេះក្នុងគោលបំណងកុំឲ្យប្រជាជនច្រណែនគ្នា។ បន្ទាប់ពីចែកខ្ទមរួច ប្រធានភូមិបានបែងចែកការងារឲ្យប្រជាជនគ្រប់ៗគ្នា។ ប្រធានភូមិបានចាត់តាំងប្រជាជនក្នុងភូមិត្រពាំងវែងដាំ ដំឡូងមី ពោត សំណ្តែក និង ស្រូវ។ ចំណែកប្រជាជនដែលមានវ័យចំណាស់ត្រូវមានតួនាទីវេញខ្សែគោ ក្រងកញ្ជើ និងចង្អេរជាដើម។ ប្រសិនជាប្រជាជនមានជំងឺធ្ងន់ត្រូវបញ្ជូនទៅ​សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យវត្តពោធិ៍កែវព្រះនេត្រព្រះ។
នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសប្រជាជន ១៧ មេសា ឬ ប្រជា​ជនថ្មីជាច្រើនគ្រួសារមកស្រុកព្រះនេត្រព្រះ នៅក្នុងនោះប្រជាជនថ្មីមួយ​ចំនួនត្រូវបែងចែកឲ្យនៅក្នុងភូមិត្រពាំងវែងដោយបានសង់ខ្ទមបន្ថែមជា​ច្រើនទៀតនៅតាមចន្លោះកណ្តាលនៃខ្ទមដែលខ្មែរក្រហមបានសង់រួច។ ប្រជា​ជនដែលរស់នៅក្នុងភូមិត្រពាំងវែងខ្វះខាតអាហារហូបចុកយ៉ាងខ្លាំង។ នៅពេលនោះ ខ្មែរក្រហមបានចែកន្ទក់ឲ្យប្រជាជនដែលរស់នៅក្នុងភូមិនេះ ដោយក្នុងម្នាក់ៗទទួលបានកន្ទក់មួយចានសម្រាប់ហូប។ ប្រជាជនបានយកកន្ទក់ទាំងនោះទៅធ្វើអាហារផ្សេងៗ ដូចជាប្រជាជនខ្លះបានយកកន្ទក់នោះទៅបបរលាយជាមួយនឹងគល់ចេក។ ចំណែកប្រជាជនខ្លះទៀតបានយកកន្ទក់ដែលទទួលបាននោះធ្វើជានំអន្សម ឬធ្វើម្ហូបផ្សេងទៀត។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ភូមិត្រពាំងវែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្មាភិបាលស្រុកព្រះនេត្រព្រះ រួមមាន ៖ ឈ្មោះ អន ម៉ោង គឺជាលេខាស្រុក សំអាត គឺជាអនុលេខា ស្រុក, តាពត គឺជាអនុលេខា​ស្រុក និង ពុំ ខូ ហៅ តាខូ គឺជាសមាជិក និងជាគណៈកម្មាធិការស្រុក។ ស្រុកព្រះនេត្រព្រះ មានឃុំចំនួន៦ គឺឃុំព្រះនេត្រព្រះ ឃុំជប់វ៉ារី ឃុំទានកម្ម ឃុំភ្នំលាប ឃុំទឹកជោរ និង ឃុំរហាល។ នៅក្នុង ឆ្នាំ១៩ ៧៧ កម្មា​ភិបាលស្រុកព្រះនេត្រព្រះឈ្មោះ អន ម៉ោង សំអាត តាពត និងគណឃុំភាគច្រើននៅ​ក្នុង​ស្រុកនេះ ត្រូវបានខ្មែរក្រហមចាប់ខ្លួន និង សម្លាប់។ បន្ទាប់មក ខ្មែរ​ក្រហមបានបញ្ជូនកម្មាភិបាលពីភូមិភាគនិរតី​មកដឹកនាំនៅស្រុកព្រះនេត្រព្រះ។ អ៊ឹម ចែម ហៅ យាយចែម ដែលជាអតីតលេខាស្រុកកោះអណ្តែត (ស្រុក១០៨) តំបន់១៣ ភូមិភាគនិរតី ត្រូវបានបញ្ជូនឲ្យមកដឹកនាំស្រុកព្រះ​នេត្រព្រះ និងតំបន់៥ នៃភូមិភាគពាយ័ព្យ។ បច្ចុប្បន្ន អ៊ឹម ចែម ហៅ យាយចែម គឺជាជនសង្ស័យម្នាក់នៅក្នុងសំណុំរឿង ០០៤/១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានប្រជាជន ១៧ មេសា ឬ ប្រជាជនថ្មីជាច្រើន ត្រូវបានខ្មែរក្រហមជម្លៀសមកស្រុកព្រះនេត្រ។ ចំនួន​ប្រជាជន១៧ មេសា ឬ ប្រជាជនថ្មីមានច្រើនជាងប្រជាជនមូលដ្ឋានទៅទៀត។ ប្រជាជនថ្មីទាំងនេះ បានស្ថិតនៅក្នុងការស៊ើបសួរប្រវត្តិរូបពីកម្មាភិបាលនៅមូលដ្ឋានជាប្រចាំ។ កម្មាភិបាលខ្មែរក្រហម បានប្រើវិធីឲ្យប្រជាជនថ្មីទាំងនោះរាយការណ៍ពីគ្នាទៅវិញទៅមក ដើម្បីដឹងពីសមាស​ភាពពិតប្រាកដថា នរណាខ្លះធ្លាប់បម្រើការជាមន្រ្តីរដ្ឋការ, ប៉ូលីស, ទាហា​ន និង អ្នកដែលមានជាប់និន្នាការក្នុងរបបចាស់។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមនឹងចាប់បញ្ជូនអ្នកទាំងនោះពីភូមិទៅឃុំ ស្រុក តំបន់ ភូមិភាគ និងមួយចំនួន ត្រូវបានបញ្ជូនបន្តមក មន្ទីរស-២១ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្រជាជនរស់នៅភូមិត្រពាំងវែង បានត្រឡប់មកផ្ទះនៅភូមិកណ្តាល មកភ្នំពេញ និង មកស្រុក​កំណើតរបស់ខ្លួនវិញ។ ចំណែកភូមិត្រពាំងវែងលែងមានប្រជា​ជនរស់នៅទៀតហើយ។ នៅចន្លោះឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានមកសង់បន្ទាយ និង បោះទីតាំងនៅក្នុងអតីតភូមិត្រវែង។ នៅឆ្នាំ១៩៨៨ កងទ័ពវៀតណាម បានដកចេញពីភូមិត្រពាំងវែង។ បន្ទាប់មកអង្គភាពកង រថគ្រោះ បានមកឈរជើងនៅក្នុងភូមិត្រពាំងវែងជំនួសឲ្យអង្គភាពវៀតណាម។ នៅរវាងពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៥ អង្គភាពកងរថក្រោះបានផ្លាស់ទៅឈរជើង នៅក្នុងខេត្តសៀមរាប ដោយបានផ្ញើដីទីតាំងចាស់នៅក្នុងភូមិត្រពាំងវែងជាមួយនឹងរដ្ឋបាលស្រុកព្រះនេត្រព្រះ។ នៅអំឡុងដើមឆ្នាំ២០០០ បញ្ជាការដ្ឋានកងរថក្រោះ នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានត្រឡប់មកបង្កើតទីបញ្ជាការកងរថក្រោះប្រចាំទិសយោធភូមិភាគ៥ស្ថិតនៅក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យវិញ។ ចាប់ពីដើមឆ្នាំ២០០០ រហូតមកទល់នឹងបច្ចុប្បន្ន អតីតភូមិត្រ​ពាំង​វែង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការកងរថក្រោះប្រចាំ​ទិស​យោធភូមិភាគ៥ (ស្រុកព្រះនេត្រព្រះ)។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទផ្សេងទៀត៖