គឹម ហឿន ជនជាតិដើមភាគតិចមិល នៅក្នុងភូមិចង្ហប

គឹម ហឿន មានអាយុ៦៥ឆ្នាំ គឺជាជនជាតិដើមភាគតិចមិល សព្វថ្ងៃរស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានរៀបរាប់ថា ខ្ញុំមានបងប្អូន៤នាក់ គឺស្រី៣នាក់​ និងប្រុស១នាក់។ នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុ១៦ឆ្នាំ ត្រូវបានខ្មែរក្រហមប្រើឲ្យទៅលើកទំនប់នៅភ្នំស្រួច។ ខ្មែរក្រហមតម្រូវឲ្យខ្ញុំលើកទំនប់ក្នុងមួយថ្ងៃឲ្យបាន២ទៅ៣ម៉ែត្រគុបជាកំហិត។ នៅសម័យនោះ ខ្ញុំប្រើប្រាស់តែចប និង បង្គីដើម្បីរែកដី ប៉ុន្តែប្រសិនបើខ្ញុំរែកមិនគ្រប់តាមផែនការកំណត់ទេ ខ្មែរក្រហមនឹងធ្វើមីទ្ទិញ (ប្រជុំក្រុម) ឬយកទៅកសាង។ ខ្ញុំឈប់សម្រាកពីធ្វើការងារនៅម៉ោង១១ព្រឹក រួចហើយទៅហូបបាយដែលចុងភៅចែកឲ្យម្នាក់មួយចាន ជាមួយសម្លស្លឹកដំឡូង ប៉ុន្តែខ្ញុំហូបមិនឆ្អែតទេ។ ខ្ញុំហូបដើម្បីតែរស់មានជីវិតធ្វើការឲ្យខ្មែរក្រហមប៉ុណ្ណោះ។ នៅវេលាម៉ោង១រសៀល ខ្ញុំចាប់ផ្តើមចូលធ្វើការបន្ត។

នៅក្នុងភូមិចង្ហប ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យធ្វើការងារជា៤ក្រុម ដែលក្រុមនីមួយៗ មានសមាជិកច្រើននាក់ណាស់ ក្នុងនោះមានប្រជាជនជម្លៀសមកពីភ្នំពេញ និងតំបន់ផ្សេងៗលាយចម្រុះគ្នា រួមមាន ជាតិភាគតិចចិន ជនជាតិភាគតិចចាម និងជនជាតិខ្មែរ។ ខ្មែរក្រហមជម្លៀសប្រជាជនទាំងនោះដោយដឹកជញ្ជូនតាមរថយន្ត។ ខ្ញុំបានហៅប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីភ្នំពេញថា ប្រជាជន ១៧ មេសា។ ខ្មែរក្រហមបានចាត់តាំងប្រជាជន ១៧ មេសា ទៅធ្វើស្រែ ប៉ុន្តែប្រជាជនទាំងនោះមិនប្រសប់ធ្វើការងារឡើយ និងមានការរអ៊ូរទាំច្រើន ព្រោះមិនធ្លាប់ធ្វើការលំបាកៗពីមុនមក។ ប្រជាជន ១៧ មេសា ស្លាប់ច្រើនណាស់ ហើយភាគច្រើនជនជាតិភាគតិចចិន។ ទោះបីយ៉ាងណា ប្រជាជន ១៧ មេសា ទាំងនោះគឺជាមនុស្សល្អ។ ខ្ញុំធ្លាប់ធ្វើការលើកទំនប់នៅភ្នំស្រួចជាមួយ ប្រជាជន ១៧ មេសា ហើយយើងហូបបាយជុំគ្នា។ ខ្ញុំបានត្រឹមស្គាល់ជនជាតិភាគតិចចិនប៉ុណ្ណោះ ដោយយើងនិយាយភាសាខ្មែរដើម្បីឆ្លងឆ្លើយគ្នា ប៉ុន្តែនៅពេលប្រជាជន ១៧ មេសាទាំងនោះនិយាយជាមួយសមា​ជិកគ្រួសាររបស់ខ្លួន ទើបនិយាយភាសាចិន។ នៅក្នុងភូមិចង្ហប ក៏មានប្រជាជន ១៧​ មេសា ស្លាប់ច្រើនដែរ ដោយសារជំងឺ និងហូបមិនឆ្អែត។

រឿងដែលខ្ញុំនៅចងចាំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានប្រើខ្ញុំឲ្យធ្វើការងារធ្ងន់ គ្មានពេលសម្រាក និងមិនមានអាហារហូបគ្រប់គ្រាន់។ មកដល់សព្វថ្ងៃ ខ្ញុំមករស់នៅជាមួយប្អូនស្រីខ្ញុំ ហើយខ្ញុំក៏មានជំងឺប្រចាំកាយ ដូចជា ឈឺចង្កេះ ឈឺជង្គង់ រលាកក្រពះ និងពោះវៀន។

អត្ថបទ ៖ សុខ ណេង អ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តក្រចេះ
រូបថត ៖ វង្ស ស្រីឃីម អ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តក្រចេះ
អត្ថបទផ្សេងទៀត៖