អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២១០នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បានទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ វេទិកាសុខភាពនេះរៀបចំនៅវត្ដប្រាសាទសន្ដិភាព ឬ ហៅវត្ដទំនប់ដាច់ (អតីតទីតាំងនៃការធ្វើសមារណកម្មរវាងកងទ័ពខ្មែរក្រហម និងរាជរដ្ឋាភិបាលកម្ពុជានៅកំឡុងឆ្នាំ១៩៩៩) ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីប្រជាជនមកពី៥ឃុំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួមមាន ៖ ឃុំទំនប់ដាច់ ឃុំបាក់អន្លូង ឃុំអូរស្វាយ ឃុំព្រះប្រឡាយ និង ឃុំត្រពាំងប្រាសាទ ដែលក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាធ្លាប់ជួបសួរសុខទុក្ខ និងធ្លាប់ស្ដាប់រឿងរ៉ាវជីវិតពីរបបខ្មែរក្រហម ព្រមទាំងធ្លាប់បានផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាព។ គម្រោងនេះ មានគោលបំណងជំរុញការយល់ដឹងពីការថែទាំសុខភាពទៅកាន់ប្រជាជនគ្រប់រូប ជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីឲ្យដឹងថាការពិនិត្យសុខភាព គឺមានសារសំខាន់ខ្លាំងណាស់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវបានចាត់ទុកថា ជាក្រុមមនុស្សដែលងាយរងគ្រោះបំផុតដោយសារស្ថានភាពសុខភាព ពិការភាព ស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិត និងកម្រិតនៃការអប់រំ។ ការពិនិត្យសុខភាពនឹងជួយកាត់បន្ថយហានិភ័យទៅលើផ្នែកសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានមួយកម្រិត និងព្យាបាលទាន់ពេលវេលា។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានលើកឡើងនៅក្នុងឱកាសពិនិត្យសុខភាពនេះថា ដំណើរការអប់រំអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ និងឱកាសទទួលបានការពិនិត្យសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនពីរបបខ្មែរក្រហម និងការខិតខំប្រឹងប្រែងចុះជួប និងប្រមែប្រមូលទិន្នន័យរបស់អ្នកស្ម័គ្រចិត្ដកម្ពុជា។
គិតត្រឹមឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅប្រមាណ៤៤១នាក់នៅក្នុងខេត្តឧត្តរមានជ័យ ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៣២.០០០នាក់នៅទូទាំងប្រទេសកម្ពុជា ត្រូវបានអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តឧត្តរមានជ័យចុះសួរសុខទុក្ខ និងស្ដាប់រឿងរ៉ាវរបស់ពួកគាត់ចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩។ គិតត្រឹមពេលនេះ អ្នកស្ម័គ្រចិត្ដកម្ពុជានៅខេត្តឧត្តរមានជ័យប្រមាណ១០០នាក់ កំពុងធ្វើកិច្ចការសុខភាពជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
នៅអំឡុងពេលពិនិត្យសុខភាព ក្រុមគ្រូពេទ្យជំនាញបានផ្ដល់សារដាស់តឿនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកចូលរួម។ ជាទូទៅមានជំងឺ១០មុខភាគច្រើនកើតមានលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមមាន៖ ជំងឺលើសឈាម, ជំងឺក្រពះពោះវៀន, ជំងឺគ្រុនចាញ់, ជំងឺផ្លូវចិត្ដ, ជំងឺបេះដូង, ជំងឺរលាកសន្លាក់, ជំងឺហឺតរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺរបេង និងជំងឺឆ្កួតជ្រូក ។ នៅក្នុងឱកាសនោះ ក្រុមគ្រូពេទ្យជំនាញក៏បានសង្កត់ធ្ងន់ដែរថា បើទោះបីជាជំងឺមួយចំនួនមិនមានការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ក៏ដោយ ក៏ការផ្លាស់ប្ដូររបបអាហារ និងទម្លាប់រស់នៅរបស់ក្រុមគ្រួសារនីមួយៗ គឺជារឿងសំខាន់ ដោយសារវាមានទំនាក់ទំនងនឹងការទទួលទានរបបអាហារ និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។
បន្ទាប់ពីកម្មវិធីពិនិត្យសុខភាព ក៏មានការចែកសៀវភៅ «ព័ត៌មានថែទាំសុខភាព» ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ។
ខាងក្រោមនេះ គឺជាការយល់ឃើញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលចូលរួមក្នុងកម្មវិធីពិនិត្យ និងអប់រំសុខភាព៖
យ៉ង់ យឺន ភេទប្រុស អាយុ៧៩ឆ្នាំ មានប្រសាសន៍ថា «ខ្ញុំបានយល់ដឹងពីសារសំខាន់នៃការថែទាំសុខភាព ព្រមទាំងទទួលបានសៀវភៅអប់រំសុខភាព«។ ពាក្យមួយម៉ាត់ថា សុខភាព គឺជ្រៅជ្រះណាស់ ដោយមួយតួអង្គរបស់មនុស្សយើងម្នាក់ៗ គឺអាស្រ័យទៅលើសុខភាព។ យើងអាចធ្វើដំណើរទៅណាមកណាបាន ក៏អាស្រ័យទៅលើសុខភាព។ ដើម្បីឲ្យសុខភាពយើងប្រសើរឡើង គឺយើងត្រូវលះបង់ចោលទម្លាប់មិនល្អ ហើយងាកចាប់យកទម្លាប់ល្អ ដូចជាការយកចិត្ដទុកដាក់ទៅលើផ្នែកអនាម័យ និងមិនត្រូវហូបអាហារតាមចិត្ដចង់នោះទេ។ យើងត្រូវហូបអាហារណាដែលសមស្របតាមសុខភាពរបស់យើងម្នាក់ៗ។ ចុងក្រោយខ្ញុំក៏ត្រេកអរចំពោះការទទួលបានសៀវភៅទាក់ទងការថែទាំសុខភាពដែលមានតម្លៃសម្រាប់ខ្ញុំ»។
សុត ជួន ភេទស្រី អាយុ៧០ឆ្នាំ រៀបរាប់ថា «ខ្ញុំអរគុណសម្រាប់ការផ្ដល់ឱកាសឲ្យខ្ញុំបានពិនិត្យសុខភាព។ ខ្ញុំគិតត្រឡប់ទៅវិញថា ប្រសិនបើជំនាន់ ប៉ុល ពត យើងចាំតែស្លាប់ទេ ដោយសារគ្មានថ្នាំព្យាបាល និងហូបចុកមិនឆ្អែត។ ខ្ញុំធ្លាប់លួចកាកបបរដែលកំពុងក្ដៅមកហូបនៅក្នុងសហករណ៍ ដោយសារស្រេកឃ្លានខ្លាំងពេក ដែលបណ្ដាលឲ្យខ្ញុំរលាកក្រពះមកដល់ពេលបច្ចុប្បន្ន។ តាមរយៈការអប់រំសុខភាពនេះ ខ្ញុំនឹងប្រាប់បន្ដទៅកាន់អ្នកភូមិផ្សេងទៀតដែលមិនបានចូលរួមឲ្យបានដឹងអំពីការថែទាំសុខភាព»។
អ៊ូច គឿន ភេទស្រី អាយុ៧០ឆ្នាំ លើកឡើងថា «ខ្ញុំសប្បាយចិត្ដដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះមកពិនិត្យសុខភាពដល់មូលដ្ឋានប្រជាពលរដ្ឋ។ ការពិនិត្យសុខភាពនេះ គឺធ្វើឲ្យយើងងាយស្រួលព្យាបាលនៅពេលបានដឹងពីជំងឺណាមួយ និងទិញថ្នាំលេបបានត្រឹមត្រូវ។ ខ្ញុំមើលឃើញថា ទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព គឺផ្នែកអនាម័យ។ មនុស្សយើងម្នាក់ៗសុខភាពល្អឬមិនល្អ គឺអាស្រ័យលើការហូបចុក និងរស់នៅប្រចាំថ្ងៃ។ ខ្ញុំបានយកចិត្ដទុកដាក់ទៅលើផ្នែកអនាម័យ ដោយសារជីវភាពរបស់ខ្ញុំក្រលំបាក ដូចនេះប្រសិនបើមានបញ្ហាសុខភាពណាមួយខ្ញុំគ្មានថវិកាសម្រាប់ព្យាបាលទេ»។
ឃុត សឹម ភេទប្រុស អាយុ៨១ឆ្នាំ ឲ្យដឹងថា «បន្ទាប់ពីបានចូលរួមក្នុងវេទកាពិនិត្យសុខភាព ខ្ញុំបានពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ គឺធ្វើឲ្យខ្ញុំសប្បាយចិត្តដោយសារបានដឹងពីសុខភាពផ្ទាល់ខ្លួន។ ខ្ញុំបានប្រឈមនឹងជំងឺលើសសម្ពាធឈាម។ បន្ទាប់ពីខ្ញុំបានស្ដាប់ការណែនាំពីគ្រូពេទ្យ ខ្ញុំសម្រេចចិត្ដថា ខ្ញុំត្រូវតែទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយផ្ទាល់»។
ឡឹក មុំ ភេទស្រី អាយុ៦៣ឆ្នាំ «បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងវេទិកាពិនិត្យសុខភាពនេះហើយ ខ្ញុំយល់ឃើញថាល្អ ដោយសារក្រុមគ្រូពេទ្យបានពិនិត្យសុខភាពដោយផ្ទាល់ជូនខ្ញុំដើម្បីបានដឹងពីស្ថានភាពជំងឺ។ ខ្ញុំបានប្រឈមនឹងការលើសជាតិស្ករ និងជំងឺសម្ពាធឈាមឡើងខ្ពស់។ បន្ទាប់ពីខ្ញុំបានដឹងពីបញ្ហាសុខភាពរបស់ខ្លួនរួចហើយ គឺខ្ញុំត្រូវតែទៅមន្ទីរពេទ្យរៀងរាល់មួយសប្តាហ៍ម្ដង ហើយលេបថ្នាំឲ្យបានទៀងទាត់ ព្រមទាំងតមចំណីអាហារមួយចំនួនផង។
ណេត វ៉ុន ភេទស្រី អាយុ៦៤ឆ្នាំ រៀបរាប់ថា «បន្ទាប់ពីខ្ញុំបានចូលរួមក្នុងវេទិកាពិនិត្យសុខភាពនេះរួច ខ្ញុំបានដឹងពីស្ថានភាពជំងឺនៅក្នុងខ្លួនរបស់ខ្ញុំ។ ខ្ញុំប្រឈមនឹងជំងឺឈឺក្រពះពោះវៀនរ៉ាំរ៉ៃ ដែលលទ្ធផលនេះនឹងជំរុញឲ្យខ្ញុំត្រូវតែទៅទិញថ្នាំដើម្បីព្យាបាលដើម្បីទទួលបានសុខភាពល្អ។ ជាចុងក្រោយ ខ្ញុំពិតជាសប្បាយចិត្ដដោយសារទទួលបានការពិនិត្យសុខភាព និងពិសាអាហារជុំគ្នា»។
រេន រ៉ី ភេទស្រី អាយុ៧៣ឆ្នាំ លើកឡើងថា «បន្ទាប់ពីខ្ញុំទទួលបានការពិនិត្យ និងពិគ្រោះយោបល់អំពីសុខភាពរួចមក ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងបានដឹងពីប្រភេទថ្នាំដើម្បីព្យាបាលជំងឺនោះផងដែរ។ អ្វីដែលសំខាន់ ខ្ញុំចងចាំថា ដើម្បីថែរក្សាសុខភាពឲ្យបានល្អ គឺយើងត្រូវចេះរក្សាអនាម័យ និងសម្អាតរាងកាយ។ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្ញុំមានជំងឺលើសសម្ពាធឈាម, ឈឺក្បាលជង្គង់ និងចុករោយនៅតាមសន្លាក់ដៃជើងដែរ។ ខ្ញុំត្រូវតែទៅរកថ្នាំលេបឲ្យបានទៀងទាត់ ដើម្បីកុំឲ្យជំងឺរើឡើង។ ជាចុងក្រោយ ខ្ញុំពិតជាមានអារម្មណ៍ល្អ ដោយសារទទួលបានទាំងការពិនិត្យសុខភាព និងពិសាអាហារជុំគ្នាដែរ»។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា