ជឹម យ៉ុម ៖ ឪពុកខ្ញុំធ្លាក់ខ្លួនឈឺស្លាប់ដោយសារធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជឹម យ៉ុម អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហមខ្ញុំនៅកុមារ ដូច្នេះខ្មែរក្រហមប្រើខ្ញុំឲ្យឃ្វាលក្របី និងរៀនអក្សរបានតិចតួចពេលសម្រាកពីឃ្វាលក្របី។ ពេលក្របីស៊ីស្មៅមិនឆ្អែត  ហើយទៅស៊ីស្រូវ ពូជីដូនមួយរបស់ខ្ញុំដែលជាកម្មាភិបាលខ្មែរក្រហមវាយខ្ញុំបីខ្សែតីធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ពូរបស់ខ្ញុំមិនអត់ឱនឲ្យខ្ញុំឡើយ និងប្រាប់ខ្ញុំថា អង្គការនឹងបង្អត់អាហារមួយថ្ងៃថែមទៀតផង ប្រសិនបើក្របីស៊ីស្រូវម្តងទៀត។

ខ្ញុំត្រូវទៅឃ្វាលក្របីដូចសព្វមួយដង ស្រាប់តែថ្ងៃមួយខ្ញុំបានឃើញត្រីងាប់ ក៏រើសត្រីនោះបម្រុងយកទៅដុតដើម្បីបានហូបឆ្ញាញ់។ ខ្ញុំបានទៅដើរទៅសុំអំបិលពីរោងបាយយកមកហូបជាមួយត្រីដុត ប៉ុន្តែត្រូវអ្នកគ្រប់គ្រងផ្ទះបាយស្តីឲ្យខ្ញុំថាយកអំបិលធ្វើអី ព្រមទាំងវាយខ្ញុំថែមទៀត។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំទទួលរបបបបរ ឬបាយមួយកូនចានតូចតែប៉ុណ្ណោះក្នុងមួយពេល។ ចំណែកសម្លមានតែបន្លែស្រោចលាមកដែលគ្មានអនាម័យ និងគ្មានគ្រឿងផ្សំត្រឹមត្រូវឡើយ ហេតុនេះពេលដល់ម៉ោងហូបអាហារម្តងៗខ្ញុំសុខចិត្តហូបបាយជាមួយអំបិល ព្រោះខ្ញុំខ្ពើមបន្លែដែលលាងមិនស្អាត។

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានសំណាងដោយសារកងទ័ពខ្មែរក្រហមឲ្យបាយខ្ញុំហូបជារឿងៗ។ ដោយសារបានបាយហូប ខ្ញុំក៏ឧស្សាហ៍យកក្របីទៅឃ្វាលនៅម្ដុំបន្ទាយទាហាន ស្ថិតនៅក្នុងភូមិចេកធ្លក។ ខ្ញុំមិនមានខោអាវស្លៀកពាក់ត្រឹមត្រូវឡើយ ព្រោះមិនទាន់គ្រប់អាយុដែលអង្គការចែកក្រណាត់ខោអាវឲ្យ។ ខ្ញុំមានតែខោអាវមួយសម្រាប់ពាក់ជាប់ខ្លួន។​

ខ្ញុំមានបងប្អូនស្លាប់នៅក្នុងសម័យខ្មែរក្រហមម្នាក់ដោយសារតែគាត់ធ្វើជាកងទ័ពរបស់ខ្មែរក្រហមក្នុងឆ្នាំ១៩៧៧-៧៩។ បងខ្ញុំឈ្មោះ ជឹម សាំ បានស្លាប់នៅមន្ទីពេទ្យវត្តជីផុចមានទីតាំងស្ថិតនៅក្នុងវត្តជីផុចនាពេលបច្ចុប្បន្ន បន្ទាប់ពីគាត់ត្រូវរបួសមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងគ្រូសារមិនហ៊ានស្នាក់នៅផ្ទះដែលស្ថិតជិតផ្លូវទេ គឺខ្ញុំទៅរស់នៅភូមិស្នូល ស្រុកបាភ្នំ។ ពេលធ្វើដំណើរតាមផ្លូវ ខ្ញុំបានឃើញរោងបាយមួយ ប៉ុន្តែរោងបាយនោះគ្មានសេសសល់អ្វីឡើយ គឺសល់តែទឹកប៉ុណ្ណោះ។ ខ្ញុំយកទឹកនោះមកប្រើប្រាស់ និងមកផឹក។ ពេលយប់ ខ្ញុំរកកន្លែងដែលមានទីធ្លាស្រឡះៗ ហើយដេកផ្ទាល់ដីតែម្តង។ ខ្ញុំធ្វើដំណើរចេញពីភូមិប្រមាណ៣ទៅ៤ថ្ងៃ ស្រាប់តែម៉ោង១២យប់មានរថយន្តបើកមកពីទិសខាងលិចប្រាប់ថា បងប្អូនកុំទៅទិសខាងលិចទៀត ត្រូវត្រឡប់មកកើតវិញ ទើបខ្ញុំនិងគ្រួសារត្រឡប់មករស់នៅផ្ទះស្ថិតនៅភូមិស្នាយបុណ្យរហូតមកដល់សព្វថ្ងៃ។

ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ ឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺគ្រាំដោយសារធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម។ ឪពុករបស់ខ្ញុំបានក្អួតលាយឈាមរហូតដល់គាត់ស្លាប់។

អត្ថបទ ៖ សេន ពន្លឺ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក