វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នកចូលរួមដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកកោះសូទិន និងយុវជន-យុវនារីមកពីស្រុកកំពង់សៀម ចំនួន៥០នាក់។ វេទិកាអប់រំសហគមន៍នៅខែកញ្ញានេះ គឺផ្ដោតសំខាន់ទៅលើការស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានថ្លែងបើកវេទិកា និងលើកឡើងអំពីបរិបទប្រវត្តិសាស្រ្តចាប់ពីរដ្ឋប្រហារ លន់ នល់ ឆ្នាំ១៩៧០ ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ ក្រោយការធ្វើបទបង្ហាញចប់លោក ស៊ាង ចិន្តា ឆ្លៀតយកឱកាសចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់យុវជនដែលបានចូលរួមនៅក្នុងថ្ងៃនេះ។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួច យុវជនទាំងអស់ត្រូវបានចែកជាពីរក្រុមដើម្បីសា្តប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមកម្មវិធីថ្ងៃនេះ និងធ្វើដំណើរតាមរទេះសេះទៅកាន់ស្តូបគោរពវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។

ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលបានចូលរួមនៅក្នុងវេទិកាអប់រំសហគមន៍ ៖

ទ្រី ចាន់ដេត  អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០ បានលើកឡើងថា «ខ្ញុំពិតជាមានអារម្មណ៍រីករាយ បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងម៉ែ។ ខ្ញុំយល់ឃើញថា សៀវភៅនេះគួរត្រូវបានចែកជូនសិស្សនៅតាមសាលារៀនផ្សេងៗទៀតដើម្បីអាននិងបង្កើននូវចំណេះ។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅនេះ ទៅចែករំលែកជាមួយអ្នកស្រុក អ្នកភូមិ និងមិត្តភក្តិនៅសាលា។ ខ្ញុំសំណូមពរទៅព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់កម្មវិធីសិក្សាបន្ថែមដើម្បីឲ្យសិស្សឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ្នកគ្រូ ម៉ៅ វណ្ណា និងបានដឹងពីប្រវត្តិដ៏លំបាករបស់អ្នកគ្រូ ដែល បាត់បង់សាច់ញាតិក្រុមគ្រួសារស្ទើរតែទាំងអស់»។

ខុម រត្តនា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ រៀបរាប់ថា «ខ្ញុំចងចាំនូវការពន្យល់របស់លោកអ៊ុំ គឹម សាន្ត ដែលបានរៀបរាប់ពីការដឹកនាំនៅសម័យខ្មែរក្រហម។ សម្រាប់ចំណេះដឹងដែលខ្ញុំទទួលបានពីវេទិកានេះ ខ្ញុំនឹងយកទៅចែករំលែកក្នុងសហគមន៍តាមរយៈការផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យប្អូនៗជំនាន់ក្រោយបានយល់ដឹង។ ខ្ញុំនៅតែបន្តនិយាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅកាន់មជ្ឃដ្ឋានជុំវិញខ្លួន។ ខ្ញុំសំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តបង្កើតដំណើទស្សនកិច្ចសិក្សាដល់សិស្ស ដើម្បីជួបពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យបានច្រើន។ ជាពិសេស ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាកំណត់ហេតុផ្ទាល់របស់សម្តេចយាយ»។

អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖