សិស្សវិទ្យាល័យ ហេង សំរិន ឫស្សីស្រុក ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន១២០ក្បាលដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១១នៃវិទ្យាល័យ ហេង សំរិន ឫស្សីស្រុក។ វិទ្យាល័យ ហេង សំរិន ឫស្សីស្រុក ស្ថិតនៅក្នុងភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គណៈគ្រប់គ្រងវិទ្យាល័យ ឫស្សីស្រុក ដឹកនាំដោយ លោកនាយក ប៊ុន ណារិទ្ធ បានទទួលសា្វគមន៍ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកំពង់ចាម យ៉ាងកក់ក្តៅ។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងក្រុមការងារ។ ឆ្លៀតឱកាសនេះ លោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវនេះ។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម ឬ ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

បន្ទាប់ពីការផ្ដល់បទបង្ហាញយ៉ាងខ្លីអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរួចរាល់ លោក ស៊ាង ចិន្ដា ពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស ដែលជាក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ មកប្រទេសកម្ពុជា។

ជាចុងក្រោយ លោក ស៊ាង ចិន្ដា លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រឹងប្រែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងថែរក្សាសៀវភៅនេះជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនៈយល់ឃើញ ដូចខាងក្រោម ៖

ថាត ចន្ថា អាយុ១៧ឆ្នាំ គឺជាសិស្សថា្នក់ទី១១ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យហេងសំរិន ឫស្សីស្រុក លើកឡើងថា «ខ្ញុំធ្លាប់ឃើញការចុះផ្សាយអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ហើយនៅថ្ងៃនេះខ្ញុំទទួលបានសៀវភៅនេះផ្ទាល់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។ នៅពេលខ្ញុំបើកសៀវភៅនេះ ខ្ញុំឃើញនូវរូបភាពឯកសារដ៏កម្រ និងខ្លឹមសារប្រវត្តិសាស្រ្ត ដែលខ្ញុំមិនដែលដឹងពីមុនមក។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅនេះទៅចែករំលែកទៅកាន់អ្នកដែលខ្ញុំស្គាល់»។

សាំង ស្រីណុច អាយុ១៦ឆ្នាំ គឺជាសិស្សថា្នក់ទី១០ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យហេងសំរិន ឫស្សីស្រុក រៀបរាប់ថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ខ្ញុំរំភើបរីករាយ ព្រោះវាជាសៀវភៅព្រះរាជកំណត់ហេតុរបស់ហ្លួងយាយ។ ខ្ញុំយល់ឃើញថាសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះគឺពិតជាមានតម្លៃសម្រាប់រូបខ្ញុំផ្ទាល់ដែលជាកូនចៅជំនាន់ក្រោយ។ ខ្ញុំអាចអាន និងធ្វើការយល់ដឹងបន្ថែមទៀតអំពីបរិបទប្រវត្តិសាស្រ្តខ្មែរយើងនាពេលនោះ។ ចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ ខ្ញុំនឹងយកទៅចែករំលែកបន្តទៅកាន់សិស្សប្អូនជំនាន់ក្រោយទៀត។ ខ្ញុំសូមអរគុណ និងសូមណូមពរព្រះរាជបណ្ណាល័យហ្លួងម៉ែបន្តកម្មវិធីចុះចែកសៀវភៅនេះ»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី​ ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖