នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រួមមាន៖ ឡុង ដានី, ឡុង អូន, ធី គឹមហុង, និង ចាន់ ណារិទ្ធ បានធ្វើដំណើរមកដល់វិទ្យាល័យបាកាន ដែលមានទីតាំងស្ថិត ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១០១ក្បាល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១០១នាក់ ក្នុងនោះមានស្រី៦៥នាក់។ មុនពេលចែកសៀវភៅ លោកគ្រូ តាន់ សុជាតិ នាយកវិទ្យាល័យបាកាន បានទទួលស្វាគមន៍ និងមានប្រសាសន៍ថា ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកចែកជូនលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៅវិទ្យាល័យបាកាន។ លោកគ្រូ សុជាតិ បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ពីព្រោះសៀវភៅនេះមានសារសំខាន់ និងជាជំនួយលើមុខវិទ្យាប្រវត្តិវិទ្យានៅក្នុងកម្មវិធីអប់រំ។
បន្ទាប់មក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំខ្លួននិងក្រុមការងារដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ លោក ឡុង ដានី បានជម្រាបថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបើកដំណើការមជ្ឈមណ្ឌលផ្សះផ្សាវាលវែងមានគោលបំណងដូចខាងក្រោម៖
១)បង្ហាញអំពីប្រវត្តិសាស្ត្រ និងសង្គ្រាមនៅប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០។
២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះ តាមរយៈកម្មវិធីអប់រំជាឱកាសក្នុងការចូលរួមសម្រាប់យុវជនរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។
៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍ របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។
៤)ប្រមែរប្រមូលចងក្រងទីតាំងប្រវត្តិសាស្ត្រយោធា និងរឿងរ៉ាវបទពិសោធន៍ពីអ្នករស់រានមានជីវិត ដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម។
៥) ជួយសម្របសម្រួលលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា»។
ជាចុងក្រោយ លោក ឡុង ដានី បានបន្ថែមថា «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនេះ គឺជាព្រះសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនរបស់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្លូ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងដំណើរ តាមយន្តហោះ ចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្តគ័ងប៊ិញនៃ ប្រទេសវៀតណាម និងយាងបន្តដោយរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គទាំងពីរត្រូវចំណាយពេលជាងមួយខែ បានបង្ហាញយ៉ាងច្រើនពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។ ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈ កាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គ គឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយព្រះអង្គក្នុងអំឡុងពេលនោះ។ ព្រះរាជសំណេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ទ្រង់ផ្តល់នូវព្រះរាជតម្រិះសង្ខេបអំពីជំពូកដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្ស បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៖
ច្រឹក ស៊ីវមីង លើកឡើងថា «នាងខ្ញុំពិតជាសប្បាយខ្លាំងណាស់ ដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» របស់ហ្លួងម៉ែ មកចែកដល់ខ្ញុំដែលជាសិស្សានុសិស្សឲ្យបានដឹងអំពីប្រវត្តិដំណើរត្រឡប់មកប្រទេសកម្ពុជារបស់ហ្លួងម៉ែ និងយល់ដឹងពីការរស់នៅរបស់ប្រជាជននៅសម័យនោះ ខ្ញុំទទួលបានចំណេះវិជ្ជាផ្សេងៗដែលខ្ញុំមិនធ្លាប់បានដឹង។
រ៉ន លីណា បង្ហាញពីរម្មណ៍របស់ខ្លួនថា «ខ្ញុំបាទពិតជាសប្បាយខ្លាំងណាស់ ដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង យកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» របស់ហ្លួងម៉ែមកចែកដល់ខ្ញុំ។ ខ្ញុំនឹងមានឱកាសទទួលបានចំណេះដឹងថ្មីៗថែមទៀត ជាពិសេសពីដំណើររបស់ហ្លួងម៉ែ, ទីតាំងដែលព្រះអង្គបានឆ្លងកាត់នៅអំឡុងឆ្នាំ១៩៧៣។
ពុធ ពិច លើកឡើងថា «ខ្ញុំបាទពិតជាសប្បាយខ្លាំងណាស់ ដែលខាងមជ្ឈមណ្ឌលផ្សះផ្សាវាលវែងយកសៀវភៅសាក្សីប្រវត្តិសាស្រ្តរបស់ហ្លួងម៉ែមកចែកដល់ខ្ញុំ។ ពេលអានសៀវភៅនេះខ្ញុំនឹងដឹងអំពីព្រះរាជដំណើររបស់ហ្លួងម៉ែ អំពីផ្លូវលំហូជីមិញ ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់វៀតណាមធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក។ ជាពិសេស ខ្ញុំអាចឃើញពីទិដ្ឋភាពដែលជាកម្រងរូបភាពហ្លួងម៉ែបានបន្សល់ទុកដល់ខ្ញុំដែលជាក្មេងជំនាន់ក្រោយ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា