នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំធ្វើវេទិកាថ្នាក់រៀនចុងសប្ដាហ៍លើកទី១៤៩របស់ខ្លួន ជាមួយសិស្សានុសិស្សចំនួន៧០នាក់ ក្នុងចំណោមនោះមានស្រី៣៦នាក់ មកពីវិទ្យាល័យ សុខអាន លាយបូរ។
គោលបំណងក្នុងការរៀបចំវេទិកានេះឡើង គឺដើម្បីការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការរិះរកវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់ប្រវត្តិសាស្ត្រខ្មែរក្រហមជាលើកទីពីរ។ ដើម្បីសម្រេចគោលបំណងនេះ កម្មវត្ថុចំនួនបួនត្រូវផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សទាំងអស់គឺ៖ ១)សិស្សឈ្វេងយល់អំពីមាតិកាប្រវត្តិសាស្ត្រស៊ីជម្រៅ ២) សិស្សឈ្វេងយល់ពីវិធីសាស្ត្រដ៏មានសារប្រយោជន៍ក្នុងការរារាំងការវិលត្រឡប់អំពើប្រល័យពូជសាសន៍ ៣) សិស្សអនុវត្តចំណេះដឹងដែលទទួលបាននៅក្នុងថ្ងៃនេះ ជាមួយមិត្តភក្កិ សង្គមគ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ និង ៤) សិស្សបំផុសស្មារតីអត់ឱននិងអធ្យាស្រ័យគ្នា។
ជាដំបូង សិស្សានុសិស្សបានទស្សនាផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីអំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងរបបខ្មែរក្រហម និងមេដឹកនាំខ្មែរក្រហម ព្រមទាំងបក្ខពួក ដែលដាក់តាំង នៅផ្នែកខាងក្នុង និងខាងក្រៅការិយាល័យ។ បន្ទាប់មក សិស្សានុសិស្សទាំងអស់បានចាប់ផ្តើម សិក្សាបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយចាប់ផ្តើមពីការវាស់ស្ទង់ចំណេះដឹងដែលមានស្រាប់របស់អ្នកទាំងនោះអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានណែនាំខ្លួន និងប្រាប់ពីចក្ខុវិស័យនៃការបង្កើតមជ្ឈមណ្ឌលឯកសារខេត្តតាកែវ មុននឹងចាប់ផ្តើមធ្វើបទបង្ហាញពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, និយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់នៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រចាំបាច់មួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
បន្ទាប់ពីការធ្វើបទបង្ហាញ គឺជាវគ្គសំណួរនិងចម្លើយ។ លោក ផេង ពង្សរ៉ាស៊ី បានផ្តល់ពេលវេលាជាងកន្លះម៉ោងសម្រាប់វគ្គនេះ។ ប៉ុន្តែពេលវេលានេះ គឺត្រូវបានពន្យារហូតដល់ជិតមួយម៉ោងដោយសារតែសិស្សលើកនូវសំណួរជាច្រើន។ សំណួរទាំងនោះ មានដូចខាងក្រោម៖
១-ហេតុអ្វីបានជាក្នុងរបបខ្មែរក្រហមនៅតាមទីកន្លែងមួយចំនួនទទួលបានការហូបចុកគ្រប់គ្រាន់ ហើយនៅតាមទីកន្លែងមួយចំនួនទៀតទទួលបានការហូបចុកមិនគ្រប់គ្រាន់?
២-ហេតុអ្វីបានជាអង្គការសហប្រជាជាតិមិនមានការធ្វើអន្តរាគមន៍ទៅលើរបបខ្មែរក្រហមដែលបានធ្វើបាបមកលើប្រជាជនកម្ពុជា?
៣- ហេតុអ្វីបានជា ប៉ុល ពត បញ្ជាឲ្យសម្លាប់ជនជាតិឯង?
៤-ហេតុអ្វីខ្មែរក្រហមទទួលបានការហូបចុកគ្រប់គ្រាន់ ហើយឲ្យប្រជាជនហូបមិនបានគ្រប់គ្រាន់?
៥- តើសមិទ្ធផលស្រូវដែលប្រជាជនផលិតបាន ខ្មែរក្រហមបញ្ជូនទៅកន្លែងណា?
៦- ហេតុអ្វីប្រជាជនមិនហ៊ានរើបម្រាស់ពីរបបខ្មែរក្រហម?
៧- តើអំឡុងពេលចូលរួមការកម្សាន្ត ប្រជាជនអាចលួចដេកបានដែរឬទេ?
៨- តើខ្មែរក្រហមចាប់ផ្ដើមកើតមាននៅពេលណា? នៅភូមិភាគណា?
៩- តើរបបខ្មែរក្រហមបានផ្ដល់នូវផលវិជ្ជមាន និងផលអវិជ្ជមានអ្វីខ្លះមកលើប្រទេសកម្ពុជា?
១០- តើខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ដែរឬទេ?
១១- តើកំឡុងពេលជម្លៀសមានការបាញ់សម្លាប់គ្នាដែរឬទេ?
១២- តើកំឡុងពេលប្រជាជនមានជំងឺព្យាបាលយ៉ាងដូចម្ដេច?
១៣- តើក្នុងរបបខ្មែរក្រហមមានអ្នកពុករលួយដែរឬទេ?
១៤- តើក្នុងរបបខ្មែរក្រហមស្រ្តីដែលមានផ្ទៃពោះត្រូវសម្រាលកូនយ៉ាងដូចម្ដេច?
១៥- តើខ្មែរក្រហមបានកំណត់ទីតាំងបែបណាដើម្បីធ្វើទំនប់?
ខ្សែវីដេអូឯកសារខ្លីមួយត្រូវបានចាក់បញ្ចាំងឲ្យសិស្សទស្សនា បន្ទាប់ពីវគ្គសំណួរចម្លើយត្រូវបញ្ចប់។ វីដេអូនោះមានចំណងជើងថា «កុមារកម្ពុជា»។ សិស្សានុសិស្សបានទស្សនាយ៉ាងយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញពីទឹកមុខស្រពាប់ស្រពោន និងអាណិតអាសូរចំពោះសភាពក្មេងតូចៗដែលដើរឥតគោលដៅក្រោយរបបខ្មែរក្រហមដួលរលំ។ នៅឱកាសនោះលោក ផេងពង្ស រ៉ាស៊ី បានពន្យល់អំពីខ្សែភាពយន្តនេះទៅកាន់សិស្ស នៅពេលបញ្ចប់ការចាក់បញ្ចាំង។
នៅពេលរសៀលក្រុមយុវជនធ្វើដំណើរបន្តទៀតឆ្ពោះទៅកាន់ «ទួលធាតុ» គឺជាកន្លែងដែលមជ្ឈមណ្ឌលឯកសារកម្ពុជា សាងសង់ចេតិយសមូហភាពមួយដើម្បីជាសំណងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទៅកាន់មណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រាំងតាចាន់ ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ឈ្វេងយល់បន្ថែមពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិត និងពីទីតាំងសម្លាប់មនុស្ស និងឃុំឃាំងមនុស្សដែលបន្សល់ទុកពីរបបខ្មែរក្រហម។
លោក សួស រ៉ា រស់នៅភូមិត្រពាំងស្វាយ និងលោក យ៉ិន សឿន រស់នៅភូមិព្រៃតាខាប បានរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួន និងពីមន្ទីរសន្តិសុខក្រាំងតាចាន់ ប្រាប់ដល់សិស្សានុសិស្ស។
យ៉ិន សឿន និយាយដូច្នេះថា «ក្នុងឆ្នាំ១៩៧០ ខ្ញុំបានរត់ភៀសខ្លួនជាច្រើនកន្លែងដោយថ្មើរជើង។ ខ្ញុំបានជួបប្រទះព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនៅក្នុងភូមិខ្ញុំ។ ខ្ញុំឃើញមានអ្នកភូមិបាត់បង់ជីវិតក្នុងអំឡុងពេលរត់ភៀសខ្លួនពីការទម្លាក់គ្រាប់បែក។ ចំណែកនៅក្រាំងតាចាន់នេះ ខ្ញុំធ្លាប់ដើរឃ្វាលគោកាត់តាមទីតាំងនេះ។ ខ្ញុំឃើញខ្មែរក្រហមបណ្តើរមនុស្សទាំងខ្សែៗចូលមកក្នុងគុកក្រាំងតាចាន់។ ខ្ញុំមិនហ៊ាននៅមើលយូរទេ ព្រោះខ្ញុំខ្លាចខ្មែរក្រហមចាប់ទាំងខ្ញុំទៀត។ ខ្ញុំតែងតែឮំឡេងមីក្រូចាក់ល្វើយៗចេញពីក្រាំងតាចាន់។ រាល់ពេលចាក់មីក្រូម្តងៗ ខ្ញុំដឹងថាគឺជាពេលវេលាដែលខ្មែរក្រហមសម្លាប់អ្នកទោស ហើយច្រើនតែកើតឡើងនៅវេលាម៉ោង៤រសៀល»។ នៅក្នុងបរិវេណក្រាំងតាចាន់ សិស្សានុសិស្សបានសួរសំណួរជាច្រើនទៅកាន់លោក យ៉ិន សឿន ដើម្បីស្រាយចម្ងល់របស់ខ្លួន។
អត្ថបទ ៖ ជិម សុខគា និង រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា