ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅខេត្តត្បូងឃ្មុំ និងក្រចេះ

ថ្មីៗនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌឯកសារកម្ពុជា បាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៣០០ក្បាល ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅខេត្តចំនួនពីរ គឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១០០ក្បាលជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ នៃស្រុកមេមត់ វិទ្យាល័យក្រែកនៃស្រុកពញាក្រែក និងវិទ្យាល័យ ហ៊ុន សែនខ្មារ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១៥០ក្បាល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្នួល នៃស្រុកស្នួល ខេត្តក្រចេះ។

តមក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៥០ក្បាល ទៀត ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មុនពេលចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោ​ត្តម មុនិនាថ សីហនុ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានមានប្រសាសន៍ថា សៀវភៅកំណត់ហេតុនេះ គឺជាព្រះរាជសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្លូរ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងតាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្តគ័ងប៊ិញនៃប្រទេសវៀតណាម និងយាងបន្តដោយរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅក្នុងឆ្នាំ១៩​៧៣។ ព្រះរាជដំណើររបស់ទ្រង់ទាំងពីរអង្គត្រូវចំណាយពេលជាងមួយខែ ដោយបានបង្ហាញអំពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។

ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈកាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គគឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយព្រះអង្គក្នុងអំឡុងពេលនោះ។ ព្រះរាជសំណេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ទ្រង់ ផ្តល់នូវព្រះរាជតម្រិះសង្ខេបអំពីជំពូកដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ក្រោយពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរ សិស្សានុសិស្សលើកឡើងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម ៖

វង្ស ស្សុតធីលីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែនស្នួល រៀបរាប់ថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និយាយអំពីដំណើររបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងកំឡុងឆ្នាំ១៩៧៣ យាងចូលមកប្រទេសកម្ពុជា។ ជាពិសេសនៅក្នុងសៀវ​ភៅនេះ បានបង្ហាញពីសម័យសង្គ្រាមកាលពីឆ្នាំ១៩៧០ដែរ។ ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើសៀវភៅនេះ ហើយជាលើកទីមួយដែលខ្ញុំបានទទួលវា។ ខ្ញុំអរគុណយ៉ាងខ្លាំងដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានចែកសៀវភៅដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស វិទ្យាល័យស្នួល។

អ៊ឹម ឈាង ភេទប្រុស អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ស្នួល និយាយថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានកត់ត្រាអំពីកំណត់ហេតុរបស់ទ្រង់ និងរៀបរាប់គ្រប់កន្លែងដែលទ្រង់បានឆ្លងកាត់។ សៀវភៅនេះបានរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មានផែនទី និងរូបភាពដែលឆ្លុះបញ្ចាំងពីតថភាពនៅក្នុងប្រទេសកម្ពុជានាសម័យកាលនោះ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានសៀវភៅនេះ ព្រោះវាមានសារសំខាន់សម្រាប់ខ្ញុំជាសិស្សថ្នាក់ទី១២។ ចុងក្រោយ ខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានអញ្ជើញមកដល់សាលាខ្ញុំផ្ទាល់ ព្រមទាំងចែកសៀវភៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២រួមទាំងខ្ញុំ។

ហៀត អាស៊ីរ៉ា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សទី១២នៃវិទ្យាល័យ  ហ៊ុន សែន ស្នូល ឲ្យដឹងថា ខ្ញុំមានឪពុកឈ្មោះ សាម៉ា ហៀត អាយុ៤២ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ ចំណែកម្ដាយខ្ញុំឈ្មោះ សារី ហាសានី អាយុ៣៧ឆ្នាំ មុខរបរជាអ្នកលក់ដូរដែរ។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ វាគឺជាលើកទីមួយដែលខ្ញុំទទួលបានសៀវភៅនេះ  ដែលរៀបរាប់អំពីព្រះរាជដំណើរជីវិតរបស់ហ្លូងម៉ែ។   ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងដែលទទួលបានសៀវភៅនេះ ហើយសៀវភៅនេះល្អណាស់សម្រាប់ខ្ញុំដែលជាសិស្សទី១២ និងជាក្មេងជំនាន់ក្រោយសម្រាប់សិក្សាឈ្វេង​យល់ពីប្រវត្តិ​សាស្រ្តរបស់ប្រទេសជាតិខ្លួន។ ខ្ញុំអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានចែកសៀភៅនេះដោយឥតគិតថ្លៃ។

អ៊ាន ម៉ាលីន ភេទស្រី អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ និយាយថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បង្ហាញអំពីដំណើរយាងចូលប្រទេសកម្ពុជាជាលើកដំបូងរបស់ទ្រង់ នៅឆ្នាំ១៩៧៣។ សៀវភៅនេះមានសារសំខាន់ ជាពិសេសសម្រាប់ខ្ញុំគឺជាសិស្សយកទៅសិក្សារៀនសូត្របន្ថែមដើម្បីទទួលបានដំណេះដឹងទូលំទូលាយ។ ខ្ញុំបានដឹងអំពីការយាងរបស់ទ្រង់មកជួបជាមួយប្រជានុរាស្ត្រកម្ពុជា និងការយាងត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ខ្ញុំសំណូមពរដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មឲ្យចែកជូនប្រជាជន នៅក្នុងប្រទេសកម្ពុជាបានអានទាំងអស់គ្នា។ ខ្ញុំនឹងអានសៀវភៅដ៏ល្អនេះឲ្យចប់ដើម្បីទទួលបានចំណេះដឹងថ្មីៗ។

វី សុខគា ភេទប្រុស អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ រៀបរាប់ថា ថ្ងៃនេះខ្ញុំពិតជាត្រេកអរ និងសប្បាយចិត្តណាស់ដែលទទួលបានសៀវភៅ​ដែលនិយាយអំពីដំណើររបស់សម្តេចម៉ែយាងត្រឡប់ចូលមកប្រទេសកម្ពុជា និងយាងត្រឡប់ទៅប្រទេសចិន។ នៅក្នុងសៀវភៅនេះ បង្ហាញអំពីមេដឹកនាំសំខាន់ៗ ផែនទី ទេសភាពនៅក្នុងព្រៃ។ ខ្ញុំចង់បានសៀវភៅ    «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនទៅឪពុករបស់ខ្ញុំចំនួនមួយក្បាល ព្រោះឪពុករបស់ខ្ញុំចូលចិត្តអានសៀវភៅអំពីព្រះមហាក្សត្រ និងប្រវត្តិសាស្ត្រខ្មែរ។ ចុងក្រោយ ខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាកោះថ្ម និងសូមជូនពរឲ្យមានសុខភាពល្អ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ (ឈុំ រ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទផ្សេងទៀត៖