សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរចំនួន៦០ក្បាល ត្រូវបានចែកជូនដល់ព្រះសង្ឃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គ្រូបង្រៀន និងសិស្សានុសិស្ស នៃស្រុកស្អាង ខេត្តកណ្តាល ក្នុងកម្មវិធីជួបជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តព្រែករុនក្រោម ឃុំព្រែកគយ។ កម្មវិធីនេះរៀបចំដោយលោក សម វិចិត្រ គឺគ្រូឧទ្ទេសថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្ត្រ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ជាកិច្ចចាប់ផ្តើមកម្មវិធី មេឃុំព្រែកគយ បាននិយាយពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមទៅកាន់អ្នកចូលរួមក្នុងកម្មវិធី។ បន្ទាប់មក សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ត្រូវបានចែកជូនអ្នកចូលរួមទាំងអស់ដើម្បីអាន។ លោក សម វិចិត្រ បានផ្តល់ពេលវេលាកន្លះម៉ោងដល់អ្នកចូលរួម ដើម្បីអានសៀវភៅនេះ និងបានឲ្យសិស្សានុសិស្សទាំងអស់ កត់ត្រា និងសួរសំណួរបន្ទាប់ពីអានរួច ទៅកាន់វាគ្មិន។
បន្តមក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាបានធ្វើបទបង្ហាញខ្លីគឺ ៖ ១) ព្រឹត្តិការណ៍រដ្ឋប្រហារជាប្រវត្តិសាស្ត្រនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ២) ការបង្កើតរណសិរ្សរួបរួមជាតិកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ៣) មូលហេតុនៃការយាងមកកាន់ប្រទេសកម្ពុជានៅខែមីនា ឆ្នាំ១៩៧៣ របស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ៤) មូលហេតុនៃការរារាំងរបស់ក្រុមខ្មែរក្រហមចំពោះការយាងមករបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ៥) ការយល់ឃើញរបស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះការព្យាយាមរារាំងព្រះអង្គមកកាន់ប្រទេសកម្ពុជា និង ៦) ការពន្យល់ពាក្យ «សាក្សីប្រវត្តិសាស្ត្រ» និងសារសំខាន់ក្នុងការកត់ត្រាកំណត់ហេតុផ្ទាល់ខ្លួន។
នៅចុងបញ្ចប់នៃកម្មវិធី ព្រះសង្ឃ តំណាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គ្រូបង្រៀន និងសិស្សានុសិស្ស ចម្រើនពរ និងថ្លែងអំណរដល់ព្រះគុណហ្លួងម៉ែ ព្រមទាំងថ្វាយព្រះពរដល់ហ្លួងម៉ែឲ្យមានព្រះជន្មយឺនយូរដើម្បីគង់ជាម្លប់ដល់កូនចៅទាំងអស់គ្នា។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា