ជាង ទឹម ៖ កងការពារស្ថានទូតអេហ្ស៊ីបក្នុងរបបខ្មែរក្រហម

ជាង ទឹម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាង ទឹម មានស្រុកកំណើតនៅភូមិអន្លុងភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កាលពីកុមារ ជាង ទឹម រស់នៅជាមួយឪពុកម្តាយដែលប្រកបមុខរបរធ្វើស្រែចម្ការ។ ជាង ទឹម មិនបានរៀនសូត្រទេ។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាង ទឹម ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារលើកទំនប់ ជីកប្រឡាយ និងជួយធ្វើស្រែនៅតាមកងចល័តភូមិ។

នៅក្នុងឆ្នាំ១៩៧៦ ជាង ទឹម និង យុវជននៅក្នុងភូមិអន្លង់ភេ៤នាក់ទៀត ត្រូវខ្មែរក្រហមជ្រើសរើសឲ្យមកបម្រើការងារជាកងការពារមន្ទីរ៨៧០ នៅទីក្រុងភ្នំពេញ។ ពេលមកដល់ទីក្រុងភ្នំពេញ ជាង ទឹម និងយុវជនដទៃត្រូវបានចូលរៀនវគ្គនយោបាយ និងយុទ្ធសាស្ត្រកងទ័ពនៅអង្គភាពកងការពារនៃមន្ទីរ៨៧០​ រយៈពេល៤ខែ។ បន្ទាប់មក ជាង ទឹម និងយុវជន៣នាក់ទៀត ត្រូវចាត់តាំងឲ្យយាមការពារនៅស្ថានទូតអេហ្ស៊ីប នៅម្តុំបឹងកក់។

ជាង ទឹម អាយុ៦៥ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ (ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មុនពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ ​មេដឹកនាំខ្មែរក្រហមបានបញ្ជា ជាង ទឹម និងកងការពារដទៃទៀត យករថយន្តដឹកបុគ្គលិកស្ថានទូតអេហ្ស៊ីប ​និងបុគ្គលិកស្ថានទូតចិន​ ចាកចេញពីទីក្រុងភ្នំពេញទៅប៉ោយប៉ែត ចំនួនពីរលើក។ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង កងទ័ពវៀតណាមចូលមកដល់ទីក្រុងភ្នំពេញ ជាង ទឹម បានដើរតាមព្រំដែនពីប៉ោយប៉ែត មកប៉ៃលិន និងបន្តមកសំឡូតជួបមេដឹកនាំខ្មែរក្រហម។ ជាង ទឹម បន្តធ្វើជាកងការពារមេដឹកនាំខ្មែរក្រហមនៅអង្គភាព១៩ នៅតំបន់សំឡូត-​កោះកុងរហូតដល់ចុងឆ្នាំ១៩៨៤។ នៅឆ្នាំ១៩៨៥ ជាង ទឹម បានជាន់មីនដែលកងទ័ពវៀតណាមដាក់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិការជើងម្ខាង។ ពេលកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ អង្គភាពរបស់ ជាង ទឹម បានមករស់នៅតំបន់សំឡូត។ មុនពេលកងកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជានៅ១៩៩៦ ជាង ទឹម បានចូលរួមជាមួយអង្គភាពរបស់ គឹម ពៅ ហើយផ្លាស់មករស់នៅក្នុងស្រុកវាលវែងរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ចាន់ ណារិទ្ធ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សា វាលវែង

អត្ថបទផ្សេងទៀត៖