ខ្ញុំឈ្មោះ ប៉ក់ សារ៉ន ភេទប្រុស អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយមាស ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ប៉ក់ ស្លាប់មុនឆ្នាំ១៩៧០ ចំណែកម្តាយឈ្មោះ អ៊ីក ស្លាប់ក្នុងឆ្នាំ១៩៧០ អំឡុងពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២។ កាលពីក្មេងខ្ញុំចូលរៀននៅវត្តមួយក្នុងឃុំកណ្តោលជ្រុំ។ ខ្ញុំរៀនធម៌បាលី និងអក្សរសាស្ត្រខ្មែរ ដោយពេលព្រឹកព្រះសង្ឃបង្រៀនអក្សរសាស្រ្តខ្មែរ និងពេលយប់បង្រៀនធម៌។ ខ្ញុំរៀនធម៌ចេះខ្លះហើយ ទើបព្រះចៅអធិការឲ្យបួសក្នុងអំឡុងឆ្នាំ១៩៦៩។ បន្ទាប់មកខ្ញុំសឹកវិញនៅឆ្នាំ១៩៧០ ព្រោះប្រទេសជាតិកំពុងតែមានភាពចលាចលខ្លាំង។
នៅឆ្នាំ១៩៧០ មានការធ្វើបាតុកម្មកើតឡើងនៅក្នុងស្រុកពញ្ញាក្រែកក្រោយពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រោះប្រជាជនមិនពេញចិត្តក្នុងការធ្វើរដ្ឋប្រហារនេះទេ។ នៅភូមិស្វាយមាសក៏មានប្រជាជននាំគ្នាធ្វើបាតុកម្មច្រើន ប៉ុន្តែអ្នកភូមិគ្មានកាំភ្លើងទេ ចំណែកទាហាន លន់ នល់ មានកាំភ្លើងកាន់គ្រប់គ្នា បណ្តាលឲ្យអ្នកភូមិស្លាប់និងរបួសជាច្រើននាក់។ នៅឆ្នាំ១៩៧១ ខ្ញុំចូលធ្វើកងទ័ពបដិវត្តន៍ខ្មែរក្រហម មុនពេលចូលសមរភូមិខ្ញុំត្រូវហាត់រៀនយុទ្ធសាស្រ្តសង្គ្រាមជាមុន។ ខ្ញុំចូលកងពលលេខ៤ ដែលមានឈ្មោះ ចន្ត្រា គឺជាប្រធាន និង ឈ្មោះ ភ័ណ្ឌ គឺជាប្រធានខ ហើយឈ្មោះ សារិត គឺជាប្រធានក្តាប់រួម។ ខ្ញុំចូលហ្វឹកហ្វឺននៅកងពលលេខ៤អស់រយៈពេល១ឆ្នាំ ទាំងការបាញ់កាំភ្លើង បោកគ្រាប់បែក ហាត់លូនក្រាប របៀបវាយប្រហារ និង របៀបធ្វើសង្គ្រាម។ នៅឆ្នាំ១៩៧៣ ខ្ញុំឡើងវាយតទល់ជាមួយទាហាន លន់ នល់ ជាច្រើនកន្លែង ហើយនៅខាងខេត្តស្វាយរៀងក៏ខ្ញុំធ្លាប់ទៅវាយដែរ។ ចំណែកវាយខ្លាំងជាងគេគឺនៅជីរោទិ៍ ស្រុកត្បូងឃ្មុំ ហើយខ្ញុំក៏ធ្លាប់បាក់ទ័ពរត់កាត់ព្រៃត្រែងដើម្បីគេចខ្លួនដែរ។
នៅឆ្នាំ១៩៧៥ ខ្ញុំឡើងវាយនៅទីក្រុងភ្នំពេញ រហូតទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីរំដោះទីក្រុងភ្នំពេញ យោធាខ្មែរក្រហមស្រាវជ្រាវដើម្បីចាប់អ្នកដែលធ្លាប់ធ្វើទាហាន លន់ នល់ អ្នកពាក់ស័ក្តិ១ និងស័ក្តិ២ ឡើងទៅ និងអ្នកដែលធ្លាប់ធ្វើជាមន្តី្រដោយចោទថាជនក្បត់ ហើយបាញ់សម្លាប់ចោល។ បន្ទាប់មក យោធាខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញឲ្យទៅនៅតាមខេត្តនានា។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការហៅទៅរៀបការ។ ខ្ញុំសុំច្បាប់អង្គភាពចំនួនមួយសប្តាហ៍ទៅរៀបការនៅស្រុកកំណើត។ កាលនោះអង្គការរៀបការឲ្យខ្ញុំ និងប្រជាជន ដែលមានចំនួនសរុប៣០គូ ។ ខ្ញុំរៀបការនៅភូមិខ្នារ ឃុំខ្នារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងកំពង់ចាម។ នៅក្នុងចំណោម៣០គូ មានតែប្តីប្រពន្ធមួយគូប៉ុណ្ណោះឡើងលើវេទិកាធ្វើការប្តេជ្ញាចិត្តសោះត្រង់ជាមួយគ្នា ស្មោះត្រង់ជាមួយអង្គការ ទោះមានរឿងអ្វីគឺមិនបោះបង់គ្នាឡើយ។ ក្រោយពីធ្វើការប្តេជ្ញារួចហើយ កម្មវិធីក៏ត្រូវបានរំសាយ។ ខ្ញុំក៏ត្រឡប់ទៅផ្ទះប្រពន្ធដែលទើបតែរៀបការ និងបានរស់នៅជាមួយគ្នាបានរយៈពេល៣ថ្ងៃ ទើបខ្ញុំត្រឡប់មកភ្នំពេញវិញ។
មកដល់ឆ្នាំ១៩៧៨ កងទ័ពបដិវត្តន៍ខ្មែរក្រហមវាយប្រយុទ្ធគ្នាឯង ហើយកងទ័ពភូមិភាគកណ្តាលវាយចូលមកភ្លាមៗ។ ខ្ញុំឈប់កាន់កាំភ្លើងហើយរត់មកនៅភូមិជីមាន់ ជាមួយតាចាឡាន គឺជាមេឃុំ ហើយបានជួបប្រពន្ធខ្ញុំវិញ។ រហូតកងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំត្រឡប់ទៅនៅស្រុកខាងប្រពន្ធ និងបានប្រកបរកស៊ីនៅទីនោះ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម