អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម មកទស្សនកិច្ចព្រះបរមរាជវាំង បណ្ណាល័យសម្តេចម៉ែ និងស្ថានទូតហ្វីលីពីន

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមជាមួយកូន និងចៅចំនួន១៥នាក់ មកពីតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម ត្រូវបានអញ្ជើញឲ្យមកធ្វើទស្សនកិច្ចព្រះបរមរាជវាំង, បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងក្រុងភ្នំពេញ, ស្ថានទូតហ្វីលីពីន​ ព្រមទាំងទីតាំងវប្បធម៌ និងប្រវត្តិ​សាស្រ្តមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់០៩ ខែឧសភា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងដើម្បីឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅតំបន់ដាច់ស្រយាលបានសិក្សាឈ្វេងយល់បន្ថែមពីចំណេះដឹងប្រវត្តិសាស្រ្តសង្គម វប្បធម៌ខាងក្រៅឲ្យកាន់តែទូលំទូលាយ។

នៅថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានដឹកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីតំបន់ដាច់ស្រយាល់នៃភូមិបាក់នឹម តាមរថយន្តឆ្ពោះ​មកកាន់ទីក្រុងភ្នំពេញ។ នៅថ្ងៃនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីតំបន់ដាច់ស្រ​យាលនៃភូមិបាក់នឹម​អញ្ជើញទៅទស្សនកិច្ចព្រះបរមរាជវាំង។ បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីតំបន់ដាច់ស្រយាលនៃភូមិបាក់នឹមទាំងនេះបន្តដំណើរ មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានចម្ងាយប្រមាណ ១,០០០ម៉ែត្រ ពីព្រះបរមរាជវាំង។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះយ៉ាងកក់ក្តៅ។ លោក ឆាំង យុ បានសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម និងកូនចៅ ហើយបានឆ្លៀតលើកឡើងអំពីគោលបំណងនៃការបង្កើតបណ្ណាល័យសម្តេចម៉ែ និងអំពីឱកាសឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញជនជាតិហ្វីលីពីននៅការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាចល័តក្នុងសហគមន៍បាក់នឹមដោយឥតគិតថ្លៃ និងផ្តល់ឱកាសឲ្យមានការជជែកពិភាក្សាអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

នៅវេលាម៉ោង១:៣០នាទីរសៀល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម រួមទាំងកូនចៅ បានបន្តដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតហ្វីលីពីន ដើម្បីជួបជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនលោកស្រី Maria Amelita C.Aquino។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនលោកស្រី Maria Amelita C.Aquino  បានសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ និងអរគុណដែលបានផ្តល់កិត្តិយសមកទស្សនកិច្ចនៅស្ថានទូតហ្វីលីពីនផ្ទាល់។ អគ្គរដ្ឋទូតហ្វីលីពីន ក៏បានរៀបរាប់ពីប្រវត្តិប្រទេសហ្វីលីពីន ព្រមទាំងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងហ្វីលីពីនតាំងពីយូរមកហើយ។ អគ្គរដ្ឋទូតហ្វីលីពីន បានបន្ថែមថា មានសហគមន៍ជនជាតិហ្វីលីពីនមួយបានមករស់នៅក្បែរព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញ ហើយជនជាតិហ្វីលីពីនខ្លះបានចូលបម្រើការងារនៅព្រះបរមរាជវាំង ប៉ុន្តែបច្ចុប្បន្នសហគមន៍នោះលែងមានទៀតហើយ។ នៅឱកាសនោះ ឯកអគ្គរដ្ឋទូតហ្វីលីពីនលោកស្រី Maria Amelita C.Aquino បានសាកសួរទៅអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា តើការកាត់ទោសមេដឹកនាំខ្មែរក្រហមពីសាលាក្តីខ្មែរក្រហមកន្លងមក ពូមីងទទួលបានយុត្តិធម៌គ្រប់គ្រាន់ហើយឬនៅ? អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលមកចូលរួមបានឆ្លើយថា គឺមិនគ្រាន់ទេ គឺទាល់តែយកមេដឹកនាំខ្មែរក្រហមទាំងនោះមកសម្លាប់ ឬមកធ្វើការងារធ្ងន់ធ្ងរដូចគាត់ដែរទើប​មានយុត្តិធម៌។

នៅចុងបញ្ចប់នៃការជួបពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អគ្គរដ្ឋទូតហ្វីលីពីន ក៏បង្ហាញពីការចាប់អារម្មណ៍និងចង់ចូលរួមចំណែកជួយដល់ការងារមនុស្សធម៌មួយចំនួននៅក្នុងសហគមន៍បាក់នឹម ដូចជាការជួយសាងសង់អគារជួបប្រជុំដើម្បីបម្រើផលប្រយោជន៍ដល់សាធារណជនក្នុងសហគមន៍នៅពេលខាងមុខដែរ។

បន្ទាប់ពីជួប ឯកអគ្គ​រដ្ឋទូតហ្វីលីពីនលោកស្រី Maria Amelita C.Aquino រួចមក ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តជូនដំណើរអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបាក់នឹម ទស្សនាទិដ្ឋភាពនៅជុំវិញទីក្រុងភ្នំពេញ។

នៅព្រឹកថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជានឹងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល​ឯកជន។ សូមបញ្ជាក់ថា កន្លងមកក្រុមការងារ «គម្រោងការលើកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ធ្លាប់បានចុះទៅពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិបាក់នឹមបានចំនួន៨៤នាក់រួចមកហើយ ដោយវេជ្ជបណ្ឌិតជនជាតិហ្វីលីពីន ដេមី រៃយ៍។  បន្ទាប់ពីពិនិត្យសុខភាពនៅមន្ទីរពេទ្យរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជានឹងជូនអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមទៅទស្សនកិច្ចវត្តលង្កា ដែលមានទីតាំងស្ថិតនៅក្បែរវិមានឯករាជ្យ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបនឹងសាងសង់ថ្មីសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ មុននឹងវិលត្រឡប់ទៅផ្ទះវិញ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីភូមិបាក់នឹមបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ពយ អ៊ូច អាយុ៦៤ឆ្នាំ មេភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត សម្តែងនូវការរីករាយដែលបានមកទស្សនាបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជាដោយផ្ទាល់។ ពយ អ៊ូច បានលើកឡើងថា «នេះគឺជាលើកទីមួយហើយដែលខ្ញុំបានមកទស្សនកិច្ចនៅទីនេះ និងធ្វើឲ្យខ្ញុំយល់ដឹងអំពីរឿងរ៉ាវប្រវត្តិសាស្រ្តថែមទៀត។ ខ្ញុំអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានយកចិត្តទុកដាក់លើបញ្ហាសុខរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ ព្រមទាំងបានផ្តល់ម៉ូតូកង់បីមួយគ្រឿងដល់ឃុំបាក់នឹមសម្រាប់ដឹកអ្នកជំងឺដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិទៅកាន់មន្ទីរពេទ្យដោយឥតគិតថ្លៃថែមទៀត»។

ទូច ទ្រី អាយុ៦០ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា «ខ្ញុំមកនេះ គឺគ្មានបំណងអ្វីក្រៅពីបានមកស្គាល់ព្រះបរមរាជវាំង បណ្ណាល័យសម្តេចម៉ែនៃមជ្ឈ​មណ្ឌលឯកសារកម្ពុជា និងមកពិនិត្យសុខភាពទេ ហើយនេះគឺជាលើកទីមួយរបស់ខ្ញុំ។ ដំណើរទស្សនកិច្ចនេះធ្វើខ្ញុំសប្បាយរីករាយ។ ខ្ញុំឃើញទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ និងរីកចម្រើនខុសពីពេលមុន»។

អត្ថបទ ៖ ផាត ចាន់សុនិតា អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម