នៅខែមករា ឆ្នាំ២០២៣នេះ មានភ្ញៀវប្រុសស្រីចំនួន៥៧នាក់បានមកទស្សនាពិព័រណ៍រូបថតអចិន្ត្រៃយ៍ និងឈ្វេងយល់ពីកិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ភ្ញៀវទាំងនោះរួមមាន គ្រូបង្រៀន និងយុវជនវ័យក្មេងដែលជាសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ចំនួន៣៥នាក់ និងប្រជាពលរដ្ឋដែលជាអ្នករស់រានមានជិវិតពីរបបខ្មែរក្រហម ចំនួន២២នាក់។
ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានបង្ហាញពីផ្ទាំងពិព័រណ៍នីមួយៗដល់ សិស្សានុសិស្ស និងសម្របសម្រួលដល់អ្នករស់រានមានជីវិត ក្នុងការដើរទស្សនាពិព័រណ៍រូបថតទាំងអស់។ សម្រាប់យុវជនដែលមានអាយុទើបតែ១៧ ឬ១៨ឆ្នាំ អ្នកទាំងនោះបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងលើផ្ទាំងរូបថតបង្ហាញអំពី «ប៉ុល ពត និង បក្ខពួក» និង «តាម៉ុក»។ យុវជនទាំងអស់ សុទ្ធតែបានដឹងថា តាម៉ុក គឺជាប្រធានភូមិភាគនិរតី ដែលមានកំណើតនៅក្នុងខេត្តតាកែវ។ អ្នកទាំងនោះគិតថា តាម៉ុក គឺជាអ្នកខេត្តតែមួយជាមួយនឹងខ្លួន។ ម្នាក់ៗបានចោមរោមមើលផ្ទាំងពិព័រណ៍ «តាម៉ុក» ដោយស្ងៀមស្ងាត់ និងយកចិត្តទុកដាក់។ នៅពីមុខផ្ទាំងពិព័រណ៍ «ប៉ុល ពត និងបក្ខពួក» យុវជនមួយចំនួនបានសួរនាំអំពីបណ្តុំរូបថតតូចៗជាច្រើនសន្លឹកដែលមាននៅលើផ្ទាំងពិព័រណ៍ធំនេះ។ អ្នកខ្លះកត់ត្រា អ្នកខ្លះប្រាប់គ្នីគ្នាអំពីរូបថត និងអ្នកខ្លះឈ្ងោកទៅជិតផ្ទាំងពិព៍រណ៍ ដើម្បីអានចំណងជើងរូបថត។
ចំណែកឯអ្នកភូមិចំនួន២១នាក់វិញ ហាក់បង្ហាញការចាប់អារម្មណ៍ខ្លាំងតែចំពោះផ្ទាំងពិព័រណ៍ «តាម៉ុក» និងបានជជែកគ្នាឮៗពីខ្សែជីវិតរបស់ តាម៉ុក។ ដោយសារអ្នកទាំងនោះ មានស្រុកកំណើតជាមួយ តាម៉ុក និងស្គាល់ តាម៉ុក គ្រប់ៗគ្នាផងនោះ ពួកគាត់បានជជែកគ្នាច្រើនពី តាម៉ុក។ សមាជិកក្រុមប្រឹក្សាឃុំលាយបូរ ស្រុកត្រាំកក់ ឈ្មោះ ជា សុខុន បានចូលមកកាន់បរិវេណមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីទស្សនាពិព័រណ៍រូបថត។ គាត់បានចាប់អារម្មណ៍ខ្លាំងពីផ្ទាំងពិព័រណ៍រូបថត «តាម៉ុក» និង ផ្ទាំងពិព័រណ៍ស្ពានជ្រោយចង្វារដែលបាក់ស្រុតចូលក្នុងទន្លេកាលពីឆ្នាំ១៩៧៤។
សុខុន បានប្រាប់ថា គាត់ធ្លាប់ធ្វើការជាមួយ តាម៉ុក មួយរយៈពេលខ្លីដែរ ប៉ុន្តែមិនស្គាល់ពីប្រវត្តិរបស់ តាម៉ុក ច្បាស់លាស់។ សុខុន បានស្នើសុំឯកសារ ដែលទាក់ទងនឹងប្រវត្តិរបស់ តាម៉ុក។ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានប្រគល់សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ», «បូជាភ្លើង», «ទស្សនាវដ្តីស្វែងរកការពិត» និង ឯកសារមួយចំនួនទៀត ដល់គាត់ដើម្បីអាន និងទុកជាឯកសារ។
មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បើកដំណើរការរៀងរាល់ថ្ងៃចន្ទដល់សុក្រ ព្រឹកពីម៉ោង៧កន្លះដល់ម៉ោង១២ និងរសៀលពីម៉ោង១កន្លះដល់ម៉ោង៥ ដើម្បីទទួលភ្ញៀវចូលទស្សនា និងស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រខ្មែរក្រហម ជាច្រើនដែលមានតម្កល់នៅក្នុងការិយាល័យនេះ។ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ នឹងចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម ចាបពីខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
រូបថត ៖ ផេង ពង្សរ៉ាស៊ី និង ង៉ាន់ វីន/មជ្ឈមណ្ហលឯកសារកម្ពុជា