ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថុន ស្រីពេជ្រ មកពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និង ឈុំ រ៉ា មកពីមជ្ឈមណ្ឌលឯកសារកោះថ្ម បានចុះកម្មសិក្សាទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ គោលបំណងនៃការចុះកម្មសិក្សានេះ ដើម្បីឲ្យបុគ្គលិកសិក្សាឈ្វេងយល់អំពីកិច្ចការដែលមជ្ឈមណ្ឌលនីមួយៗកំពុងអនុវត្ត និងសិក្សាពីទីតាំងប្រវត្តិសាស្រ្តសំខាន់ៗដែលបានបន្សល់ទុកពីសម័យខ្មែរក្រហម និងផ្លាស់ប្ដូរគំនិតដើម្បីអភិវឌ្ឍន៍ការងារនៅតាមការិយាល័យរបស់ខ្លួន។
សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅរង់ចាំទទួលស្វាគមន៍យើង និងណែនាំយើងអំពីកិច្ចការរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ នៅថ្ងៃបន្ទាប់ វិចិត្រ បានបែងចែកក្រុមការងារដើម្បីរៀបចំដាក់តាំងពិព័រណ៍រូបថតនៅការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតនៅលើកំពូលភ្នំដងរែក។ ក្រុមការងារប្រើរយៈពេល២ម៉ោង៣០នាទី ដើម្បីសាកល្បងដំឡើងរូបថតនៅលើរនងដែកទ្រដោយជើងសសរកប់ចូលទៅក្នុងដី។
ឆ្លៀតឱកាសនោះ វិចិត្រ បានរៀបរាប់ប្រាប់យើងអំពីការចាប់ផ្តើមរៀបចំបង្កើតមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដំបូង នៅក្នុងឆ្នាំ២០១៤។ វិចិត្រ ក៏បានបង្ហាញអំពីប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងតំបន់អន្លង់វែង ដែលជាចំណុចចាប់ផ្កើមធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូណ៍។ បន្ទាប់មក ក្រុមការងាររបស់យើងបានចុះកម្មសិក្សានៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួន ដូចជា៖
១) បឹងអន្លង់វែង ឬបឹងអូរជីក ឬ បឹង តាម៉ុក។ បឹងតាម៉ុក មានចម្ងាយប្រមាណជា២០០ម៉ែត្រពីរង្វង់មូល ស្រុកអន្លង់វែង។ បឹងនេះមានទំហំ៤១៧ ហិកតា និងសម្បូរទៅដោយត្រីតូចធំជាច្រើនប្រភេទ។ នៅពេលតំបន់អន្លង់វែងមិនទាន់ចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រជាជននិងអតីតខ្មែរក្រហមនៅតំបន់នោះ រស់នៅពឹងផ្អែកទៅលើបឹងនេះដែលជាប្រភពអាហារ និងទឹកសម្រាប់ប្រើប្រាស់ដ៏សំខាន់។ តាមសម្តី អ្នករត់ម៉ូតូឌុបម្នាក់ប្រាប់យើងថា តាម៉ុក បានចិញ្ចឹមក្រពើពណ៌សមួយក្បាលនៅក្នុងបឹងនេះ ប៉ុន្តែសព្វថ្ងៃមិនមានប្រជាជនណាម្នាក់បានឃើញក្រពើនេះបង្ហាញខ្លួនឡើយ។
២) ផ្ទះតាម៉ុក សព្វថ្ងៃគឺជាសារមន្ទីរផ្ទះ តាម៉ុក។ ផ្ទះនេះមានចម្ងាយផ្លូវប្រហែលជា២គីឡូម៉ែត្រពីរង្វង់មូលស្រុកអន្លង់វែង។ ទៅដល់ទីនោះយើងឃើញឡានចាស់មួយគ្រឿងដែលសេសសល់តែទ្រង់ទ្រាយប៉ុណ្ណោះ។ ឡាននេះសម្រាប់ផ្សាយវិទ្យុចល័តរបស់ខ្មែរក្រហម ហើយនៅជិតឡាននេះ គឺមានទ្រុងដាក់អ្នកទោសចំនួន២របស់ តាម៉ុក។ តាម៉ុក មានផ្ទះចំនួន៤ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្ទះទី១) សង់អំពីឈើប្រក់ហ្វីប្រូ។ ផ្ទះទី២) យើងសង្កេតឃើញមានរូបគំនូរប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ និងផែនទីប្រទេសកម្ពុជានៅតាមជញ្ជាំង។ ផ្ទះទី៣) គឺសម្រាប់ទទួលអ្នកដំណើរមកពីចម្ងាយ និងផ្ទះទី៤) គឺជាកន្លែងហូបបាយ និងកន្លែងសម្រាប់ចុងភៅរបស់ តាម៉ុក ស្នាក់នៅ។
៣) កន្លែងដុតខ្មោច ប៉ុល ពត មានទីតាំងស្ថិតនៅលើភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទីតាំងនេះមានចម្ងាយ១៣គីឡូម៉ែត្រពីរង្វង់មូលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយសាកសព ប៉ុល ពត ត្រូវបានដុតដោយសំបកកង់ឡាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។
៤) កន្លែងកាត់ទោស ប៉ុល ពត លើផ្ទៃទំហំ០.៤៤៨ហិកតា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ១៤គីឡូម៉ែត្រពីរង្វង់មូលស្រុកអន្លង់វែង នៅជិតច្រកព្រំដែនជាំ-ស្រងាំ។
៥) កន្លែងដុតខ្មោច សុន សេន និងក្រុមគ្រួសារ ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុន សេន និងក្រុមគ្រួសារ ត្រូវបានសម្លាប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧។
៦) ផ្ទះតាម៉ុក លើភ្នំដងរែក ត្រូវបានសាងសង់ឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៥។ ផ្ទះ តាម៉ុក ស្ថិតនៅលើខ្នងភ្នំដងរែក ដោយយើងធ្វើដំណើររយៈពេល១ម៉ោងចេញពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតនៅទល់មុខបឹងអន្លង់វែង ឬបឹងតាម៉ុក។
សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងផ្ដល់ព័ត៌មានថា ផ្ទះតាម៉ុក បានប្រែក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅឆ្នាំ២០១៤។ វិចិត្រ បន្តថា ដំបូងផ្ទះនេះត្រូវភ្លើងឆេះអស់ ហើយក្រោយមកមជ្ឈមណ្ឌលឯកសារកម្ពុជាបានសាងសង់ឡើងវិញដូចទៅនឹងទ្រង់ទ្រាយដើម និងប្រែក្លាយជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
តាមរយៈកម្មសិក្សានេះ យើងសង្កេតឃើញថា នៅលើភ្នំដងរែកគឺជាកន្លែងប្រមូលផ្តុំទៅដោយទីតាំងប្រវត្តិសាស្ត្រ និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ ទីតាំងប្រវត្តិសាស្រ្តនេះនៅសេសសល់ភ័ស្តុតាងរហូតមកដល់សព្វថ្ងៃ ដែលអាចឲ្យយុជនខ្មែរមកសិក្សាឈ្វេងយល់ដើម្បីទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកម្តងទៀត។ ចំណែកប្រជាជនភាគច្រើននៅក្នុងស្រុកអន្លង់វែងប្រកបរបរកសិកម្ម ពិសេសដំឡូងមី ដើម្បីប្រមូលលក់ឲ្យឈ្មួញថៃ។ ទោះបីយ៉ាងណាអន្លង់វែង ស្ថិតនៅដាច់ស្រយាល ហើយយើងត្រូវជិះឡានក្រុងរយៈពេល១០ម៉ោងពីទីក្រុងភ្នំពេញទើបមកដល់តំបន់នេះ។ ចំណែកស្ថានភាពផ្លូវចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រមួយចំនួនមានការលំបាក និងមានផ្លូវតូចចង្អៀតមិនអាចធ្វើដំណើរតាមម៉ូតូបានឡើយ ដូច្នេះហើយទើបយើងខកខានមិនទៅមើលតំបន់ប្រវត្តិសាស្ត្រក្បាលទន្សោង ដែលជាកន្លែងលាក់ខ្លួនរបស់ ប៉ុល ពត។
អត្ថបទ និង រូបថត ៖ ឈុំ រ៉ា និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងកោះថ្ម