វេទិកាសូត្រចាម

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជានៅទីក្រុងភ្នំពេញ​បានមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៅវេលាម៉ោង ១០:៣០ ព្រឹក ដើម្បីចូលរួមក្នុងវេទិកាគម្រោងសូត្រចាម ជាមួយអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ចំនួន២០នាក់​។​​ ក្រុមការងារបានស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយ៉ាងកក់ក្តៅ នៅពេលដែលកំពុងរង់ចាំតំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) ។ នៅពេលដែលគណៈប្រតិភូបានមកដល់ លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងអ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា បានណែនាំគណៈប្រតិភូឲ្យស្គាល់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងបង្ហាញបន្ទប់សម្រាប់ដាក់សម្ភារគម្រោងសូត្រចាម។

វេទិកាគម្រោងសូត្រចាមបានចាប់ផ្តើមនៅម៉ោង ១០:៤៥ នាទីព្រឹក ដោយតំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី សម្តែងការអរគុណចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមជាមួយគម្រោងសូត្រចាមនេះ។ តំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី​ សម្តែងនូវការ​រីករាយយ៉ាងខ្លាំងដែលបាន​ចូល​រួម​ក្នុង​វេទិកា​នេះ ព្រោះ​វា​ជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​ក៏​ដូច​ជា​កិច្ច​សហការ​ដ៏​ពិសេស​រវាង​កម្ពុជានិង​តួកគី។ ជាងនេះទៅទៀត លោក​បាននិយាយថា ប្រវត្តិសាស្ត្រ​គួរ​ត្រូវបានរំឭកឡើងវិញ ​និងគួរត្រូវបាន​ថែរក្សា​ ទោះបីជាប្រវត្តិសាស្រ្តនោះ​ល្អ ឬ​អាក្រក់​យ៉ាងណាក៏ដោយ​។

ដោយសារជនជាតិចាម និងជនជាតិខ្មែររស់នៅជាមួយគ្នាក្នុងសង្គមតែមួយ ដូច្នេះអ្នកទាំងនេះសុទ្ធតែមានគុណតម្លៃសម្រាប់ប្រទេស ហើយគួរត្រូវបានគោរពនិងយកចិត្តដាក់។ បន្ទាប់មក តំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី បានលើកឡើងពីសារសំខាន់នៃទំនាក់ទំនងរវាងអតីតកាល និងអនាគត។ លោកបញ្ជាក់ថា នៅក្នុងគម្រោងសូត្រចាម នៅពេលដែលយើងកំពុងប្រើប្រាស់ចំណេះដឹងអតីតកាលរបស់យើងលើការត្បាញ និងបង្កើតការរចនាសូត្រនីមួយៗ ហាក់ដូចជាយើងកំពុងបង្ហាញពីភាពច្នៃប្រឌិតរបស់យើងដែលអាចដើរតួជាស្នាដៃគំរួមួយដើម្បីបន្តទៅមនុស្សជំនាន់ក្រោយ។ ពីមួយជំនាន់ទៅមួយជំនាន់ សមិទ្ធិផលដែលត្រូវបានបង្កើតឡើងមានតម្លៃខ្លាំងណាស់។ នេះគឺដោយសារ ស្នាដៃ និងទេពកោសល្យដែលបានបន្សល់ទុកពីជំនាន់មុន និងកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ការងាររបស់ជនជាតិចាមចំពោះគម្រោងសូត្រចាមគឺមានតម្លៃខ្លាំងណាស់ ដោយសារការខិតខំប្រឹងប្រែងក្នុងការបង្កើតសូត្រនីមួយៗ គឺបង្ហាញពីការប្តេជ្ញាចិត្ត និងកម្លាំងចិត្តដ៏អស្ចារ្យរបស់ខ្លួន។ តាមរយៈ​ជំនាញនៃការ​ត្បាញ​សូត្រ​ វា​បានបង្ហាញពី​ការ​ចង​ចាំ​របស់​អ្នករស់រានមានជីវិត​ដើម្បី​អនាគត។

តំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួគី បាន​បញ្ជាក់​ថា កិច្ចការដែលនាំឲ្យមានការ «ចងចាំពីអតីតកាល» គឺជាកិច្ចការដែល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម។ នៅដំណាក់កាលស្រាវជ្រាវ និងប្រមូលព័ត៌មានទាក់ទងនឹងសូត្រចាម គឺសុទ្ធតែមានប្រយោជន៍ដើម្បីឲ្យយើងធ្វើការជ្រើសរើស និងបង្កើតពណ៌ដែលជាអត្តសញ្ញាណ និងការរចនាដែលតំណាងឲ្យសហគមន៍ចាម។ ថ្វីត្បិតតែវាជាគម្រោងដែលគួរឲ្យចាប់អារម្មណ៍ក៏ដោយ ការខ្វះចន្លោះតែងតែកើតមានហើយយើងត្រូវតែបំពេញវានៅក្នុងការស្រាវជ្រាវនេះ។

អ្នកស្រី សូ ហ្វារីណា បានបន្ថែមថា ហេតុដូច្នេះហើយបានជាវេទិកានេះមានសារសំខាន់ ពីព្រោះវាជាឱកាសដ៏ល្អមួយក្នុងការប្រមូលផ្តុំព័ត៌មានបន្ថែម ដើម្បីបំពេញចន្លោះប្រហោងទាំងនោះ និងផ្តល់ឱកាសឲ្យអ្នកចូលួមលើកជាសួរសំណួរ និងចូលរួមពិភាក្សា ដើម្បីដោះស្រាយនូវចម្ងល់ទាក់ទងនឹងបទពិសោធន៍នៃតម្បាញរបស់សហគមន៍ជនចាម។ អ្នកចូលរួមបានសួរសំណួរមួយចំនួន អំពីរយៈពេល និងដំណើរការនៃគម្រោងសូត្រចាម ការបណ្តុះបណ្តាល ការរចនា និងការសហការ។ អ្នកស្រី សូ ហ្វារីណា បានពន្យល់ថា គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០២១ ហើយមិនទាន់កំណត់រយៈពេលបញ្ចប់នៅឡើយទេ។ គម្រោងនេះចាប់ផ្តើមឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ដើម្បីស្តារឡើងវិញនូវកេរតំណែលនិងទេព្យកុសល្យដែលបានបន្សល់ទុក។ គម្រោងសូត្រចាម រួមមានដំណាក់កាលស្រាវជ្រាវ ដែលយើងបាននិងកំពុងប្រមូលទិន្នន័យពីប្រភពផ្សេងៗ និងតាមរយៈការចុះទៅសម្ភាសន៍អ្នកភូមិ និងស្វែងយល់បន្ថែមអំពីពណ៌នីមួយៗរបស់សូត្រ និងគោម ដែលមានលក្ខណៈពិសេស ដើម្បីផលិតចេញជាសំពត់សូត្រតាមរយៈការចងចាំរបស់សហគមន៍។ ពណ៌ និងការរចនាសូត្រគឺត្រូវតែតំណាងឲ្យជនជាតិចាម ហើយស្តែងចេញពីការចងចាំរបស់សហគមន៍។ នៅពេលកិច្ចការទាំងនេះចប់​រួចរាល់ យើង​នឹងធ្វើការ​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា និងស្លាកសញ្ញានេះជា​មួយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បីរៀបចំការត្បាញ។

ជំហានបន្ទាប់គឺជាដំណាក់កាលបណ្តុះបណ្តាល ដែលអ្នកចូលរួមអាចចូលរួមចំណែកនិងបណ្តុះ​បណ្តាលបន្ថែមអំពីការត្បាញសូត្រ ដោយយកលំនាំតាមរូបមន្តដែលមជ្ឈមណ្ឌលឯកសារកម្ពុជា និងសហគមន៍រកឃើញ។  យើងនឹងផ្តល់ឲ្យអ្នកចូលរួមនូវឱកាសស្មើគ្នាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងទេព្យកុសល្យរបស់ខ្លួន។ នៅពេលដែលការផលិតផលសូត្រចេញជាលទ្ធផល យើងនឹងធ្វើការផ្សព្វផ្សាយ និងចែកចាយទៅកាន់សហគមន៍ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់ប្រទេសទួកគីផងដែរ។

នៅចុងបញ្ចប់នៃវេទិកានេះ តំណាងទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី បានជូននំប្រពៃណីរបស់ប្រទេសតួកគីដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសាកសួរបន្ថែមពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីអាជីពជាអ្នកតម្បាញ។

គួរបញ្ជាក់ថា គម្រោងសូត្រចាមត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងឆ្នាំ២០២១ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយ ទីភ្នាក់​ងារសហប្រតិបត្តិការ និងសម្រួលរបស់ប្រទេសតួកគី (TIKA) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា។ គោលបំណងនៃគម្រោងនេះគឺដើម្បីថែរក្សាស្នាដៃត្បាញសូត្រ—ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាចបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ គោលដៅគម្រោងសូត្រចាមនេះ គឺធ្វើយ៉ាងណាឲ្យមានការរំឭកឡើងវិញ និងទទួលស្គាល់អំពីស្នាដៃតម្បាញនេះទាំងក្នុង និងក្រៅប្រទេស។ វាមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សា និងរំឭកឡើងវិញនូវពណ៌ និងគោមនៃការត្បាញសូត្រចាម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិត។ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញដោយរបបខ្មែរក្រហម សហគមន៍ចាមបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ១៩៧៩។ ជនជាតិចាមបានរំឭកឡើងវិញនូវការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម ក៏ដូចជាបទពិសោធន៍នៃការរស់រានមានជីវិតពីរបបខ្មែរក្រហមរៀបរាប់អំពី ជីវិតរបស់ខ្លួនមុនរបបខ្មែរក្រហម សិប្បកម្ម និងសិល្បៈរបស់ខ្លួន។ នៅពេលសាកសួរអំពីការផលិតសូត្រចាម មានអ្នកខ្លះនៅចាំរឿងនេះ។ គួរឲ្យសោកស្តាយដែលអ្នកត្បាញសូត្រចាមតិចតួចប៉ុណ្ណោះដែលនៅរស់រានមានជីវិត ហើយសូត្រចាមទៀតសោតក៏នៅសេសសល់តិចតួចដែរ។ អ្នកភូមិមួយចំនួនបានរៀបរាប់ថា សូត្រចាមពីដើមដែលគាត់បានយកទៅតាមខ្លួន ត្រូវខ្មែរក្រហមសុំយកទៅប្រើប្រាស់ ហើយអ្នកខ្លះទៀតរៀបរាប់ថា សំពត់សូត្រចាស់ៗមានការពុកផុយដោយសារការប្រើប្រាស់ និងពេលវេលា។

ដូច្នេះការចងចាំមានសារសំខាន់ខ្លាំងណាស់ ហើយវាកាន់តែមានតម្លៃនៅពេលដែលសមុច្ច័យទាំងនេះនៅសេសសល់តិចតួច ឬគ្មាននៅសេសសល់សោះ ដើម្បីបង្កើតស្នាដៃឡើងវិញតាមរយៈការចងចាំនិងសិប្បកម្ម ហើយបន្តឲ្យមនុស្សជំនាន់ក្រោយបានរៀនសូត្រ។

អត្ថបទ និង រូបថត ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អត្ថបទផ្សេងទៀត៖