ខ្ញុំឈ្មោះ ទូ ទិត្យ កើតនៅឆ្នាំ១៩៤៩ នៅកម្ពុជាក្រោម ប៉ុន្តែបច្ចុប្បន្នរស់នៅក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ហាស់ ទូ ស្លាប់នៅឆ្នាំ១៩៩៤ និងម្ដាយឈ្មោះ ខៀវ ទាប ស្លាប់តាំងពីខ្ញុំមានអាយុ៨ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺស្រី៤នាក់ និងប្រុស២នាក់។
កាលពីកុមារ ខ្ញុំបានចូលរៀនអក្សរខ្មែរនៅវត្តបានត្រឹមថ្នាក់ទី៣ ហើយក៏ឈប់រៀននៅអាយុ៨ឆ្នាំ។ បន្ទាប់មក នៅអាយុ១០ឆ្នាំ ខ្ញុំបានចូលរៀននៅសាលាវៀតណាម។ មូលហេតុដែលខ្ញុំរៀនភាសាវៀតណាម គឺដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយជនជាតិវៀតណាមនៅទីនោះ។
នៅឆ្នាំ១៩៦៨ ខ្ញុំត្រូវបានធីវគី (វៀតណាមខាងត្បូង) ជ្រើសរើសឲ្យចូលធ្វើជាទាហាន។ ខ្ញុំបានហ្វឹកហាត់ និងរៀនបាញ់កាំភ្លើងរយៈពេល៣ខែ បន្ទាប់មកក៏ចេញទៅច្បាំងជាមួយកងទ័ពវៀតកុង (វៀតណាមខាងជើង)។ នៅក្នុងឆ្នាំ១៩៧៥ នៅប្រទេសវៀតណាមស្ងប់ស្ងាត់សង្គ្រាម ហើយខ្ញុំក៏វិលត្រឡប់មកផ្ទះធ្វើស្រែចម្ការនៅផ្ទះវិញ។
នៅឆ្នាំ១៩៧៨ ខ្ញុំ និងគ្រួសារ រួមទាំងប្រជាជនខ្មែរក្រោមមួយចំនួនទៀតដែលរស់នៅតាមទល់ដែនវៀតណាម-កម្ពជា ត្រូវបានខ្មែរក្រហមកៀរត្រឡប់មកប្រទេសកម្ពុជាវិញ។ ខ្មែរក្រហមបានកៀរខ្ញុំ និងគ្រួសារមកដាក់នៅឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ នៅពេលនោះ ខ្ញុំបានរៀបការរួចហើយ ព្រមទាំងមានកូន២នាក់។ ខ្មែរក្រហមបានចាត់តាំងខ្ញុំពេលព្រឹកឲ្យធ្វើស្រែចម្ការ និងដាំដំណាំ ហើយពេលរសៀលឃ្វាលគោ ចំណែកប្រពន្ធរបស់ខ្ញុំធ្វើការងារដកស្ទូង ដោយទុកកូន២នាក់នៅផ្ទះ។ ចំពោះការហូបចុករបស់ខ្ញុំមិនបានគ្រប់គ្រាន់ឡើយ គឺទទួលបានអង្ករតែមួយកំប៉ុងប៉ុណ្ណោះក្នុងមួយថ្ងៃ។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានកៀរខ្ញុំនិងគ្រួសារទៅភ្នំនារាយណ៍ ដោយខ្មែរក្រហមនិយាយថា «ឡើងទៅលើភ្នំទៅ»។ ខ្ញុំខំប្រឹងរែកអង្ករផង រែកកូនផង រត់ចាកចេញពីភូមិអស់រយៈពេល៤ថ្ងៃ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះប្រជាជនខ្មែរចេញពីរបប ប៉ុល ពត។ នៅពេលខ្ញុំដើរត្រឡប់មកផ្ទះវិញ ខ្ញុំប្រទះឃើញសាកសពមនុស្សជាច្រើននៅតាមផ្លូវ។ ខ្ញុំនិងគ្រួសារបានមកដល់ឃុំគិរីចុងកោះ ស្រុកគីរីវង់ ហើយបានតាំងទីលំនៅទីនេះរហូតមកដល់សព្វថ្ងៃ។ ខ្ញុំរស់នៅក្នុងរបបខ្មែរក្រហមត្រឹមតែរយៈពេល៨ខែប៉ុណ្ណោះ ប៉ុន្តែខ្ញុំជួបការលំបាកស្ទើរតែទ្រាំពុំបាន ដោយខ្ញុំត្រូវធ្វើការងារហួសកម្លាំង មិនមានអាហារហូបចុកគ្រប់គ្រាន់ និងរស់នៅក្នុងភាពភ័យខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។
អត្ថបទ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា