មាស ផាត ៖ កម្មករស្រែអំបិលកែប និងកំពត

ខ្ញុំឈ្មោះ មាស ផាត អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ មានស្រុកកំណើតនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំនេះដដែល។ ខ្ញុំមានឪពុកឈ្មោះ ម៉ៅ វ៉ង់ និងមា្តយឈ្មោះ តន់ សុន និងមានបងប្អូន៨នាក់ (ស្រី៥នាក់) ហើយខ្ញុំគឺជាកូនទី៣ក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំស្លាប់អស់៣នាក់។

មាស ផាត អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំរៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់នៅសាលាភូមិដើមបេង រួចក៏ឈប់រៀន ដើម្បីមកជួយធ្វើស្រែឪពុកម្តាយ និងជួយមើលថែប្អូន។ ឪពុកខ្ញុំគឺជាអ្នកឡើងត្នោត ហើយម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ ក្រោយមក ឪពុកខ្ញុំរបស់បានធ្លាក់ពីលើដើមត្នោត បណ្តាលឲ្យគាត់ពិការធ្វើការងារ មិនកើតឡើយ។ ម្ដាយរបស់ខ្ញុំបានខិតខំរកស៊ីចិញ្ចឹមកូនទាំងអស់នាពេលនោះ។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនៅតាមជួរភ្នំក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំ និងអ្នកភូមិដទៃទៀតរស់នៅមិនស្ងប់សុខឡើយ។ គ្រួសារខ្លះបានរត់គេចពីការទម្លាក់គ្រាប់បែកនេះ និងមិនដែលឃើញវិលត្រឡប់មកស្រុកកំណើតវិញឡើយ។ ប្រជាជនខ្លះទៀតនៅសម្ងំលាក់ខ្លួននៅក្នុងត្រង់សេក្បែរផ្ទះ នៅពេលមានការទម្លាក់គ្រាប់បែកម្តងៗ។ ខ្ញុំមិនរត់គេចទៅណាទេ គឺ ស៊ូទ្រាំរស់នៅក្នុងស្រុកកំណើតរហូតដល់ឆ្នាំ១៩៧៥។

មាស ផាត ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលរបបខ្មែរក្រហមឡើបកាន់កាប់អំណាច ខ្ញុំព្រមទាំងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅភូមិភ្នំត្នោត ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ នៅទីនោះ ខ្មែរក្រហមប្រើខ្ញុំឲ្យជីកប្រឡាយ កាប់ព្រៃដាំដំឡូង និងដាំពោត។ បន្ទាប់មកទៀត ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យមកនៅភូមិខ្វាវ ឃុំតាអូរ ស្រុកគិរីវង់វិញ និងចាត់តាំងខ្ញុំឲ្យធ្វើស្រែជាមួយសហករណ៍នៅទីនោះ។ ខ្ញុំត្រូវមកហូបរួមនៅរោងបាយ ប៉ុន្តែហូបមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំមិនមានអំបិលហូបទេ ពេលខ្លះខ្ញុំយកដីដំបូកមកស្ងោររម្ងាស់ ហើយយកទឹកដែលបានពីការស្ងោររម្ងាស់នេះទៅស្លហូប ព្រោះដីដំបូកមានជាតិប្រៃតិចៗ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសម្តងទៀតឲ្យទៅនៅអង្គភាពស្រែអំបិល។ លើកនេះ ខ្ញុំទៅតែម្នាក់ឯង ចោលម្តាយរបស់ខ្ញុំនៅភូមិ។ អង្គភាពនេះ មានមនុស្សបីពាន់នាក់សុទ្ធតែស្រីទាំងអស់។ នៅរដូវប្រាំង ខ្ញុំនិងអ្នកឯទៀតនៅក្នុងអង្គភាពធ្វើស្រែអំបិល។ ដល់រដូវវស្សា ខ្ញុំប្តូរទៅធ្វើចម្ការ គឺ ដាំពោត និងដាំដំឡូង។ ខ្ញុំធ្វើជាកម្មរស្រែអំបិលនៅកែបបានរយៈពេល១ឆ្នាំ ក៏ប្តូរទៅធ្វើនៅអង្គភាពស្រែអំបិលខេត្តកំពតវិញ។ នៅឆ្នាំ១៩៧៩ ខ្ញុំនិងអ្នកធ្វើការនៅក្នុងអង្គភាពបានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ កាត់តាមភ្នំឱរ៉ាល់ លាច និងកន្លែងច្រើនទៀតដែលខ្ញុំមិនស្គាល់។

ក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ សម្ភាសន៍ មាស ផាត អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅតាមផ្លូវ ខ្ញុំឃើញមនុស្សស្លាប់ច្រើននិងអាណោចអាធ័មបំផុត។ ខ្ញុំមិនមានបាយហូបទេ ដូច្នេះខ្ញុំនិងអ្នករួមដំណើរនាំគ្នាដើរជីកដំឡូងហាលទុកសម្រាប់ធ្វើស្បៀងពេលធ្វើដំណើរតាមផ្លូវ។ បន្ទាប់មកខ្ញុំជួបយោធាខ្មែរក្រហម ហើយយោធាទាំងនោះបាននាំខ្ញុំទៅកាន់ព្រំដែនថៃតាមផ្លូវសំឡូត។ ទៅដល់ព្រំដែន អង្គភាពរបស់ខ្ញុំនៅសល់មនុស្សតែពីរនាក់ប៉ុណ្ណោះ គឺខ្ញុំ និងមិត្តនារីម្នាក់ទៀត។ ចំណែកអ្នកដទៃទៀតបានស្លាប់តាមផ្លូវអស់ហើយ។ នៅព្រំដែន ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ពេលអ៊ុនតាក់ចូលមកប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ ទើបខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ។ មកដល់ស្រុកកំណើត មេឃុំបានចែកដីឲ្យខ្ញុំធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែខ្ញុំសោកស្តាយណាស់ដែលខ្ញុំមិនបានជួបមុខឪពុកម្តាយខ្ញុំ ព្រោះអ្នកទាំងពីរបានស្លាប់នៅឆ្នាំ១៩៧៩ ដោយសារជំងឺ។

អត្ថបទ ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖