នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន៦៦នាក់ ក្នុងនោះមានសិស្សស្រី៤៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន៣នាក់ មកពីវិទ្យាល័យចំនួន៣ក្នុងខេត្តត្បូងឃ្មុំ គឺ វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនក្តុលផ្សារ,
វិទ្យាល័យ ហ៊ុន សែន ក្រែក និង វិទ្យាល័យ ហ៊ុន សែនខ្នារ បានចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។ ការរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍នេះក្នុងគោលបំណងដូចខាងក្រោម៖
-ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅលើរឿងរ៉ាវដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។
-លើកទឹកចិត្តសិស្សឲ្យគិតពិចារណាលើផលវិបាកអន្តរកាលនៃកេរដំណែលនេះ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
-ជំរុញការពិភាក្សាអំពីកេរដំណែលនេះនៅក្នុងគ្រួសារ និងសហគមន៍។
-ជំរុញការពិភាក្សាអំពីការលើកឡើងនូវយុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស។
-ចែកសៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥- ១៩៧៩)។
ជាកិច្ចចាប់ផ្តើមវេទិកាថ្នាក់រៀនចុងសប្តាហ៍ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចសហកាណ៍យ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ បន្ទាប់មកលោក ឡុង ដានី បាននាំសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថត រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩), បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់សិស្សានុសិស្ស និងឲ្យសិស្សចូលសកម្មភាពក្នុងថ្នាក់ដូចខាងក្រោម៖
-វាស់ស្ទង់ចំណេះដឹងសិស្សមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
-ចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សទាំងអស់។
-បទបង្ហាញ និងពន្យល់ពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ ។
-បទបង្ហាញ និងពន្យល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។
បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី បានលើកយកគោលនយោបាយ៨ចំណុចដែលខ្មែរក្រហមបានអនុវត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) មកបកស្រាយបង្ហាញដល់សិស្សានុសិស្សមានដូចខាងក្រោម៖
១) ការជម្លៀសប្រជាជនដោយបង្ខំ។
២) ការលប់បំបាត់លុយ ផ្សារ ទ្រព្យសម្បត្តិឯកជន ប្រពៃណី សាសនាទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម និងកន្លែងលក់ដូរផ្សេងៗ។
៣) ការបង្កើតសហករណ៍ និងការដ្ឋានការងារ។
៤) បំបាត់សិទ្ធិសេរីភាពប្រជាជន។
៥) បំបែកបំបាក់ក្រុមគ្រួសារ និងបង្ខំឲ្យធ្វើការងារហួសកម្លាំង។
៦) សម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ និងជនជាតិភាគតិចរួមមាន ចាម វៀតណាម ចិនជាដើម។
៧) បង្កើតមន្ទីរឃុំឃាំងដើម្បីឃុំឃាំងប្រជាជនដែលត្រូវបានចោទថាក្បត់។
៨) ប្រកាសសង្រ្គាម និងបញ្ជូនកងទ័ពទៅតាមព្រំដែនជាមួយប្រទេសវៀតណាម។
ផលប៉ះពាល់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គឺសង្គមកម្ពុជាទាំងមូលបានបែកបាក់ បន្សល់ទុកនូវស្រ្តីមេម៉ាយ និងក្មេងកំព្រារាប់សែននាក់។ ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិតបានប៉ះដង្គិចផ្លូវចិត្តធ្ងន់ និងមានគ្រាប់មីនរាប់ម៉ឺនគ្រាប់បានបន្តកប់នៅក្នុងប្រទេសកម្ពុជា។ កក្តាទាំងនេះបានបណ្តាលឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្ររហូតមកដល់សព្វថ្ងៃ។
នៅក្នុងឱកាសនោះ លោក ផេង ពង្សរ៉ាស៊ី ក៏បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារកុមារកម្ពុជាដល់សិស្សានុសិស្សាបានទស្សនា។ មុននឹងបញ្ចប់វេទិកាថ្នាក់រៀនលោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងវាស់ស្ទង់ចំណេះដឹងសិស្សក្រោយវេទិកាបញ្ចប់ ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
បន្ទាប់ពីចប់វេទិកាថ្នាក់រោនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
លោកគ្រូ រ័ត្ន ភារុណ បង្រៀននៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្ដុលផ្សារ ដែលបានដឹកនាំសិស្សានុសិស្សចំនួន២២នាក់មកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍នៅមជ្ឈមណ្ឌលឯកសារកោះថ្មបង្ហាញចំណាប់អារម្មណ៍ថា សិស្សានុសិស្សទទួលបានបទពិសោធន៍ក៏ដូចជាចំណេះដឹងបន្ថែមទាក់ ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩) និងការងើបឡើងតស៊ូប្រឆាំងនឹងរបបខ្មែរក្រហម ដូចជា ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាកម្ពុជា (អង្គភាព១២៥) ចលនាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាកម្ពុជានៅថ្ងៃទី២ ខែឆ្នួ ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំសង្កេតឃើញថា សិស្សទទួលបានចំណេះដឹងច្រើនតាមរយៈការបង្រៀនរបស់លោកគ្រូក៏ដូចជាតាមរយៈការសួរដេញដោលរបស់សិស្សានុសិស្សទាក់ទងនឹងមេរៀនដែលលោកគ្រូបានបង្រៀន។ ខ្ញុំជឿជាក់ថា សិស្សានុសិស្សទទួលបានចំណេះដឹងច្រើនទាក់ទងនឹងប្រធានបទក៏ដូចជាមេរៀនដែលបានរៀននោះ។ ដោយសារសិស្សានុសិស្សទទួលបានចំណេះដឹងច្រើនទើបពួកគាត់អាចសួរបកទៅកាន់លោកគ្រូ និងចង់ដឹងបន្ថែមពីអ្វីដែលលោកគ្រូមិនបានបង្រៀនដល់គាត់ទៀត ។ ជាចុងក្រោយខ្ញុំមានសំណូមពរដល់គណៈគ្រប់គ្រងមជ្ឈមណ្ឌលឯកសារកោះថ្មបើកសិក្ខាសិលាខ្លីៗដល់យុវជនឲ្យបានកាន់តែច្រើនទាក់ទងនឹងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម ដើម្បីឲ្យយុវជនបានយល់ដឹងកាន់តែច្រើន ហើយអាចទប់ស្កាត់ការកកើតមានឡើងនូវអំពើរហឹង្សាធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មដូចរៀបរាប់ខាងលើទៀត។
យុវសិស្ស កឹ កេត ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែនក្ដុល ផ្សារ មានចំណាប់អារម្មណ៍ថា គ្រាន់តែមកដល់មជ្ឈមណ្ឌលឯកសារកោះថ្មដំបូង ខ្ញុំមានអាររម្មណ៍ថា បានសិក្សាមួយផ្នែកនៃប្រវត្តិសាស្រ្តខ្មែរនៅរបបកម្ពុជាប្រជាធិបតេយ្យ ដូចជាខ្ញុំបានដឹងអំពីការសម្លាប់មនុស្ស អំពើដ៏ឃោរឃៅ ការរំលោភសិទ្ធិមនុស្ស ការបង្អត់អាហារ និងការបំផ្លាញរចនាសម្ព័ន្ធប្រទេសជាតិជាដើម។ បន្ទាប់មកខ្ញុំបានសិក្សាដោយផ្ទាល់ជាមួយលោកគ្រូឧទ្ទេសថែមទៀត ខ្ញុំកាន់តែទទួលបានចំណេះដឹងអំពីប្រវត្តិសាស្ត្រ ក៏ដូចជាវិធីទប់ស្កាត់របបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតឡើងម្តងទៀត ។ នៅមុនពេល និងក្រោយពេលខ្ញុំចូលរួមវេទិកា គឺមានភាពខុសគ្នា គឺនៅមុនពេលខ្ញុំចូលរួមវេទិកានេះ ខ្ញុំគ្មានអារម្មណ៍ថាមិនចង់សិក្សាប្រវត្តិសាស្រ្តរបស់ខ្លួនឯងទេ តែនៅពេលដែលខ្ញុំបានចូលរួមវេទិការួចមក ខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ក៏ដូចជាការឈឺចាប់របស់ប្រជាជន និងបានតាំងចិត្តថាមិនឲ្យមានអំពើនេះកើតឡើងម្ដងទៀតទេ។ ចុងក្រោយខ្ញុំមានសំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សជំនាន់ក្រោយឲ្យបានយល់ដឹងអំពីរបបកម្ពុប្រជាធិបតេយ្យកាន់តែច្បាស់ និងជាពិសេសនោះ គឺការទប់ស្កាត់របបកម្ពុជាប្រជាធិតេយ្យកុំឲ្យកើតឡើងម្ដងទៀត ។
យុវសិស្ស រឿន សាម៉ី ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ មកពីវិទ្យាល័យក្រែក រៀបរាប់ថា បន្ទាប់ពីខ្ញុំបានចូលរួមវេទិកានេះរួចមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់តែចង់ដឹង និងចង់ស្វែងយល់អំពីរបបខ្មែរក្រហមថែមទៀត ព្រោះក្រោយពេលដែលខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្តាហ៍នៅថ្ងៃនេះរួចហើយ ធ្វើឲ្យខ្ញុំមានចំណេះដឹងអំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងវិធីទប់ស្កាត់របបនេះកុំឲ្យកើតឡើងម្តងទៀត ។
អត្ថបទ ៖ គាត ស្រីឡែន ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា