ខ្ញុំឈ្មោះ តូ ណែម អាយុ៨២ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនប្រុស និងចៅៗបួននាក់ ក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ក្នុងនោះមាន
ស្រី៣នាក់ និងប្រុស២នាក់។ កាលពីអាយុ១០ឆ្នាំ ខ្ញុំរៀននៅក្នុងវត្តត្រពាំងធំជាមួយព្រះសង្ឃ។ ថ្ងៃមួយក្រុមខ្មែរឥស្សរត្រពាំងស្តៅបានមកល្បួងខ្ញុំឲ្យទៅជាមួយនៅជើងភ្នំដំរីរមៀលរយៈពេល៣ថ្ងៃ។ ក្រុមខ្មែរឥស្សរ បានបង្រៀនខ្ញុំឲ្យរៀនកាន់កាំភ្លើង រៀនកេះកៃកាំភ្លើង និងប្រាប់ពីរបៀបបាញ់។ នៅពេលបាត់ខ្លួនខ្ញុំ ឪពុកម្តាយរបស់ខ្ញុំបានដើររក ហើយបានឃើញខ្ញុំនៅជាមួយក្រុមខ្មែរឥស្សរ។ ឪពុកម្តាយរបស់ខ្ញុំបានស្នើសុំខ្ញុំពីក្រុមខ្មែរឥស្សរត្រឡប់មកវិញ ដើម្បីបានចូលរៀនដូចដើម។ ប៉ុន្តែពេលនោះខ្ញុំមិនបានរៀនស្ថិតស្ថេរទេ ព្រោះឪពុកម្តាយក្រីក្រ។ ខ្ញុំឈប់រៀននៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ខ្ញុំរៀបការប្រពន្ធ និងប្រកបរបរជាអ្នកអារឈើរហូតដល់របបខ្មែរក្រហម។ ទោះបីយ៉ាងណា ខ្ញុំនៅតែចងចាំអំពីការបាត់បង់ប្អូនប្រុសរបស់ខ្ញុំម្នាក់ឈ្មោះ តូ នឹម គឺជាអតីតប្រធានកងរថក្រោះក្នុងរបបខ្មែរក្រហម ៖
តូ នីម ស្លាប់ប្រហែលពាក់កណ្តាលឆ្នាំ១៩៧៨ នៅភ្នំពេញ។ ប្រសិនបើប្អូនប្រុសរបស់ខ្ញុំនៅរស់ នោះស្ថានភាពគ្រួសាររបស់វាគឺប្រាកដជាធូរធារ និងមានអ្នកស្គាល់។ មិត្តភក្តិរបស់ប្អូនប្រុសខ្ញុំម្នាក់ឈ្មោះ វឿន បានប្រាប់ខ្ញុំថា «ប្អូនប្រុសរបស់ខ្ញុំត្រូវ តាម៉ុក រុញទម្លាក់ពីលើផ្ទះ សាឡុត ស នៅក្នុងទីក្រុងភ្នំពេញជាន់ទីមួយ ដោយសារ តាម៉ុក សង្ស័យថា ប្អូនប្រុសរបស់ខ្ញុំបានក្បត់គាត់ និងក្បត់អង្គការ។ នៅក្នុងឆ្នាំ១៩៧៨ ប្អូនប្រុសរបស់ខ្ញុំបានមកលេងផ្ទះនៅស្រុកកំណើត នៅពេលដែលខ្ញុំកំពុងបំពេញការងារនៅក្នុងកងសេដ្ឋកិច្ច។ ខ្ញុំមិនបានជួបប្អូនទេ នៅពេលដែលអង្គការមកហៅវាឲ្យត្រឡប់ទៅភ្នំពេញវិញ តាមបញ្ជារបស់ តាម៉ុក ដោយប្រាប់មូលហេតុថាឲ្យប្អូនខ្ញុំទៅចូលរួមប្រជុំសម្ងាត់»។
ប្អូនរបស់ខ្ញុំមានតួនាទីជាប្រធានកងពលធំរថក្រោះ ប្រចាំការនៅទីក្រុងភ្នំពេញ។ ប្អូនខ្ញុំឧស្សាហ៍មកលេងផ្ទះណាស់ ព្រោះវាមានសិទ្ធិអាចដើរហើរបាន។ ក្រោយមកខ្ញុំឮថា តាម៉ុក លែងទុកចិត្តវា ហើយព្យាយាមសម្លាប់វាចោល ប៉ុន្តែសម្លាប់មិនបាន ព្រោះប្អូនរបស់ខ្ញុំមានមន្តអាគមដែលអាចការពារខ្លួនពីការលួចបាញ់សម្លាប់។ ដូច្នេះ តាម៉ុក បានរកវិធីសម្លាប់ប្អូនខ្ញុំដោយច្រានវាទម្លាក់ពីលើផ្ទះ។ ប្អូនរបស់ខ្ញុំគឺជាមនុស្សហ៊ាន សាហាវ និងមិនខ្លាចស្លាប់ឡើយ។ ប្អូនរបស់ខ្ញុំបានចូលរួមក្នុងចលនាបដិវត្តន៍របស់ខ្មែរក្រហម បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ភ្លាមៗ។
មិត្តភក្តិរបស់ប្អូនប្រុសខ្ញុំ៤នាក់ទៀត គឺ យែម, អុន, ដាង, និង ឌិន គឺសុទ្ធតែអ្នកមុះមុតប្រចាំភូមិ ក៏បានចូលធ្វើបដិវត្តន៍ជាមួយវាដែរ គឺចូលនៅត្រពាំងក្ទម្ព ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលកើតមានព្រឹត្តិការណ៍វាយប្រយុទ្ធគ្នារវាងវៀតណាមខាងជើង និងទាហាន លន់ នល់ នៅតាមចង្កេះភ្នំដំរីរមៀល។ ប៉ុន្តែខ្ញុំបានដឹងថា ប្អូនរបស់ខ្ញុំមានតួនាទីធំក្នុងជួរកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ក្រោយថ្ងៃយោធាខ្មែរក្រហមទទួលជ័យជម្នះ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្អូនរបស់ខ្ញុំមានតួនាទីជាប្រធានកងពលរថក្រោះ ហើយក្រោយមកវាត្រូវ តាម៉ុក ផ្លាស់ប្តូរឲ្យទៅប្រចាំការនៅទីក្រុងភ្នំពេញរហូតដល់ថ្ងៃប្អូនរបស់ខ្ញុំស្លាប់។ ខ្ញុំស្តាយប្អូនរបស់ខ្ញុំខ្លាំងណាស់ មិនគួរជួបរឿងអកុសលដូច្នេះទេ។
ចំណែកខ្ញុំ បន្ទាប់ពីធ្វើការងារនៅកងសេដ្ឋកិច្ច ខ្មែរក្រហមបានផ្លាស់ខ្ញុំឲ្យទៅធ្វើស្រែប្រាំងនៅត្នោតចាង ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ខ្មែរក្រហមបានប្រគល់ក្របីឲ្យខ្ញុំមួយនឹមយកទៅភ្ជួរស្រែ។ ក្របីនោះធំៗណាស់ ដូច្នេះខ្ញុំមិនសូវហ៊ានវាយវាទេ ព្រោះខ្ញុំខ្លាចវាវ័ធខ្ញុំវិញ។ ខ្ញុំធ្វើការនៅទីនោះរហូតដល់កងទ័ពវៀតណាមវាយចូលមកនៅដើមខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំត្រឡប់មករស់នៅស្រុកកំណើតវិញ។
អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា