វេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខ្មែរក្រហមខេត្តកំពង់ចាម

នៅរសៀលថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម និងការចុះទស្សនកិច្ចទៅកាន់ទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហមស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ សិស្សថ្នាក់ទី១២​ ចំនួន២០នាក់ ដឹកនាំដោយអ្នកគ្រូ សៅ វឌ្ឍនា និងអ្នកគ្រូ យឿន ស្រីភ័ណ បង្រៀនមុខវិទ្យាប្រវត្តិវិទ្យានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប នៅស្រុកបាធាយ​ បានចូលរួមកម្មវិធីវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរទស្សនកិច្ចនៅទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។

សិស្សានុសិស្សថ្នាក់ទី១២មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាការដាក់តាំងសម្ភាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ការបង្កើតឡើងនូវវេទិកាថ្នាក់រៀននេះ ធ្វើឡើងដើម្បីជំរុញនិងបង្កើនការយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ និងការស្វែងយល់អំពីទ្រឹស្ដី និងនិយមន័យអំពើប្រល័យពូជសាសន៍ដល់សិស្សានុសិស្សចូលរួម។ បន្ថែមលើនេះទៀត វេទិកាថ្នាក់រៀននេះបានជំរុញសិស្សានុសិស្សឲ្យធ្វើការ​ពិភាក្សា និង​ការ​ពិចារណា ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ​ខ្មែរក្រហម។ វេទិកាថ្នាក់រៀននេះបានបង្កើតឡើងកម្មវិធីសិក្សារួមមាន៖ ការទស្សនាពិព័រណ៍រូបថត, ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, និងការចុះទស្សនកិច្ចទៅកាន់ទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហមបង្កើតឡើងដោយសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សចូលរួមទាំងអស់បានចំណាយអស់រយៈពេល១៥នាទីដើរទស្សនាពិព័រណ៍រូបថត និងសម្ភារដែលរក្សាទុកដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីឈ្វេងយល់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីការដើរទស្សនាការដាក់តាំងបង្ហាញនេះបានបញ្ចប់ សិស្សានុសិស្ស បានទស្សនាវីដេអូឯកសារ អំពីការដាក់សម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម និងអ្នកស្ម័គ្រចិត្តកម្ពុជា។ ជាកិច្ចបន្ទាប់ លោក ផេង ពង្សរ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បានធ្វើបទបង្ហាញអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងនិយមន័យ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍។ បន្ទាប់ពី​បទ​បង្ហាញត្រូវ​បានបញ្ចប់ សិស្សានុសិស្ស​ទាំងអស់ទទួលបានឱកាស​ពិភាក្សា និងសួរដេញដោលអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ មុនពេល​បញ្ចប់​វេទិកា​ថា្នក់​រៀន ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បាន​ចែកសៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩)» ជា​ភាសា​ខ្មែរ បោះពុម្ព​លើក​ទី​២ ដល់សិស្សានុសិស្ស​ចូលរួមទាំងអស់ទុកជាឯកសារដើម្បី​សិក្សា​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ។

សិស្សានុសិស្សថ្នាក់ទី១២មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

កម្មវិធីបន្ទាប់គឺជាដំណើរទស្សនកិច្ចទៅកាន់ទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម ដែលផ្ដល់ជាវេទិកាផ្ទាល់ និងនិមិត្តរូប សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីផ្សាភ្ជាប់ ប្រាស្រ័យទាក់ទង និងចែករំលែក បញ្ហាប្រឈមដែលតែងជួបប្រទះ និងដោះស្រាយ។ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប បានដឹកនាំ និងរៀបរាប់យ៉ាងលម្អិតអំពីគោលបំណងនៃការសាងសង់ចេតីយ៍នេះ, រឿងរ៉ាវកើតឡើងនៅក្នុងរបបខ្មែរក្រហម និងការបាត់បង់ឪពុកដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅឆ្នាំ១៩៧៨។​ បន្ទាប់មក សិស្សានុសិស្សបានចោទសួរចំណួរអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅភូមិចំការសាមសិប ក្នុងរបបខ្មែរក្រហម ក៏ដូចជាការចាប់យកឪពុករបស់លោក តុង សុភា ទៅសម្លាប់។

លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប និយាយប្រាប់សិស្សានុសិស្សថ្នាក់ទី១២មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើបអំពីការសាងសង់ចេតីយ៍នេះឡើង និងរឿងរ៉ាវនៃការបាត់បង់ឪពុកដែលខ្មែរក្រហមចាប់យកទៅសម្លាប់នៅឆ្នាំ១៩៧៨។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ជាចុងក្រោយ សិស្សានុសិស្សចូលរួមវេទិកាថ្នាក់រៀននេះ បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនចំពោះកម្មវិធីដូចខាងក្រោម ៖

សិស្ស ញឹម បញ្ញារ៉ាត់ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២-គ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប បានបញ្ចេញទស្សនៈថា “ខ្ញុំយល់ថាវេទិកាថ្នាក់រៀននេះ គឺល្អសម្រាប់ខ្ញុំដែលកំពង់រៀនថ្នាក់ទី១២។ ខ្ញុំទទួលបានចំណេះដឹងយ៉ាងច្រើនពីប្រវិត្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ តាមរយៈការទស្សនាពិព័រណ៌រូបថតដែលបង្កប់នូវរឿងរ៉ាវពីក្រោយផ្ទាំងរូបថតនីមួយៗ ការដាក់តាំងសម្ភាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការធ្វើបទបង្ហាញអំពីប្រវតិ្តសាស្រ្តខ្មែរក្រហម និងការចុះមើលនៅទីតាំងចេតីយ៍។ ខ្ញុំមានការអាណិតអាសូរដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំនឹងនាំយកចំណេះដឹងទាំងនេះទៅចែលរំលែកដល់មិត្តរួមថ្នាក់រៀនជាមួយខ្ញុំ និងសិស្សានុសិស្សរៀនថ្នាក់ផ្សេងទៀតនៅវិទ្យាល័យសម្ដេចតេជោហ៊ុន សែន សង្កើប ទាំងអស់ឲ្យបានយល់ដឹងដូចខ្ញុំដែរ។ ជាចុងក្រោយ ខ្ញុំសំណូមពរឲ្យមានកម្មវិធីវេទិកាថ្នាក់រៀនជាបន្ដបន្ទាប់ទៀត នៅតាមវិទ្យាល័យនៅខេត្តកំពង់ចាម”។

ញឹម បញ្ញារ៉ាត់ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២-គ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្ស ម៉េង សីហា អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២-ខ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ចែករំលែកការយល់ដឹងរបស់ខ្លួនពីកម្មវិធីវេទិកាថ្នាក់រៀននេះថា ៖ “ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីវេទិកាថ្នាក់រៀននេះ រួមមាន៖ ទី១- ការដឹងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ទី២- ការយល់អំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តទប់ស្កាត់, ទី៣- ការដឹងអំពីប្រភេទនៃឧក្រិដ្ឋកម្មឃោរឃៅ, ទី៤- ការដឹងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ទី៥- ការស្គាល់ទីតាំងសម្លាប់រង្គាល និងការចុះទស្សនាទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានពីកម្មវិធីវេទិកានេះទៅចែករំលែកដល់មិត្តរួមថ្នាក់ និងសួរនាំគ្រួសាររបស់ខ្ញុំអំពីអ្វីដែលគាត់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម”។

ម៉េង សីហា អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២-ខ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្ស ដាំ ដាវី ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២-គ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប បានបញ្ចេញយោបល់ថា ៖ “បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនពីប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទីតាំងចេតីយ៍ នាងខ្ញុំយល់បានកាន់តែច្រើនពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្ថែមទៀតទៅលើអ្វីដែលនាងខ្ញុំដឹងពីការរៀននៅសាលា និងការនិយាយប្រាប់អំពីប្រវត្តិខ្មែរក្រហមចេញពីឪពុកម្ដាយរបស់នាងខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំបានស្ដាប់លោកគ្រូ រ៉ាស៊ី ធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហមស្ដីពីការសម្លាប់រង្គាលដែលផ្ដើមចេញក្នុងអំឡុងខែមេសានេះផ្ទាល់ នាងខ្ញុំទទួលបានអារម្មណ៍ និងនឹកស្រម៉ៃថា ខ្លួនខ្ញុំកំពុងស្ថិតនៅក្នុងហេតុការណ៍នេះផ្ទាល់។ បន្ថែមលើនេះទៀត នៅពេលដែលនាងខ្ញុំឈានជើងចូលទៅក្នុងការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម ដែលមានការរៀបចំដាក់តាំងបង្ហាញនូវរូបថត ឯកសារចាស់ៗ និងវត្ថុបន្សល់ទុកតាំងពីសម័យខ្មែរក្រហមមក  ខ្ញុំសឹងតែមិនគួរឲ្យជឿនៃសភាពព្រៃផ្សៃ និងទុកលំបាកដែលបានកើតឡើងនៅពេលនោះ។  ទាំងនេះបានធ្វើឲ្យនាងខ្ញុំ និងមិត្តភក្កិទាំងអស់ ដែលមកទស្សនកិច្ចនៅទីនេះ​ មានអារម្មណ៍រន្ធត់ និងអាណិតអាសូរ។ ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងក្រុមការងារដែលបានរៀបចំកម្មវិធីនេះឡើង និងជាពិសេស លោកគ្រូ ដែលបានបកស្រាយរាល់សំណួររបស់នាងខ្ញុំ និងមិត្តភិក្ក ដើម្បីយល់ដឹងកាន់តែច្រើនពីប្រវត្តិសាស្ត្រខ្មែរក្រហម”។

ដាំ ដាវី ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២-គ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នកគ្រូ សៅ វឌ្ឈនា បង្រៀនថ្នាក់ទី១២ មុខវិទ្យាសង្គម និងប្រវត្តិសាស្រ្ត បានសម្ដែងការអរគុណដល់ក្រុមការងារដែលបានរៀបចំកម្មវិធីវេទិកាថ្នាក់រៀននេះឡើងថា “​ការបង្កើតឡើងវេទិកាថ្នាក់រៀន និងការចុះទស្សនកិច្ចនៅទីតាំងចេតីយ៍ដែលមានការសម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហម គឺពិតជាសំខាន់ណាស់សម្រាប់សិស្សានុសិស្សសិក្សាឈ្វេងយល់អំពីប្រត្តិសាស្រ្តខ្មែរក្រហម។ ការដឹងអំពីប្រវត្តិសាស្រ្ត គឺដូចជាការដឹងអំពីអត្តសញ្ញាណរបស់ខ្លួនអញ្ចឹងដែរ។ ខ្ញុំសូមសំណូមពរឲ្យមានកម្មវិធីអប់រំប្រវត្តិសាស្រ្តខ្មែរក្រហមនេះជាបន្តបន្ទាប់ទៀត ដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សរៀននៅវិទ្យាល័យផ្សេងទៀតនៅខេត្តកំពង់ចាមមានឱកាសសិក្សាស្វែងយល់កាន់ច្បាស់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ”។

អ្នកគ្រូ សៅ វឌ្ឈនា បង្រៀនថ្នាក់ទី១២ មុខវិទ្យាសង្គម និងប្រវត្តិសាស្រ្តដឹកនាំសិស្សានុសិស្សថ្នាក់ទី១២មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប ទស្សនាពិព័រណ៌រូបថត នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម និងចេតីយ៍រំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទ ៖ មេន នឿន បុគ្គលិកមជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖