នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និង ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៤ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ រួមជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅជួបជាមួយលោក ថាន់ អាន់ អភិបាលរងស្រុកអង្គរធំ និងមេឃុំក្នុងស្រុកអង្គរធំជាច្រើនរូបដើម្បីជួបសំណេះសំណាល និងជម្រាបជូនព័ត៌មានទាក់ទងគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ។
គោលបំណងនៃគម្រោងសុខភាពនេះ គឺ (១) ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោលដៅដែលបានកំណត់ (២) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហម និង (៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍នាពេលអនាគតដល់ប្រជាជននិងសហគមន៍ទាំងនេះ។
ចាប់តាំងពីដើម ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជាបីជំនាន់រួចមកហើយ ដែលមានចំនួន៧០០នាក់ បានចុះធ្វើការនៅតាមមូលដ្ឋានទូទាំង២៥ រាជធានីខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានអ្នកស្ម័គ្រចិត្តចំនួន១៥នាក់មកពីស្រុកផ្សេងៗគ្នាក្នុងខេត្តសៀមរាប ត្រូវបានជ្រើសរើសឲ្យធ្វើការងារនៅក្នុងគម្រោងសុខភាពនេះ។ ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងខេត្តសៀមរាប បានចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាឳពុកម្តាយ អ៊ំពូ មីង ក៏ដូចជាអ្នកស្រុកភូមិរបស់ខ្លួន សរុបចំនួនប្រមាណ ៧០០នាក់ រួចមកហើយ។ នៅក្នុងខែមីនា ឆ្នាំ២០២២ នេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តជំនាន់ទីបួនមានចំនួនសរុបជាង ២០០នាក់ មកពីបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។ ចំពោះខេត្តសៀមរាប ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានកំណត់យកស្រុកអង្គរធំ ជាគោលដៅអទិភាពដើម្បីបន្តការងារ ព្រោះប្រជាជននៅក្នុងស្រុកនេះភាគច្រើនមានជីវភាពក្រីក្រ និងខ្វះខាត និងត្រូវការចាំបាច់នូវការថែទាំសុខភាព។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលរងស្រុកអង្គរធំ លោក ថាន់ អាន់ និងក្រុមការងារបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជ្រើសរើសយកស្រុកអង្គរធំជាគោលដៅដើម្បីចុះជួយដល់អ្នករស់រានរានមានជីវិតពីរបបខ្មែរក្រហម។
អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា