វេទិកាប្រវត្តិសាស្រ្តគ្រួសារ និងគម្រោងសុខភាព នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នា២០២២ លោកនាយកនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងក្រុមការងារអ្នកស្ម័គ្រចិត្តបានទៅមើលចេតិយដែលទើបនឹងសាង​សង់រួច នៅក្នុងភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់មក ក្រុមការងារក៏បានជួបលោកមេភូមិពិភាក្សាគ្នាអំពី ការបញ្ចូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខ​ភាព។ ក្រុមការងារក៏បានធ្វើដំណើរទៅសាលាស្រុកត្រាំកក់ ដើម្បីស្នើសុំឲ្យអាជ្ញាធរស្រុកជួយសហការ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាជនទាំងអស់តាមរយៈអាជ្ញាធរភូមិឃុំ ដើម្បីឲ្យប្រជាជនជ្រាបជាដំណឹងទាក់​ទងនឹងគម្រោង “ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម”។

សឹម ឡៃស្រ៊ូយ អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (ង៉ាន វិន/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រុមការងារបានសម្ភាសន៍លោកយាយម្នាក់ឈ្លោះ សឹម ឡៃស្រ៊ូយ អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកយាយរស់នៅម្នាក់ឯង ដោយប្រកបមុខរបរជាអ្នកលក់នំចេក។ ប្តីរបស់លោកយាយបានស្លាប់បាត់ហើយ ដោយបន្សល់ទុកនូវកូនស្រីម្នាក់។ បច្ចុប្បន្នកូនស្រីលោកយាយមានប្តី និងទៅរស់នៅស្រុកឆ្ងាយពីគាត់។ សព្វថ្ងៃ លោកយាយរស់នៅក្នុងផ្ទះតូចមួយម្នាក់ឯង ដែលសង់លើដីរបស់​អ្នកដទៃ។ ជីវភាពលោកយាយមើលទៅខ្វះខាត តែលោកយាយមិនមានប័ណ្ណក្រីក្ររទេ។ ក្រលេកទៅមើលពីរបបខ្មែរក្រហមវិញ លោកយាយបានបាត់បង់សាច់ញាតិបងប្អូនសរុបទាំងអស់ប្រហែល៤០នាក់ ដោយ​សាររបបនេះ។ លោកយាយបានលើកឡើងបន្តទៀតថា គាត់មិនចង់រំឮកពីរបប ប៉ុល ពត ហ្នឹងទេព្រោះវាឈឺចាប់ពេក ឪពុកលោកយាយស្លាប់ដោយសារជំងឺក្នុងរបបខ្មែរក្រហម ហើយក្រុមគ្រួសារយាយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញឲ្យមករស់នៅតាមជនបទ ។ ការរស់នៅក្នុងរបបខ្មែរក្រហមធ្វើឲ្យលោកយាយជួបនូវទុក្ខលំបាកស្ទើរតែទ្រាំមិនបាន។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់តុលាការខ្មែរក្រហមលោកយាយមិនពេញចិត្តទេ ព្រោះមិនយុត្តិធម៌សម្រាប់គាត់និងអ្នកដែលបានស្លាប់ទាំងឡាយ។ សព្វថ្ងៃ លោកយាយមានជំងឺលើសឈាម ប៉ុន្តែលោកយាយមិនធ្លាប់បានទៅពិនិត្យសុខភាពទេ ដោយសារជីវភាពខ្វះ​ខាតជាប់រវល់ធ្វើនំលក់និងធ្វើការងាររកស៊ីចិញ្ចឹមជីវិត។

ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវប្រគល់ប្រអប់អនុស្សាវរីយ៍សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជូនអ្នកគ្រូនៅ «បណ្ណាល័យសម្តេចឪ សម្តេចម៉ែ»។ (ង៉ាន វិន/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃបន្ទាប់ ក្រុមការងារបានបន្តធ្វើដំណើរទៅកាន់ «បណ្ណាល័យសម្តេចឪ សម្តេចម៉ែ» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគីរីវង្ស ដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅទីនោះ។ ក្រុមការងារបានពិភាក្សា​ជាមួយលោកគ្រូអ្នកគ្រូ អំពីគម្រោងតាំងពិព័រណ៌និងផ្តល់ព័ត៌មានទៅកាន់សិស្សដែលមានបំណងចង់ធ្វើការងារស្ម័គ្រចិត្តផងដែរ។

ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវចុះទៅជួបអាជ្ញាធរនៅស្រុកអង្គរជ័យ (ង៉ាន វិន/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មក ក្រុមការងារក៏ទៅសាលាស្រុកអង្គរជ័យ ហើយក៏បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុក ដើម្បីចូលរួមសហការនិងធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរភូមិឃុំ និងប្រជាជនទាំងអស់ឲ្យបានដឹងពីគម្រោង “ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម”។

លោកយាយ សឿ ណន រស់នៅក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (ង៉ាន វិន/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមកទៀត ក្រុមការងារក៏បានទៅកាន់ផ្ទះអ្នកស្ម័គ្រចិត្តម្នាក់នៅក្នុងភូមិត្រពាំងផ្នែក ឃុំម្រោម ស្រុកអង្គរជ័យដដែល ហើយក៏បានជួបលោកយាយពិការជើងដោយសារគ្រាប់មីនម្នាក់ឈ្មោះសឿ ណន។ លោក​យាយបានស្នើរសុំមជ្ឈមណ្ឌលកម្ពុជាជួយផ្តល់រទេះសម្រាប់ជនពិការដល់រូបគាត់ផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ។

ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវកំពុងពិភាក្សាជាមួយលោកគ្រូអ្នកគ្រូនៅ «បណ្ណាល័យសម្តេចឪសម្តេចម៉ែ»។ (ង៉ាន វិន/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងស្រុកដដែល ក្រុមការងារបានទៅសម្ភាសន៍អ្នកគ្រូម្នាក់ទៀត ឈ្មោះ ឈន ខិន្នែត អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ហើយក៏បានសួរនាំគាត់អំពីរឿងរ៉ាវកាលពីសម័យខ្មែរក្រហម។ អ្នកគ្រូរៀបរាប់យ៉ាងលម្អិត ហើយជួនកាលអ្នកគ្រូស្រក់ទឹកភ្នែកមកម្តងៗ ដោយសារនឹកឃើញឡើងវិញនូវទិដ្ឋភាពជូរចត់កាលពីសម័យនោះ។ អ្នកគ្រូនិយាយថា ខ្មែរក្រហមយកឪពុកខ្លួនទៅសម្លាប់ចោលដោយគ្មានប្រាប់មូលហេតុ ធ្វើឲ្យអ្នកគ្រូមានការឈឺចាប់ជាខ្លាំងដែលមិនអាចជួយអ្វីដល់ជីវិតឪពុករបស់ខ្លួនបាន។ មានថ្ងៃមួយនោះ គាត់បានឃើញខ្មែរក្រហមសម្លាប់ស្ត្រីពោះធំម្នាក់ដោយកាប់ជាបីកង់ ព្រោះតែស្រី្តនោះលួចឪឡឹកគេហូបមួយផ្លែ។ សព្វថ្ងៃ អ្នកគ្រូមានជំងឺខ្សោយបេះដូង ដោយសារតែជួបរឿងភ័យតក់ស្លុត និងឈឺចាប់ដែលបន្សល់ទុកតាំងពីសម័យខ្មែរក្រហម។

អត្ថបទ៖ ង៉ាន វិន និង សៀង កញ្ញា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តតាកែវ

អត្ថបទផ្សេងទៀត៖