ឡាយ ក្អាត់៖ អង្គការចាត់តាំងឱ្យឃ្វាលក្របី

ខ្ញុំឈ្មោះ ឡាយ ក្អាត់ អាយុ៦៦ឆ្នាំ កើតនៅភូមិកំពង់ដំរី ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ឡាយ ស្លាប់ដោយសារជំងឺគ្រុនចាញ់ នៅឆ្នាំ១៩៧០ ចំណែកម្ដាយ ខ្ញុំមិនចាំឈ្មោះគាត់ទេ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺប្រុស២នាក់ និងស្រី៣នាក់។ ខ្ញុំបានវង្វេង និងបែកពីបងប្អូនខ្ញុំទាំងអស់នៅក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្ន ខ្ញុំរស់នៅតែម្នាក់ឯង និងគ្មានបងប្អូនទេ។ ខ្ញុំមានប្រពន្ធឈ្មោះ ឆឹម ព្រឹក អាយុ៧១ឆ្នាំ និងមានកូនចំនួន១០នាក់ ក្នុងនោះមានប្រុស៥នាក់ និងស្រី៥នាក់។

កាលពីកុមារ ខ្ញុំមិនបានរៀនសូត្រទេ។ នៅសម័យនោះ ប្រជាជននៅក្នុងភូមិកំពង់ដំរីភាគច្រើនប្រកបមុខរបរធ្វើស្រែ និងចម្ការ។ អំឡុងពេលកងទ័ពវៀតកុងចូលមកក្បែរភូមិកំពង់ដំរី ប្រជាជនរស់នៅ និងធ្វើស្រែចម្ការធម្មតា។ ក្រោយមក ទាហានអាមេរិកបានចូលមកភូមិកំពង់ដំរី ដើម្បីតាមស្វែងរកកងទ័ពវៀតកុង ទើបក្នុងភូមិមានភាពវឹកវរ។ ទាហានអាមេរិកបានយកទីតាំងភូមិជំនុំពលធ្វើបន្ទាយ ដើម្បីវាយប្រយុទ្ធនឹងកងទ័ពវៀតកុង។ ពេលខ្លះមានគ្រាប់ផ្លោងធ្លាក់ចូលក្នុងភូមិកំពង់ដំរី ប៉ុន្តែមិនបានបណ្ដាលឱ្យប្រជាជនស្លាប់ និងរងរបួសឡើយ។ អំឡុងពេលទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិកំពង់ដំរីត្រូវសម្ងំលាក់ខ្លួននៅក្នុងលេណដ្ឋាន។ គ្រួសាររបស់ខ្ញុំបានចេញពីលេណដ្ឋាន មកដាំបាយនៅពេលយប់រយៈពេល១ខែ។ ពេលខ្លះ ខ្ញុំលួចដាំបាយនៅក្នុងវាលដែលមានភ្លើងឆេះព្រៃដើម្បីបន្លំកុំឱ្យទាហានអាមេរិកចាប់អារម្មណ៍។

នៅឆ្នាំ១៩៧៤ កម្មាភិបាលខ្មែរក្រហមចាប់ផ្ដើមរៀបចំប្រជាជននៅក្នុងភូមិកំពង់ដំរី ចូលជាសហករណ៍។ ប្រជាជនទាំងអស់ចាប់ផ្ដើមធ្វើស្រែ និងចម្ការដោយវេរប្រវាស់ដៃគ្នា។ ប្រជាជននៅក្នុងភូមិកំពង់ដំរីភាគច្រើននាំគ្នាដាំស្រូវ ហើយពេលប្រមូលផលស្រូវត្រូវបែងចែកទៅតាមសមាជិកគ្រួសាររៀងៗខ្លួន ព្រោះប្រជាជនហូបបាយតាមផ្ទះនៅឡើយ។

នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលមកកាន់កាប់ភូមិកំពង់ដំរី និងបានចាត់តាំងប្រជាជនឱ្យសាងសង់រោងបាយដើម្បីហូបរួម។ កម្មាភិបាលខ្មែរក្រហមរៀបចំឱ្យមានក្រុមចុងភៅដើម្បីដាំបាយឱ្យប្រជាជនហូប។ ចំណែកខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឱ្យឃ្វាលក្របី, ឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការនៅក្នុងភូមិកំពង់ដំរី ហើយចាស់ៗមើលថែកុមារតូចៗ។ រយៈពេល៥ទៅ៦ខែក្រោយមក ខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសយុវជន-យុវនារីនៅក្នុងភូមិចូលក្នុងកងចល័ត។ ខ្ញុំត្រូវបានប្រធានកងចាត់តាំងឱ្យទៅឃ្វាលក្របីតាមកងចល័តដែលចេញទៅធ្វើស្រែនៅភូមិបុស្សតាអឹម ក្នុងឃុំជាំតាម៉ៅ។ ចំពោះអាហាររបស់ខ្ញុំគឺត្រូវទៅហូបនៅក្នុងរោងបាយសហករណ៍បុស្សតាអឹម ដោយក្នុងមួយថ្ងៃទទួលបានបបរពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅក្នុងមនុស្សម្នាក់ចុងភៅបើកបបរឱ្យពីរវែកសម្ល ដែលក្នុងបបរនោះគ្មានគ្រាប់អង្ករទេ គឺមានតែទឹករាវៗតែប៉ុណ្ណោះ។ ខ្ញុំនៅឃ្វាលក្របីនៅភូមិបុស្សតាអឹមរយៈពេល៣ខែ ដោយអំឡុងពេលនោះខ្ញុំធ្លាប់សុំការអនុញ្ញាតពីប្រធានសហករណ៍មកលេងផ្ទះបានចំនួន៤ដង។

ក្រោយមក ខ្មែរក្រហមបានបញ្ជូនក្រុមរបស់ខ្ញុំទៅឃ្វាលក្របីនៅភូមិស្រែទក់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ក្រុមរបស់ខ្ញុំមានសមាជិកកងភ្ជួរ១០នាក់, កុមារ១០នាក់ និងក្របី១០នឹម។ ពេលទៅដល់ភូមិស្រែទក់ កងរបស់ខ្ញុំត្រូវសាងសង់រោងសម្រាប់ស្នាក់នៅដោយខ្លួនឯង។ ការងាររបស់ខ្ញុំក្រៅពីឃ្វាលក្របីគឺត្រូវជួយបិទភ្លឺស្រែ និងកាប់ឆ្ការព្រៃ។  មួយរយៈក្រោយមក ប្រធានកងបញ្ជូនខ្ញុំឱ្យទៅនៅភ្នំសំរោង ឬ ភ្នំសម្រង់ ដើម្បីធ្វើចម្ការ និងគាស់គល់ឈើដើម្បីរានយកដីធ្វើស្រែ។ នៅទីនោះ ខ្ញុំទទួលបានរបបអាហារគ្រប់គ្រាន់ ប៉ុន្តែខ្ញុំមិនបានមកលេងផ្ទះទេដោយសារផ្លូវឆ្ងាយពិបាកធ្វើដំណើរ។ ម្យ៉ាងទៀត ខ្ញុំគិតថាទោះបីមកលេងផ្ទះក៏មិនបានជួបឪពុកម្ដាយដែរ ព្រោះខ្មែរក្រហមបានចាត់តាំងគាត់ឱ្យទៅធ្វើការនៅភូមិផ្សេងអស់ហើយ។ ខ្ញុំស្នាក់នៅភ្នំសំរោងបានរយៈពេលមួយឆ្នាំ។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំឃើញយន្តហោះ (កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា) ហោះមកទម្លាក់គ្រាប់បែកលើកងទ័ពខ្មែរក្រហម និងផ្ដាច់ស្ពានសំរោង ពេលនោះខ្ញុំបាននាំគ្នារត់ភៀសខ្លួនទៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ខេត្តក្រចេះ។ ខ្ញុំស្នាក់នៅថ្មគ្រែ ដែលស្តិតនៅជាប់មាត់ទន្លេមេគង្គ រយៈពេល៤ថ្ងៃ។ ខ្ញុំឃើញមានមនុស្សកកកុញនៅតាមមាត់ទន្លេ។ លុះដល់ពេលព្រឹកថ្ងៃទី៥ ខ្ញុំឃើញ ស្រឡាងធំចំនួន២គ្រឿងបានមកដល់ និងដឹកប្រជាជនភៀសខ្លួនទាំងអស់ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំបានជិះស្រឡាងទៅដល់ស្ទឹងត្រង់នៅវេលាម៉ោង៤ទៀបភ្លឺ។ ខ្មែរក្រហមឱ្យប្រជាជនឈប់សម្រាក២ម៉ោង រួចឱ្យឡើងជិះឡានបន្តទៀត។ ខ្ញុំបានធ្វើដំណើរទៅដល់ភូមិអូរទូក ហើយខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំច្រូតស្រូវនៅទីនោះ។ ខ្ញុំស្នាក់នៅអូរទូករយៈពេល២ខែ។ នៅទីនោះ ខ្ញុំទទួលបានម្ហូបអាហារគ្រប់គ្រាន់។ ថ្ងៃមួយខ្ញុំបានឮសេចក្ដីប្រកាសតាមវិទ្យុថា «ប្រជាជននៅស្រុកភូមិណា សូមវិលត្រឡប់ទៅស្រុកនោះវិញ»។ បន្ទាប់មក ប្រធានសហករណ៍បានប្រកាស «ឱ្យបងប្អូននៅក្នុងសហករណ៍រៀបចំរបស់របរ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើត»។ ពេលនោះ ខ្ញុំបានធ្វើដំណើរត្រឡប់មករស់នៅភូមិជំនុំពលរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖