ការចងចាំនៅទីតាំងទួលកកោះ ឬវត្តកកោះជ្រុំ ដែលជាអតីត មន្ទីរសន្តិសុខ និងវាលពិឃាតខ្មែរក្រហម ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ «ក» ស្រុកបាភ្នំ

វត្តទួលកកោះជ្រុំ មុនរបបខ្មែរក្រហម គឺជាទីទួលតូចមួយដែលប្រជាជនហៅថា «ទួលកកោះ» ដែលមានផ្ទះតូចៗពីរបីខ្នងក្បែរនោះ និងហ៊ុមព័ទ្ធដោយបឹង ស្រះ និងវាលស្រែ។ នៅជុំវិញទួលកកោះ មានទីតាំងសម្លាប់មនុស្សផ្សេងៗទៀត រួមមាន ទួលអ៊ូងលូង ទួលតាប្រុញ និង បឹងស្ពឺ។ បច្ចុប្បន្ន ទីតាំងទួលកកោះគឺជាបរិវេណ វត្តកកោះជ្រុំ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង។

នៅឆ្នាំ១៩៧២ (មុនរបបខ្មែរក្រហម)៖ ទួលកកោះត្រូវបានប្រើជា «មន្ទីរអប់រំកែប្រែ» សម្រាប់ឃុំឃាំងអ្នកទោសជាប្រជាជនមូលដ្ឋានដែលមិនទាន់លះបង់និន្នាការចាស់ ប៉ុន្តែពុំទាន់មានការកាប់សម្លាប់ទ្រង់ទ្រាយធំឡើយ។ អ្នកគ្រប់គ្រងនៅទីនោះមានឈ្មោះ ឈឺន និង ស៊ុំ អៀន។

ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ចុងឆ្នាំ ១៩៧៧ (ក្នុងរបបខ្មែរក្រហម)៖ ទួលកកោះ បានប្រែក្លាយទៅជា មន្ទីរសន្តិសុខបណ្តោះអាសន្ន កន្លែងសួរចម្លើយ និងទីតាំងសម្លាប់មនុស្សយ៉ាងលាក់កំបាំង។ អ្នកទោសត្រូវបានឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់នៅក្នុងរណ្តៅនៅទួលកកោះ ទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនជម្លៀសជាច្រើនត្រូវបានបញ្ជូនមកទួលកកោះ ហើយស្ទើរតែទាំងអស់ត្រូវបានសម្លាប់។ ដល់ចុងឆ្នាំ១៩៧៧ អ្នកទោសភាគច្រើនជាអតីតកម្មាភិបាលខ្មែរក្រហមភូមិភាគបូព៌ាដែលមានឋានៈជាគណៈសហករណ៍ គណៈឃុំ គណៈស្រុក និងប្រធានកងឈ្លប។ ឈឺន និង ស៊ុំ អៀន ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលនេះដែរ។

នៅខែមករា ឆ្នាំ១៩៧៩ (ការដួលរលំនៃរបបខ្មែរក្រហម)៖ របបខ្មែរក្រហមបានដួលរលំ បន្សល់ទុកនូវរណ្តៅសាកសពនៅទួលកកោះ ទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ។

នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ មេឃុំបានបញ្ជាឱ្យអតីតកងឈ្លបខ្មែរក្រហមដែលនៅរស់រានមានជីវិត គាស់រណ្តៅសាកសពនៅទួលកកោះ វាលតាប្រុញ និងទួលអ៊ូងលូង ដើម្បីយកអដ្ឋិធាតុទៅតម្កល់នៅ វត្តកំរ៉ែង (បច្ចុប្បន្ន វត្តកំរ៉ែងរតនារាម នៅភូមិស្វាយពក ឃុំស្ពឺ «ក» ស្រុកបាភ្នំ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីទួលកកោះ)។ អដ្ឋិធាតុនៅវត្តកំរ៉ែងមិនគង់វង់ល្អឡើយ ដោយសារការបំផ្លាញ និងគោក្របីមកស៊ីឆ្អឹង។ ទន្ទឹមនឹងនេះ ទួលកកោះត្រូវបានអាជ្ញាធរកំណត់ធ្វើជាទីតាំងសាលារៀនសម្រាប់ក្មេងៗ។

នៅឆ្នាំ១៩៨៩ វត្តកកោះជ្រុំ ត្រូវបានកសាងឡើងនៅលើទីតាំងទួលកកោះ តាមការព្រមព្រៀងរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ដែលបានឯកភាពគ្នាដាក់ឈ្មោះថា «វត្តកកោះជ្រុំ» រហូតមកដល់សព្វថ្ងៃ។ ព្រះវិហារសព្វថ្ងៃត្រូវបានសាងសង់លើអតីតរណ្តៅសាកសព ខណៈកុដិ និងសាលាឆាន់សាងសង់លើដីចាក់បន្ថែម ដើម្បីពង្រីកបរិវេណវត្ត និងសាលារៀន។

នៅឆ្នាំ២០១៦ ព្រះតេជគុណ សៀវ សុខឃួន (ដែលធ្លាប់បួសមួយវស្សានៅទីនោះកាលពីវ័យ ជំទង់ រួចសឹកវិញនៅឆ្នាំ១៩៩៥ ដើម្បីចូលបម្រើការងារនៅអង្គភាពកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានមកបួសម្តងទៀតនៅឆ្នាំ២០១៦ បន្ទាប់ពីចូលនិវត្តន៍រួច រហូតដល់មានងារជាព្រះចៅអធិការវត្តកកោះជ្រុំ) បានប្រមូលអដ្ឋិធាតុដែលនៅសេសសល់ពីការបំផ្លាញ និងរៀបចំឯកសាររដ្ឋ      បាលនានា ដើម្បីដឹកជញ្ជូនចេញពីវត្តកំរ៉ែង មកដាក់តម្កល់ក្នុងបូជនីយដ្ឋានដែលត្រៀមកសាងថ្មីនៅក្នុងបរិវេណវត្តកកោះជ្រុំ។

នៅចុងឆ្នាំ២០១៨ អដ្ឋិធាតុដែលនៅសេសសល់ត្រូវបានផ្ទេរ និងដាក់តម្កល់យ៉ាងល្អគត់មត់ក្នុងចេតិយបេតុងរឹងមាំនៅវត្តកកោះជ្រុំ ដោយមានការចូលរួមពីប្រជាជនក្នុងឃុំទាំង៩ក្នុងស្រុកបាភ្នំ ប្រមាណ ៧០០នាក់ និងកិច្ចសហការពីអាជ្ញាធរស្រុកបាភ្នំ និងលោកអាចារ្យធំវត្ត (ដែលបានជួយកៀងគរកម្លាំង ធ្វើពិធីប្រពៃណី និងស្រង់ឈ្មោះជនរងគ្រោះ)។ នៅក្បែរចេតិយ មានផ្ទាំងស៊ីម៉ងត៍ពីរធំៗចារឈ្មោះអ្នកកសាង និងជនរងគ្រោះប្រមាណ១,៥០០នាក់ ដែលស្លាប់នៅជុំវិញបរិវេណវត្តកកោះជ្រុំ ខណៈអដ្ឋិធាតុដែលប្រមូលបានជាក់ស្តែងមានប្រមាណ៣០លលាដ៏ក្បាល រួមទាំងឆ្អឹងស្មងដៃស្មងជើងខ្លះ។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា (លើកលែងតែពេលមានជំងឺកូវីដ-១៩) អាជ្ញាធរស្រុកបាភ្នំតែងតែប្រារព្ធពិធីបុណ្យរំឭកការចងចាំ និងឧទ្ទិសកុសលដល់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងបរិវេណវត្តកកោះជ្រុំ។

ខាងក្រោមនេះជាសម្តី និងការរៀបរាប់របស់សាក្សី គឺអ្នកស្រី ឈឿន ដានី អាយុ៦១ឆ្នាំ រស់នៅភូមិស្នួល ឃុំស្ពឺ «ក» ស្រុកបាភ្នំ៖

អំពីបទពិសោធន៍កុមារភាព និងចម្រៀងឃោសនា៖ «នៅក្នុងរបប ប៉ុល ពត ខ្ញុំនៅកុមារនៅឡើយ។ កាលនោះ អង្គការឱ្យក្រុមខ្ញុំច្រៀងចម្រៀងរាល់ថ្ងៃ។ ខ្ញុំនៅចាំខ្លះៗ «ក្រោកឡើងអស់ពួកអ្នកខ្ញុំគេទាំងប៉ុន្មាន! ក្រោកឡើងអ្នកគ្រប់ប្រាណគ្រាម្តងនេះស្លាប់រស់ក៏មិនស្តាយ! របបចាស់យើងបំផ្លាញឱ្យឆាប់អស់! អស់អ្នកខ្ញុំគេត្រូវក្រោកឈរឡើងទៅ……….» មែន! ដល់ចឹងទៅអង្គការសម្លាប់ទាំងអស់មែន! អ្នកខ្ញុំគេហ្នឹង ចេញមកសម្លាប់អ្នកមានក្នុងភូមិទាំងអស់»។

អំពីការបាត់ខ្លួន និងការសម្លាប់ឪពុករបស់អ្នកស្រី ឈឿន ដានី៖ «ឪពុកខ្ញុំស្លាប់នៅទីតាំងទួលកកោះ ប៉ុន្តែខ្ញុំមិនដឹងថាសពគាត់ស្ថិតនៅត្រង់ណាឱ្យប្រាកដទេ គ្រាន់តែដឹងថា គាត់ត្រូវអង្គការយកមកសម្លាប់នៅទួលកកោះ។ ឪពុកខ្ញុំធ្លាប់ធ្វើជាមេឃុំកាលពីមុនរបប ប៉ុល ពត។ ពេលខ្មែរក្រហមចូលមកដល់ អង្គការប្រើឪពុកខ្ញុំឱ្យទៅរែកដីនិងជីកប្រឡាយនៅវាលតាប្រុញ។ លុះដល់ម៉ោង១ ឬម៉ោង២រសៀល អង្គការមកប្រាប់ឪពុកខ្ញុំថា ត្រូវទៅប្រជុំនៅមន្ទីរតំបន់។ ឪពុកខ្ញុំត្រូវអង្គការបណ្តើរមកដល់ផ្ទះដើម្បីផ្លាស់ប្តូរខោអាវមុនចេញទៅប្រជុំ។ ឪពុកខ្ញុំបានស្លៀកសារ៉ុងសូត្រ ពាក់នាឡិកាដៃ ពាក់ចិញ្ចៀនត្រា និងពាក់អាវស្អាតបាត រួចចេញទៅប្រជុំជាមួយអង្គការ។ តាំងពីពេលនោះមក ឪពុកខ្ញុំបានបាត់ខ្លួនរហូតតែម្តង។ មានពេលមួយនោះ ប្រជាជនម្នាក់ដែលបានដឹងរឿង បានមកប្រាប់ខ្ញុំថា ឪពុកខ្ញុំត្រូវអង្គការសម្លាប់ចោលហើយ គឺសម្លាប់នៅទួលកកោះ ដោយសារគាត់ជាអ្នកមានទ្រព្យសម្បត្តិនៅក្នុងភូមិ»។

សង្ឃដីការបស់ព្រះចៅអធិការវត្តកកោះជ្រុំ ព្រះនាម សៀវ សុខឃួន (ព្រះជន្ម៦៣វស្សា) អំពីទីតាំងសន្តិសុខ ការសួរចម្លើយ និងការសម្លាប់៖ «ទីតាំងទួលកកោះនេះ មិនត្រឹមតែជាកន្លែងសម្លាប់មនុស្សតែប៉ុណ្ណោះទេ ប៉ុន្តែវាជាទីតាំងមន្ទីរសន្តិសុខបណ្តោះអាសន្ន និងកន្លែងសួរចម្លើយ។ មនុស្សទាំងអស់ដែលខ្មែរក្រហមបញ្ជូនមកកាន់ទីតាំងសម្លាប់ទួលកកោះ សុទ្ធតែត្រូវបានឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងចុងក្រោយគឺសម្លាប់។ មន្ទីរសួរចម្លើយរបស់ខ្មែរក្រហម គឺស្ថិតនៅខាងជើងវត្តកកោះជ្រុំ ចំណែកមន្ទីរសន្តិសុខចំនួន៣រោងវែងៗ និងមានខ្នោះឃ្នាងជាច្រើន ស្ថិតនៅខាងលិចឆៀងខាងត្បូងព្រះវិហារសព្វថ្ងៃ។ អ្នកទោសដែលសួរចម្លើយរួចរាល់ ត្រូវបញ្ជូនទៅសម្លាប់ចោលនៅក្នុងរណ្តៅដែលជីករួចស្រេចក្នុងបរិវេណទួលកកោះនេះ គឺទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ»។

អំពីការគាស់រណ្តៅ ការរក្សាអដ្ឋិធាតុ និងការកសាងចេតិយ៖ «ទីតាំងវត្តកកោះជ្រុំ គឺជាអតីតគុកខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ គឺប្រហែលជានៅឆ្នាំ១៩៨០ មេឃុំបានបញ្ជាឱ្យអ្នកដែលធ្លាប់ធ្វើឈ្លបកាលពីរបបខ្មែរក្រហម មកគាស់រណ្តៅសាកសពនៅទួលកកោះ នៅវាលតាប្រុញ និងទួលអ៊ូងលូង។ ពេលគាស់រួច អដ្ឋិធាតុទាំងអស់ ត្រូវជញ្ជូនទៅតម្កល់នៅវត្តកំរ៉ែង។ ពេលនោះ អដ្ឋិធាតុនៅវត្តកំរ៉ែង មិនស្ថិតនៅគង់វង្សទេ ព្រោះគោក្របីចេះតែមកស៊ីឆ្អឹង។ កាលនោះ អាត្មានៅតូច ហើយបានបួសមួយព្រះវស្សានៅទីនោះ។ ក្រោយមក អាត្មាបានសឹកវិញ ហើយបានចូលធ្វើការនៅក្នុងអង្គភាពកងរាជអាវុធហត្ថនៅឆ្នាំ១៩៩៥ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រហូតដល់អាត្មាចូលនិវត្តន៍ពីការងារ អាត្មាបានមកបួសម្តងទៀតនៅឆ្នាំ២០១៦ នៅវត្តកកោះជ្រុំនេះរហូតមកដល់សព្វថ្ងៃនេះ។ កាលនោះ អាត្មាបានប្រមូលឆ្អឹងទាំងនោះទុកម្តុំ បន្ទាប់មក អាត្មាបានស្នើសុំគោលការណ៍ពីចៅហ្វាយស្រុក ទេព ភិរុណ ដើម្បីយកឆ្អឹងដែលនៅសេសសល់បន្តិចបន្តួច គឺមានលលាដ៏ក្បាលប្រហែលជា៣០លលាដ៏ប៉ុណ្ណោះ រួមទាំងឆ្អឹងស្មងដៃស្មងជើង មកដាក់តម្កល់នៅវត្តកកោះជ្រុំវិញ ព្រោះមានប្រជាជនខ្លះ បានលួចយកឆ្អឹងសាកសពទាំងនេះទៅឱ្យគោស៊ី។ បន្ទាប់មក អាត្មាបានសាងសង់ចេតិយមួយសម្រាប់តម្កល់ឆ្អឹងទាំងនោះ ហើយក្នុងពេលជាមួយគ្នា លោកអាចារ្យធំនៅវត្តនេះ (គាត់ស្លាប់២ឆ្នាំហើយ) ជាអ្នកទទួលបន្ទុកកៀងគរកម្លាំងជញ្ជូនឆ្អឹង និងរៀបចំកម្មវិធីបុណ្យតាមប្រពៃណីសាសនា និងស្រង់ឈ្មោះជនរងគ្រោះដែលបានស្លាប់នៅលើទីតាំងទាំងប៉ុន្មាននេះ។ កាលនោះ មានប្រជាជនក្នុងឃុំទាំង ៩ ប្រហែល ៧០០ នាក់ និងមានការសហការពីចៅហ្វាយស្រុកបាភ្នំ បានរៀបចំពិធីបែបប្រពៃណីបានល្អត្រឹមត្រូវ និងចប់ចុងចប់ដើម នៅចុងឆ្នាំ ២០១៨។»

អំពីទំហំអយុត្តិធម៌នៃការសម្លាប់៖ «ទោះបីជាឆ្អឹងលលាដ៏ក្បាលមានចំនួនតិចក៏ដោយ ក៏ទំហំនៃការសម្លាប់មនុស្សកាលពីជំនាន់នោះ គឺជាការសម្លាប់រង្គាលដោយអយុត្តិធម៌ ដែលសង្គមមនុស្សពុំចង់ជួបប្រទះឡើយ»។

កាលពីសម័យខ្មែរក្រហម «ទួលកកោះ» ដែលធ្លាប់ជាមន្ទីរអប់រំកែប្រែនៅឆ្នាំ១៩៧២ រហូតក្លាយជាមន្ទីរសន្តិសុខ ការសួរចម្លើយ និងទីតាំងសម្លាប់ដ៏ឃោរឃៅក្នុងរបបខ្មែរក្រហម បានឆ្លងកាត់ការផ្លាស់ប្តូរជាបន្តបន្ទាប់ ពីការគាស់រណ្តៅសាកសពទៅវត្តកំរ៉ែង ការសាងសង់សាលារៀន និងវត្តកកោះជ្រុំ។ នៅឆ្នាំ ១៩៨៩ រហូតដល់ការតម្កល់អដ្ឋិធាតុដែលនៅសេសសល់ក្នុងចេតិយថ្មីនៅចុងឆ្នាំ២០១៨ និងការរៀបចំពិធីរំឭកការចងចាំប្រចាំឆ្នាំនៅថ្ងៃទី២០ ខែឧសភា ដើម្បីរក្សាការចងចាំអំពីភាពអយុត្តិធម៌នៃអតីតកាលកុំឱ្យកើតឡើងសាជាថ្មី។ ហេតុការណ៍ទាំងនេះ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយសម្រាប់ក្មេងៗជំនាន់ក្រោយ រៀនសូត្រដើម្បីការចងចាំ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដូចគ្នានេះ នាពេលអនាគត។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖