មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀន ស្តីពីការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម ដល់សិស្សវិទ្យាល័យ ជាស៊ីម តាកែវ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម តាកែវ ចំនួន ១០នាក់ បានមកចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីពីការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ គោលបំណងនៃវេទិកាថ្នាក់រៀន គឺដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់សិស្សានុសិស្សផ្ទាល់ ដែលចង់ចេះ ចង់ដឹងស្វែងយល់ពីរបបខ្មែរក្រហម ឱ្យកាន់តែស៊ីជម្រៅលើខ្លឹមសារប្រវត្តិសាស្ត្រចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ ១)ការបែងចែកភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ២) ការសម្លាប់រង្គាល និងតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ៣) មូលហេតុនៃការដួលរលំរបបខ្មែរក្រហម និង ៤) ផែនការបួនឆ្នាំរបស់កម្ពុជាប្រជាធិបតេយ្យ។

ដើម្បីងាយស្រួលក្នុងការធ្វើបទបង្ហាញ គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី និងជានាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើការបែងចែកកិច្ចដំណើរការបង្រៀនជាពីរវគ្គ៖ វគ្គទីមួយ) ជាការពន្យល់សង្ខេបពីចំណុចទី១ ដល់ទី៣ និងវគ្គទីពីរ) ជាការផ្តល់ពេលវេលាឱ្យសិស្សស្រាវជ្រាវដោយខ្លួនឯងលើចំណុចទី៤ តាមរយៈការអាន គិត និងកត់ត្រាឆ្លើយតបនឹងសំណួរ។

ការបែងចែកភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ៖ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញផែនទីប្រទេសកម្ពុជាដែលបោះពុម្ពដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៦ ដោយបានពន្យល់ពីភូមិភាគ និងតំបន់ស្វយ័តនីមួយៗ ព្រមទាំងបកស្រាយឱ្យដាច់ពីគ្នារវាង «តំបន់ស្វយ័ត» និង «តំបន់ចំណុះក្នុងភូមិភាគ»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបែងចែកទឹកដីកម្ពុជាជា៦ភូមិភាគ និង ៤តំបន់ស្វយ័ត ហើយបានពង្រីកបន្ថែម១ភូមិភាគទៀត គឺ «ភូមិភាគកណ្តាល» ក្នុងឆ្នាំ១៩៧៧។

 ការសម្លាប់រង្គាល និងតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម៖ គ្រូឧទ្ទេសបានពន្យល់លម្អិតអំពីតួលេខអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ព្រមទាំងមូលហេតុដែលនាំឱ្យមានការប្រែប្រួលនៃតួលេខ។ ជាលទ្ធផល លោកបានបញ្ជាក់ពីតួលេខផ្លូវការ ពី ១.៧លាន ទៅ ២.២លាននាក់ ដែលសិស្សអាចយកទៅប្រើប្រាស់ជាចម្លើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាន។ បន្ទាប់មក លោកបានបង្ហាញរូបភាពពីរណ្តៅសាកសព បូជនីយដ្ឋាន និងមន្ទីរសន្តិសុខផ្សេងៗ ដែលដកស្រង់ពីប្រភពសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងប្រភពផ្សេងទៀតតាមអ៊ីនធឺណិត ដើម្បីឱ្យសិស្សបានយល់ដឹងពីទិដ្ឋភាពនៃការសម្លាប់រង្គាល។ លោកបានពន្យល់ពីដំណើរការចាប់ខ្លួន ការបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងការសម្លាប់រង្គាល ដែលជាមូលហេតុបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង ២លាននាក់។

មូលហេតុនៃការដួលរលំរបបខ្មែរក្រហម៖ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពីមូលហេតុចម្បងចំនួន ៣ ដែលនាំឱ្យរបបខ្មែរក្រហមដួលរលំ រួមមាន ភាពទ្រុឌទ្រោម និងការអត់ឃ្លានរបស់ប្រជាជន,  ការធ្វើបន្សុទ្ធកម្ម (ការសម្លាប់រង្គាលផ្ទៃក្នុង) និង ការប៉ះទង្គិចប្រដាប់អាវុធជាមួយវៀតណាម។ មូលហេតុនីមួយៗត្រូវបានបកស្រាយអមដោយឧទាហរណ៍ជាក់ស្តែង ព្រមទាំងបានបញ្ជាក់បន្ថែមថា ការអនុវត្តគោលនយោបាយ «ផែនការបួនឆ្នាំ មហាលោតផ្លោះមហាអស្ចារ្យ» ជាកត្តារួមផ្សំដ៏សំខាន់ដែលធ្វើឱ្យរបបខ្មែរក្រហមដួលរលំដោយមិនអាចរារាំងបាន។

ផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម៖ តភ្ជាប់ពីមូលហេតុនៃការដួលរលំ គ្រូឧទ្ទេសបានតម្រូវឱ្យសិស្សានុសិស្សអានជំពូកទី៧ ស្ដីពី «គម្រោងផែនការបួនឆ្នាំ» ក្នុងសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់មក លោកបានបែងចែកសិស្សជា២ក្រុម (១ក្រុម មានសមាជិក ៥នាក់) ដោយដាក់សំណួរស្រាវជ្រាវថា «តើការអនុវត្តផែនការបួនឆ្នាំ បានផ្តល់នូវភាពវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រជាជនកម្ពុជា?»។

លទ្ធផលក្រោយកិច្ចស្រាវជ្រាវរយៈពេល ៣០នាទីរបស់សិស្សានុសិស្ស  គឺមានតំណាងក្រុមទាំងពីរឡើងធ្វើបទបង្ហាញគោលៗ និងបង្ហាញពីចំណាប់អារម្មណ៍ដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀន៖

ផាត ចន្ទផារ័ត្ន អាយុ១៧ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ ថ្ងៃនេះ ខ្ញុំបានដឹងថារបបខ្មែរក្រហម ប្រកាន់យកលទ្ធិកុម្មុយនីស្ដ និងផ្ដាច់ការ។ ខ្ញុំដឹងពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដឹងពីការបែងចែកតំបន់ ភូមិភាគ។ មួយវិញទៀត ខ្ញុំបានដឹងពីផែនការ៤ឆ្នាំរបស់ខ្មែរក្រហម ប៉ុន្តែផែនការនេះត្រូវបានបរាជ័យ។ ក្រៅពី ខ្ញុំបានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមជាមួយគ្រូឧទ្ទេស ខ្ញុំបានធ្វើដំណើរទៅទស្សនាដល់ទីតាំងសម្លាប់របស់ខ្មែរក្រហម។ ពេលឃើញទីតាំងសម្លាប់ ខ្ញុំមានការសោកសង្វេគ ព្រោះខ្មែរសម្លាប់ខ្មែរគ្នាឯង។ សូម្បីតែនិយាយប៉ះពាល់បន្តិចបន្តួច ត្រូវអង្គការបញ្ជូនយកទៅសម្លាប់។ ខ្ញុំគិតថាការសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមពិតជាមានសារសំខាន់ចំពោះកូនចៅជំនាន់ក្រោយយល់ដឹង ចងចាំអំពីទុក្ខលំបាករបស់អ្នករស់រានមានជីវិតដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ ប្រសិន​ជាខ្ញុំកើតទាន់របបខ្មែរក្រហមច្បាស់ជាមិនបានរៀនសូត្រដូចសព្វថ្ងៃនេះទេ គឺខ្ញុំត្រូវទៅកាប់ដីលីសែង ហើយព្រាត់ប្រាស់ឪពុកម្ដាយគ្មានថ្ងៃជួបមុខគ្នាឡើយ។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហម កើតឡើងវិញម្ដងទៀតទេ។ សព្វថ្ងៃ ប្រជាជនយើងមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន សេដ្ឋកិច្ច ទីផ្សារមានការរីកចម្រើនខុសប្លែកពីរបបខ្មែរក្រហមឆ្ងាយណាស់។ របបខ្មែរក្រហម បានវាយបំផ្លាញសាលារៀន និងវត្តអារាមអ្វីទេ ប្រែក្លាយទីតាំងទាំងនេះទៅទ្រុងចិញ្ចឹមសត្វ ឬខ្លាំង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយយល់ពីប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រខ្មែរក្រហម។

ឃុន ខ័នខេមរា អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ រយៈពេលមួយថ្ងៃនៃការរៀនប្រវត្តិសាស្ត្រខ្មែររក្រហម ធ្វើឱ្យខ្ញុំបានដឹងអំពីចំនួនអ្នកស្លាប់ក្នុងរបបខ្មែរក្រហមមានចំនួនប្រមាណ១លាន៧សែននាក់ ទៅ២លាន២សែននាក់។ ខ្ញុំដឹងពីការបែងចែកភូមិភាគក្នុងរបបខ្មែរក្រហម ជា៦ភូមិភាគ និង៤តំបន់ស្វយ័ត។ ខ្ញុំអាណិតយាយតាកាលពីជំនាន់ខ្មែរក្រហម ដែលទទួលរងនូវភាពលំបាកវេទនា រស់នៅជាមួយភាពអត់ឃ្លាន គ្មានសិទ្ធិសេរីភាព សូម្បីតែការនិយាយស្ដី។ ប្រសិនជាខ្ញុំកើតទាន់របបខ្មែរក្រហមច្បាស់ជាមិនបានរៀនសូត្រឡើយ ព្រោះអង្គការវាយបំផ្លាញសាលារៀន។ ការសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមគឺដើម្បីឱ្យក្មេងៗជំនាន់ក្រោយចងចាំ ព្រោះជារបបមួយដែលមានភាពជូរចត់។ ចាស់ៗក្នុងរបបខ្មែរក្រហម ត្រូវរស់នៅបែកបាក់គ្រួសារ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយ ស្គាល់ និងដឹងពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន។ ខ្ញុំនឹងខិតសិក្សារៀនសូត្រ ហើយចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រោះមិនចង់ឱ្យរបបនោះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំកាន់តែដឹងច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រោះបានមកទស្សនាទីតាំងសម្លាប់មនុស្សដោយផ្ទាល់។

គិន ដារ៉ា អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ។ រយៈពេលមួយថ្ងៃនៃការរៀនប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាទីតាំងសម្លាប់មនុស្សដោយផ្ទាល់ ធ្វើឱ្យខ្ញុំបានដឹងអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំនឹង ខិតខំរៀនសូត្រ ហើយចងចាំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីកុំឱ្យរបបនេះកើតឡើងម្ដងទៀត។ ការសិក្សាពីប្រវត្តិសាស្ត្រពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះធ្វើឱ្យខ្ញុំដឹងរឿងរ៉ាវដែលកើតឡើងពីអតីតកាល។ បើប្រៀបធៀបការរស់នៅរបស់ប្រជាជននាពេលបច្ចុប្បន្ន និងប្រជាជនដែលរស់ក្នុងរបបខ្មែរក្រហម គឺខុសប្លែកគ្នាឆ្ងាយណាស់។ បច្ចុប្បន្ន ប្រជាជនរស់នៅមានសិទ្ធិសេរីភាព និងមានទ្រព្យជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចំណែកខ្មែរក្រហម ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព ថែមទាំងត្រូវខ្មែរក្រហមវាយធ្វើបាប និងកាប់សម្លាប់គ្មានត្រាប្រណី ។ ខ្មែរក្រហមបានសម្លាប់ប្រជាជនអស់ប្រមាណជា១លាន៧សែននាក់ ដល់២លាន ២សែននាក់។ ខ្មែរក្រហមបានបង្កើតផែនការ៤ឆ្នាំ ប៉ុន្តែផែនការនោះត្រូវបានបរាជ័យ។ ខ្ញុំបានដឹងទៀតថា ខ្មែរក្រហមបានបែងចែកស្បៀងជា៤ប្រភេទគឺ ស្បៀងសម្រាប់លក់ចេញទៅក្រៅប្រទេស, ស្បៀងបម្រុងទុក, ស្បៀងសម្រាប់ទុកធ្វើពូជ និងស្បៀងសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន។ ចុងក្រោយ ខ្ញុំសូមផ្ដែផ្ដាំដល់យុវជនឱ្យខិតខំរៀនសូត្រ និងចងចាំពីប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីការពារកុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញម្ដងទៀត។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖