ខ្ញុំឈ្មោះ ទួន សាមាន អាយុ៧៧ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ខ្ញុំមានប្តីឈ្មោះ ម៉ក សាម៉ន ស្លាប់នៅឆ្នាំ១៩៨២។ ខ្ញុំមានកូនចំនួន៧នាក់ ក្នុងនោះមានកូនស្រីចំនួន៤នាក់ និងប្រុស៣នាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្តីរបស់ខ្ញុំត្រូវរបបសាធារណរដ្ឋ លន់ នល់ កែនយកទៅធ្វើទាហាន។ ក្រោយពីធ្វើទាហានបានមួយរយៈ ប្ដីខ្ញុំត្រូវអង្គភាពបញ្ជូនទៅរៀនក្បួនយុទ្ធសាស្រ្តយោធានៅឡាំសឺន ប្រទេសវៀតណាម (ខាងត្បូង) រយៈពេល៣ខែ។ បន្ទាប់ពីចប់វគ្គបណ្តុះបណ្តាល ប្ដីរបស់ខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ ហើយអង្គភាពកងទ័ពបានឱ្យប្តីខ្ញុំប្រចាំការនៅស្រុកបាភ្នំ។ ដោយសារស្ថានភាពប្រទេសមានភាពវឹកវរ មេបញ្ជាការបានផ្លាស់ និងបញ្ជូនប្តីរបស់ខ្ញុំទៅយាមឃ្លាំងគ្រាប់នៅបែកចាន សង្កាត់កំបូល ខណ្ឌកំបូល ក្រុងភ្នំពេញ។ ខ្ញុំបានសម្រេចចិត្តទៅរស់នៅតាមប្តី ព្រោះនៅតាមភូមិមានការទម្លាក់គ្រាប់បែក។ កាលនោះ ខ្ញុំយកកូនប្រុសម្នាក់ទៅជាមួយ រីឯកូនស្រីម្នាក់ទៀត ខ្ញុំទុកឱ្យនៅស្រុកកំណើត រហូតទាល់តែរបប លន់ នល់ ដួលរលំទើបយើងបានជួបគ្នាវិញ។
ក្រោយទទួលជ័យជម្នះ នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីទីក្រុងភ្នំពេញមុនប្តីរបស់ខ្ញុំ ចំណែកប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសមកតាមក្រោយ។ ខ្ញុំនិងប្តីបានជួបគ្នានៅខេត្តតាកែវ។ បន្ទាប់មក ខ្ញុំនិងប្តីបានសម្រេចចិត្តធ្វើដំណើរកាត់ស្រែ និងកាត់ព្រៃ ចេញពីខេត្តតាកែវ សំដៅមកកាន់ភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់ប្តីខ្ញុំ។ នៅទីនោះ ខ្មែរក្រហមបានសួរនាំខ្ញុំនិងប្តីរបស់ខ្ញុំអំពីប្រវត្តិរូប ប៉ុន្តែយើងបានកុហកខ្មែរក្រហមថា គឺជាកសិករ និងជាជាងធ្វើផ្ទះ។ ប្តីរបស់ខ្ញុំបានលាក់ប្រវត្តិរូបដែលធ្លាប់ធ្វើជាទាហានរបប លន់ នល់ តាំងពីកងទ័ពខ្មែរក្រហមវាយបានទីក្រុងភ្នំពេញ។ ខ្ញុំនិងប្តីរបស់ខ្ញុំបានស្លៀកសម្លៀកបំពាក់កសិករ និងលីកាំបិតលើស្មារៀងរាល់ថ្ងៃដែលជាទម្លាប់របស់កសិករខ្មែរ ធ្វើឱ្យខ្មែរក្រហមជឿជាក់ថាយើងគឺជាកសិករពិតប្រាដកមែន។ ម្យ៉ាងវិញទៀត អ្នកភូមិមិនដឹងថាប្តីរបស់ខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់ ពីមុនមកទេ ដូច្នេះហើយទើបខ្មែរក្រហមមិនបានសួរនាំប្តីរបស់ខ្ញុំច្រើន។
រយៈពេលកន្លះខែក្រោយមក ទើបខ្មែរក្រហមចាត់តាំងខ្ញុំនិងប្តីទៅធ្វើការនៅតាមការដ្ឋាន ដោយប្តីរបស់ខ្ញុំត្រូវប្រធានកងចាត់តាំងឱ្យទៅកងនេសាទត្រី ចំណែកខ្ញុំត្រូវទៅដកស្ទូង ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំចងចាំមិនភ្លេចនៅពេលខ្ញុំមានផ្ទៃពោះ ហើយប្រធានកងបានប្រើខ្ញុំឱ្យធ្វើការរហូតដល់ថ្ងៃសម្រាលកូន។ អំឡុងពេលខ្ញុំកំពុងស្ទូងស្រូវខ្ញុំឈឺពោះយ៉ាងខ្លាំង។ ដោយទ្រាំមិនបាន ខ្ញុំបានសុំប្រធានកងសម្រាក ហើយបានឈឺពោះកើតកូនតែម្តង។ កន្លះខែក្រោយមក ប្រធានកងបានប្រើខ្ញុំឱ្យទៅធ្វើការវិញ ទាំងខ្ញុំនៅសរសៃខ្ចីនៅឡើយ។ ដោយសារតែខ្ញុំធ្វើការហួសកម្លាំង ហើយហូបសម្លកកូរសត្វទាវ ទើបបណ្តាលឱ្យខ្ញុំទាស់សរសៃ ក្តៅខ្លួនខ្លាំង និងរឹងថ្គាម។ ប្តីរបស់ខ្ញុំបាននាំខ្ញុំទៅមន្ទីរពេទ្យ ច្រកស្វាយបាខៅ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ខ្ញុំបានសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួនកន្លះខែ ប៉ុន្តែជំងឺរបស់ខ្ញុំពុំបានធូរស្បើយឡើយ ដូច្នេះគ្រូពេទ្យបានបញ្ជូនខ្ញុំត្រឡប់មកផ្ទះវិញ។ ខ្ញុំបានផឹកថ្នាំបុរាណរបស់គ្រូខ្មែរឈ្មោះ យី ដែលបានផ្សំពីឫសឈើរយៈពេល៣ថ្ងៃ ស្រាប់តែជាសះស្បើយ។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងទាស់សរសៃទៀតហើយ និងចេញទៅធ្វើការដូចធម្មតា។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានស្រង់ឈ្មោះខ្ញុំ និងប្តីដើម្បីបញ្ជូនទៅនៅឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ដោយសារនៅក្នុងភូមិមិនមានអាហារហូបចុកគ្រប់គ្រាន់ និងចាញ់ការឃោសនារបស់កម្មាភិបាលខ្មែរក្រហមថា តំបន់ថ្មីសម្បូរអាហារហូប ទើបអ្នកភូមិមួយគ្រួសារដែលមានប្រពន្ធឈ្មោះ ម៉ៅ និងប្តីឈ្មោះ នៅ ដែលមិនមានឈ្មោះនៅក្នុងបញ្ជី បានមកសុំផ្លាស់ប្ដូរឈ្មោះប្ដីប្រពន្ធខ្ញុំដើម្បីបានទៅរស់នៅតំបន់ថ្មី។ ក្រោយមកខ្ញុំបានឮដំណឹងថា គ្រួសារទាំងប៉ុន្មានដែលខ្មែរក្រហមជម្លៀសទៅនៅឃុំស្វាយភ្លោះ ត្រូវលិចទូកនៅពាក់កណ្តាលទន្លេ បណ្ដាលឱ្យស្លាប់អស់ជាច្រើននាក់ រួមទាំង ម៉ៅ និង នៅ។ ក្រោយមកទៀត ខ្មែរក្រហមមកស្រង់ឈ្មោះគ្រួសារខ្ញុំដើម្បីបញ្ជូនទៅនៅភ្នំកំប្លុក ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ប៉ុន្តែបងជីដូនមួយរបស់ខ្ញុំ រួមមាន ពូថន, ចែអ៊ីម និងកូន ចែអ៊ីម សរុបចំនួន៣នាក់ បានសុំប្តូរឈ្មោះជាមួយគ្រួសារខ្ញុំម្តងទៀត ដោយសារតែគាត់ចង់ទៅរស់នៅកន្លែងថ្មី។ ជាអកុសលបងប្អូនជីដូនមួយខ្ញុំទាំង៣នាក់ ត្រូវខ្មែរក្រហមសម្លាប់នៅភ្នំកំប្លុក។ ចំណែក ខ្ញុំបានតស៊ូ និងខិតខំប្រឹងប្រែងធ្វើនៅក្នុងភូមិ ទើបនៅរស់មានជីវិតរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



