វីរនគរបាល ទួន លាន ពលីជីវិតនៅសមរភូមិថ្មដូន

នាងខ្ញុំឈ្មោះ ឆឹម ភួត អាយុ៤៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទោះបីជាឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងណា ក្រុមគ្រួសាររបស់ខ្ញុំតែងតែមានភាពកក់ក្តៅ និងសុភមង្គលជានិច្ច ពីព្រោះខ្ញុំមានប្តីដ៏ល្អម្នាក់ឈ្មោះ ទួន លាន អាយុ៤៥ឆ្នាំ គឺជាជំហររឹងមាំ។ ប្ដីរបស់ខ្ញុំគឺជាបុរសម្នាក់ដែលមានទឹកចិត្ត ឧស្សាហ៍ព្យាយាម មិនខ្លាចភាពនឿយហត់ ចេះជួយយកអាសារប្រពន្ធកូន ញាតិមិត្ត និងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។ យើងមានកូនចំនួន៣នាក់ កូនប្រុសទី១) ឈ្មោះ ឃួន ចំរើន អាយុ២២ឆ្នាំ, កូនស្រីទី២) ឈ្មោះ ឃួន ស៊ីដឿន អាយុ១៩ឆ្នាំ មានគ្រួសាររួចហើយ, កូនប្រុសទី៣) ឈ្មោះ ឃួន សុភ័ក្រ អាយុ១៣ឆ្នាំ។

ប្ដីរបស់ខ្ញុំមានស្រុកកំណើតនៅភូមិចម្ការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ គាត់មានឪពុកឈ្មោះ ឃួន និងម្តាយឈ្មោះ ហ៊ត។ ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន ៦នាក់ គាត់គឺជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារ។ កាលពីកុមារភាព គាត់បានចូលរៀននៅសាលាមួយក្នុងស្រុកកំណើតរហូតដល់ចប់ថ្នាក់ទី៧។ ក្រោយមកគាត់បានសម្រេចចិត្តផ្លាស់ទីលំនៅមករស់នៅ និងបន្តការសិក្សានៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតទាល់តែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។

ខ្ញុំ និងប្តីរបស់ខ្ញុំ បានស្គាល់គ្នានៅពេលដែលគាត់បានមកស៊ីឈ្នួលធ្វើស្រែចម្ការនៅផ្ទះរបស់ខ្ញុំ។ បន្ទាប់ពីធ្វើការងារស្រែចម្ការជាមួយគ្នា ខ្ញុំបានសង្កេតឃើញ គាត់គឺជាមនុស្សស្មោះត្រង់ និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក។ ខ្ញុំ និងគាត់ចាប់ផ្តើមមានចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតដល់យើងរៀបការនៅឆ្នាំ២០០១។ បន្ទាប់ពីយើងរៀបការរួច ប្ដីរបស់ខ្ញុំមិនបានបោះបង់ការសិក្សាឡើយ គឺគាត់ទៅរៀនបន្តនៅសាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៤។ ដោយសារតែសេចក្តីស្រឡាញ់ចង់បម្រើការងារជាមន្ត្រីរាជការ ប្ដីរបស់ខ្ញុំបានសម្រេចចិត្តចូលបម្រើការងារជាមន្ត្រីនគរបាលជាតិនៅឆ្នាំ២០០៨។ ប្តីរបស់ខ្ញុំបានយកចិត្តទុកដាក់ធ្វើការងារជាមន្ត្រីការិយាល័យភស្ដុភារនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យរហូតត្រូវបានថ្នាក់លើតម្លើងឋានន្តរសក្តិជាបន្តបន្ទាប់ចាប់ពីពលនគរបាលរហូតដល់ថ្នាក់វរសេនីយ៍ទោ។

នៅអំឡុងពេលផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃលើកទីមួយនៅ ចន្លោះពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្ដីរបស់ខ្ញុំត្រូវបានថ្នាក់លើបន្ថែមភារកិច្ចជាសមាជិកនៅក្នុងកងកម្លាំងចល័តនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចុះទៅប្រចាំការ និងត្រៀមខ្លួនចូលរួមប្រយុទ្ធនៅតាមខ្សែត្រៀមជួរមុខ។ បន្ទាប់ពីសង្រ្គាមលើកទី១ចប់ ប្តីរបស់ខ្ញុំបានវិលមកផ្ទះវិញដោយសុវត្ថិភាព។

មុនពេលផ្ទុះសង្រ្គាមព្រំដែនកម្ពុជា-ថៃជាលើកទី២ នៅចន្លោះថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំតែងតែឆ្លៀតចុះពីលើភ្នំមកសួរសុខទុក្ខ និងមើលថែប្រពន្ធកូនជាញឹកញាប់។ នៅមុនពេលពលីជីវិតមួយថ្ងៃ ប្តីរបស់ខ្ញុំបានផ្តាំផ្ញើកូនប្រុសថា៖ «ប្រសិនបើឮសូរគ្រាប់បែក ឬគ្រាប់ធ្លាក់ កូនត្រូវនាំម៉ែទៅកាន់ទីកន្លែងមានសុវត្ថិភាព»។

ខ្ញុំនៅចាំថា មុនពេលគាត់ត្រឡប់ទៅបំពេញភារកិច្ច ខ្ញុំបានចងកន្សែងយ័ន្តនៅជាយក្រមាឱ្យគាត់។ ពេលនោះគាត់បានដើរនិយាយប្រាប់បងប្អូនកងកម្លាំងថា ៖ «យាយ ភួត ចិត្តល្អណាស់ ហើយនេះគឺជាកន្សែងយន្តជួយថែរក្សាការពារខ្ញុំ»។

ប្ដីរបស់ខ្ញុំតែងតែទាក់ទងមកសួរសុខទុក្ខខ្ញុំ និងកូនៗជារៀងរាល់ថ្ងៃមិនដែលខានឡើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ពេលដែលកូនព្យាយាមទូរសព្ទទៅឪពុក គឺគ្មានអ្នកទទួលសោះ ជាហេតុធ្វើឱ្យ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ នៅវេលាម៉ោងប្រមាណ៩ព្រឹក ដំណឹងដ៏រន្ធត់មួយកើតឡើងលើគ្រួសាររបស់ខ្ញុំ នៅពេលដែលប្រធានភូមិបានទូរសព្ទប្រាប់កូនប្រុស និងកូនស្រីរបស់ខ្ញុំ គឺ ឃួន ចំរើន និង ឃួន ស៊ីដឿន ថាឪពុករបស់ក្មួយបានពលីជីវិតហើយ។ កូនៗរបស់ខ្ញុំមានការបារម្ភពីសុខភាពរបស់ខ្ញុំ ដូច្នេះមិនហ៊ានប្រាប់ដំណឹងដ៏ក្រៀមក្រំនេះដល់ខ្ញុំភ្លាមៗទេ ព្រោះខ្លាចខ្ញុំទទួលយកការពិតមិនបាន។ ក្រោយមក ខ្ញុំឃើញកូនអង្គុយយំ ហើយខ្ញុំសួរដេញដោលកូនជាច្រើនដង ទើបកូនប្រាប់ខ្ញុំឱ្យសម្រួលអារម្មណ៍ និងធ្វើចិត្តឱ្យនឹងនរ​ជាមុនសិន ទើបនិយាយប្រាប់ការពិត។ កូនៗបានប្រាប់ខ្ញុំទាំងទឹកភ្នែកថា ឪពុកបានស្លាប់ហើយ។ បន្ទាប់មក យើងបានទទួលការណែនាំពីកងកម្លាំងឱ្យរៀបចំធ្វើពិធីបុណ្យសពប្តីរបស់ខ្ញុំតាមប្រពៃណីសាសនានៅផ្ទះរបស់ខ្ញុំ ពីព្រោះសពនឹងត្រូវដឹកមកដល់នៅវេលាយប់ថ្ងៃដដែល។ ខ្ញុំបានអង្គុយទន្ទឹងរង់ចាំសពប្តីទាំងក្តីឈឺចាប់រហូតដល់ម៉ោង១២រំលងអធ្រាត្រ ទើបកងកម្លាំងបានដឹកសពប្តីរបស់ខ្ញុំមកដល់មន្ទីរពេទ្យក្រុងសំរោង។ បន្ទាប់ពីក្រុមគ្រូពេទ្យបានលាងសម្អាត និងរៀបចំសពរួចរាល់ហើយ ទើបដឹកសពចេញពីមន្ទីរពេទ្យឆ្ពោះមកកាន់ផ្ទះរបស់ខ្ញុំដែលមានទីតាំងនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាកសពប្តីខ្ញុំបានមកដល់ផ្ទះនៅម៉ោង២ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

ពិធីបុណ្យសពប្តីរបស់ខ្ញុំ បានរៀបចំឡើងតាមប្រពៃណីសាសនា ប៉ុន្តែមិនមានអ្នកចូលរួមច្រើនទេ ដោយសារតែមានគ្រាប់ផ្លោងធ្លាក់ច្រើនក្នុងក្រុងសំរោង គឺមានបងប្អូនត្រឹមតែ៥នាក់ប៉ុណ្ណោះបានចូលរួមក្នុងពិធីបុណ្យ និងបូជាសព។

ប្ដីរបស់ខ្ញុំបានពលីជីវិតក្នុងបេសកកម្មការពារជាតិមាតុភូមិប្រកបដោយភាពក្លាហាន និងត្រូវបានថ្នាក់ដឹកនាំទទួលស្គាល់ដោយដំឡើងឋានន្តរសក្តិបច្ឆាមរណៈជា វរសេនីយ៍ឯក។  វីរភាពរបស់ប្តីខ្ញុំ គឺស្ថិតនៅក្នុងក្រឳបេះដូងរបស់ប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់យើងជានិរន្តរ៍។ ចំណែកកូនប្រុសច្បងរបស់ខ្ញុំបានបន្តវេនពីឪពុក ដើម្បីបម្រើជាតិមាតុភូមិបន្តទៀត។

អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖