ទីតាំងមួយស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាបូជនីយដ្ឋានចងចាំឧក្រិដ្ឋកម្មសម័យខ្មែរក្រហម «ត្រពាំងចោងហោង» ឬ មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង (មន្ទីរសន្តិសុខ ១០៤) ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងនឹងស្ថាបនាជា «ស្តូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ» ក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ហើយប្រែក្លាយទីតាំងនេះ សម្រាប់រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា, ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រពីសោកនាដកម្មនៅកម្ពុជា និងជាកន្លែងសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រកម្ពុជា។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ១៩៩៥ អំពីខេត្តស្ទឹងត្រែង និងអំពើប្រល័យពូជសាសន៍៖
ខេត្តស្ទឹងត្រែងមានទីតាំងប្រល័យពូជសាសន៍មួយ ស្ថិតនៅចំកណ្តាលក្រុងនៃខេត្តស្ទឹងត្រែង និងមានគុករបស់ខ្មែរក្រហមមួយ ប៉ុន្តែឥឡូវនេះសំណង់ថ្មីបានសង់ពីលើជាយូរឆ្នាំមកហើយ។
អំពីខេត្តស្ទឹងត្រែង និងប្រជាជន
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយមានទីតាំងនៅប្របនឹងទន្លេមេគង្គ ប៉ែកឦសាននៃប្រទេសកម្ពុជា។ តាមស្ថិតិខេត្តស្ទឹងត្រែងឆ្នាំ១៩៩៥ បានឱ្យដឹងថា ខេត្តមានប្រជាជនទាំងអស់ចំនួន ៧១,២៥៤ នាក់ ដែលត្រូវជា ១២,៨៧៨ គ្រួសារ រស់នៅក្នុងភូមិចំនួន១២៨ ឃុំចំនួន៣៤ នៃស្រុកទាំង៥ គឺ ស្រុកស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក ស្រុកសេសាន និង ស្រុកសៀមប៉ាង។ ក្នុងចំណោមជនជាតិភាគតិចទាំងអស់ ក្រៅពីជនជាតិវៀតណាម ឡាវ ចាម និង ចិន ខេត្តស្ទឹងត្រែង មានជនជាតិដើមចំនួន ៨ក្រុម ទៀត គឺ គ្រឹង ចំនួន ២១០នាក់, ទំពួន ចំនួន ៣នាក់, ព្រៅ ចំនួន ៣៧០នាក់, ព្នង ចំនួន ៦៤៧នាក់, ចារ៉ាយ ចំនួន ១៧នាក់, លុន ចំនួន ២៨១នាក់, ការ៉ែត ចំនួន ១៥៤នាក់ និងគួយ ចំនួន ២៧៨នាក់។ ខ្មែរក្រហមដែលជ្រកក្រោមស្លាករណសិរ្សរួបរួមជាតិកម្ពុជា រំដោះយកបានខេត្តស្ទឹងត្រែងតាំងពីក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មកម៉្លេះ។
យោងតាមឯកសារដែលចងក្រងដោយ មន្ទីររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះក្នុងខែសីហា ឆ្នាំ១៩៨៣ បានឱ្យដឹងថា នៅខេត្តស្ទឹងត្រែង មានប្រជាជន ចំនួន ២,១៩៨នាក់ ត្រូវបានខ្មែរក្រហមសម្លាប់។ ក្នុងចំណោមនោះមានកសិករ ៤៨៦នាក់ កម្មករ និងរដ្ឋការស៊ីវិល ៦៩០នាក់, ព្រះសង្ឃ ៣១អង្គ និងជនជាតិភាគតិចចំនួន ៤៦០នាក់។ ឯកសារ ដដែលនេះ បានបញ្ជាក់ថា មានប្រជាជនចំនួន២៦នាក់ បានធ្លាក់ខ្លួនពិការធ្វើការពុំកើត។ ស្ថិតិសរុបនៃទីតាំងប្រល័យពូជសាសន៍រួមមានរណ្តៅប្រហែល ៥៩ រណ្តៅ ក្នុងភូមិរាជានុកូល គុក៥កន្លែង ទីតាំងសម្លាប់មនុស្ស ៩ និងសារមន្ទីរ១ ដែលបានរកឃើញ។
ទីតាំងប្រល័យពូជសាសន៍
បឹងចោងហោង «វាលសម្លាប់មនុស្ស» ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ ៤ (សព្វថ្ងៃមានឈ្មោះថា ភូមិរាជានុកូល) ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង។
សាក្សីទី១ ៖ លោក សោម សោភា អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់បានមករស់នៅខេត្តស្ទឹងត្រែង ក្នុងឆ្នាំ១៩៨៤។ ក្នុងសម័យ ប៉ុល ពត គាត់រស់នៅភូមិត្រពាំងវែង ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គាត់បានរាយការណ៍ថា គាត់បានឃើញសាកសពអណ្តែតទឹកនៅក្នុងបឹង ហើយកងទ័ពវៀតណាម និងរដ្ឋអំណាចខេត្តបានប្រមូលសាកសពនៅទីនេះ និងឆ្អឹងទៅគរទុកនៅក្នុងរោងមួយខាងមុខផ្ទះរបស់គាត់។ បឹងចោងហោងមានទីតាំង នៅពីក្រោយផ្ទះរបស់គាត់។
សាក្សីទី២ ៖ លោក មិន សន អាយុ៧០ឆ្នាំ គឺជាអ្នកមូលដ្ឋានចាស់។ គាត់មានកូន៨នាក់ រស់នៅជាមួយសព្វថ្ងៃ ក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រវត្តិសង្ខេបរបស់គាត់មានដូចតទៅ៖ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ គាត់គឺជាទាហានក្នុងរបប លន់ នល់ ឋានៈពលទោ។ ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ គាត់ចូលរួមចលនាតស៊ូជាមួយខ្មែរក្រហម ហើយបានទៅរស់នៅតំបន់ញឺន ស្រុកឈូក ខេត្តកំពត ស្ថិតនៅខាងលិចឃុំត្រពាំងអណ្តើក។ គាត់គឺជាអ្នកយាមគុក២០៤។ គុក ២០៤ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មជ្ឈិមបក្ស ដែលមានទីតាំងនៅក្នុងតំបន់៣៥ ភូមិភាគនិរតី ឬ «៤០៥»។
នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូនគាត់មកខេត្តស្ទឹងត្រែង។ គាត់រស់នៅក្នុងភូមិស្រែគ ឃុំស្រែគ ស្រុកសេសាន។ គាត់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ១,០០០នាក់ ត្រូវបានខ្មែរក្រហមយកមកសម្លាប់នៅបឹងចោងហោងនេះ។
កន្លែងតម្កល់សព ៖ «ទល់មុខបឹងចោងហោង»
មិន សន បានរាយការណ៍បន្តថា នៅខាងក្រោយកន្លែងតម្កល់សព ដែលស្ថិតនៅក្នុងភូមិរាជានុកូល មានរណ្តៅធំៗប្រហែល៩ ដែលបានរកឃើញនៅក្នុងឆ្នាំ១៩៧៩។ ទីតាំងនេះ មិនអាចចូលជិតបានឡើយ ដោយសារព្រៃដុះព័ទ្ធជុំវិញ ហើយប្រហែលមានសត្វពស់នៅក្បែរនោះ ប៉ុន្តែយើងអាចមើលឃើញពីចម្ងាយ។ គាត់បានរាយការណ៍បន្ថែមថា «តា សិលា» គឺជាប្រធានឈ្លបស្រុកស្ទឹងត្រែង គឺជាអ្នកនាំអ្នកទោសមកកាន់មន្ទីរឃុំឃាំង ស្ថិតនៅខាងលិចបឹងចោងហោង។ គុកនោះមានឈ្មោះថា គុកតំបន់ ១០៥។ គួរកត់សម្គាល់ថា តំបន់ ១០៥ គឺជាតំបន់មណ្ឌលគិរី ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលមានក្នុងផែនទីកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៦។ យើងពុំច្បាស់ថា តើគុកនេះដាក់មនុស្សមកពីភូមិភាគឦសាន ឬតំបន់ណាខ្លះទេ ប៉ុន្តែ គុកនេះ ត្រូវបានត្រួតត្រាដោយមេខ្មែរក្រហមម្នាក់មកពីតំបន់មណ្ឌលគិរី។
សាក្សីវរសេនីយ៍ត្រី ហេង សាម៉ាន អាយុ៤០ឆ្នាំ មានមុខងារជាប្រធានការិយាល័យស៊ើបអង្កេត នៃកងយោធពលខេមរភូមិន្ទ រស់នៅក្នុងភូមិរាជានុកូល បានឱ្យដឹងថា ក្នុងរបប ប៉ុល ពត គាត់រស់នៅព្រំប្រទល់ ខេត្តក្រចេះ និងកំពង់ចាម «ភូមិភាគបូព៌ា»។ គាត់បានរាយការណ៍ថា មេសន្តិសុខនៅទីនោះឈ្មោះ ខាំ វៀង គឺជាជនជាតិដើមភាគតិច មកពីតំបន់មណ្ឌលគិរី និងជាជនដៃដល់ក្នុងការសម្លាប់មនុស្សក្នុងតំបន់១០៥។ គាត់បានសន្និដ្ឋានថា ខាំ វៀង ប្រហែលជាស្លាប់បាត់ហើយ ក្នុងការប្រយុទ្ធមួយរវាងរដ្ឋកម្ពុជា និងក្រុមខ្មែរក្រហម កាលពីឆ្នាំ១៩៨៩ នៅខេត្តមណ្ឌលគិរី។
រណ្តៅសាកសព៖
នៅពីក្រោយផ្ទះ ហេង សាម៉ាន មានរណ្តៅសាកសពប្រហែល៥០។ កូនទាហានរបស់គាត់ធ្លាប់បាចត្រី ហើយប្រទះឃើញឆ្អឹង លលាដ៍ក្បាល រាប់មិនអស់។ មានរណ្តៅមួយចំនួនទៀតពុំទាន់បានគាស់ នៅឡើយទេ។ បច្ចុប្បន្ន នេះ ទឹកលិចគ្រប់រណ្តៅ។ សាម៉ាន បានឱ្យដឹងថា មានអ្នកស្រុកមកលួចគាស់រណ្តៅទាំងនេះរកមាស និងកំណប់ផ្សេងៗ ដែលអ្នកស្រុកជឿជាក់ថា មានជាប់នៅលើខ្លួនអ្នកទោស។
ឯកសារប្រល័យពូជសាសន៍៖
លោក ឆាំង យុ បានជួបជាមួយលោក ស៊ុំ សុថា អាយុ៥៩ឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង និងជាអតីតអភិបាលខេត្តស្ទឹងត្រែង នៅចន្លោះឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩២ ក្នុងគោលដៅស្វែងរកឯកសារផ្សេងៗទាក់ទងទៅនឹងការកាប់សម្លាប់មនុស្សក្នុងខេត្តស្ទឹងត្រែង។ មានឯកសារមួយចំនួន ទាក់ទងទៅនឹងការថ្កោលទោសអំពើប្រល័យពូជសាសន៍មកលើប្រជាជនខេត្តស្ទឹងត្រែង ត្រូវបានរកឃើញ និងថតចម្លងទុកជាឯកសារ តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
បន្ទាប់មក លោក ឆាំង យុ ជួបជាមួយព្រះតេជគុណ ម៉ែន សារិន ព្រះជន្ម៦៣ព្រះវស្សា គង់នៅវត្តភ្នំស្ទឹងត្រែង សាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្ថិតនៅក្នុងឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ព្រះតេជគុណមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅចន្លោះឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៥៧ ព្រះអង្គចូលធ្វើទាហានបារាំង នៅខេត្តព្រៃវែង។ ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៤ ព្រះអង្គផ្លាស់មកធ្វើការនៅភ្នំពេញ ក្នុងអង្គភាពវិស្វកម្មយោធា ហើយឆ្នាំ១៩៦៩ ព្រះអង្គផ្លាស់មកនៅខេត្តស្ទឹងត្រែង ក្នុងអង្គភាពដដែល។ នៅឆ្នាំ១៩៧០ នៅពេលដែលខ្មែរក្រហមរំដោះបានខេត្តស្ទឹងត្រែង ព្រះអង្គបាននិមន្តទៅរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ដែលបច្ចុប្បន្នមានឈ្មោះថា ឃុំព្រះរំកិល ស្រុកស្ទឹងត្រែង (ស្រុកថាឡាបរិវ៉ាត់)។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៧ ព្រះអង្គធ្វើជាប្រធានភូមិអូរស្វាយ។ នៅឆ្នាំ១៩៨៧ ព្រះអង្គបួសជាសង្ឃ។
ព្រះអង្គមានសង្ឃដីកាថា គណៈស្រុកស្ទឹងត្រែង កាលនោះឈ្មោះ តាយ៉ាន ក្រោយមក ជំនួសដោយ តាប៊ ជនជាតិភាគតិច។ ព្រះអង្គមានសង្ឃដីកាបន្តទៀតថា កាលនោះ ខ្មែរក្រហមសម្លាប់ជនជាតិ អាមេរិកាំង២រូប នៅភូមិអូរស្វាយ ក្នុងឆ្នាំ១៩៧០។ នៅក្នុងឆ្នាំ១៩៧១, ឆ្នាំ១៩៧២, ឆ្នាំ១៩៧៣ ពុំមានការសម្លាប់ច្រើនទេ នៅខេត្តស្ទឹងត្រែង។ មានការសម្លាប់តិចតួចណាស់ លើករណីលួចម្ហូបអាហារ ឬប្រព្រឹត្តខុសសីលធម៌តែប៉ុណ្ណោះ។ ក្នុងឆ្នាំ១៩៧៥ មានប្រជាជន ១៧ មេសា ប្រហែល ៣-៤ គ្រួសារ បានមកដល់ភូមិអូរស្វាយ ហើយក្រោយមកត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់។ នៅក្នុងឆ្នាំ១៩៧៥ មានខ្មែរក្រហមមកពីខាងនិរតីមកកាន់កាប់ខេត្តស្ទឹងត្រែង។
បើតាមការលើកឡើងរបស់លោក លី មីណា បច្ចុប្បន្នគឺជា អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ៖ មន្ទីរសន្តិសុខ១០៤ ពីមុន គឺជាកន្លែងរៀបចំទិវាចងកំហឹង ថ្ងៃទី២០ ខែឧសភា រៀងរាល់ឆ្នាំ ដឹកនាំដោយថ្នាក់ខេត្ត ប្រជាជន សិស្សានុសិស្ស ដើម្បីគោរពវិញ្ញាណក្ខន្ធ។ ក្រោយមក មានប្រជាជនមួយគ្រួសារចូលមករស់នៅ ដាំដុះអាស្រ័យផលលើដីនេះ ហើយការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនៅទីនេះក៏បានបញ្ឈប់។ រហូតមកដល់ឯកឧត្តម សរ សុពុត្រា ឡើងជាអភិបាលខេត្ត ឯកឧត្តម បានយកទីតាំងនេះត្រឡប់មកវិញដើម្បីរៀបចំទៅជា មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង មន្ទីរសន្តិសុខ១០៤ ឡើងវិញ។
គម្រោងនេះទើបតែចាប់ផ្តើមក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំចាត់ចែងផ្ទាល់់ពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ហើយជាការរំពឹងទុកទីតាំងនេះនឹងក្លាយជាតំបន់ប្រវត្តិសាស្ត្រនៃខេត្តស្ទឹងត្រែង ព្រមទាំងប្រែក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ និងក្លាយជាបូជនីយដ្ឋាននៃការចងចាំ ការគោរពបូជា និងការគោរពវិញ្ញាណក្ខន្ធដល់ប្រជាជនស្លូតត្រង់ដែលត្រូវបានខ្មែរក្រហមយកមកសម្លាប់ដោយអយុត្តិធម៌។
ការរៀបចំកែលម្អ មណ្ឌលឧក្រិដ្ឋកម្មមន្ទីរសន្តិសុខ១០៤ឡើងវិញ ពិតជាមានសារសំខាន់មិនអាចកាត់ថ្លៃបានព្រោះជាសក្ខីកម្មប្រវត្តិសាស្ត្រ ដែលគ្មានបុគ្គល ឬក្រុមណាមកបំភ្លៃ ឬបំផ្លាញបានឡើយ ទឹកភ្នែក ឈាម ប្រជាជនស្លូតត្រង់រាប់ពាន់នាក់ដែលស្លាប់នៅទីនេះ នឹងទទួលបានការដឹងឮពីប្រជាជននៅក្នុងតំបន់ ក្នុងប្រទេស និងអន្តរជាតិ។
លោក លី មីណា បានបញ្ជាក់ថា លោកបានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា តាំងពីលោកនៅជាអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អំឡុងឆ្នាំ២០២២ មកម្ល៉េះ នៅលើគម្រោងនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងបន្តមកដល់ក្រុងស្ទឹងត្រែង។ ដោយឡែកសម្រាប់មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង មន្ទីរសន្តិសុខ១០៤ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង យើងមិនទាន់មានកិច្ចសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណាប់អារម្មណ៍លើគម្រោងនេះ ក្រោយពេលដែលឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោកទាក់ទងនឹងតំបន់នេះ។ លោក ឆាំង យុ បានផ្ញើឯកសារ និងរូបថតមួយចំនួនមកខ្ញុំផ្ទាល់អំពីដំណើរការសិក្សាស្រាវជ្រាវនៅតំបន់នេះក្នុងអំឡុងឆ្នាំ១៩៩៥ ហើយនេះគឺជាជំហ៊ាននៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរបស់យើង។
លោកមានជំនឿថា លោក ឆាំង យុ នឹងមានចំណាប់អារម្មណ៍ក្នុងនាមលោកជាអ្នកដឹកនាំសិក្សាស្រាវជ្រាវអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាពិសេសលោកធ្លាប់សិក្សាស្រាវជ្រាវតំបន់នេះតាំងពីឆ្នាំ១៩៩៥ ដែលនឹងក្លាយជាដៃគូរសហការទាំងផ្នែកឯកសារ ធនធានមនុស្ស និងគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅទីនេះនៅពេលខាងមុខ។
កន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជាបានសាងសង់ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាកេរដំណែលរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលព្រះអង្គយាងមកអូរស្វាយដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ធ្វើជាបណ្ណាល័យ ទីកន្លែងប្រជុំសម្រាប់សហគមន៍ និងកន្លែងសិក្សាស្រាវជ្រាវសម្រាប់សាធារណជន។ នៅពេលថ្មីនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាមានគម្រោងកែលម្អព្រះរាជដំណាក់របស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាប់មាត់មេគង្គ ក្នុងក្រុងស្ទឹងត្រែង ទៅជាព្រះសារមន្ទីរ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តស្ទឹងត្រែង និងមានការសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះសារមន្ទីរនឹងបម្រើជាកន្លែងតាំងពិព័រណ៍អចិន្រ្តៃយ៍ កន្លែងប្រជុំ និងសិក្សាស្រាវជ្រាវនៅក្នុងប្រទេស តំបន់ និងពិភពលោក។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា















