សិទ្ធិរបស់ជនជាតិភាគតិចមិនមែនជារឿងតូចតាច ឬគ្មានសារសំខាន់នោះទេ។ នៅពេលដែលមនុស្សជាតិការពារសិទ្ធិរបស់ក្រុមមនុស្សដែលងាយរងគ្រោះបំផុត ត្រូវបានមើលរំលង និងមានចំនួនតិចតួចបំផុតនោះ វាគឺមិនត្រឹមតែជាការវិនិយោគលើការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់ក្រុមប្រជាជនទាំងនេះតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់អនាគតរបស់មនុស្សគ្រប់រូប។ មេរៀនដ៏សំខាន់ និងគួរឱ្យចងចាំបំផុតមួយដែលទទួលបានពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងការរំលោភសិទ្ធិមនុស្ស គឺថាប្រសិនបើយើងប្រហែសបន្តិច នោះនឹងនាំឱ្យអំពើអយុត្តិធម៌តូចតាច ឈានទៅរកការគាបសង្កត់ អំពើហិង្សា និងភាពអមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលជាទម្រង់នៃឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់។
ការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ មិនមែនជាអំពើអាក្រក់ខ្លាំងក្លាឡើយ ប៉ុន្តែគឺជាភាពល្ងង់ខ្លៅ ដែលមើលទៅហាក់ដូចជាគ្មានចេតនាអាក្រក់ ការមិនចាត់វិធានការអ្វីសោះ និងការព្រងើយកន្តើយចំពោះអំពើអយុត្តិធម៌។ មជ្ឈមណ្ឌលសហគមន៍ចងចាំអំពីជនជាតិដើមភាគតិច (The Hill Tribes Memory Community Center) នៅក្នុងខេត្តមណ្ឌលគិរី នៃមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាមជ្ឈមណ្ឌលមួយដែលមានមោទកភាពក្នុងការផ្តល់ធនធាន សេវាកម្ម និងការគាំទ្រដល់សហគមន៍មួយក្នុងចំណោមសហគមន៍ដែលដាច់ស្រយាល និងត្រូវបានមហាជនមើលរំលងបំផុតនៅក្នុងប្រទេសកម្ពុជា គឺសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។ គោលដៅសំខាន់នៃបេសកកម្មរបស់មជ្ឈមណ្ឌល គឺការអភិរក្ស ការការពារ និងការអប់រំប្រជាជនអំពីប្រវត្តិសាស្ត្រ អំពីប្រវត្តិរបស់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយផ្នែកមួយនៃកិច្ចការ គឺរួមបញ្ចូលទាំងប្រវត្តិសាស្ត្រនៃការគាបសង្កត់យ៉ាងឃោរឃៅរបបខ្មែរក្រហមទៅលើជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា។
អនាគតរបស់ប្រទេសកម្ពុជា តំបន់ និងពិភពលោក គឺពឹងផ្អែកទៅលើការវិនិយោគលើជនជាតិភាគតិច និងសហគមន៍ដែលត្រូវបានមើលរំលង មិនខុសពីការវិនិយោគលើប្រជាជនភាគច្រើន និងទីប្រជុំជនធំៗនោះទេ ហើយមជ្ឈមណ្ឌលសហគមន៍ចងចាំអំពីជនជាតិដើមភាគតិច គឺជាជំហានតូចមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងនាបច្ចុប្បន្ន។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មនុស្សប្រហែល១៥០នាក់ បានឈរតម្រៀបគ្នានៅលើទួលដែលមានវាលស្មៅបៃតងខ្ចីនៅចំពីមុខមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី មុននឹងឈានជើងឡើងលើមជ្ឈមណ្ឌល ដើម្បីចូលរួមការប្រជុំ និងអានសៀវភៅនៅទីនោះ។ អ្នកចូលរួមទាំងអស់គឺជាជនជាតិដើមភាគតិចព្នងនៃភូមិពូតាំង និងជាកសិករ សិស្ស កុមារ ប្រធានភូមិ និងប្រជាជនទូទៅ។
នៅលើផ្ទះឈើស៊ុមកញ្ចក់ យើងអាចមើលឃើញអ្នកចូលរួមទាំងអស់អង្គុយត្រៀបត្រានៅក្នុងផ្ទះនិងតាមរានហាល ជាមួយទឹកមុខរីករាយនិងហាក់ដូចជាចង់ដឹងអំពីកម្មវិធី។ ជាកិច្ចចាប់ផ្តើម លោកពូ ញើច មិល ប្រធានភូមិពូតាំង បានបើកកម្មវិធីប្រជុំ ដោយបានស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធី។ គាត់បានថ្លែងថា៖ «ក្នុងនាមជាប្រធានភូមិពូតាំង ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីអាន និងចែកសៀវភៅ ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ នាថ្ងៃនេះ។ ការអានសៀវភៅពិតជាមានសារសំខាន់ ដើម្បីបង្កើនចំណេះដឹងផ្នែកប្រវត្តិសាស្រ្តតាំងពីសម័យសង្គមរាស្រ្តនិយម និងព្រះរាជសកម្មភាពជាច្រើនរបស់ហ្លួងម៉ែ ដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ»។ គាត់បានជំរុញឱ្យសិស្សានុសិស្ស និងអ្នកភូមិចូលមកទស្សនាមជ្ឈមណ្ឌលសហគមន៍ជនជាតិដើមភាគតិច និងខិតខំអានសៀវភៅឱ្យបានច្រើន។
បន្ទាប់មក ក្រុមការងារបានជ្រើសរើសសៀវភៅចំនួន៣ក្បាល ៖ ១) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគ្រប់៩០ យាងចូល៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ដែលបោះពុម្ពផ្សាយដោយខុទ្ទកាល័យព្រះបរមរាជវាំង, ២) ព្រះរាជដំណើរជីវិតពោរពេញដោយព្រឹត្តិការណ៍ និង ៣) សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ដែលបោះពុម្ពផ្សាយដោយ ព្រះរាជបណ្ណាល័យហ្លួងម៉ែនិងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីឱ្យអ្នកចូលរួមអាននិងពិភាក្សា។ សៀវភៅនីមួយៗរួមមានសំណេរខ្លីៗ និងអមដោយរូបភាព ហ្លួងម៉ែ និងឥស្សរជនជាច្រើនទៀត ដែលបង្ហាញអំពីព្រះរាជសកម្មភាព និងសមិទ្ធផលដែលហ្លួងម៉ែសម្រេចបាននាពេលកន្លងមក។ ប្អូនៗសិស្សានុសិស្សមួយចំនួនបានស្ម័គ្រចិត្តអានសម្រាប់អ្នកចូលរួមទាំងអស់ស្តាប់។ ដើម្បីឱ្យការអានមានភាពងាយស្រួល និងប្រសិទ្ធភាព យើងបានបំបែកអ្នកចូលរួមជាក្រុមតូចៗ ដែលមានចំនួន១០ក្រុម។
ចំណាប់អារម្មណ៍របស់អ្នកចូលរួម
ណារ៉ា លីតា គឺជាសិស្សថ្នាក់ទី៧ ដែលបានឡើងអានសៀវភៅ «ព្រះរាជដំណើរជីវិតពោរពេញដោយព្រឹត្តិការណ៍» បាននិយាយថា ៖ «ខ្ញុំពិតជារំភើបណាស់ដែលបានអានសៀវភៅហ្លួងម៉ែ។ ខ្ញុំពេញចិត្តរូបថតហ្លួងម៉ែមួយសន្លឹក គឺព្រះអង្គនៅតែស្រស់ស្អាត បើទោះជាមានព្រះជន្មច្រើនក៏ដោយ»។
ឆើល ពិសី គឺជាសិស្សថ្នាក់ទី១២ យល់ឃើញថា សៀវភៅទាំងនេះជួយបង្កើនការយល់ដឹងអំពីសម័យសង្គមរាស្រ្តនិយម និងតួនាទីដ៏សំខាន់របស់ហ្លួងម៉ែក្នុងការងារសង្គម និងលើឆាកអន្តរជាតិ។
អ៊ំស្រី ផ្យាប បូរ៉ា បានបង្ហាញក្តីសោមនស្សរីករាយដែលបានចូលរួមកម្មវិធីថ្ងៃនេះ និងទទួលបានសៀវភៅមួយចំនួនត្រឡប់ទៅផ្ទះវិញ។ គាត់និយាយថា៖ «ខ្ញុំចូលចិត្តរូបភាពនៅក្នុងសៀវភៅទាំងនេះ។ ខ្ញុំនឹងប្រគល់សៀវភៅដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសនេះឱ្យចៅៗរបស់ខ្ញុំអាន ដើម្បីជួយដល់ការរៀនសូត្របន្ថែមទៀត។ ខ្ញុំមិនបានរៀនសូត្រទេកាលពីក្មេងដោយសារសង្រ្គាម ហើយក្រោយមកខ្មែរក្រហមបានជម្លៀសយើងទាំងអស់គ្នាចេញពីភូមិទៅស្រុកកោះញែក។ កាលពីជំនាន់ខ្ញុំ ជីវិតពោរពេញដោយការលំបាក មិនដូចសម័យឥឡូវទេ»។
ការស្តាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ការអាន និងការស្តាប់សាច់រឿងគឺជាវិធីមួយ ដែលជួយបង្កើនចំណេះដឹងរបស់អ្នកចូលរួម ជាពិសេសក្មេងជំនាន់ក្រោយ និងបង្កើនភាពអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងញុំាងឱ្យក្មេងជំនាន់ក្រោយខិតខំជម្នះឧបសគ្គតូចធំដែលខ្លួនជួបប្រទះ។
បន្ទាប់ពីបានចែករំលែកសាច់រឿងក្នុងរបបខ្មែរក្រហម លោកពូ ក្រន ស្រើល បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើត បណ្ណាល័យនៅក្នុងភូមិពូតាំង ដើម្បីជំរុញឱ្យមានការអានសៀវភៅប្រវត្តិសាស្រ្ដ និងឯកសារនៅក្នុងភូមិនេះ។ គាត់បានលើកទឹកចិត្តដល់អ្នកភូមិទាំងអស់ឱ្យចូលមកទស្សនា និងអានសៀវភៅនៅទីនេះ នៅពេលទំនេរពីការងារ និងការសិក្សា។ គាត់បានជំរុញឱ្យយុវជន-យុវនារី ខិតខំរៀនសូត្រដើម្បីឱ្យមានចំណេះជំនាញសម្រាប់សង្គមជាតិ។
កម្មវិធីនេះបង្កើនការសន្ទនាអំពីប្រវត្តិសាស្រ្ត ប្រវត្តិរាជវង្សានុវង្ស ជាពិសេសគំរូវីរភាពរបស់ហ្លួងម៉ែ ដែលបានរៀបចំព្រះរាជសំណេរអំពីសៀវភៅដែលមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»។ កម្មវិធីនេះជួយបង្កើនការសន្ទនាអំពីបទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលនៅតែជាប្រធានបទពិភាក្សារហូតមកដល់បច្ចុប្បន្ន។
ការអានគឺជាប្រភពនៃការបំផុសគំនិត និងការចង់ដឹងចង់ឃើញសម្រាប់មនុស្សគ្រប់រូប ហើយវាមានសារសំខាន់ ជាពិសេសសម្រាប់យុវវ័យដើម្បីចាប់ផ្តើមដំណើរនៃការស្វែងយល់ និងការរកឃើញថ្មីៗ។ ការជួបជុំគ្នាដោយផ្ទាល់ដើម្បីអានសៀវភៅជាមួយគ្នានៅតែមានសារសំខាន់ ទោះបីជាយើងកំពុងស្ថិតនៅក្នុងយុគសម័យឌីជីថលក៏ដោយ។
បន្ទាប់ពីការអានសៀវភៅនិងការស្តាប់សាច់រឿង អ្នកចូលរួមទាំងអស់បានពិសាអាហារសម្រន់និងថតរូបអនុស្សាវរីយ៍ជាក្រុម ព្រមទាំងទទួលបានសៀវភៅម្នាក់មួយក្បាលត្រឡប់ទៅផ្ទះវិញ។
អត្ថបទ ៖ សូ ហ្វារីណា នាយកមជ្ឈមណ្ឌលសហគមន៍ចងចាំអំពីជនជាតិដើមភាគតិច
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា














