«តាំងពីតូចមកបងប្រុសខ្ញុំជាមនុស្សស្លូតបូតរួសរាយរាក់ទាក់ និងចេះជួយទុក្ខធុរៈឪពុកម្ដាយបងប្អូនជានិច្ច។ បងប្រុសខ្ញុំធ្លាប់ធ្វើការងារជាកម្មករសំណង់ និងកម្មកររោងចក្រ ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសារ» នេះជាការរៀបរាប់របស់ ម៉ាក់ យ៉ា អាយុ២១ឆ្នាំ ត្រូវជាប្អូនស្រីរបស់វីរកងទ័ព ស្មឿន វ៉ិត ។ វីរកងទ័ព ស្មឿន វ៉ិត បានពលីជីវិតនៅសមរភូមិតំបន់ប្រាសាទតាមាន់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
វីរកងទ័ព ស្មឿន វ៉ិត មានអាយុ២៦ឆ្នាំ កើតនៅក្នុងគ្រួសារកសិករនៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប និងជាកូនទី៤ក្នុងចំណោមបងប្អូនសរុប៨នាក់ គឺស្រី៣នាក់ និងប្រុស៥នាក់។ វីរកងទ័ព ស្មឿន វ៉ិត មានឪពុកឈ្មោះ ស្មឿន វិន និងម្ដាយ អ៊ូ យឿត។ បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ នៅសាលាចំណេះទូទៅ និងបច្ចេកទេសពួក និងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅឆ្នាំ២០២០ វីរកងទ័ព ស្មឿន វ៉ិត បានសម្រេចចិត្តប្រឡងចូលរៀននៅសាលានាយទាហានសកម្មត្មាតពង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ និងហ្វឹកហាត់នៅសាលានេះអស់រយៈពេល៤ឆ្នាំ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សារៀនសូត្រ វីរកងទ័ព ស្មឿន វ៉ិត ត្រូវបានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទបញ្ចូលទៅក្នុងកងវរសេនាតូចកាំភ្លើងត្បាល់ ចំណុះកងពលធំអន្តរាគមន៍លេខ២។ នៅមុនពេលផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ វីរកងទ័ព ស្មឿន វ៉ិត មានឋានន្តរសក្តិជាអនុសេនីយ៍ទោ និងមានតួនាទីជាមេបញ្ជាការរងអនុសេនាធំទី២ នៃវរសេនាតូចកាំភ្លើងត្បាល់ កងពលធំអន្តរាគមន៍លេខ២។
នៅអំឡុងពេលផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃលើកទី១ ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ព ស្មឿន វ៉ិត បានឈរជើងប្រចាំការនៅសមរភូមិតំបន់ប្រាសាទតាមាន់ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ លើកទី១ បានបញ្ចប់ ស្មឿន វ៉ិត មានសុវត្ថិភាព និងមិនមានរងរបួសអ្វីឡើយ។ វីរកងទ័ព ស្មឿន វ៉ិត បានត្រឡប់មកលេងផ្ទះជួបជុំគ្រួសារ និងគូដណ្តឹងរយៈពេលមួយសប្ដាហ៍ ទើបត្រឡប់ទៅសមរភូមិតំបន់ប្រាសាទតាមាន់វិញ។
នៅពេលប៉ះទង្គិចប្រដាប់អាវុធកម្ពុជា-ថៃលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ស្មឿន វ៉ិត បានឈរជើងនៅសមរភូមិតំបន់ប្រាសាទតាមាន់ធំដដែល។ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ស្មឿន វ៉ិត បានផ្ញើវីដេអូឃ្លីបមួយមកក្រុមគ្រួសារ ពេលដែលខ្លួនកំពុងអង្គុយហូបបាយនៅក្នុងលេណដ្ឋានជាមួយមិត្តរួមអាវុធ ហើយវីរកងទ័ព ស្មឿន វ៉ិត បានផ្ញើសារជាសំឡេងមកប្រាប់ម្តាយកុំឱ្យព្រួយបារម្ភពីគាត់។
ម៉ាក់ យ៉ា ត្រូវជាប្អូនស្រី វីរកងទ័ព ស្មឿន វ៉ិត បានរៀបរាប់បន្តថា ពេលនោះខ្ញុំហាក់មានប្រផ្នូលមិនល្អ ហើយបានយករូបថតបងប្រុសមកមើល និងផ្ញើសារទៅសួរសុខទុក្ខបងប្រុស។ ចំណែកម្ដាយខ្ញុំបានអង្គុយយំរហូតទាំងមិនទាន់ដឹងថាកូនប្រុសមានរឿងអ្វីកើតឡើងឡើយ។ លុះដល់ពេលល្ងាចថ្ងៃដដែល ខ្ញុំបានផ្ញើសារទៅបងប្រុសម្តងទៀត ប៉ុន្តែលែងមានការឆ្លើយតប រហូតដល់ម៉ោងប្រហែល៧ យប់ទើបបងស្រីខ្ញុំបានដំណឹងដ៏រន្ធត់តាមទូរសព្ទថា «បងប្រុសខ្ញុំ ស្មឿន វ៉ិត បានពលីកាលពីវេលាម៉ោង១៦:៣០នាទីរសៀល» ប៉ុន្តែភ្លាមៗនោះក្រុមគ្រួសារខ្ញុំមិនទាន់ប្រាប់ព័ត៌មានស្តីពីបងប្រុស ស្មឿន វ៉ិត បានពលីជីវិតដល់ម្ដាយខ្ញុំទេ។ បន្ទាប់មកអ្នកភូមិបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម និងបានមកប្រាប់ដំណឹងនេះទៅម្ដាយរបស់ខ្ញុំ ទើបគាត់បានដឹង និងស្រែកយំយ៉ាងខ្លាំង។ រាល់ថ្ងៃ ម្ដាយខ្ញុំតែងតែរៀបចំ បាយ ទឹក និងផ្កា សែនឱ្យបងប្រុសខ្ញុំ ហើយគាត់តែងតែនិយាយទាំងអារម្មណ៍ក្តុកក្តួលក្នុងចិត្តថា កាលកូននៅរស់ម៉ែមិនដែលបានរៀបបាយទឹកឱ្យហូបឡើយ។
ចំណែក លី ស្រីអង ត្រូវជាគូដណ្ដឹងវីរកងទ័ព ស្មឿន វ៉ិត បានរៀបរាប់ទាំងទឹកភ្នែកថា ការបាត់បង់គូដណ្តឹងរបស់ខ្ញុំភ្លាមៗធ្វើឱ្យខ្ញុំពិបាកទទួលយកខ្លាំងណាស់។ លី ស្រីអង បន្ថែមថា រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនទាន់អាចកាត់ចិត្តបានឡើយ ព្រោះការស្លាប់នេះលឿនពេកសម្រាប់ខ្ញុំ។ ពេលខ្ញុំទទួលដំណឹងថាគូដណ្ដឹងពលីជីវិត ខ្ញុំនិងក្រុមគ្រួសារទាំងមូលមានក្ដីតក់ស្លុតយ៉ាងខ្លាំង។ ខ្ញុំខ្លោចចិត្តបំផុតនោះ គឺមនុស្សដែលធ្លាប់តែនិយាយឆ្លើយឆ្លងគ្នា បែរជាត្រូវបែកគ្នាជារៀងរហូត ដោយមិនបានពោលពាក្យលាសូម្បីតែមួយម៉ាត់។ យើងទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ២០១៩ គឺមានរយៈពេលចំនួន៧ឆ្នាំមកហើយ។ គូដណ្ដឹងរបស់ខ្ញុំគឺជាមនុស្សស្លូតបូត រួសរាយ និងជាកូនប្រុសដែលតែងតែមើលថែក្រុមគ្រួសារ។ មុនពេលកើតហេតុ គូដណ្ដឹងខ្ញុំបានទូរសព្ទមកប្រាប់ខ្ញុំថា នៅចុងខែធ្នូ ឆ្នាំ២០២៥ នេះ គាត់នឹងសុំច្បាប់មេបញ្ជាការមកលេងផ្ទះ និងទៅកក់សម្អាងការ ថតរូបអាពាហ៍ពិពាហ៍ ព្រោះយើងទាំងពីរនាក់ត្រូវរៀបការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្តែគម្រោងការទាំងអស់ត្រូវបាត់បង់ដោយសារតែសង្រ្គាមព្រំដែនបង្កឡើងដោយសត្រូវឈ្លានពានទឹកដីថៃ នៅចុងឆ្នាំ២០២៥ បណ្តាលឱ្យធ្វើឱ្យគូដណ្តឹងខ្ញុំបាត់បង់ជីវិត។
សាកសពរបស់វីរកងទ័ព ស្មឿន វ៉ិត បានដឹកមកដល់ផ្ទះស្ថិតនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា។
ការពលីជីវិតរបស់វីរកងទ័ព ស្មឿន វ៉ិត គឺជាការលះបង់ជីវិត សេចក្ដីសុខ និងក្ដីស្រមៃផ្ទាល់ខ្លួនដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិភាពជូនជាតិមាតុភូមិ។ ឈ្មោះ និងវីរភាពរបស់វីរកងទ័ព ស្មឿន វ៉ិត នឹងត្រូវចារឹកទុកក្នុងប្រវត្តិសាស្ត្រនៃកងយោធពលខេមរភូមិន្ទ និងក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបជារៀងរហូត។
អត្ថបទ ៖ កែវ សុភី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា





