វីរកងទ័ព ខ្លាំ សុផល ពលីជីវិតដោយសារយន្តហោះចម្បាំង F-16 នៅសមរភូមិប្រាសាទតាមាន់

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វីរកងទ័ព ខ្លាំ សុផល បានពលីជីវិតដោយសារយន្តហោះចម្បាំង F-16 របស់សត្រូវឈ្លានពានទឹកដីថៃទម្លាក់គ្រាប់បែកចំលេណដ្ឋានបណ្តាលឱ្យបាក់សង្កត់នៅសមរភូមិតំបន់ប្រាសាទតាមាន់។ លោក ឃ្លឿយ ខ្លាំ ត្រូវជាឪពុក បច្ចុប្បន្នរស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់រឿងរ៉ាវកូនប្រុសរបស់ខ្លួន អំឡុងពេលសង្គ្រាមរវាងកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ឃ្លឿយ ខ្លាំ អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ូយ ត្រឹប អាយុ៤៩ឆ្នាំ។ ខ្ញុំ និងប្រពន្ធមានកូនចំនួន៧នាក់ គឺប្រុស៤នាក់ និងស្រី៣នាក់ ហើយ ខ្លាំ សុផល អាយុ២៨ឆ្នាំ  គឺជាកូនទី៣នៅក្នុងគ្រួសារ។

តាំងពីកុមារ សុផល គឺជាក្មេងស្លូតបូត និងចេះគោរពចាស់ទុំ។ សុផល បានចូលរៀនសូត្រនៅសាលាបឋមសិក្សាត្រពាំងធំ និងឈប់រៀនត្រឹមថ្នាក់ទី៧នៅសាលាអនុវិទ្យាល័យរើលក្នុងខេត្តសៀមរាប។ សុផល បានសម្រេចចិត្តបោះបង់ការសិក្សាដោយសារជីវភាពគ្រួសារមានការខ្វះខាត។

នៅឆ្នាំ២០១៣ សុផល បានចូលបម្រើក្នុងជួរកងទ័ពនៅខេត្តសៀមរាប។ បន្ទាប់មកថ្នាក់ដឹកនាំកងខេមរភូមិន្ទបានបញ្ជូន សុផល ទៅហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ពនៅសាលាពលទាហានទី៤ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីបញ្ចប់ការហ្វឹកហ្វឺន ថ្នាក់ដឹកកងទ័ពបានបញ្ចូល សុផល នៅក្នុងអង្គភាពកងវរសេនាតូចអន្តរាគមន៍លេខ២៤១នៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលប្រចាំការនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អង្គភាពរបស់ សុផល បានឈរជើង នៅតំបន់ប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយយអំពិល។

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ដែលគ្មានអាវុធស្លាប់នៅក្បែរលេណដ្ឋាននៅក្នុងភូមិសាស្រ្តមុំបី ខេត្តព្រះវិហារ ធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានភាពតាន់តឹងកាន់តែខ្លាំង។ ខ្ញុំ និងក្រុមគ្រួសារចាប់ផ្តើមព្រួយបារម្ភពីសុវត្ថិភាព សុផល និងបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅកាន់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដើម្បី ទៅសួរសុខទុក្ខកូនប្រុសដែលកំពុងប្រចាំការនៅខ្សែត្រៀមជួរមុខតំបន់ប្រាសាទតាមាន់ជាញឹកញាប់។ ខ្ញុំបានណែនាំកូនអំពីកន្លែងដែលមានសុវត្ថិភាព និងកន្លែងដែលគ្មានសុវត្ថិភាព ព្រោះខ្លាចកូនមានគ្រោះថ្នាក់ដល់ជីវិត។ ខ្ញុំធ្លាប់ជាអតីតកងទ័ពប្រយុទ្ធលើសមរភូមិ ខ្ញុំបានដឹងពីគោលដៅរបស់សត្រូវខ្លះៗ គឺជារឿយៗផ្លោងដាក់យើងចំពីមុខ និងពីចំហៀង។ មុនពេលផ្ទុះអាវុធ ខ្ញុំបានទំនាក់ទំនងទៅ សុផល ជាញឹកញាប់ និងបានសួរនាំអំពីទីតាំងដែល សុផល កំពុងឈរជើង តើមានសុវត្ថិភាពដែរឬទេ ការហូបចុកគ្រប់គ្រាន់ទេ ហើយស្ថានការណ៍នៅទីនោះយ៉ាងដូចម្តេច។

នៅពេលផ្ទុះអាវុធរវាងកម្ពុជា-ថៃលើកទី១ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំកាន់តែមានការព្រួយបារម្ភពី សុផល ថែមទៀត។ ពេលផ្ទុះសង្គ្រាមភ្លាមៗខ្ញុំ និង សុផល បានដាច់ការទំនាក់ទំនង ធ្វើឱ្យខ្ញុំមិនស្រណុកក្នុងចិត្ត ព្រោះព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់កូនជាប់ជានិច្ច។ ពេលនោះ សុផល មិនហ៊ានបើកទូរសព្ទទេតាំងពីចាប់ផ្តើមផ្ទុះអាវុធ ព្រោះមេបញ្ជាការរបស់ សុផល ហាមមិនឱ្យបើកទូរសព្ទខ្លាចមានគ្រោះថ្នាក់។

នៅពេលមានបទឈប់បាញ់វេលាម៉ោង១២:០០រំលងអាធ្រាតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទើប សុផល ទាក់ទងមកខ្ញុំ។ រយៈពេល៤ទៅ៥ថ្ងៃក្រោយមក សុផល បានសុំច្បាប់មេបញ្ជាការមកលេងគ្រួសារនៅឯខេត្តសៀមរាបរយៈពេល៣ថ្ងៃ ដើម្បីមកជួបមុខឪពុកម្តាយ បងប្អូន និងយាយដែលចាស់ជរាទន្ទឹងរង់ចាំមើលផ្លូវចៅ។ ពេលនោះ សុផល បានរៀបរាប់ទុក្ខលំបាករបស់ខ្លួនអំឡុងពេលសង្គ្រាម គឺមិនបានហូបបាយទឹកអស់រយៈ៤ទៅ៥ថ្ងៃ ទម្រាំបទឈប់បាញ់ចូលជាធរមាន។ ពេលខ្ញុំ និងក្រុមគ្រួសារស្តាប់ឮ សុផល រៀបរាប់ពីទុក្ខលំបាកធ្វើឱ្យខ្ញុំដែលជាឪពុកមានអារម្មណ៍ក្តុកក្តួល និងអាណិតស្រណោះកូនដែលហ៊ានលះបង់គ្រប់សព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ។

មុនផ្ទុះសង្គ្រាមលើកទី២ចំនួនមួយថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សុផល បានទំនាក់ទំនងមកខ្ញុំ ព្រមទាំងប្រាប់ពីស្ថានភាពនៅកន្លែងដែលគាត់ឈរជើងថា ពុកអើយ! សភាពការណ៍នៅកន្លែងខ្ញុំឈរជើងអត់ស្រួលទៀតហើយពុក ខ្ញុំមិនអាចទូរសព្ទទៅពុកបានទៀតទេ ខ្ញុំបិទទូរសព្ទហើយ។ លុះដល់ស្អែកឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមចាប់ផ្តើមផ្ទុះឡើងជាលើកទី២ សុផល មិនហ៊ានហៅទូរសព្ទមកគ្រួសារទេ ព្រោះកងទ័ពទាំងអស់ត្រូវបិទទូរសព្ទ គឺមានតែតេអូរតែប៉ុណ្ណោះសម្រាប់ទំនាក់ទំនងនៅក្នុងអង្គភាពកងទ័ព។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនហ៊ានហៅទូរសព្ទទៅ សុផល ទៀតទេ ព្រោះគិតពីសុខសុវត្ថិភាពរបស់កូនដែលកំពុងប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពានថៃ។

នៅវេលាប្រហែលម៉ោង១១យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មិត្តរួមអាវុធរបស់ សុផល ដែលទើបនឹងដកមកខាងក្រោយបានទំនាក់ទំនងមកខ្ញុំ និងក្រុមគ្រួសារថា សុផល បានពលីជីវិតនៅក្នុងលេណដ្ឋានដោយសារយន្តហោះចម្បាំង F-16 របស់សត្រូវទម្លាក់គ្រាប់បែកត្រូវចំលេណដ្ឋានបណ្តាលឱ្យបាក់សង្កត់ពីលើ។ នៅពេលទទួលដំណឹងថាកូនប្រុសបានពលីនៅសមរភូមិ ខ្ញុំនិងប្រពន្ធពិបាកទទួលយកខ្លាំងណាស់។ ខ្ញុំ និងប្រពន្ធនឹកស្រណោះ និងសោកស្តាយកូនជាពន់ពេក។ ពេលនោះសាកសព សុផល មិនអាចយកចេញពីក្នុងលេណដ្ឋានបានទេ។ ក្រុមគ្រួសារខ្ញុំបានរៀបចំពិធីបុណ្យឧទិ្ទសកុសលដល់ សុផល តាមប្រពៃ​ណីសាសនាដោយគ្មានសាកសពកូន។

នៅក្នុងពិធីបុណ្យសព សុផល មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ញាតិមិត្ត និងប្រជាជនមកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំយ៉ាងច្រើនកុះករ។ បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភផ្ទះមួយខ្នងដល់ក្រុមគ្រួសារខ្ញុំស្នាក់នៅបានសមរម្យ។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ អង្គភាពកងពលធំអន្តរាគមន៍លេខ២បានទំនាក់ទំនងមកខ្ញុំ និងគ្រួសារ ថាសាកសពកូនប្រុសខ្ញុំឈ្មោះ ខ្លាំ សុផល ត្រូវបានយកចេញពីលេណដ្ឋាន និងបញ្ជូនទៅតម្កល់ទុកនៅវត្តពងទឹក ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពេលទទួលបានដំណឹងនេះភ្លាម ខ្ញុំ និងក្រុមគ្រួសារបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅវត្តពងទឹក ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំធ្វើបុណ្យសពកូនប្រុសខ្ញុំតាមប្រៃពណីសាសនាម្តងទៀត។ ពេលចប់កម្មវិធីបុណ្យសព ខ្ញុំ និងគ្រួសារបាននាំយកអដិ្ឋធាតុកូនប្រុសមកទុកនៅផ្ទះក្នុងភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជាទីដែលកូនប្រុសខ្ញុំធ្លាប់រស់នៅ និងធំធាត់ឡើង។

អត្ថបទ ៖ រឹម ពេជ្រដារ៉ូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖