ប៊ូ ម៉េង គឺជាវិចិត្រករ និងជាអតីតអ្នកទោសដែលរួចរស់ជីវិតពីការសួរចម្លើយ ការធ្វើទារុណកម្ម និងសម្លាប់នៅមន្ទីរសន្តិសុខស-២១ ឬ គុកទួលស្លែង បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ប្រទេសកម្ពុជា។
ប៊ូ ម៉េង មានឈ្មោះដើម ប៊ូ ម៉ុងសៀង កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ១៩៤១ ក្នុងគ្រួសារកសិករ នៅ ខេត្តកំពង់ចាម។ នៅអាយុ៥ឆ្នាំ ប៊ូ ម៉ុងសេង ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងវត្តអារាមព្រះពុទ្ធសាសនា។ ប៊ូ ម៉េង បានរៀនគូររូបដោយខ្លួនឯង ហើយក្រោយមកបានធ្វើជាអ្នកគូរផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្មសម្រាប់រោងភាពយន្ត។ នៅក្នុងឆ្នាំ១៩៦៥ ប៊ូ ម៉ុងសេង បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ា យឿន។ នៅឆ្នាំ១៩៧០ គាត់បានប្ដូរឈ្មោះពី ប៊ូ ម៉ុងសេង មក ប៊ូ ម៉េង វិញខណៈពេលគាត់ រួមជាមួយប្រពន្ធចូលបម្រើបដិវត្តន៍ខ្មែរក្រហមតាមរយៈជនជាតិខ្មែរដើមកំណើតវៀតណាមម្នាក់។ អ្នកទាំងពីរបានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម ដោយសារតែការទម្លាក់គ្រាប់របស់អាមេរិកលើប្រទេសកម្ពុជា និងការឃោសនាអំពាវនាវឱ្យប្រជាជនគាំទ្រសម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដឹកនាំដោយ លន់ នល់។ ប៊ូ ម៉េង និងប្រពន្ធបានបម្រើការនៅក្នុងអង្គភាពភ័ស្តុភារសេនាធិការភូមិភាគឧត្តរ ស្ថិតក្រោមការគ្រប់គ្រងរបស់ ឆុន។
នៅពេលកងទ័ពបដិវត្តន៍ខ្មែរក្រហម ទទួលជ័យជម្នះលើរបប នល់ នល់ ឆ្នាំ១៩៧៥ ប៊ូ ម៉េង និងប្រពន្ធ ត្រូវបានបញ្ជូនចូលទៅក្នុងទីក្រុងភ្នំពេញ។ ប៊ូ ម៉េង បម្រើការនៅផ្នែកភ័ស្តុភារសេនាធិការភាគឧត្ដរដែលមានទីតាំងនៅខាងជើងស្ពានជ្រោយចង្វារ ក្នុងទីក្រុងភ្នំពេញ។ អំឡុងពេលនោះ ប៊ូ ម៉េង ធ្លាប់បានទៅគូរគំនូរអំពីគ្រឿងម៉ាស៊ីនសម្រាប់បង្រៀនដល់កម្មាភិបាល នៅសាលាបច្ចេកទេសឫស្សីកែវ។
នៅក្នុងខែមិថុនា ឆ្នាំ១៩៧៧ ប៊ូ ម៉េង និងប្រពន្ធឈ្មោះ ម៉ា យឿន ត្រូវបានអង្គការចាប់ខ្លួនពីការដ្ឋានលត់ដំតាឡី ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចទីក្រុងភ្នំពេញ បញ្ជូនមកមន្ទីរសន្តិសុខស-២១។ ប៊ូ ម៉េង បានស្តាប់ឮសំឡេងប្រពន្ធរបស់គាត់អង្វរសន្តិសុខដើម្បីទុកជីវិត ខណៈដែលគាត់ត្រូវបានចងបិទភ្នែកដោយក្រណាត់។ នៅពេលនោះ មានមនុស្សជាច្រើនត្រូវបានសន្តិសុខចាប់ខ្លួនដែរ ហើយ ប៊ូ ម៉េង មិនដឹងថាមានដើមហេតុអ្វីដែលនាំឱ្យកងសន្តិសុខចាប់ខ្លួនគាត់ទេ។ ប្រពន្ធរបស់ ប៊ូ ម៉េង ឈ្មោះ ម៉ា យឿន ត្រូវកងសន្ដិសុខយកទៅឃុំឃាំងនៅបន្ទប់ផ្សេងពីគាត់។ ប៊ូ ម៉េង និងប្រពន្ធ ត្រូវចាប់ខ្លួនខណៈពេលដែលខ្មែរក្រហមកំពុងបោសសម្អាត «ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង» នៅភូមិភាគឧត្ដរ ដែលមាន កុយ ធួន គឺលេខាភូមិភាគ និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានចាប់ខ្លួនរួចទៅហើយ។ ចាប់តាំងពីពេលនោះមក ប៊ូ ម៉េង ត្រូវបែកពីប្រពន្ធ និងកូនប្រុសស្រីពីរនាក់របស់គាត់។ ប្រពន្ធរបស់ ប៊ូ ម៉េង ត្រូវកងសន្ដិសុខយកទៅសម្លាប់នៅវាលពិឃាតបឹងជើងឯក ចំណែកកូនទាំងពីររបស់គាត់មិនដែលបានទទួលដំណឹងឡើយ។
បន្ទាប់ពីថតរូប និងធ្វើប្រវត្តិរូបសង្ខេបរួចហើយ កងការពារអ្នកទោសបានបញ្ជូន ប៊ូ ម៉េង ទៅដាក់នៅក្នុងអគារ «គ» ជាន់ទី២ រួមជាមួយអ្នកទោសប្រមាណ៣០នាក់ផ្សេងទៀត។ ប៊ូ ម៉េង ត្រូវបាននាំយកទៅសួរចម្លើយនៅក្នុងផ្ទះល្វែងមួយដែលស្ថិតនៅខាងមុខបរិវេណនៃអគារមន្ទីរសន្តិសុខស-២១ អស់រយៈពេលប្រមាណពីរសប្ដាហ៍។ នៅពេលនោះមានអ្នកសួរចម្លើយបួននាក់ ប៉ុន្ដែនៅក្នុងចំណោមនោះ ប៊ូ ម៉េង នៅចងចាំមនុស្សម្នាក់គឺឈ្មោះ ហ៊ ដែលជាអនុប្រធានមន្ទីរស-២១។ អ្នកសួរចម្លើយបានសួរគាត់ថា អ្ហែងបានចូលសេ-អ៊ី-អា, កា-ហ្សេ-បេ ជាមួយអ្នកណា? នៅឆ្នាំណា? ប៊ូ ម៉េង បានឆ្លើយតបវិញថា «ខ្ញុំមិនដឹងថាសេ-អ៊ី-អា កា-ហ្សេ-បេ ជាអ្វីទេ»។ ដោយសារតែ ប៊ូ ម៉េង នៅតែឆ្លើយរបៀបនេះច្រើនលើកច្រើនសា អ្នកសួរចម្លើយបានទះកំផ្លៀង និងវាយធ្វើទារុណកម្មគាត់នឹងបន្ទះរនាបឫស្សីរហូតបែកឈាមពេញខ្នង និងសន្លប់។ នៅពេលដែល ប៊ូ ម៉េង មានរបួស អ្នកសួរចម្លើយបានបញ្ជូនគាត់ទៅផ្នែកពេទ្យក្នុងមន្ទីរសន្តិសុខស-២១។ ពេទ្យបានព្យាបាលរបួសលើខ្នងរបស់គាត់ ដោយលាងសម្អាតជាមួយទឹកអំបិល។
បន្ទាប់ពីព្យាបាលរបួសរួចហើយ ឆ្មាំគុកបានយក ប៊ូ ម៉េង ទៅសួរចម្លើយបន្តទៀត។ ប៊ូ ម៉េង បានរៀបរាប់ថា អ្នកសួរចម្លើយនៅតែសួរគាត់នូវសំណួរដដែល ហើយគាត់នៅតែឆ្លើយចម្លើយដដែលៗ។
ប៊ូ ម៉េង បន្តថា សន្ដិសុខតែងតែធ្វើទារុណកម្មជាច្រើនប្រភេទទៅលើអ្នកទោស។ អ្នកទោសត្រូវបានដាក់ឃ្នាងទាំងខ្សែៗ ហើយអ្នកទោសប្រុស និងអ្នកទោសស្រីត្រូវបានឃុំឃាំងនៅក្នុងបន្ទប់ដោយឡែកពីគ្នា។ ប៊ូ ម៉េង ធ្លាប់បានឃើញឆ្មាំគុកម្នាក់ឡើងទន្រ្ទាំលើទ្រូងអ្នកទោសប្រុសម្នាក់នៅក្នុងបន្ទប់ជាមួយគាត់រហូតដល់អ្នកទោសនោះស្លាប់។
ដោយសារតែមិនមានចម្លើយគ្រប់គ្រាន់សម្រាប់រាយការណ៍ទៅប្រធានមន្ទីរសន្តិសុខស-២១ អ្នកសួរចម្លើយបានសម្លុត ប៊ូ ម៉េង ថា «អង្គការភ្នែកម្នាស់មិនដែលចាប់អ្នកណាខុសទេ។ អ្ហែងជាជាងគំនូរ អ្ហែងច្បាស់ជាមានទាក់ទងជាមួយខ្សែ សេ-អ៊ី-អា របស់អាមេរិកាំងហើយ។ ឥឡូវអ្ហែងឆ្លើយតាមអញប្រាប់»។ ប៊ូ ម៉េង មិនបានចាំថាចម្លើយសារភាពរបស់គាត់មានចំនួនប៉ុន្មានទំព័រទេ ប៉ុន្ដែគាត់និយាយថា ចម្លើយទាំងអស់នោះសុទ្ធតែប្រឌិតឡើងដោយអ្នកសួរចម្លើយទាំងស្រុង។ ដោយសារការធ្វើទារុណកម្មនៅមន្ទីរស-២១ ធ្វើឱ្យត្រចៀកម្ខាងរបស់ ប៊ូ ម៉េង ថ្លង់ និងបន្សល់ទុកនូវស្លាកស្នាមរបួសជាច្រើនកន្លែងនៅលើខ្នងរបស់គាត់។ ស្ថិតនៅក្រោមការទារុណកម្មធ្ងន់ធ្ងរ ទីបំផុត ប៊ូ ម៉េង បានឆ្លើយសារភាពដោយមិនពិតថា គាត់គឺជាភ្នាក់ងាររបស់ សេ-អ៊ី-អា។ ដូចជាអ្នកទោសដទៃទៀតដែរ និងបានប្រាប់ឈ្មោះមនុស្សដែលគាត់បានប្រឌិតឡើងថាជាបណ្តាញចារកម្ម ហើយឈ្មោះទាំងនោះជួនកាលបានបង្កឱ្យមានការចាប់ខ្លួនជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីផ្អាកការសួរចម្លើយ ប៊ូ ម៉េង ប្រមាណមួយខែ ឆ្មាំគុកបានប្រកាសរកអ្នកចេះគូរគំនូរដើម្បីគូររូប ប៉ុល ពត។ ប៊ូ ម៉េង បានស្ម័គ្រ្មចិត្ត ហើយឆ្មាំគុកបាននាំ ប៊ូ ម៉េង ទៅជួប កាំង ហ្កេចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរសន្តិសុខស-២១។ ឌុច បានសម្លុត ប៊ូ ម៉េង ថា «បើគូររូបមិនដូចទេ នឹងយកអ្ហែងទៅវាយចោល»។ អំឡុងពេលដែល ប៊ូ ម៉េង ជាប់ឃុំនៅក្នុងមន្ទីរសន្តិសុខស-២១ គាត់គូររូប ប៉ុល ពត បានចំនួនបួនផ្ទាំង។ ដោយសារតែមានជំនាញគូរគំនូរ ទើបធ្វើឱ្យការរស់នៅរបស់ ម៉េង បានប្រសើរជាងមុន និងគ្រាន់បើជាងអ្នកទោសដទៃទៀត។
ប៊ូ ម៉េង បានរំឭកថា «នៅក្នុងគុក ខ្ញុំបានឮសំឡេងមនុស្សយំ» និងស្រែកថា «ម៉ែជួយកូនផង ម៉ែជួយកូនផង!»។
នៅក្នុងបញ្ជីឈ្មោះអ្នកទោសចំនួន២៤នាក់នៃមន្ទីរស-២១ ធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧៨ ដែលមានចំណងជើងថា«អ្នកទោសដែលនៅប្រើការបាន» នៅត្រង់លេខរៀងទី១២ បានសរសេរថា «ប៉ូ ម៉េង អាយុ៣៧ឆ្នាំ មកពីអង្គភាពឧស្សាហកម្មរដ្ឋមានតួនាទីជាយុទ្ធជនសាលាបច្ចេកទេសឫស្សីកែវជាជាងគំនូរ ចូលឆ្នាំ១៩៧៧»។ នៅក្នុងឯកសារដដែលនេះមានឈ្មោះអតីតអ្នកទោសនៃមន្ទីរស-២១ ដែលនៅរស់រានមានជីវិតនៅក្រោយឆ្នាំ១៩៧៩ ដូចជា៖ រុយ នាគង់ ជាងឈើ, ហេង ណាត ជាងឆ្លាក់, អៀម ចាន់ ជាងឆ្លាក់, អ៊ឹង ប៉ិច ជាងជួសជុលរថយន្ត។ ចំណែកឯ ជុំ ម៉ាញ ហៅ ម៉ី អតីតអ្នកទោសម្នាក់ទៀតដែលនៅរស់រានមានជីវិតពីមន្ទីរស-២១ ដែរនោះ មិនត្រូវបានកត់ត្រាចូលក្នុងបញ្ជីនេះទេ ប៉ុន្ដែបានកត់ត្រានៅក្នុងបញ្ជីដោយឡែកមួយទៀត មានចំណងជើងថា«អ្នកទោសមកពីក្រសួងកាត់ដេររដ្ឋ»។ នៅផ្នែកខាងមុខឈ្មោះ ជុំ ម៉ាញ់ ហៅ ម៉ី មានចំណាររបស់គណៈមន្ទីរស-២១ ចារថា«ទុកសិន»។
ចាប់តាំងពីចាកចេញពីមន្ទីរសន្តិសុខស-២១ ប៊ូ ម៉េង មិនដែលត្រឡប់មកកន្លែងជូរចត់នេះទេ ព្រោះបានធ្វើឱ្យគាត់មានការរន្ធត់ និងនឹកឃើញដល់រឿងរ៉ាវដែលបានកន្លងផុតទៅ ហាក់ដូចជានៅថ្មី។
ប៊ូ ម៉េង បានបន្តចិញ្ចឹមជីវិតដោយការគូរផ្ទាំងគំនូរនៅលើជញ្ជាំងទាក់ទងពុទ្ធប្រវត្តិ និងសាសនានៅតាមព្រះវិហារ និងវត្តអារាម។
ប៊ូ ម៉េង បានរៀនសូត្រផ្នែកគំនូរក្រោយវិចិត្រករ ញឹក ឌឹម មួយជំនាន់ ហើយគាត់តែងតែសង្កេតមើលគំនូររបស់វិចិត្រករបរទេសម្នាក់ឈ្មោះ ពីការសូ។ ប៊ូ ម៉េង អាចគូររូបភាពបានគ្រប់ប្រភេទ ហើយគំនូរដែលគាត់ស្រឡាញ់បំផុតគឺរូបផ្កា និងរូបស្រ្តី។ ប៊ូ ម៉េង មានចំណេះផ្នែកគូរគំនូរ។ ចាប់តាំងពីដឹងក្ដីមក ម៉េង មាននិស្ស័យខាងគូររូបភាព ហើយរហូតមកទល់សព្វថ្ងៃនេះ គាត់នៅតែប្រកបរបរគូររូបភាពនៅតាមវត្តអារាមជាច្រើនដើម្បីផ្គត់ផ្គង់ជីវភាព។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ប៊ូ ម៉េង បានធ្វើដំណើរមកកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងម្ដងទៀតដើម្បីបង្ហាញដល់ប្រជាជនកម្ពុជា និងពិភពលោកអំពីការធ្វើទារុណកម្មដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហមមកលើរូបគាត់។ អ្វីដែលគាត់សម្រេចចិត្តមកបំភ្លឺនៅពេលនោះ គឺដោយសារតែអត្ថបទមួយរបស់ទស្សនាវដ្ដី «ស្វែងរកការពិត» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា លេខ២២ ខែតុលា ឆ្នាំ២០០២ បានចុះផ្សាយអំពីរូបថតរបស់គាត់ដែលបានថតរួមជាអតីតអ្នកទោស៦នាក់ទៀត។
ប៊ូ ម៉េង បានទទួលទស្សនាវដ្ដីស្វែងរកការពិត ដែលមានចុះផ្សាយអំពីរឿងរ៉ាវរបស់គាត់ តាមរយៈព្រះចៅអធិការវត្តសម្លឆៅ នៅក្នុងខេត្តស្វាយរៀង។ ប៊ូ ម៉េង បាននិយាយនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងថា «ខ្ញុំមិនទាន់ស្លាប់ទេ។ ខ្ញុំគឺជាជនរងគ្រោះនៅទីនេះ។ ខ្ញុំចង់ឃើញតុលាការកាត់ទោសមេខ្មែរក្រហម ហើយខ្ញុំនឹងធ្វើជាសាក្សី»។ ប៊ូ ម៉េង បានវិលត្រឡប់មកគុកទួលស្លែងវិញ បន្ទាប់ពីមន្ទីរឃុំឃាំងនេះត្រូវបានប្រែក្លាយទៅជាសារមន្ទីរ ហើយពេលនោះ ប៊ូ ម៉េង រកឃើញរូបគំនូរបញ្ឈររបស់ ប៉ុល ពត មួយផ្ទាំងដែលគូរមិនទាន់រួច ដែលគាត់ធ្លាប់បានបោះបង់ចោលនៅក្នុងគំនរឧបករណ៍ធ្វើទារុណកម្ម មាន ខ្សែតី រំពាត់ និងច្រវាក់។
នៅក្នុងឆ្នាំ២០០៩ ប៊ូ ម៉េង បានចូលធ្វើជាសាក្សីនៅក្នុងសវនាការកាត់ទោសប្រធានមន្ទីរសន្តិសុខស-២១ គឺ កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ដែលបណ្តាលឱ្យមានមនុស្សប្រមាណ១៤.០០០នាក់ស្លាប់ ដោយសារការចោទប្រកាន់ ការចាប់ខ្លួន ការសួរចម្លើយ ការធ្វើទារុណកម្ម និងការបញ្ជូនទៅសម្លាប់យ៉ាងឃោរឃៅនៅវាលពិឃាតជើងឯក។
ប៊ូ ម៉េង បានវិលត្រឡប់មកសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឬអតីតមន្ទីរសន្តិសុខស-២១ ហើយបានប្រាប់រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមទៅកាន់អ្នកមកទស្សនា តាមរយៈសៀវភៅរបស់គាត់ដែលមានចំណងជើង «ប៊ូ ម៉េង៖ អ្នករស់រានមានជីវិតពីមន្ទីរឃុំឃាំង ស-២១ សរសេរដោយ ហ៊ុយ វណ្ណៈ កែសម្រួលដោយ សិត ម៉ៃដែន គឺជាអ្នកកាសែតដ៏ល្បីនៅញូវយ៉កថាម និងបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងឆ្នាំ ២០១០។
បន្ទាប់ពី ប៊ូ ម៉េង បានទទួលមរណភាពទៅ នៅក្នុងចំណោមអតីតអ្នកទោសរួចជីវិតពីមន្ទីរស-២១ ទាំង៧នាក់ គឺនៅសល់តែ ជុំ ម៉ី ម្នាក់តែប៉ុណ្ណោះដែលនៅរស់រានមានជីវិតក្នុងពេលបច្ចុប្បន្ន។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា













