នៅក្នុងរដូវវស្សា ឆ្នាំ២០២៦ កម្រិតទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងឆាប់រហ័ស ស្របពេលដែលផ្លូវវាងបណ្តោះអាសន្នមួយ នៅក្នុងភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ត្រូវបានទឹកទន្លេមេគង្គជន់លិច និងកាត់ផ្តាច់។ ស្ថានភាពនេះបានធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋានមានការលំបាក ជាពិសេសបានបង្កការប្រឈមដល់ការធ្វើដំណើររបស់សិស្សទៅសាលារៀន និងគ្រូបង្រៀនទៅកាន់ថ្នាក់រៀន។ ទោះជាយ៉ាងណា ការសិក្សារបស់សិស្សានុសិស្សនៅក្នុងសហគមន៍នៅតែបន្តទៅមុខ។ តាមរយៈកិច្ចសហការរវាងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ និង ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ទូកចម្លងសហគមន៍ បានផ្លាស់ទីមកកាន់ចំណុចផ្លូវវាងបណ្ដោះអាសន្ន ដែលកំពុងតែលិចទឹក ដើម្បីប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាជនក្នុងមូលដ្ឋានភូមិអូររុន។ ទូកចម្លងសហគមន៍នេះ ផ្តល់មធ្យោបាយធ្វើដំណើរឆ្លងកាត់ទីតាំងលិចទឹក ដើម្បីជួយប្រជាជន សិស្សសាលា និងគ្រូបង្រៀនធ្វើដំណើរទៅមកលំនៅដ្ឋាន និងសាលាបឋមសិក្សាអូររុន និងសាលាបឋមសិក្សា «ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» អូរស្វាយ ឱ្យកាន់តែងាយស្រួល។ សម្រាប់គ្រូបង្រៀន និងសិស្ស ទូកសហគមន៍បានក្លាយជាមធ្យោបាយដ៏សំខាន់ដើម្បីធានាថា ទឹកជំនន់មិនក្លាយជាឧបសគ្គរារាំងដល់ការសិក្សា និងអប់រំបានទេ។
សេន ប៊ុនឡែន អាយុ៣៩ឆ្នាំ គឺជាគ្រូបង្រៀនមកពីភូមិអូរស្វាយ និងបង្រៀននៅសាលាបឋមសិក្សាអូររុន បានរៀបរាប់ពីការលំបាកដែលគាត់បានជួបប្រទះមុនពេលមានទូកសហគមន៍ថា៖ «បន្ទាប់ពីទឹកទន្លេមេគង្គជន់លិចផ្លូវ ធ្វើឱ្យគាត់មានការលំបាកជាច្រើន។ ផ្លូវរអិល ហើយខ្ញុំត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹកតាមម៉ូតូ។ ចំណែកសិស្ស ពេលខ្លះខ្ញុំឃើញឪពុកម្តាយជូនមក ហើយពេលខ្លះទៀតខ្ញុំមិនឃើញមករៀនទេ។ ពេលខ្លះ សូម្បីតែពេលប្រឡង ខ្ញុំមិនឃើញសិស្សមកសាលា។ បញ្ហានេះបានធ្វើឱ្យមានប៉ះពាល់ដល់ការសិក្សារបស់សិស្ស។ ឪពុកម្តាយរបស់សិស្សមួយចំនួនជាប់រវល់នឹងការងារ និងមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនៗ ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានទឹកជន់លិច។ កន្លងមក សិស្សដែលអាចមករៀនបានភាគច្រើនគឺជាសិស្សនៅជិតសាលា ដែលមិនឆ្លងកាត់ផ្លូវដែលមានទឹកជន់ខ្លាំង។ ប៉ុន្តែស្ថានភាពបានចាប់ផ្តើមប្រសើរឡើងបន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់ទូកសហគមន៍។ បន្ទាប់ពីមានទូករបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ ខ្ញុំអាចឆ្លងម៉ូតូទៅមកបាន។ ពីមុនម៉ូតូរបស់ខ្ញុំមិនអាចឆ្លងមកបានឡើយ។ បន្ទាប់ពីមានការជួយសម្រួល ខ្ញុំសង្កេតឃើញអាណាព្យាបាលសិស្សសប្បាយចិត្ត ពីព្រោះកូនៗរបស់គាត់អាចមករៀនទាន់ពេល។ ទូកសហគមន៍មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយជួយធានាថា ទឹកជំនន់មិនអាចរារាំងការសិក្សារបស់កុមារបានឡើយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដែលបានសម្រួលរៀបចំទូកចម្លងសហគមន៍ដែលជួយឱ្យសិស្សៗអាចមករៀនគ្រប់ៗគ្នា ហើយសូម្បីការធ្វើដំណើររបស់ខ្ញុំមកសាលារៀនគឺបានប្រសើរជាងមុន»។
ក្រៅពីការអប់រំ ទូកចម្លងសហគមន៍បានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិអូររុន ។
ឈូក ធី គឺជាប្រជាជនរស់នៅភូមិអូររុន បានរៀបរាប់ថា «ក្រោយពេលទឹកជន់លិចផ្លូវ ការធ្វើដំណើរទៅស្រែចម្ការ និងទៅជួបបងប្អូនមានការលំបាកជាខ្លាំង។ បន្ទាប់ពីមានទូកចម្លងសហគមន៍ ខ្ញុំអាចឆ្លង ទៅស្រែចម្ការ និងទៅជួបបងប្អូនបានងាយស្រួល។ ខ្ញុំអរគុណដល់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដែលបានជួយសម្រួលដល់ការធ្វើដំណើរទាន់ពេលវេលា។ ឥឡូវនេះ ខ្ញុំអាចទៅស្រែចម្ការនិងទៅជួបបងប្អូនបានគ្រប់ពេល។ រាល់ថ្ងៃ ទឹកបន្តកើនឡើង ហើយប្រសិនបើស្រូវរបស់ខ្ញុំលិចយូរ អាចបណ្តាលឱ្យខូចខាត។ បើទោះជាជួបបញ្ហាប្រឈមបែបនេះក្ដី ខ្ញុំមានចិត្តកក់ក្ដៅនៅពេលដែលអាជ្ញាធរ និងដៃគូពាក់ព័ន្ធយកចិត្តទុកដាក់ជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងស្ថានភាពលំបាកនាគ្រាទឹកជន់រដូវវស្សានេះ»។
ស្ថានភាពនៅភូមិអូររុន បង្ហាញឱ្យឃើញថា ទឹកជំនន់ក្នុងរដូវវស្សា អាចបង្កផលលំបាកក្នុងការធ្វើដំណើរ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងការសិក្សារបស់សិស្ស។ ដូច្នេះ ទូកសហគមន៍បានក្លាយជាស្ពានភ្ជាប់ប្រជាជនក្នុងសហគមន៍ឱ្យទទួលបានសេវាសង្គមទាន់ពេលវេលា ជាពិសេសការអប់រំរបស់ក្មេងៗ។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា















