ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពី របបខ្មែរក្រហម នៅស្រុកបុរីអូរស្វាយ សែនជ័យ

ចន្លោះពីថ្ងៃទី៦ ដល់ទី៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានផ្តល់រទេះរុញចំនួន៣គ្រឿង ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជំងឺប្រចាំកាយ រស់នៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ការផ្ដល់ជូនរទេះរុញនាពេលនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការផ្លាស់ទីរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសង្គម ដោយមិនទុកនរណាម្នាក់ចោលឡើយ។ សកម្មភាពទាំងនេះ គឺជាការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

បន្ទាប់ពីទទួលបានរទេះរុញ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៣រូប បានបង្ហាញនូវស្នាមញញឹម ទឹកមុខរីករាយ និងក្តីសង្ឃឹមក្នុងការស្ដារនូវសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ខ្លួនកាន់តែប្រសើរឡើង។ ជំនួយស្មារតី និងសម្ភារទាំងនេះ មិនត្រឹមតែជួយសម្រួលបន្ទុកដល់គ្រួសារក្នុងការថែទាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ឬមិនអាចដើររួច អាចធ្វើដំណើរទៅពិនិត្យសុខភាពជាប្រចាំនៅមណ្ឌលសុខភាព «ព្រះនរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» អូរស្វាយ, ចូលរួមក្នុងសកម្មភាពសហគមន៍ និងវេទិកាចែករំលែកបទពិសោធន៍ក្នុងរបបខ្មែរក្រហម។ ជាមួយគ្នានេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៣រូប បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលតែងតែជួយគាំទ្រ និងមិនបោះបង់ចោលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងជួបប្រទះការលំបាក។

សកម្មភាពប្រគល់រទេះរុញ និងការចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋាន មិនត្រឹមតែជាជំនួយសម្ភារសម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការផ្លាស់ទីរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់នូវការគាំទ្រផ្នែកស្មារតីដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស្របពេលដែលពេលវេលាកំពុងតែដើរទៅមុខ, សុខភាព និងការចងចាំរបស់អ្នករស់រានមានជីវិត ដូចជា ទាវ ឆុន មានការឱនថយ ឬស្ទើរតែបាត់ការចងចាំទៅតាមវ័យ និងជំងឺប្រចាំកាយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។

ទាវ ឆុន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងជានិគមជនសង្គមរាស្រ្តនិយមមកពីខេត្តស្វាយរៀង ដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅបុរីអូរស្វាយ ក្នុងឆ្នាំ១៩៦៧។ បច្ចុប្បន្ន ទាវ ឆុន ធ្លាក់ខ្លួនពិការ ដោយសារតែជំងឺលើសឈាម អាចត្រឹមតែងើបអង្គុយ និងធ្វើចលនាបានខ្លះតែប៉ុណ្ណោះ។ ក្រោយពីធ្លាក់ខ្លួនឈឺ និងពិការ, ការចងចាំរបស់គាត់គឺមិនល្អដូចមុនទៀតឡើយ។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់ទាវ ឆុន និគមជនសង្គមរាស្រ្តនិយម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

ខ្ញុំឈ្មោះ ទាវ ឆុន អាយុ៨០ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមជនសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង ដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅបុរីអូរស្វាយ នៅឆ្នាំ១៩៦៧។ ពេលនោះ ខ្ញុំទទួលបានរបបរួមមាន ផ្ទះនិងដីរស់នៅទំហំ៤០ម៉ែត្រx៥០ម៉ែត្រ, ដីស្រែចម្ការ៥ហិចតា, គោមួយនឹម, និងប្រាក់ឧបត្ថម្ភ៧៥០រៀលក្នុងមួយខែរយៈពេល៣០ខែ (២ឆ្នាំកន្លះ)។ ក្រោយមក ខ្ញុំបានរៀបការប្រពន្ធដែលជាប្រជាជនមកពីខេត្តព្រៃវែង និងមានកូនម្នាក់នៅពេលនោះ។ នៅថ្ងៃមួយនៅពេលដែលខ្ញុំទៅបើកប្រាប់ឧបត្ថម្ភប្រចាំខែ ខ្ញុំឃើញមានតួលេខសរុបប្រជាជនដែលត្រូវបានបញ្ជូនមករស់នៅបុរីអូរស្វាយ គឺសរុបទាំងអស់ចំនួន៣០០គ្រួសារជាង ក្នុងផែនការគ្រោងទទួលប្រជាជនសរុបចំនួន៥០០គ្រួសារ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំឃើញមានមន្ទីរចាត់ការ, សាលាស្រុក, មន្ទីរពេទ្យ, ផ្សារសហគមន៍, ទីកន្លែងចុះចតឧទ្ធម្ភាគចក្រ, ផ្ទះ, សួនច្បារ និងស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងមកសម្ពោធសមិទ្ធផលនានានៅបុរីអូរស្វាយ។ ខ្ញុំ និងប្រពន្ធ រួមទាំងប្រជាជនរាប់ពាន់នាក់បានចូលរួមស្វាគមន៍ព្រះរាជដំណើរយាងមកសម្ពោធសមិទ្ធផលរបស់ព្រះអង្គ។ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងមកដល់អូរស្វាយនៅវេលាម៉ោងប្រហែល៩ព្រឹក តាមឧទ្ធម្ភាគចក្រចំនួន៣គ្រឿង និងចុះចតនៅទីកន្លែងចុះចតឧទ្ធម្ភាគចក្រ។ បន្ទាប់មក ព្រះអង្គយាងតាមក្បួនព្រះទីនាំងរថយន្តចំនួន៣គ្រឿងមកកាន់ទីតាំងអង្គពិធី។ មុនព្រះអង្គមានព្រះរាជសុន្ទរកថា ព្រះអង្គបានចែកក្រណាត់សមួយដុំ ប្រវែង២ម៉ែត្រ ដែលមានប៉ាក់អក្សរ «សង្គមរាស្រ្តនិយម» ជូនដល់ប្រជារាស្រ្តដែលជាកូនចៅរបស់ព្រះអង្គ។ ខ្ញុំ និងប្រពន្ធទទួលបានក្រណាត់សម្នាក់មួយដុំ និងបានចាប់ដៃរបស់ព្រះអង្គ។ ពេលនោះខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់។ បន្ទាប់មក ព្រះអង្គមានព្រះរាជសុន្ទរកថាជិតមួយម៉ោង និងយាងទតតាមផ្ទះរបស់និគមជននៅបុរីអូរស្វាយ។ ខ្ញុំ និងក្រុមគ្រួសារបន្តប្រកបរបរធ្វើស្រែចម្ការ និងរស់នៅជាធម្មតា រហូតមានរដ្ឋប្រហារពី លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបខ្ញុំនិងគ្រួសារ រួមទាំងប្រជាពលរដ្ឋផ្សេងទៀតនៅបុរីអូរស្វាយទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែក និង ការចាប់យកទៅសម្លាប់ដោយសារតែជាប់ប្រវត្តិជានិគមជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម។

ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងតំបន់អូរស្វាយ ដែលនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក និងទាហាន លន់ នល់ រហូតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុង។ បុរីអូរស្វាយ បានក្លាយជាសមរភូមិប្រយុទ្ធ រហូតដល់ឆ្នាំ១៩៧៣ ហើយខ្ញុំ និងគ្រួសារ មិនអាចរត់គេចខ្លួនទៅណាឡើយ ពីព្រោះបុរីអូរស្វាយ ហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ ហើយការធ្វើដំណើរចាកចេញគឺមានតែការជិះទូកតាមទន្លេមេគង្គ។ ក្រោយពីខ្មែរក្រហមបានកាន់កាប់បុរីអូរស្វាយទាំងស្រុង ប្រជាជនទាំងអស់ត្រូវខ្មែរក្រហមប្រមូលចូលក្នុងកងប្រវាស់ដៃដើម្បីធ្វើស្រែចម្ការ។ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនដោយបង្ខំ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជន១៧មេសា ឬប្រជាជនថ្មី សរុបចំនួនប្រហែល៥-៦គ្រួសារ បានធ្វើដំណើរមកដល់បុរីអូរស្វាយ ប៉ុន្តែភាគច្រើនបានស្លាប់ដោយសារជំងឺ កង្វះអាហារ ឬត្រូវចោទប្រកាន់ថាជា ភ្នាក់ងារ សេ-អ៊ី-អា ហើយត្រូវបានយកទៅសម្លាប់ចោល។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបង្កើតសហករណ៍ចំនួនពីរនៅបុរីអូរស្វាយ ដែលតម្រូវឱ្យប្រជាជនធ្វើការជាទម្ងន់នៅតាមការដ្ឋាននានាឆ្ងាយពីភូមិ។ នៅឆ្នាំ១៩៧៧ ទោះបីជាប្រពន្ធខ្ញុំទើបសម្រាលកូនបានរយៈពេល៧ថ្ងៃ ខ្ញុំនិងប្រពន្ធត្រូវបានខ្មែរក្រហមបំបែកនិងបង្ខំឱ្យទៅធ្វើការងាររៀងៗខ្លួន។ ខ្ញុំត្រូវបានបញ្ជូនឱ្យទៅលើកទំនប់តំបន់នៅអូរពូក ស្ថិតនៅស្រុកសេសាន ដោយទទួលបានរបបអាហារមិនគ្រប់គ្រាន់ឡើយ។ អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺចាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៨ ប្រជាជនទាំងអស់ត្រូវបានជម្លៀសទៅខាងកើតទន្លេសេកុង។ ពេលនោះ ខ្មែរក្រហមបានសើរើប្រវត្តិរូបដើម្បីកំណត់ប្រជាជន ១៧ មេសា ដែលនៅសេសសល់ និងប្រជាជនជាប់ប្រវត្តិរបបសង្គមរាស្រ្តនិយមយកទៅសម្លាប់ចោល។ ខ្មែរក្រហមបង្ខំខ្ញុំ និងនិគមជនសង្គមរាស្ត្រនិយមផ្សេងទៀតឱ្យជីករណ្ដៅ ដោយបានភូតកុហកថា ជីកលេណដ្ឋានទុកការពារខ្លួន ប៉ុន្តែការពិតគឺសម្រាប់សម្លាប់ និងកប់និគមជនសង្គមរាស្រ្តនិយម ឬប្រជាជនរបស់សម្ដេចព្រះ នរោត្តម សីហនុ។ ជាសំណាងល្អ ខណៈពេលដែលយើងខ្ញុំកំពុងតែជីករណ្ដៅ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រជាជនពីការសម្លាប់របស់ខ្មែរក្រហម។ ខ្ញុំអាចគេចផុតពីសេចក្តីស្លាប់ និងបានត្រឡប់មកភូមិវិញ ប៉ុន្តែមាននិគមជនសង្គមរាស្រ្តនិយមជាច្រើន ត្រូវបានដោយខ្មែរក្រហមសម្លាប់។ នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបានជ្រើសរើសឱ្យធ្វើជាមេភូមិ បន្ទាប់មកឡើងធ្វើជាមេឃុំរយៈពេល៧ឆ្នាំទើបចូលនិវត្តន៍។

រ័ត្ន ស៊ុន អតីតមេឃុំអូរស្វាយ អាយុ៨១ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមសែនជ័យ ខេត្តស្ទឹងត្រែង និងជានិគមជនសង្គមរាស្រ្តនិយម។ រ័ត្ន ស៊ុន បានធ្លាក់ខ្លួនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីសម្រាកព្យាបាលមួយរយៈកន្លងមក រ័ត្ន ស៊ុន អាចដើរដោយប្រើប្រាស់ឈើច្រត់ នៅក្បែរៗផ្ទះបាន។ ក្រោយពីធ្លាក់ខ្លួនឈឺ និងពិការ រ័ត្ន ស៊ុន មានការភ្លេចភ្លាំងរឿងរ៉ាវ និងបទពិសោធន៍របស់ខ្លួនរស់នៅក្នុងរបបខ្មែរក្រហម។ រ័ត្ន ស៊ុន បានរំឭកថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ បុរីអូរស្វាយ មិនមែនត្រឹមតែជាភូមិឋានដាច់ស្រយាលមួយប៉ុណ្ណោះទេ ប៉ុន្តែជាទីដែលសម្តេចព្រះ នរោត្តម សីហនុ បង្កើតឡើងដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងឆ្នាំ១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ បានយាងទស្សនកិច្ចមកកាន់បុរីអូរស្វាយ និងយាងជួបសំណេះសំណាលប្រជានុរាស្ត្រនៅក្នុងភូមិ ក្នុងនាមជានិមិត្តរូបនៃសេចក្តីប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីរក្សាការពារទល់ដែនរបស់ខ្លួន។ មន្ត្រីរាជការចូលនិវត្តន៍ ដែលរួមមាន ទាហាននិងក្រុមគ្រួសារប្រជាជន ត្រូវបានបញ្ជូនឱ្យមករស់នៅក្នុងបុរីអូរស្វាយ ចំណែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ត្រូវបានរៀបចំកសាងជាបន្តបន្ទាប់។ ប្រសិនបើអំពើប្រល័យពូជសាសន៍ពុំបានកើតឡើងទេ បុរីអូរស្វាយអាចនឹងមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ ដែលរីកដុះដាលទាំងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្ម។

ចេវ សន អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងជានិគមជនសង្គមរាស្រ្តនិយម ដែលបានផ្លាស់ទីលំនៅពីខេត្តព្រៃវែង មករស់នៅបុរីអូរស្វាយ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ចេវ សន បានធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន ដោយសារជំងឺលើសឈាម។ បច្ចុប្បន្ន ចេវ សន មានការចងចាំអំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហមតិចជាងមុន ប៉ុន្ដែគាត់នៅបន្តធ្វើលំហាត់ប្រាណជាប្រចាំដោយដើរក្បែរៗផ្ទះ។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់ ចេវ សន និគមជនសង្គម រាស្រ្តនិយម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

ខ្ញុំឈ្មោះ ចេវ សន អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមជនសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង ដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនឱ្យមករស់នៅបុរីអូរស្វាយ។ ខ្ញុំមានទីកន្លែងកំណើត នៅឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំ មានប្រពន្ធឈ្មោះ វ៉ាត និងមានកូនប្រុសស្រីចំនួន៦នាក់ គឺស្រី១នាក់ និងប្រុស៥នាក់។ ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ តាំងពីសម័យសង្គមរាស្ត្រនិយម នៅពេលដែលសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានកៀងគរប្រជាជនឱ្យមកតាំងទីលំនៅក្បែរព្រំដែន ដើម្បីចាប់ផ្ដើមជីវិតរស់នៅលើទឹកដីថ្មី និងការពារបូរណភាពទឹកដី។ នៅពេលនោះ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានប្រគល់ផ្ទះមួយខ្នង, ដីស្រែចម្ការ៥ហិកតា, ដីភូមិ៦០ម៉ែត្រការ៉េ ព្រមទាំងឧបត្ថម្ភប្រាក់ខែ អង្ករ អំបិល និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់ប្រជាជនដែលមកតាំងទីលំនៅនៅបុរីអូរស្វាយ។ នៅពេលដែលមកដល់ដំបូង ខ្ញុំបានឃើញការអភិវឌ្ឍន៍ជាច្រើនដូចជា សាលារៀន សួនច្បារ វត្តអារាម និងបន្ទាយទាហាន ហើយខ្ញុំធ្លាប់បានជួបសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដោយផ្ទាល់ នៅពេលព្រះអង្គស្ដេចយាងមកសម្ពោធសមិទ្ធផលនានានៅបុរីអូរស្វាយ និងទទួលបានក្រណាត់សមួយដុំ។ នៅសម័យ លន់ នល់ បុរីអូរស្វាយបានក្លាយជាគោលដៅទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីសំណាក់ទាហានអាមេរិក និង លន់ នល់ ដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុង ហើយគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀតត្រូវនាំគ្នាជីកលេណដ្ឋានដើម្បីគេចពីគ្រាប់បែក។ ក្រោយមកទៀត បុរីអូរស្វាយ ត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម ហើយខ្ញុំត្រូវបានជ្រើសរើសធ្វើជាកងទ័ពខ្មែរក្រហម។ ខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិ រហូតដល់ជាយទីក្រុងភ្នំពេញ។ នៅពេលនោះ ខ្ញុំត្រូវបានទាហាន លន់ នល់ បាញ់បាក់ដៃឆ្វេង។ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ឱ្យធ្វើការងារនៅតាមអង្គភាព។ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ អង្គភាពរបស់ខ្ញុំបានជិះរថយន្តគេចខ្លួនទៅដល់ព្រំដែនថៃ។ ដោយសារតែមិនមានផ្លូវអាចបន្តការធ្វើដំណើរតទៅមុខទៀត យើងសម្រេចចិត្តដុតបំផ្លាញរថយន្តទាំង១២គ្រឿងចោល ហើយបន្តដំណើរដោយថ្មើរជើង ចូលទៅក្នុងទឹកដីថៃ។ នៅទីនោះ អង្គការកាកបាទក្រហមអន្តរជាតិ បានជួយព្យាបាលជំងឺ និងផ្តល់ស្បៀងអាហារ។ ក្រោយមក ខ្ញុំបានសម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ដោយបានមករស់នៅភូមិអូរស្វាយ រហូតមកដល់បច្ចុប្បន្ន។

សកម្មភាពប្រគល់រទេះរុញ និងការចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មិនត្រឹមតែជាជំនួយសម្ភារសម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ ដល់ការផ្លាស់ទីរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់នូវការគាំទ្រផ្នែកស្មារតីឱ្យប្រសើរជាងមុន។ ដោយសារវ័យកាន់តែច្រើន រួមជាមួយជំងឺប្រចាំកាយ ធ្វើឱ្យការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនស្ទើរតែបាត់បង់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សាសុខភាពគាត់កាន់តែខ្លាំងថែមទៀត។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖