ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពសៀវភៅថ្មី មានចំណងជើងថា «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជានាយក «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចំពោះការបញ្ចប់ដោយជោគជ័យបោះពុម្ពសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»។ នៅក្នុងលិខិត ព្រះកុរណា បានថ្លែងអរគុណចំពោះ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឆាំង យុ រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមការងារ បានជួយថែរក្សាទុកនូវទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនៃជាតិ និងកេរដំណែលដ៏ស្ថិតស្ថេររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៦ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើលិខិតថ្លែងកោតសរសើរយ៉ាងកក់ក្ដៅ ជូន ឆាំង យុ ចំពោះ ឯកឧត្តម ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជានាយក «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចំពោះការខិតខំស្រាវជ្រាវ ចងក្រងសៀវភៅប្រវត្តិសាស្រ្តជាច្រើននូវភ័ស្តុតាងស្ដីអំពី ព្រះរាជក្រឹត្យ ព្រះបរមងារ និងព្រះរាជបុព្វសិទ្ធថ្វាយអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាឯកសារដ៏មានតម្លៃធំធេងជាមូលដ្ឋានសំខាន់សម្រាប់អ្នកជំនាន់ក្រោយ។ សៀវភៅឯកសារ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»  បានបញ្ជាក់យ៉ាងច្បាស់លាស់ និងជាសាក្សីក្នុងដំណាក់កាលនីមួយៗ ដែលព្រះអង្គ បានខិតខំដង្ហែ បម្រើ ព្រះកុរណាព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយស្មោះស្ម័គ្រ ស្វាមីភ័ក្តិ និងបម្រើប្រជាជាតិ ប្រជារាស្រ្តកម្ពុជាជាទីស្នេហា។

សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ត្រូវបានរៀបរៀងឡើងជាភាសាខ្មែរ និងអង់គ្លេស ក្នុងគោលបំណង ក្រាបបង្គំទូលថ្វាយអំណរព្រះគុណ និងអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៩០ យាងចូល៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ចំពោះព្រះរាជកិច្ចឥតរួញរារបស់ព្រះអង្គជូនជាតិ និងពិភពលោក។ លើសពីនេះ ការបោះពុម្ពសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ចង់បង្ហាញឱ្យឃើញពីការវិវត្តន៍ក្នុងនាមជាយុវតីដែលជារាស្រ្តសាមញ្ញ រហូតទទួលព្រះរាជក្រឹត្យតែងតាំង និងព្រះគោរមងារជាបន្តបន្ទាប់ ជាសម្ដេចព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺព្រះអង្គតែម្នាក់គត់ ដែលបានទតឃើញផ្ទាល់ព្រះនេត្រនូវដំណើរឆ្លងកាត់ដ៏លំបាករបស់កម្ពុជា ចាប់តាំងពីសម័យអាណានិគម សម័យ​ឯករាជ្យ សង្គ្រាម សោកនាដកម្ម រហូតដល់សម័យកាលនៃការរស់រានមានជីវិតពីរបបខ្មែរក្រហម និងការអភិវឌ្ឍន៍ប្រទេសឱ្យទៅជាសង្គមសម័យទំនើប។ សម្តេចព្រះមហាក្សត្រីបានដង្ហែអមព្រះកាយ ព្រះករុណា ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឆ្លងកាត់ការភៀសព្រះកាយ និងគ្រោះថ្នាក់ស្ទើរដល់ព្រះជន្ម ដោយបានបំពេញព្រះរាជកិច្ច និងធ្វើជាព្រះរាជគំរូដ៏ខ្ពង់ខ្ពស់។ សម្តេចព្រះមហាក្សត្រីគឺជាបុគ្គលគំរូសម្រាប់ស្ត្រី និងយុវនារី តាមរយៈជីវប្រវត្តិរបស់ព្រះអង្គ ដែលជាមូលដ្ឋានគ្រឹះនៃការបំផុសគំនិត ជាពិសេសកុមារី និងស្ត្រីវ័យក្មេង។ សម្តេចព្រះមហាក្សត្រីគឺជាគំរូនៃថ្នាក់ដឹកនាំស្ត្រីដែលបំផុសគំនិតតាមរយៈការចូលរួមយ៉ាងស្ងៀមស្ងាត់ ទន់ភ្លន់ ប៉ុន្តែរឹងមាំ និងម៉ឺងម៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចព្រះមហាក្សត្រីគឺជាគំរូក្នុងការប្រែក្លាយបទពិសោធន៍ជីវិតឱ្យទៅជាមេរៀន និងបែបផែននៃការអប់រំ និងការតម្រង់ទិសដល់យុវនារីជំនាន់ក្រោយ។

យោងតាមសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» បានបង្ហាញលិខិតកាលប្បវត្តិនៃព្រះគោរមងារជាប្រវត្តិសាស្ត្រ និងព្រះរាជគុណូបការៈ ជាផ្លូវការ មានដូចជា៖

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩២៖ សម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហស្ដលេខាលើ «ក្រឹត្យ» ដំឡើងព្រះឋានៈពី «អ្នកម្នាង នរោត្តម ម៉ូនីគ សីហនុ» ទៅជា «សម្តេចព្រះជាយា»។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣៖ ត្រាស់បង្គាប់តែងតាំង សម្តេចព្រះជាយា នរោត្តម ម៉ូនីគ សីហនុ ជា «សម្តេចព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា»។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩៣៖ ត្រាស់បង្គាប់តែងតាំងជា «សម្តេចព្រះមហេសី នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា» ដោយព្រះនាម «មុនិនាថ» មានន័យថា «អ្នកដែលជាទីពឹង ជាទីពំនាក់របស់អ្នកប្រាជ្ញ»។

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៩៦៖ ប្រទានព្រះនាមជា «សម្តេចព្រះរាជអគ្គមហេសី នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា»។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៖ ច្បាប់ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ បានកំណត់ថ្វាយព្រះគោរមងារជា «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល»។

ក្រៅពីព្រះគោរមងារដ៏ឧត្តុង្គឧត្តមខាងលើ សម្តេចព្រះមហាក្សត្រីបានការដឹកនាំ និងលះបង់ក្នុងកិច្ចការមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា។ ការបំពេញព្រះរាជបេសកកម្មការទូតយ៉ាងលេចធ្លោក្នុងប្រទេស និងអន្តរជាតិ ក្នុងព្រះរាជឋានៈជាស្រ្តីទីមួយ។ ការចូលរួមក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ ឆ្នាំ១៩៥៣ និងចលនាតស៊ូរំដោះជាតិ។ ការមើលថែទាំព្រះស្វាមី ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយភក្តីភាព និងធ្វើជាព្រះរាជគ្រូពេទ្យផ្ទាល់ ព្រមទាំងការបំពេញមុខងារជាអគ្គហេរញ្ញិក និងនាយកខុទ្ទកាល័យ។

នៅផ្នែកចុងក្រោយសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»  បានបង្ហាញពីការអភិរក្ស និងការកែលម្អព្រះរាជកេរដំណែលរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺ ទី១) អំពីពោធិ៍ចិនតុងកើតឡើងវិញ (ពីផ្ទៃសំណង់រឹង ទៅជាទេសភាពធម្មជាតិ)៖ គម្រោងរៀបចំអតីតអាកាសយានដ្ឋានពោធិ៍ចិនតុង ឱ្យទៅជាប្រព័ន្ធអេកូឡូស៊ីបៃតង មជ្ឈមណ្ឌលវប្បធម៌ និងទីក្រុងអេប៉ុង។ ក្នុងនោះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ត្រូវបានបង្កើតឡើងនៅចំស្នូលនៃប្លង់មេ ដើម្បីធ្វើជាវិទ្យាស្ថាន-សារមន្ទីរ រក្សាទុកប្រវត្តិសាស្ត្រ និងតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជំនាន់មុននិងមនុស្សជំនាន់ក្រោយ។ ទី២) អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)៖ ការស្តារ និងអភិរក្សទីតាំងប្រវត្តិសាស្ត្រក្នុងខេត្តស្ទឹងត្រែង ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦៤។ អគារនេះត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២៥ ដោយមានបង្កើតបណ្ណាល័យបណ្តែតទឹកចល័តសម្រាប់បម្រើដល់ប្រជាជន និងសិស្សានុសិស្សនៅតាមកោះជុំវិញ និងទី៣) ការកែប្រែទីតាំងអតីតព្រះរាជដំណាក់សម័យសង្គមរាស្ត្រនិយមក្នុងខេត្តស្ទឹងត្រែងទៅជា ព្រះសារមន្ទីរ ដែលសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំង។

អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖