នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន២០នាក់ បានធ្វើដំណើរមកទស្សនកិច្ច និងរៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ គោលបំណងនៃទស្សនកិច្ច គឺសិស្សានុសិស្សចង់រៀនសូត្រ និងស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់កាលពីអតីតកាល ការកសាងសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងជាពិសេសការផ្តល់តម្លៃដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើម កញ្ញា វី ស៊ីថា បានណែនាំខ្លួន និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដល់សិស្សានុសិស្ស មុនធ្វើបទបង្ហាញអំពីផ្ទាំងពិព័រណ៍រូបភាពចំនួន៥ផ្នែក គឺទី១) រូបថតបង្ហាញពីសំណល់ សង្គ្រាមទសវត្សរ៍ ឆ្នាំ១៩៦០ដល់១៩៧០ នៅតំបន់កោះថ្ម។ ទី២) រូបថតបង្ហាញពីជីវិតរស់នៅក្នុងរបប ប៉ុល ពត។ ទី៣) ផ្ទាំងគំនូរបង្ហាញពីដំណើររបស់ សម្ដេច ហ៊ុន សែន ឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ទី៤) រូបថតបង្ហាញពីការវិលត្រឡប់មកស្រុកភូមិវិញក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំរបប ប៉ុល ពត និងទី៥) រូបភាពបង្ហាញពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
បន្ទាប់មកលោក ឈុំ រ៉ា បានបែងចែកប្រធានបទចំនួន៤ គឺ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជន, ការជម្លៀសដោយបង្ខំ និង ការបញ្ជូនទៅទីតាំងសម្លាប់ទួលពោធិ៍ជ្រៃ ដើម្បីយកមកពិភាក្សាជាក្រុមៗ។
ក្រុមទី១) ពិភាក្សាលើប្រធានបទ «ការចូលកាន់កាប់ទីក្រុងភ្នំពេញ» មានសមាជិកចំនួន៥នាក់ រួមមានឈ្មោះ ភារ៉ុន ភារ៉ា, ផ្លិល វែង ,លាង មាស,រ៉េត ដាវ៉ាន់ និង មើង ម៉ាត់ណា បានយល់ឃើញថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីបរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេល៥ឆ្នាំនៅកម្ពុជា ប៉ុន្តែនៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង។ កងកម្លាំងដែលពាក់ឯកសណ្ឋានពណ៌អាចម៍សេះ និងពណ៌ខ្មៅបានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងទីក្រុងភ្នំពេញបាននាំគ្នាឈរត្រៀបត្រាតាមដងផ្លូវ ហើយបានស្រែកអបអរសាទរនិងក្រវីទង់ក្រណាត់ស។ ទោះបីជាយ៉ាងនេះក្ដី មានមនុស្សជាច្រើននាក់ទៀត បានសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយបារម្ភថាខ្លួនអាចនឹងត្រូវចាប់ខ្លួនឬ បាញ់សម្លាប់។
ក្រុមទី២) ពិភាក្សាលើប្រធានបទ «ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន» ដែលមានសមាជិកចំនួន៥នាក់មានឈ្មោះ ធី ធារី, អ៊ាម សារុន, ក្រឹម រតនា, ថុល ដានី និង ហន់ លីហ៊ូវ បានយល់ឃើញថា ប្រជាជននៅតាមទីក្រុងនិងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយ សុខសន្តិភាពក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មី ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការ ដើម្បីបង្រួបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុង។ ខ្មែរក្រហមបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូល ទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាម ចំនួនជាងមួយលាននាក់ ឱ្យចាកចេញទៅកាន់ទីជនបទ។ ត្រឹមតែរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ប្រជាជនក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗទៀត ត្រូវបានបណ្តេញចេញឱ្យទៅធ្វើការងារកសិកម្មនៅតាមតំបន់ជនបទ។ មិនមានការលើកលែងណាមួយទេនៅក្នុងការជម្លៀស។ សូម្បីអ្នកជំងឺក៏ត្រូវបានបណ្ដេញចេញពីមន្ទីរពេទ្យ។ ជនភៀសខ្លួនរាប់ពាន់នាក់ ជាពិសេសកុមារ មនុស្សចាស់ជរា និងអ្នកជំងឺបានស្លាប់នៅតាម ផ្លូវ។ ស្ត្រីមានផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូន ដោយសារតែគ្មានថ្នាំសង្កូវ ឬ សេវាសុខាភិបាល។ ក្មេងៗបានវង្វេងបាត់ពីឪពុកម្ដាយ។ ប្រជាជនភាគច្រើនមិនដឹងថា តើមានអ្វីកំពុងតែកើតឡើងនោះទេ។ ប្រជាជនភាគច្រើនដែលបានចាកចេញពីទីក្រុង ត្រូវបានបញ្ជូនទៅកាន់ភូមិស្រុកនៅខាងក្រៅទីក្រុង ជាទីតាំងដែលអ្នកទាំងនោះត្រូវរស់នៅ និងធ្វើការអស់ជាច្រើនខែ។ ក្នុងករណីជាច្រើន ប្រជាជនទាំងនោះបាន ផ្លាស់ទីទៅកាន់ទីតាំងផ្សេងដែលមានសាច់ញាតិឬអ្នកមានទំនាក់ទំនងជាមួយខ្លួន។ ប៉ុន្មានខែក្រោយមក ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំ ជាទូទៅតាមរយៈរថយន្តនិងរថភ្លើងទៅកាន់ សហករណ៍ ដែលត្រូវបានបង្កើតឡើងនៅពាសពេញផ្ទៃប្រទេស។
ក្រុមទី៣) ពិភាក្សាលើប្រធានបទ «ការជម្លៀសដោយបង្ខំ» មានសមាជិកចំនួន៥នាក់មានឈ្មោះ វិច្ឆិកា អេនី, ភន ពេជ្រ, ពេជ្រ មានបញ្ញាកា, លាប សុផា និង រី ស្រីរ៉ែន បានយល់ឃើញថា ជារួមរបបខ្មែរក្រហមបង្កើតឱ្យមានការផ្លាស់ទីប្រជាជនក្នុងដំណាក់កាលទូទៅបី រួមមាន៖ ទី១) ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុង ពីរ-បីផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងដែលកើតមានឡើងនៅរយៈពេល៦ខែក្រោយមកទៀត)។ ទី២) ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃទៀតនៃប្រទេសកម្ពុជា។ ទី៣) ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧។
ក្រុមទី៤) ពិភាក្សាលើប្រធានបទ «ទួលពោធិ៍ជ្រៃ» មានសមាជិកចំនួន៥នាក់មានឈ្មោះ ខ្វង់ សុភី, ជា ដេវិត, អ៊ាម ថាវីន, អឿន ស្រីឡៃ និង ធន់ សុភាត បានយល់ឃើញថា នៅឆ្នាំ១៩៧៥ ទីវាលនេះត្រូវបានគេស្គាល់ ថាជាទីតាំងសម្លាប់យ៉ាងអសោច លើទាហាន លន់ នល់ និងប្រជាជនស៊ីវិលរាប់ពាន់នាក់។ ទីនេះជាទីតាំង នៃការសម្លាប់រង្គាលដ៏សោកសង្រេងមួយនៅក្នុងអំឡុងពេលនៃការជម្លៀសប្រជាជនដោយបង្ខំទ្រង់ទ្រាយធំលើកដំបូង បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅពេលដែលខ្មែរក្រហមបានបណ្តេញប្រជាជនចេញពីទីក្រុងនិង បាន «ចាត់ថ្នាក់» អតីតមន្ត្រី និងអ្នកគាំទ្ររបប លន់ នល់។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ច និងរៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) សិស្សានុសិស្សនៅតាមក្រុមនីមួយៗបានបង្ហាញអារម្មណ៍ដូចខាងក្រោម៖
ក្រុមទី១) យើងមានអារម្មណ៍សប្បាយចិត្ត នៅពេលបានសិក្សាអំពើប្រវត្តិសាស្រ្ដខ្មែរក្រហម។ នៅពេលដែលយើងបានស្គាល់ពីឫសគល់ដ៏រឹងមាំនៃវប្បធម៌ដ៏រុងរឿងរបស់ដូនតា ធ្វើឱ្យយើងមានស្មារតីស្រឡាញ់ជាតិនិងចង់ចូលរួមថែរក្សាការពារមរតកទាំងនោះ។
ក្រុមទី២) យើងចាប់អារម្មណ៍ទៅលើរូបប្រជាជនកំពុងធ្វើស្រែចម្ការ ក្នុងរបបខ្មែរក្រហម។ ពេលឃើញពិព័រណ៍រូបភាពដែលបានដាក់តាំងបង្ហាញ យើងអាណិតដល់លោកតា លោកយាយដែលធ្លាប់រស់នៅឆ្លងកាត់របបខ្មែរក្រហម។ មួយវិញទៀត យើងឃើញរូបភាពឆ្អឹងខ្មោច បានធ្វើឱ្យយើងមានអារម្មណ៍ សោកសៅណាស់។
ក្រុមទី៣) យើងសប្បាយរីករាយនៅពេលបានចូលរួមទស្សនាពិព័រណ៍ និងបានសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ជាពិសេស យើងបានធ្វើការពិភាក្សាលើប្រធានបទការជម្លៀសប្រជាជនដោយបង្ខំ។
ក្រុមទី៤) យើងរីករាយនៅពេលបានដឹងអំពីប្រវត្តិសាស្រ្តខ្មែរបានច្រើនជាងមុន។ លើសពីនេះទៅទៀត គឺយើងបានដឹងអំពីប្រវត្តិទួលពោធិ៍ជ្រៃ ដែលជាទីតាំងសម្លាប់យ៉ាងអសោច លើទាហាន លន់ នល់ និងប្រជាជនស៊ីវិលរាប់ពាន់នាក់។
អត្ថបទ ៖ វន បុប្ផា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា











