អ៊ុយ ទីម ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ទឹម បានរៀបរាប់ថា ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ហើយខ្ញុំគឺជាកូនប្រុសទី៣នៅក្នុងគ្រួសារ។ កាលពីវ័យកុមារ ខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់។ ជំនាន់នោះ គ្រួសាររបស់ខ្ញុំគឺជាកសិករ និងមានជីវភាពមធ្យម។ ប្រជាជនក្នុងភូមិចេះជួយគ្នា ចែករំលែកសុខទុក្ខជាមួយគ្នា និងយកអាសារគ្នាណាស់។ ប្រជាជនមិនដែលមានការឈ្លោះទាស់ទែងគ្នាទេ និងមានការប្រាស្រ័យទាក់ទងគ្នាល្អ និងគោរពស្រឡាញ់គ្នាដូចបងដូចប្អូនពីភូមិមួយទៅភូមិមួយ។ ខ្ញុំរស់នៅដោយភាពសប្បាយរីករាយជាមួយក្មេងៗនៅក្នុងភូមិ។ ដោយសារនៅវ័យកុមារ ដូច្នេះខ្ញុំមិនបានគិតពីបញ្ហានៅជុំវិញខ្លួនទេ។
នៅពេលដែលមានចោរចូលភូមិ ឬមានហេតុការណ៍អ្វីមួយកើតឡើង ប្រជាជននៅក្នុងភូមិបានផ្តល់សញ្ញាដល់គ្នាទៅវិញទៅមក តាមរយៈការគោះត្រដោកឬស្សីបន្លឺសំឡេងឡើងដើម្បីឱ្យអ្នកផ្សេងទៀតបានដឹង។ ចំណែកការគោរពប្រតិបត្តិប្រពៃណីរបស់ប្រជាជនក្នុងភូមិបានល្អណាស់ នៅពេលមានកម្មវិធីបុណ្យទាននៅតាមទីអារាមម្តងៗ។ ប្រជាជននាំគ្នាចូលរួមលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដូចជា ចោលឈូង លាក់កន្សែង បោះអង្គញ់ ល្បែងស្វាដណ្ដើមស្លឹកឈើ ល្បែងស្ដេចចង់ និងល្បែងចាប់កូនក្លែងជាដើម។
នៅក្នុងឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ ខ្ញុំបានឈប់រៀន ដោយសារសាលារៀនបានបិទទ្វារ។ ចាប់តាំងពីមានរដ្ឋប្រហារកើតឡើង ប្រជាជនមានការខឹងសម្បារទៅលើកងទ័ព លន់ នល់ រហូតដល់មានការធ្វើបាតុកម្មប្រឆាំងតវ៉ា។ ប្រជាជននៅក្នុងភូមិបានប្រមូលម្ដុំគ្នាដើម្បីធ្វើដំណើរទៅធ្វើបាតុកម្មនៅម្ដុំត្រាំខ្នា ខេត្តតាកែវ ភាគខាងត្បូងក្រុងភ្នំពេញ។ បាតុករប្រដាប់ដោយកាំបិត និងខ្វែវគ្រប់ដៃដើរតាមផ្លូវមើលទៅដាច់កន្ទុយភ្នែក ហើយភាគច្រើនគឺប្រុសៗ។ ប៉ុន្តែ នៅពេលយើងបានទៅដល់កន្លែងប្រមូលផ្តុំធ្វើបាតុកម្ម ទាហាន លន់ នល់ បានមកបញ្ឈប់ដោយមានកាន់កាំភ្លើងគ្រប់ដៃដើម្បីត្រៀមបង្រ្កាប។ ខណៈពេលនោះ ទាហាន លន់ នល់ បានបាញ់គំរាមបាតុករឱ្យវិលត្រឡប់ទៅផ្ទះវិញ។
ខ្ញុំបានបន្តរស់នៅជាមួយគ្រួសាររហូតដល់ឆ្នាំ១៩៧២។ បន្ទាប់មក ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលធ្វើជាកងទ័ពរំដោះ។ កាលណោះ ខ្ញុំទើបតែមានអាយុ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំត្រូវបានមេបញ្ជាការខ្មែរក្រហមឱ្យកាន់កាំភ្លើងឡើងទៅនៅសមរភូមិ។ ដោយសារតែខ្ញុំនៅតូចពេក ខ្ញុំបានទទួលបញ្ជាពីប្រធានអង្គភាពឱ្យលើកក្ដារយកទៅគ្របរណ្ដៅត្រង់សេនៅខ្សែត្រៀមជួរមុខ។ ចំណែកអាហារហូបចុកប្រចាំថ្ងៃ ខាងកងដឹកជញ្ជូនបានយកមកផ្គត់ផ្គង់ដល់ខ្សែត្រៀមជួរមុខ។ ខ្ញុំមិនសូវបានសម្លរហូបទេ ភាគច្រើនខ្ញុំហូបតែអាហារក្រៀម និងត្រីងៀត។
ខ្ញុំឈរជើងនៅខ្សែត្រៀមមុខរហូតដល់ឆ្នាំ១៩៧៤។ នៅក្នុងឆ្នាំដដែល ខ្ញុំត្រូវរបួសត្រង់ក្បាល និងភ្លៅនៅម្ដុំកំបូល ស្ថិតនៅខាងលិចទីក្រុងភ្នំពេញ។ កាលនោះ ខ្ញុំត្រូវអំបែងគ្រាប់ផ្លោង៨០មីលីម៉ែត្ររបស់កងទ័ព លន់ នល់។ បន្ទាប់ពីខ្ញុំត្រូវរបួសភ្លាម កងកម្លាំងនៅក្នុងអង្គភាពបានសែងខ្ញុំទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យអមលាំង។ នៅតាមផ្លូវ ខ្ញុំសន្លប់មិនដឹងខ្លួនទេ។ ខ្ញុំបានដឹងខ្លួនវិញ ពេលទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានព្យាបាលខ្ញុំ។ ខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល២ខែ ទើបជាសះស្បើយ។
បន្ទាប់មក ខ្ញុំបានត្រឡប់ទៅសមរភូមិវិញ ប៉ុន្តែនៅពេលនោះខ្មែរក្រហមបានទទួលជ័យជម្នះហើយ។ ខ្ញុំរួមទាំងកងទ័ពនៅក្នុងកងអង្គភាពទាំងអស់ ត្រូវថ្នាក់លើបញ្ជូនទៅជីករណ្ដៅត្រង់សេ នៅកោះពូលូវៃ ក្នុងក្រុងកំពង់សោម។ ខ្ញុំធ្វើការនៅកោះពូលូវៃបានរយៈពេល២ខែ ទើបថ្នាក់លើបញ្ជូនទៅកោះតាងវិញ។ នៅទីនោះ ម្ហូបអាហារសម្បូរណាស់ព្រោះនៅសមុទ្រ លើកលែងតែបាយមិនសូវមានគ្រប់គ្រាន់។
រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំត្រូវរបួសដោយសារគ្រាប់មីនរបស់វៀតណាម អំឡុងពេលខ្ញុំដើរជាមួយមិត្តរួមក្រុមចំនួន៣នាក់។ នៅក្នុងហេតុការណ៍នេះ អ្នកនៅក្នុងក្រុមដែលដើរជាន់គ្រាប់មីនបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ខណៈដែលខ្ញុំត្រូវរបួសធ្ងន់ និងម្នាក់ទៀតត្រូវរបួសស្រាល។ ការផ្ទុះនេះបានធ្វើឱ្យខ្ញុំពិការភ្នែកម្ខាង និងដាច់ម្រាមដៃចំនួនបួន។ ទោះបីជាខ្ញុំពិការបែបនេះក្តី ខ្ញុំពុំមានការសោកស្ដាយទេ ព្រោះខ្ញុំគិតថាខ្ញុំរស់រានមានជីវិតមកដល់ពេលនេះគឺចាត់ទុកជាសំណាងរបស់ខ្ញុំ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយ ដូចជា ជំងឺសួត, ស្រវាំងភ្នែក, ក្រពះពោះវៀន, លើសឈាម និងសរសៃទាញដែលបន្សល់ពីស្នាមរបួសក្នុងសង្គ្រាម។
អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



