សិស្សវិទ្យាល័យហ៊ុនសែនប្រម៉ោយ ទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានទទួលស្វាគមន៍សិស្សា​នុសិស្សចំនួន៩នាក់ នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកទស្សនកិច្ចសិក្សា និងទស្សនាខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្ត «កុំស្មានបងភ្លេច»។ ក្នុងចំណោមនោះមានសិស្សានុសិស្សចំនួន៨នាក់ធ្លាប់បានចូលរួមវេទិកាអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) កាលពីសប្ដាហ៍មុន។ គោលបំណងនៃការបញ្ចាំងខ្សែភាពយន្ត «កុំស្មានបងភ្លេច» គឺចង់ឱ្យសិស្សានុសិស្សបានដឹងអំពីការបាត់បង់តន្ត្រី និងអ្នកចម្រៀងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ស្វែងយល់អំពីការវិវត្តរបស់សិល្បៈ តន្រ្តីនៅក្នុងសម័យកាលនីមួយៗ, ផលវិបាកនៃការកើតមានសង្រ្គាម និងវិធីសាស្រ្តក្នុងការទប់ស្កាត់ជម្លោះ។

មុនការបញ្ចាំងខ្សែភាពយន្តខាងលើ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានពិភាក្សាអំពីព្រឹត្តិការណ៍សំខាន់និងការដឹកនាំតាមសម័យកាលនីមួយៗនៅក្នុងខ្សែភាពយន្ត «កុំស្មានបងភ្លេច» ជាមួយសិស្សានុសិស្ស រួមមាន៖ នៅសម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៧០) ដឹកនាំដោយ សម្តេចព្រះ នរោត្ដម សីហនុ ប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យដូចជា ផ្នែកកសិកម្ម ផលិតកម្ម ឧស្សាហកម្ម សិល្បៈតន្ត្រី ថែមទាំងបានសាងសងរោងចក្រ និងអាគារជាច្រើន។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានវង់តន្រ្តីជាច្រើន និងមានអ្នកចម្រៀងល្បីៗជាច្រើនរូប។ បន្ទាប់មក នៅសម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) សង្រ្គាមបានឆាបឆេះឡើង មានការប្រយុទ្ធគ្នានៅតាមសមរភូមិ ការបាញ់ផ្លោងដាក់គ្នា និងមានយន្តហោះមកទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាជន  សត្វពាហនៈ និងខូចខាតទ្រព្យសម្បត្តិ ស្ពាន និងផ្លូវថ្នល់មួយចំនួន។ មកដល់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលដឹកនាំដោយ ប៉ុល ពត ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ និងធ្លាក់ដល់កម្រិតសូន្យ។ ប្រជាជនកម្ពុជាប្រមាណ២លាននាក់បានស្លាប់ ដោយសារការអត់ឃ្លាន ធ្វើការងារហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ការធ្វើទារុណកម្ម និងការយកទៅសម្លាប់ដោយគ្មានមូលហេតុ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជននៅទីក្រុងភ្នំពេញ ត្រូវបានកងទ័ពខ្មែរក្រហមបង្ខំជម្លៀសចេញពីផ្ទះសម្បែងឱ្យទៅរស់នៅតាមទីជនបទដាច់ស្រយាល។ ខ្មែរក្រហមបង្ខំឱ្យប្រជាជនធ្វើការងារដូចទាសករ ប្រើកម្លាំងពលកម្ម និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ប្រជាជនដែលមិនស្ដាប់តាមបង្គាប់របស់ខ្មែរក្រហម នឹងត្រូវយកទៅសម្លាប់ចោល។ អ្នកចម្រៀងភាគច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលរំដោះទីក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហមត្រូវបានដួលរលំ តន្ត្រីករ និងអ្នកចម្រៀងដែលនៅរស់រានមានជីវិតមួយចំនួនមិនហ៊ានវិលត្រឡប់ចូលទីក្រុងភ្នំពេញវិញទេ។

បន្ទាប់មកក្រុមការងារបានចាក់បញ្ចាំងខ្សែភាពយន្ត «កុំស្មានបងភ្លេច» ឱ្យសិស្សានុសិស្សទស្សនារហូតដល់ចប់។ មុននឹងបញ្ចប់កម្មវិធី ក្រុមការងារបានស្នើសិស្សានុសិស្សសរសេរអំពីមតិយោបល់ និងទស្សនៈផ្ទាល់ខ្លួនដូចខាងក្រោម៖

ស្រឿង ហៃស៊ីង លើកឡើងថា បន្ទាប់ពីខ្ញុំបានទស្សនាអំពីប្រវត្តិសាស្រ្តរបស់ខ្មែរដ៏ជូរចត់នេះ ខ្ញុំបានឃើញ ជីវភាពប្រជាជនខុសគ្នានៅក្នុងសម័យកាលនីមួយៗ ៖ នៅសម័យសង្គមរាស្រ្តនិយម ខ្មែរយើងរុងរឿង ព្រោះគ្មានសង្រ្គាម ហើយជីវភាពរបស់ប្រជាជនមានភាពរីកចម្រើន គ្មានអសន្តិសុខក្នុងសង្គម។ សម័យនោះគ្រប់គ្រងដោយសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់មានទឹកព្រះទ័យ និងគ្រប់គ្រងប្រទេសបានល្អណាស់។ បន្ទាប់មក នៅសម័យ លន់ នល់ ចាប់ផ្ដើមកើតមានសង្រ្គាមស៊ីវិលរវាងខ្មែរក្រហម និង លន់ នល់ និងមានការទម្លាក់គ្រាប់បែកពីទាហានអាមេរិក។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ខ្មែរក្រហមបានធ្វើឱ្យប្រជាជនកម្ពុជាប្រមាណ២លាននាក់ស្លាប់បាត់បង់ជីវិត។

សួន ស្រីនិ បានលើកឡើងថា នៅពេលកំពុងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» ខ្ញុំបានកត់ត្រាចំណុចមួយចំនួនដែលខ្ញុំចាប់អារម្មណ៍ ដូចជា នៅដើមដំបូងនៃខ្សែភាពយន្តនេះ ខ្ញុំបានឃើញពីជីវិតរស់នៅរបស់ប្រជាជនមានភាពសម្បូរសប្បាយ និងរីករាយជាមួយតន្រ្តីស្ទើរគ្រប់ប្រភេទ។ ប៉ុន្តែក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានលុបបំបាត់តន្រ្តី និងប្រែក្លាយចម្រៀងមនោសញ្ចេតនា ស្នេហាឱ្យទៅជាចម្រៀងបដិវត្តន៍វិញ។ តារាចម្រៀងល្បីៗមួយចំនួនត្រូវបានយកទៅសម្លាប់ ហើយអ្នកចម្រៀង និងអ្នកភ្លេងមួយចំនួនទៀតត្រូវកាត់សក់ខ្លី និងរស់នៅដោយលាក់ជីវប្រវត្តិពិត។

ស៊ីនឿន សុធារិទ្ធ បានរៀបរាប់ថា ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកទស្សនកិច្ចមជ្ឈ​មណ្ឌលផ្សះផ្សាវាលវែងចំនួន២លើក។ លើកទី១) ខ្ញុំបានចូលរួមវេទិកាអប់រំអំពីកុមារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ លើកទី២) ខ្ញុំបានមកទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងផ្សេងៗពីគ្នា ហើយការទស្សនាខ្សែភាពយន្តបានបង្ហាញឱ្យខ្ញុំឃើញពីទិដ្ឋភាពទៅតាមសម័យកាលនីមួយៗក្នុងប្រទេសកម្ពុជា ដូចជា នៅសម័យកាលសង្គមរាស្រ្តនិយម ប្រជាជនសប្បាយរីករាយក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ហើយប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ នៅសម័យនោះ សម្ដេចព្រះ នរោត្ដម សីហនុ នៅគ្រប់គ្រងអំណាច ខ្ញុំឃើញមានការរីកចម្រើនពិសេសទៅលើវិស័យតន្រ្តី។ ប្រជាជនជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីស្ដាប់ចម្រៀង តន្រ្តី រាំលេង និងមានបទចម្រៀងដែលច្រៀងដោយតារាចម្រៀងល្បីៗជំនាន់ដើម។ នៅក្នុងឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង។ ពេលនោះ ក្រុមតន្រ្តី និងក្រុមតារាចម្រៀងមួយចំនួនធំបានបញ្ឈប់ការលេងតន្រ្តី និងច្រៀងសប្បាយរីករាយដូចមុន ហើយបែរមកច្រៀងបែបឃោសនានយោបាយវិញ។ លុះចូលដល់របបកម្ពុជាប្រជាធិបតេយ្យ តារាចម្រៀងជាច្រើនត្រូវបានបង្ខំឱ្យឈប់ច្រៀង រួចហើយជម្លៀសឱ្យទៅធ្វើការងារនៅតាមទីជនបទ។ តារាចម្រៀង និងក្រុមតន្រ្តីករមួយចំនួនធំត្រូវបាត់បង់អាយុជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ភួង វីរៈ បានបង្ហាញអារម្មណ៍របស់ខ្លួនថា ខ្ញុំសប្បាយរីករាយណាស់ដែលបានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងម្ដងទៀត។ ខ្ញុំបានទស្សនាខ្សែភាពយន្ត «កុំស្មានបងភ្លេច» ដែលបានបង្ហាញនូវសម័យកាលជាច្រើន។ សម័យកាលដែលគ្រប់គ្រងដោយសម្ដេចព្រះ នរោត្ដម សីហនុ ប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យ។ ប្រជាជនមានភាពរីករាយជាមួយបទចម្រៀង និងក្បាច់រាំពិសេសៗ។ បន្ទាប់ពីមានការរីកចម្រើនប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាចាប់ផ្ដើមធ្លាក់ចុះ ហើយប្រជាជនរស់នៅទាំងមានភាពភ័យខ្លាច ព្រោះមានការទម្លាក់គ្រាប់បែកពីទាហានអាមេរិកាំង។ បន្ទាប់មក របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត បានយកជ័យជម្នះលើសម័យ លន់ នល់។ ពេលនោះក្រុមតារាចម្រៀង និងក្រុមតន្រ្តីករត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ ហើយខ្លះទៀតត្រូវបានចាប់យកទៅសម្លាប់។

អត្ថបទ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖