នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ផ្ទះសហគន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្ដល់ទីតាំងដល់នាយកដ្ឋានអភិវឌ្ឍន៍ជនបទ រៀបចំកម្មវិធីប្រជុំវាយតម្លៃ ស្តីពីការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានការចូលរួមពីអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ, អនុប្រធានមន្ទីរខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ រដ្ឋបាលឃុំទន្លូង អាជ្ញាធរភូមិក្តុលលើ និងប្រជាពលរដ្ឋចំនួន៤៨នាក់។
ជាកិច្ចចាប់ផ្តើម លោកឃុំទន្លូង ឈ្មោះ ប៉ឹង ប៊ុនថន បានឡើងសម្តែងការស្វាគមន៍អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងប្រជាពលរដ្ឋរស់នៅភូមិក្តុលលើ ឃុំទន្លូង ដែលមានវត្តមានក្នុងព្រឹកនេះ។ លោក ប៉ឹង ប៊ុនថន លើកយកប្រវត្តិនៃការកសាងជួលជុលផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដោយមានការគាំទ្រពី ឯកឧត្តម ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ទីតាំងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង កសាងឡើងសម្រាប់សហគមន៍ទាំងមូល ប្រើជាប្រយោជន៍រួម ហើយណែនាំដល់ប្រជាជនរស់នៅភូមិក្តុលលើឱ្យជួយចេះថែរក្សាទាំងអស់គ្នា។ លោក ប៉ឹង ប៊ុនថន លើកឡើងថា ជនជាតិដើមភាគតិចស្ទៀង មករស់នៅភូមិក្តុលលើ តាំងពីយូរណាស់មកហើយ គឺមុនពេលមានជនជាតិផ្សេងទៀតចូលមករស់នៅលាយឡំគ្នា។ មកដល់សព្វថ្ងៃនេះ ប្រជាជនរស់នៅភូមិក្តុលលើគឺជាកូនចៅជនជាតិដើមភាគតិចស្ទៀង។ ទោះបីបច្ចុប្បន្នកូនចៅជំនាន់ក្រោយមិនចេះនិយាយភាសាស្ទៀង ប៉ុន្តែនៅបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្លះៗ ដូចជាពិធីឡើងអ្នកតា ពិធីលេងភ្លេងអារក្សជាដើម។ លោកបន្តថា សូមកុំគិតថាជនដើមភាគតិចស្ទៀង គឺជាជនជាតិអន់ និងមិនសូវមានការផ្តល់តម្លៃ។ ប៉ុន្តែបច្ចុប្បន្នគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបងប្អូនជនជាតិដើមភាគតិច តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយជាតិ និងយន្តការគាំពារនានា ដើម្បីការពារសិទ្ធិ អភិរក្សវប្បធម៌ និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយបរិយាប័ន្ន។
បន្ទាប់មក លោក មាស សម្បត្តិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ឡើងមានប្រសាសន៍ថា ប្អូនជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិចដទៃទៀតត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ គម្រោងអភិវឌ្ឍន៍ និងការការពារសិទ្ធិស្របច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើបងប្អូនជនជាតិដើមភាគតិចស្ទៀង ចេញលិខិតទទួលស្គាល់អត្ដសញ្ញាណជនជាតិ ការចូលរួម ដើម្បីការពារសិទ្ធិដីធ្លី គោលនយោបាយអភិវឌ្ឍន៍ និងការគាំទ្រជីវភាព និងការលើកកម្ពស់វប្បធម៌។ លោកបន្តថា ការប្រជុំលើកនេះនឹងសម្រេចពីការវាយតម្លៃជាតិពន្ធុសហគមន៍ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនេះដែរ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ឡើងមានប្រសាសន៍លើកទឹកចិត្តឱ្យប្រជាជនចេះកំណត់អត្តសញ្ញាណខ្លួនឯងឱ្យច្បាស់ ដើម្បីការពារ ថែរក្សា ភាសា និងទំនៀមទម្លាប់ កុំឱ្យបាត់បង់។ លោកស្រីបានបង្កើតភាពជិតស្និទ្ធជាមួយសហគមន៍ជនជាតិដើមភាគតិចស្ទៀង ដើម្បីធានាថាបងប្អូនជនជាតិដើមភាគតិច (ដូចជា ស្ទៀង, កួយ, និងក្រុមផ្សេងៗទៀត) ទទួលបានភាពស្របច្បាប់ និងមានភាពក្លាហានក្នុងការថែរក្សាប្រពៃណីដូនតារបស់ខ្លួន។ លោកស្រីបន្តសួរសំណួរថា តើលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនទាំងអស់គ្នា ដែលមកចូលរួមថ្ងៃនេះ ត្រូវការកំណត់អត្តសញ្ញាណខ្លួនឯងដែរឬទេ? ប្រជាជនចូលរួមឆ្លើយតបថាយល់ព្រមឱ្យរដ្ឋាភិបាលកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចភូមិក្តុលលើ។
លោកស្រី សំ សុម៉ាលី បន្តលើកឡើងពីអ្នកតំណាងក្រុមសហគមន៍ជនជាតិដើមភាគតិចស្ទៀង ត្រូវមានតួនាទី ភារកិច្ច គណៈកម្មាធិការ សហគមន៍ជនជាតិដើមភាគតិចស្ទៀង ដូចខាងក្រោម៖
១) ដឹកនាំនិងដោះស្រាយកិច្ចការប្រពៃណី ដោយមានការពិគ្រោះយោបល់ជាមួយចាស់ទុំក្នុងភូមិ។
២) សម្របសម្រួល និងដោះស្រាយវិវាទ សមាជិកនិងសមាជិកក្នុងសហគមន៍តាមប្រពៃណីនិងច្បាប់។
៣) ហ្វឹកហ្វឺន និងចងក្រងក្រុមរបាំ សិល្បៈដែលជាអត្តសញ្ញាណជនជាតិដើមភាគតិចស្ទៀង និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានល្អ។
៤) សម្របសម្រួល និងរៀបចំផែនការអភិវឌ្ឍន៍ អភិរក្សក្នុងសហគមន៍ ផ្សព្វផ្សាយ និងដឹកនាំធ្វើ អនាម័យក្នុងសហគមន៍។
៥) ជាតំណាងឱ្យសហគមន៍ក្នុងការទំនាក់ទំនង និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍សហគមន៍។
៦) ត្រូវដោះស្រាយជំនាស់ដីធ្លី ធនធាននានា ដែលជាកម្មសិទ្ធិរបស់សហគមន៍ ដើម្បីជាផលប្រយោជន៍សហគមន៍ទាំងមូល។
ជាចុងក្រោយ លោកស្រី សំ សុម៉ាលី បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ ហើយថ្លែងអំណរគុណសូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ រួមទាំងក្រុមការងារ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា











