ប្លង់គោល ព្រះសារមន្ទីរ ខេត្តស្ទឹងត្រែង

នៅក្នុងព្រះរាជលិខិតពីទីក្រុងប៉េកាំង ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦  សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលិខិតចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ របស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ទូលថ្វាយទ្រង់ នូវវឌ្ឍនៈភាពការងារ និងប្លង់គោល ព្រះសារមន្ទីរ ក្នុងខេត្តស្ទឹងត្រែង ដែលជាស្ថាបត្យកម្មដ៏ស្អាត និងជាការចងចាំព្រះវីរភាពរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មព្រះអង្គបានបម្រើប្រជាជាតិ​ ប្រជារាស្រ្ត មាតុភូមិកម្ពុជាជាទីស្នេហារបស់ព្រះអង្គ។

ព្រះសារមន្ទីរ គឺរៀបចំឡើងដើម្បីថ្វាយព្រះរាជកិត្តិយសចំពោះព្រះរាជដំណើរជាប្រវត្តិសាស្ត្ររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះសារមន្ទីរ នេះ មានតាំងបង្ហាញពិព័រណ៍អចិន្ត្រៃយ៍នៃព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី, ព្រះរាជសារលិខិតជានិមិត្ត​រូប និងការចងចាំ រួមបញ្ចូលទៅក្នុងសំណង់ស្ថាបត្យកម្ម។

សំណង់ស្ថាបត្យកម្មនេះ នឹងតាំងបង្ហាញពិព័រណ៍ជាបន្តបន្ទាប់យ៉ាងសម្បូរបែប ក៏ដូចជារៀបចំកម្មវិធីសម្រាប់សហគមន៍នានា ដែលញ៉ាំងឱ្យព្រះសារមន្ទីរនេះ រក្សាបានសកម្មភាពរបស់ខ្លួន ព្រមទាំងការចូលរួមពីសហគមន៍។ សកម្មភាពទាំងអស់នេះ ត្រូវបានរៀបរៀងឡើងផ្អែកទៅលើប្រធានបទស្នូល រួមមាន សន្តិភាព, ឯករាជ្យភាព និងការអភិវឌ្ឍន៍ ដោយបង្កើតបានជាការពិព័រណ៍មួយដែលឆ្លុះបញ្ចាំងពីអតីតកាល និងប្រមើលមើលទៅកាន់អនាគត។ អមជាមួយនឹងការគួបផ្សំបញ្ចូលគ្នារវាងពិព័រណ៍អចិន្ត្រៃយ៍ និងពិព័រណ៍ចល័ត ព្រះសារមន្ទីរ នឹងគឺជាទីតាំងបម្រើដល់ការសិក្សារៀនសូត្រ និងការសន្ទនាដោះដូរគំនិត។ ព្រះសារមន្ទីរ បានច្របាច់បញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ និងការចងចាំ ទៅក្នុងបច្ចុប្បន្នកាល និងអនាគតកាលរបស់កម្ពុជា។ ស្ថិតនៅក្នុងខេត្តជាប់ព្រំដែន ព្រះសារមន្ទីរ នេះ នឹងដើរតួជាស្ពាន សម្រាប់ផ្សាភ្ជាប់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការចែករំលែកចំណេះដឹង វប្បធម៌ និងលទ្ធភាពថ្មីៗផ្សេងទៀត។

សំណង់អគារសហសម័យថ្មីសន្លាងមួយ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ ក្នុងគោលបំណងផ្ដល់ជាទីតាំងបន្ថែមដើម្បីរៀបចំកម្មវិធីសម្រាប់សហគមន៍ ការអប់រំដែរ។ ខ្លឹមសារស្ថាបត្យកម្មនៃអគារនេះ មានទម្រង់សហសម័យប្លែក ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណដែលវិវត្តទៅមុខរបស់កម្ពុជា និងឆ្លើយតបចំពោះតម្រូវការរបស់សហគមន៍នាពេលបច្ចុប្បន្ន។ រក្សាបាននូវបែបបទស្ថាបត្យកម្មពីសម័យកាលសង្គមរាស្ត្រនិយម និងទេសភាពធម្មជាតិនៅជុំវិញទីតាំងនេះ ការរចនាអគារនឹងធ្វើឡើងយ៉ាងល្អិតល្អន់ ដោយបង្កើតជារូបរាងថ្មីទាំងស្រុងមួយ តំណាងឱ្យសម័យកាលថ្មីមួយ នៅក្នុងការតំណាលជាបន្តបន្ទាប់របស់កម្ពុជា។

ព្រះសារមន្ទីរ កំពុងត្រូវបានរៀបចំជួសជុលដោយក្រុមការងារស្ថាបត្យករខ្មែរវ័យក្មេងនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ។ សព្វថ្ងៃនេះ ក្រុមការងារស្ថាបត្យករខ្មែរវ័យក្មេងនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានបញ្ចប់​ការរៀបចំគំនូរប្លង់ និងចាប់ផ្តើមដំណើរការជួសជុល ព្រះសារមន្ទីរ ជា៣ដំណាក់កាល គឺ ៖ ទី១) កែលម្អអគារដែលមានស្រាប់ ដោយរក្សាទម្រង់ដើមនៃអគារ ទី២) ប្រើប្រាស់ទីតាំងនេះឡើងវិញ សម្រាប់តាំងបង្ហាញពិព័រណ៍ជាបន្តបន្ទាប់ និងរៀបចំកម្មវិធីសម្រាប់សហគមន៍ និង ទី៣) សាងសង់អគារថ្មីមួយតាមបែបផែនសហសម័យ។

អគារទី១ និង ទី២ នឹងត្រូវបានកែលម្អដោយប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីរក្សាទម្រង់ដើម ដែលមានរចនាបថបែបខ្មែរ-បារាំងទំនើប ដោយអភិរក្សបាននូវអត្តសញ្ញាណស្ថាបត្យកម្មនៃ សម័យកាលសង្គមរាស្ត្រនិយម។ ការកែលម្អនេះ ផ្ដោតទៅលើគោលបំណងស្ថាបត្យកម្មអំឡុងសម័យកាលនោះ ដោយលើកតម្កើងសោភ័ណភាពក្នុងទម្រង់ទំនើបរបស់អគារ។ ប្រកាន់យកនូវភារកិច្ចខិតខំប្រឹងប្រែងខាងលើ សំណង់ស្ថាបត្យកម្មនេះ នឹងជានិមិត្តរូបជាក់ស្ដែងតំណាងឱ្យសម័យកាលនោះ ដោយបម្រើដល់ការអភិរក្សប្រវត្តិសាស្ត្រ, រឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គល និងការចងចាំ។

ព្រះសារមន្ទីរ មានសារសំខាន់សម្រាប់ខេត្តស្ទឹងត្រែង ដែលជាខេត្តមួយមានការអភិវឌ្ឍន៍តិចតួចជាងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ហើយតំបន់នេះនៅតែបន្តប្រឈមនឹងបញ្ហាជាច្រើន រួមទាំងសន្តិសុខព្រំដែន និងការការពារធនធានធម្មជាតិ។

អត្ថបទ ៖ សោម ប៊ុថន ប្រធានក្រុមទស្សនាវដ្ដីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖