សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ សិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការទស្សនាពិព័រណ៍រូបភាព និងខ្សែភាពយន្តឯកសារ នៅផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀង

ផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀង ដែលជាការិយាល័យប្រចាំការរបស់មជ្ឈមណ្ឌលឯកសារកោះថ្ម មិនត្រឹមតែជាកន្លែងជួបជុំ​របស់ប្រជាជនក្នុងសហគមន៍តែប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំងមានតួនាទី​ក្នុងការ​អប់រំ ផ្សព្វផ្សាយ ហើយយុវជន និងសិស្សានុសិស្ស​នៅ​ក្នុងមូលដ្ឋានក៏​អាចមកអានសៀវភៅប្រវត្តិ​សាស្រ្ត និងធ្វើការ​សិក្សា​ស្រាវជ្រាវក្រៅម៉ោងសិក្សាក្នុងថ្នាក់។ ជារៀងរាល់មួយខែម្តង ផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀង ​មានកម្មវិធីដើម្បីផ្តល់​ការ​អប់រំ​ជាពិសេស​ទាក់ទងនឹង​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម និងវិធីសាស្រ្ត​ទប់ស្កាត់​អំពើប្រល័យពូជសាសន៍ឃោរឃៅ​​កុំ​ឱ្យ​កើត​ឡើង​ម្តងទៀត។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១០នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ មកកាន់ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងសិក្សាស្វែងយល់អំពីពិព័រណ៍រូបភាព និងអត្ថន័យខ្សែភាព​យន្តឯកសារ «កម្ពុជា៣+៤» ដែលផលិតក្រោយរបបខ្មែរក្រហមដួលរលំ។

នៅក្នុងឱកាសនោះ បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ឈ្មោះ វន បុប្ផា បានធ្វើការណែនាំដល់សិស្សានុសិស្សអំពីផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដែលបានសាងសង់ឡើងដោយមជ្ឈ​មណ្ឌលឯកសារកម្ពុជា នៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុង នៅដើមខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីសាងសង់រួច ផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានតម្កល់ឯកសារជាច្រើនទាក់ទងជាមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងផ្ទាំងពិព័រណ៍ផ្ដោតសំខាន់ទៅលើដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧, កិច្ចចរចារសន្តិភាព, កិច្ចព្រមព្រៀងសន្តិភាព និងការងារមនុស្សធម៌។

បន្ទាប់មក បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ឈ្មោះ ឈុំ រ៉ា  បានណែនាំសិស្សទាំងអស់ឱ្យអង្គុយជុំគ្នាដើម្បីទស្សនាខ្សែភាពយន្តឯកសារ «កម្ពុជា៣+៤»។ ខ្សែភាពយន្តឯកសារ «កម្ពុជា ៣+៤» ផ្តើមចេញពីការពិនិត្យមើលសៀវភៅកំណត់ហេតុមួយដែលត្រូវបានរកឃើញ និងមានព័ត៌មានលម្អិតអំពីអ្នកទោសនៅគុកទួលស្លែង។ លើសពីនេះ ខ្សែភាពយន្ត «កម្ពុជា៣+៤» បានបង្ហាញអំពីមនោគមវិជ្ជារបស់ខ្មែរក្រហម ជំរំការងារដោយបង្ខំ ព្រមទាំងទម្រង់នៃការធ្វើទារុណកម្មផ្សេងៗ ដែលខ្មែរក្រហមបានប្រើប្រាស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

បន្ទាប់ពីសិស្សទស្សនាភាពយន្តចប់ លោក ឈុំ រ៉ា បានពន្យល់បន្ថែមអំពីអត្ថន័យនៅក្នុងខ្សែភាពយន្តឯកសារ «កម្ពុជា៣+៤» គឺសំដៅដល់ចំនួនប្រជាជន៧លាននាក់ មុនរបបខ្មែរក្រហមឆ្នាំ១៩៧៥។ ចំណងជើងខ្សែភាពយន្ត លេខ៣ សំដៅដល់ចំនួនប្រជាជនដែលស្លាប់ក្នុងរបបខ្មែរក្រហមចំនួន៣លាននាក់។ ចំណែកលេខ៤ សំដៅលើប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងខ្សែភាពយន្តឯកសារនេះ បានបង្ហាញអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងនៅក្នុងមន្ទីរស-២១ ឈ្មោះ យូ ថាន់ ហៅ ផល់ ភេទប្រុស អាយុ៣៨ឆ្នាំ (ក្នុងឆ្នាំ១៩៧៦)។ នៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យូ ថាន់ គឺជាប្រធានរោងពុម្ពភូមិភាគពិសេស និងក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ទទួលខាងលេខ និងអក្សររោងពុម្ពរដ្ឋ ក-៣០។ យូ ថាន់ ហៅ ផល់ មានស្រុកកំណើតនៅភូមិខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឪពុកឈ្មោះ យូ ហ៊ិន និងម្តាយឈ្មោះ សួស យឿ។ យូ ថាន់ ហៅ ផល់ មានប្រពន្ធឈ្មោះ ឈ្នាង សារ៉ី ហៅ ភាក់ មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងមានកូន ៥នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ យូ ថាន់ ហៅ ផល់ ត្រូវបានខ្មែរក្រហមចាប់ខ្លួននៅរោងពុម្ពរដ្ឋក-៣០ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៦ និងបញ្ជូនទៅឃុំឃាំងនៅមន្ទីរស-២១ ក្នុងផ្ទះ១ បន្ទប់ធំ១ បន្ទប់តូច៤។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

គឿន ស្រីកា ថ្ងៃនេះខ្ញុំមានអារម្មណ៍ប្លែកខុសពីសព្វដង ពេលចូលមកដល់សាលាគរុភណ្ឌស្ទៀង-ផ្ទះសហគមន៍ក្ដុលលើ។ ថ្វីត្បិតតែខ្ញុំធ្លាប់មកអានសៀវភៅនៅទីនេះជាច្រើនលើករួចមកហើយក្តី ប៉ុន្តែថ្ងៃនេះគឺជាលើកដំបូងដែលខ្ញុំបានមកទស្សនាខ្សែភាពយន្តឯកសារ «កម្ពុជា៣+៤»។ តាមទស្សនរបស់ខ្ញុំខ្សែភាពយន្តឯកសារនេះបានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពព្រៃផ្សៃរបស់កម្មាភិបាលខ្មែរក្រហម ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជន។

កាក់ សុខហេង ភេទស្រី គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ រៀបរាប់ថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ដែលបានចូលរួមទស្សនកិច្ចសិក្សានៅថ្ងៃនេះ។ អំឡុងពេលទស្សនកិច្ចសិក្សា ខ្ញុំបានយកចិត្តទុកដាក់ស្ដាប់ការណែនាំ និងការពន្យល់ពីបងៗក្រុមការងារទៅតាមផ្ទាំងពិព័រណ៍ប្រវត្តិសាស្រ្តនីមួយៗ។ ក្រោយពីបានទស្សនាផ្ទាំងពិព័រណ៍ចប់ ខ្ញុំ និងមិត្តភក្តិបាន ទស្សនាខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «កម្ពុជា ៣+៤»។ បន្ទាប់ពីទស្សនាចប់ ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួល និងស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែមានចិត្តអាណិតអាសូរដល់យាយតាដែលបានឆ្លងកាត់ និងរងទុក្ខវេទនាយ៉ាងខ្លាំងខ្លាក្នុងរបបខ្មែរក្រហម។

អត្ថបទ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖