សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ នាំយកអង្ករ ៣តោន ចែកជូនពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ព្រះភិក្ខុវិនយធរោមហា យិន នឿន ព្រះប្រធានសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ បានផ្តល់ជូនអង្ករចំនួន ៣តោន តាមរយៈលោក ព្រាប សារ៉េត នាយករងរដ្ឋបាលសាលាស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន។ ការចុះចែកអំណោយជាលើកទី២នេះ ត្រូវបានដឹកនាំដោយផ្ទាល់ដោយ ព្រះសីហវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ រួមជាមួយព្រះមន្ត្រីសង្ឃចំនួន៣ព្រះអង្គ រួមមាន ព្រះភិក្ខុ ត្រេន គឹមឡោន និមន្តមកពីសហរដ្ឋអាមេរិក, ព្រះភិក្ខុ ប៉ាន់ ឈុន ព្រះមន្ត្រីសង្ឃគង់នៅវត្តបទុមវតីរាជវរារាម និងព្រះភិក្ខុ រាជ វិចិត្រ ព្រះមន្ត្រីសង្ឃគង់នៅវត្តនួនមណីរាម រាជធានីភ្នំពេញ ដោយបាននិមន្តចុះចែកអំណោយផ្ទាល់ព្រះហត្ថដល់គ្រួសារងាយរងគ្រោះ និងកងកម្លាំងតាមគោលដៅនីមួយៗ។ នៅក្នុងនោះ អំណោយត្រូវបានបែងចែកជូនដល់ ផ្នែកសឹករងបុរីអូរស្វាយសែនជ័យ ទទួលបានអង្ករ ២០០គីឡូក្រាម និងថវិកា ២០០,០០០រៀល, ផ្នែករ៉ាមសារ (ក្រុមអភិរក្សតំបន់ត្រីមេពូជ) ទទួលបានអង្ករ ១០០គីឡូក្រាម, ប្រជាពលរដ្ឋភូមិអូរស្វាយ ចំនួន ២០គ្រួសារ ទទួលបានអង្ករ ៤០០គីឡូក្រាម, ប្រជាពលរដ្ឋភូមិអូររុន ចំនួន ២០គ្រួសារ ទទួលបានអង្ករ ៤០០គីឡូក្រាម, ប្រជាពលរដ្ឋភូមិវើនសៀន ចំនួន ៤០គ្រួសារ ទទួលបានអង្ករ ៨០០គីឡូក្រាម, ប្រជាពលរដ្ឋភូមិកោះឈើទាលតូច ចំនួន ២០គ្រួសារ ទទួលបានអង្ករ ៤០០គីឡូក្រាម, និងប្រជាពលរដ្ឋភូមិកោះឈើទាលធំ ចំនួន ២០គ្រួសារ ទទួលបានអង្ករ ៤០០គីឡូក្រាម។

ជាមួយគ្នានោះដែរ ព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនដល់វត្តសោភណ្ឌារាម ហៅវត្តកោះឈើទាលតូច នូវអង្ករ ១០០គីឡូក្រាម និងថវិកា ១០០,០០០រៀល, ប្រគេនវត្តបុញ្ញាធិការរាម ហៅវត្តកោះឈើទាលធំ នូវអង្ករ ១០០គីឡូក្រាម និងថវិកា ១០០,០០០រៀល ព្រមទាំងបានឧបត្ថម្ភជូនកងកម្លាំងប្រជាការពារចំនួន ១០០,០០០រៀល ព្រមទាំងបានចុះចែកជូនដល់ប្រជាជនក្រីក្រតាមខ្នងផ្ទះផ្ទាល់ ក្នុងភូមិអូរស្វាយ ភូមិអូររុន និងភូមិវើនសៀន ចំនួន៥គ្រួសារ បន្ថែមទៀត ដោយទទួលបានអង្ករ ១០០គីឡូក្រាម និងថវិកា ៣០០,០០០រៀល។ គួរបញ្ជាក់ថា សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ ទទួលបានការអនុញ្ញាតច្បាប់បង្កើតឡើងតាំងពីឆ្នាំ១៩៩២ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងព្រះរាជាណាចក្រកម្ពុជា ចំណែកឯនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ សមាគមធ្លាប់បានចុះមកចែកអំណោយម្តងរួចមកហើយកាលពីឆ្នាំ២០២៣។

នៅក្នុងដំណើរបេសកកម្មមនុស្សធម៌នេះ ព្រះថេរានុត្ថេរៈទាំង៤ព្រះអង្គ បាននិមន្តសឹងមួយយប់នៅអគារមរតកសង្គមរាស្ត្រនិយមសម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ព្រមទាំងបានសិក្សាស្វែងយល់ និងអានសៀវភៅប្រវត្តិសាស្ត្រមួយចំនួនដែលបានតម្កល់នៅក្នុងអគារ។ លុះព្រឹកឡើង ព្រះភិក្ខុ ត្រេង គឹមឡោន និមន្តមកពីសហរដ្ឋអាមេរិក បានមានសង្ឃដីកាថា ក្នុងឱកាសដែលព្រះអង្គបានមកបំពេញកិច្ចការងារមនុស្សធម៌នៅខេត្តស្ទឹងត្រែង និងបានមកដល់អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ក្នុងនាមអាត្មាភាព សូមថ្លែងអំណរគុណ និងគោរពស្ញប់ស្ញែងសរសើរចំពោះការថែរក្សាមរតកប្រវត្តិសាស្ត្រនេះ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។ ជាមួយគ្នានោះដែរ ព្រះសីហវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ មានសង្ឃដីកាបន្ថែមថា អាត្មាភាពពិតជាមានមនសិការជ្រះថ្លាយ៉ាងក្រៃលែង ក្រោយពីបាននិមន្តមកសឹងមួយយប់។ អាត្មាបានអានឯកសារ និងទស្សនាអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដូច្នេះអាត្មាភាពសូមគាំទ្រពេញទំហឹងនូវការកសាង និងការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្របុរីអូរស្វាយឱ្យកាន់តែរីកចម្រើនតទៅមុខទៀត។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖