ប្រវត្តិសាស្រ្តខ្មែរក្រហម និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក ហាន សុខន មេឃុំអបួន បានស្នើសុំរទេះរុញសម្រាប់ជនពិការចំនួន៣គ្រឿង ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់ជនពិការនៅក្នុងឃុំអបួន។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ តាមរយៈមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានធ្វើការដឹកជញ្ជូន និងប្រគល់រទេះរុញដល់លោកមេឃុំ ដើម្បីធ្វើការចែកជូនដល់ជនពិការចំនួន៣រូប តាមការស្នើសុំ មានដូចជា៖

១) ទួន ចក់ ភេទប្រុស អាយុ៧៨ឆ្នាំ

២) បួន រុំ ភេទប្រុស អាយុ៤៩

៣) វណ្ណៈ បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ

លោកអ៊ំ ទួន ចក់ បានមានប្រសាសន៍ថា «ខ្ញុំសប្បាយចិត្តនិងរំភើបនៅពេលទទួលបានរទេះរុញដែលផ្តល់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ តាមរយៈមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។ ខ្ញុំដេកតែនៅលើកន្ទេលមួយកន្លែងជិត២ឆ្នាំមកហើយ។ នៅពេលបានជិះលើរទេះ ខ្ញុំអាចចេញមកខាងក្រៅ និងអាចមើលឃើញធម្មជាតិស្រស់បំព្រង។ ម្យ៉ាងទៀត រទេះនេះអាចកាត់បន្ថយការលំបាកដល់ប្រពន្ធ និងកូនរបស់ខ្ញុំ ដោយមិនសូវចំណាយពេលរបស់គាត់មកថែខ្ញុំ។ ខ្ញុំអាចរុញរទេះបានដោយខ្លួនឯងនៅពេលចង់ទៅណាមកណា»។

ចាប់តាំងពីឆ្នាំ២០២១ រទេះរុញចំនួន១៥គ្រឿងត្រូវបានប្រគល់ជូនដល់ឃុំអបួន ដើម្បីចែកជូនដល់ជនពិការដោយសារសង្រ្គាម។ លើសពីនេះការពិនិត្យសុខភាពនិងការអប់រំពីសុខភាពត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០០នាក់ នៅឃុំអបួន ស្រុកកោះញែក ដោយមានការសហការពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំ និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចែករំលែកសាច់រឿងនៅក្នុងរបបខ្មែរក្រហមជាមួយអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅចន្លោះឆ្នាំ២០២១និងឆ្នាំ២០២៤ ត្រូវបានជ្រើសរើសឱ្យមកទទួលការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងបន្ទាប់មកគឺទទួលបានការអប់រំអំពីការថែទាំសុខភាពជាប្រចាំថ្ងៃ។ ការងារនេះសិ្ថតក្រោមគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ទំនាក់ទំនងរវាងប្រវត្តិសាស្រ្ត និងសុខភាព

ស្រុកកោះញែក មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ថ្វីបើស្ថិតនៅតំបន់ដាច់ស្រយាល ស្រុកកោះញែកសម្បូរដីមានជីវជាតិដែលអំណោយផលដល់ដំណាំកសិកម្ម ដូចជា ស្រូវ និងកាហ្វេ។ នៅអំឡុងឆ្នាំ១៩៦០ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរឥស្សរ ហើយបន្ទាប់មកត្រូវបានខ្មែរក្រហមគ្រប់គ្រងទាំងស្រុង បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ជនជាតិដើមភាគតិចជាច្រើនរស់នៅទីនេះតាំងពីបុរាណមក។ ក្រោយមកមានជនជាតិខ្មែរ ដែលត្រូវបានបញ្ជូនឱ្យទៅធ្វើការនិងតាំងទីលំនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ជនជាតិដើមភាគតិចត្រូវបានខ្មែរក្រហមចាត់ទុកថាជាមនុស្សមានភាពស្មោះត្រង់ និងមិនត្រូវបានប្រឡាក់ប្រឡូសដោយវណ្ណៈមូលធននិយម ឬ ចក្រពត្តិនិយមឡើយ។ ជនជាតិដើមភាគតិចជាច្រើន បានចូលរួមបម្រើខ្មែរក្រហម និងមានតួនាទីក្នុងការដឹកនាំ។

ស្រុកកោះញែកគឺជាទីប្រជុំជនតំបន់១០៥ និងជាជង្រុកស្រូវដ៏ធំសម្រាប់ផ្គត់ផ្គង់កងទ័ពខ្មែរ  ក្រហម។ ណៃ សារ៉ាន់ ហៅ យ៉ា ត្រូវបានជ្រើសតាំងជាលេខាភូមិភាគឦសាន។

នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅស្រុកអូររាំង ស្រុកកែវសីមា ស្រុកសែនមនោរម្យ (បច្ចុប្បន្នក្រុងសែនមនោរម្យ) ត្រូវបានជម្លៀសទៅស្រុកកោះញែក ដើម្បីធ្វើស្រែចម្ការ។ ខ្មែរក្រហមយល់ថា ការផលិតស្រូវអាចទទួលបានទិន្នផលខ្ពស់ និងដើម្បីងាយស្រួលគ្រប់គ្រងប្រជាជន។

ប្រជាជនត្រូវបានចាត់តាំងឱ្យលើកទំនប់ និងជីកប្រឡាយ និងធ្វើស្រែនៅឃុំស្រែហ៊ុយ និងឃុំផ្សេងទៀតនៅក្នុងស្រុកកោះញែក។ សត្វពាហន និងរបស់របររបស់អ្នកដែលត្រូវបានជម្លៀស រួមមានសត្វដំរីត្រូវបានប្រមូលដាក់រួម និងប្រើប្រាស់សម្រាប់បម្រើឱ្យអង្គការបដិវត្តន៍។

នៅឆ្នាំ១៩៧៦ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរក្រហម និងប្រទេសវៀតណាមដោយសារជម្លោះព្រំដែន ខ្មែរក្រហមបានដាក់ការសង្ស័យលើជនជាតិដើមភាគតិច និងកម្មាភិបាលរបស់ខ្លួនមួយចំនួនថាជារនុកក្នុង ហើយធ្វើការចាប់ខ្លួននិងសម្លាប់អស់ជាច្រើននាក់។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ យ៉ា ដែលជាលេខាភូមិភាគឦសានត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកកាន់មន្ទីរស-២១ (គុកទួលស្លែង)។ បន្ទាប់ពីការសួរចម្លើយ ធ្វើទារុណកម្ម និងឆ្លើយសារភាពរួចមក យ៉ា ត្រូវបានអង្គការសម្លាប់នៅឆ្នាំ១៩៧៧។ យោងតាមការស្រាវជ្រាវរបស់ អ្នកស្រី សារ៉ា ខូម និង លោក សឹម សុរិយា ទៅលើការបន្សុទ្ធកម្មរបស់ខ្មែរក្រហមនៅក្នុងតំបន់១០៥ ខ្មែរក្រហមចោទប្រកាន់ជនជាតិដើមភាគតិចដែលខ្លួនធ្លាប់ជឿជាក់ថាស្មោះត្រង់នឹងអង្គការបដិវត្តន៍ បានក្បត់នឹងអង្គការ ហើយបានចាប់ខ្លួននិងសម្លាប់ជាបន្តបន្ទាប់។

នៅឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រជាជនមួយចំនួនបានធ្វើដំណើរវិលត្រឡប់មកភូមិឋានវិញ។ នៅឆ្នាំ១៩៨៣ ទីតាំងរដ្ឋបាលខេត្តត្រូវបានរៀបចំ និងផ្លាស់ទីពីស្រុកកោះញែកមកក្រុងសែនមនោរម្យវិញ។

ទំនាក់ទំនងរវាងប្រវត្តិសាស្រ្តនិងសុខភាព គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។ សុខភាពសាធារណៈ គឺជាកិច្ចការសំខាន់ និងជាកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្តតាមលទ្ធភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីធានាថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥៥ឆ្នាំឡើង និងមានចំនួនប្រហែល៥លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាសរុប មានឱកាសចែករំលែកសាច់រឿងដែលចងចាំពីរបបខ្មែរក្រហម និងទទួលបានការយកចិត្តដាក់ផ្នែកសុខភាព។ តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣ម៉ឺន២ពាន់នាក់ បានបង្ហាញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រឈមនឹងជំងឺ១០យ៉ាង (ជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺរលាកសន្លាក់ ជំងឺហឺតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺរបេង និងជំងឺឆ្កួតជ្រូក) ហើយកំពុងយាយីអាយុជីវិតរបស់គាត់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនបានលើកឡើងអំពីការងារបាក់កម្លាំងនិងភាពតក់ស្លុតផ្នែកស្មារតីនិងផ្លូវចិត្តក្នុងអំឡុងរបបខ្មែរក្រហម និងក្រោយរបបខ្មែរក្រហម ដែលជាមូលហេតុចម្បងនៃបញ្ហាសុខភាព ដែលគាត់កំពុងប្រឈមក្នុងបច្ចុប្បន្ន។

អត្ថបទ ៖ សូ ហ្វារីណា មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖