គណៈស្ថាបត្យករកម្ពុជា បានដឹកនាំប្រតិភូទស្សនកិច្ច «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដើម្បីសិក្សាអំពីការគ្រប់គ្រងឯកសារ ការចែករំលែកចំណេះដឹង និងគោលបំណងនៃការសាងសង់បណ្ណាល័យ ជាកេរដំណែលប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា កាលពីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូទៅទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ នៅ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមដំណើរយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ដំណើទស្សនកិច្ចនេះបានផ្តោតលើ៖

១) ការឈ្វេងយល់អំពីការរៀបចំបណ្ណាល័យហ្លួងម៉ែ ការទុកដាក់ ថែរក្សា គ្រប់គ្រងឯកសារ និងការចែករំលែកចំណេះដឹងទូទៅទាំងប្រវត្តិសាស្ត្រ សង្គម វប្បធម៌ និងសម្រាប់ការសិក្សាស្រាវជ្រាវជាសាធារណៈនិងសកល។

២) ការឈ្វេងយល់អំពីវត្ថុបំណង និងគោលដៅនៃគម្រោងសាងសង់ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ដែលជាសំណង់អគារនិម្មាបនកម្មខ្មែរស៊ីវិល័យ ទំនើប នាសហសម័យកម្ពុជា ដើម្បីទុក្ខជាប្រវត្តិសាស្ត្រនិងកេរដំណែលដល់មនុស្សជំនាន់ក្រោយ។

ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អៀង អូននី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាស្ថាបត្យករអាស៊ាន, លោកជំទាវ នន់ ភានី ទីប្រឹក្សា, ឯកឧត្តម ជា ច័ន្ទថែបរ៉ាស, ឯកឧត្តម សេង សោត, ឯកឧត្តម ទូស សាភឿន, ឯកឧត្តម គង់ កុសល អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា, ឯកឧត្តម កែវ រ៉ូហ្សេ អគ្គនាយករងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យដីធ្លី នគរូបនីយកម្ម និងសំណង់, ស្ថាបត្យករអាស៊ាន, សមាគមស្ថាបត្យករខ្មែរ, សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករ កម្ពុជា, សមាគមអតីតនិស្សិតខ្មែរ ផ្នែកវិស្វកម្មនិងស្ថាបត្យកម្មពីប្រទេសចិន និងមន្រ្តីនៃគណៈស្ថាបត្យករកម្ពុជា។

អត្ថបទ ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖