កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ពឹក ផល្លា ជាមេភូមិរង ភូមិឈួល នៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដឹកនាំក្រុមបុរាណវិទូមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ចុះពិនិត្យទីតាំងគ្រឹះប្រាសាទបុរាណ ស្ថិតនៅតំបន់ថងប្រាំង ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីភូមិឈួល។
បើតាមលោកមេភូមិរង កាលពីមុន អ្នកស្រុកដែលភ្ជួរស្រែនៅទីនោះ តែងតែប៉ះចំឥដ្ឋនិងថ្មជានិច្ច ប៉ុន្តែមិនបានដឹងថា នោះជាឥដ្ឋប្រាសាទបុរាណទេ ដោយគ្រាន់តែគិតថា ជាឥដ្ឋធម្មតា។ ដោយសារមានការសង្ស័យ អ្នកភូមិបានជូនដំណឹងទៅគាត់ ហើយគាត់ក៏បន្តទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីចុះមកពិនិត្យ។
យោងតាមការសន្និដ្ឋានបឋមរបស់អ្នកជំនាញបុរាណវិទ្យា សំណង់ប្រាសាទបុរាណនេះមានទំហំប្រហែល៥០ម៉ែត្រ៤ជ្រុង សង់ពីឥដ្ឋ ដែលជាសំណង់មុនសម័យមុនអង្គរ។
យោងតាមតឹកតាងដែលនៅសេសសល់ សំណង់នេះទើបតែបញ្ចប់គ្រឹះប្រាសាទ ប៉ុន្តែមិនទាន់លេចចេញជារូបរាងប្រាសាទនៅឡើយទេ។ ទោះបីជាយ៉ាងណា ក្រុមការងារកំពុងធ្វើការស្រាវជ្រាវលម្អិតមុនពេលចេញសេចក្តីសន្និដ្ឋានចុងក្រោយ។
អ្នកស្រុកពិតមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា មានសំណង់ប្រាសាទបុរាណនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលជាទឹកដីរបស់ជនជាតិដើមភាគតិច។ គាត់មានការសោកស្តាយដែលបានភ្ជួររាស់នៅទីនោះ និងបានធ្វើឲ្យឥដ្ឋរាយប៉ាយ។ អ្នកស្រុកនៅតំបន់នោះទើបតែមកតាំងទីលំនៅ នៅទសវត្សរ៍ឆ្នាំ១៩៦០ ហើយមានការសង្ស័យថា ប្រាសាទនេះប្រហែលធ្លាប់ទទួលរងការខូចខាតនៅក្នុងជំនាន់សង្រ្គាមវៀតណាម ឬសង្រ្គាមស៊ីវិលនៅកម្ពុជា ឬធ្លាប់ត្រូវបានជីកគាស់កកាយពីមុនមក។ ទោះបីយ៉ាងណា អ្នកភូមិទាំងអស់គ្នារង់ចាំលទ្ធផលនៃការស្រាវជ្រាវបន្ត។
បច្ចុប្បន្ន លោក ពឹក ផល្លា បានស្នើសុំឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តមណ្ឌលគិរី ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងនិងចុះបញ្ជីប្លង់រឹងសម្រាប់ទីតាំងប្រាសាទបុរាណនេះ។ រដ្ឋបាលស្រុកកោះញែក បានដាក់សញ្ញាសម្គាល់ និងជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យដឹងថា ទីនោះគឺជាទីតាំងប្រាសាទបុរាណ។
អត្ថបទ ៖ សូ ហ្វារីណា នាយិកាមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា








