គឹម ថុល គឺជាអតីតទាហាននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងជាប្រធានក្រុមកងការពារ ជា រិទ្ធីឈុត ប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ប្រចាំនៅជំរំណងចាន់។ មុនពេលទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ គឹម ថុល បានចែករំលែកបទពិសោធន៍ជីវិតជូរចត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជំរំណងចាន់ ជំរំឫទ្ធិសែន និងការចងចាំអំពីទីតាំងបង្គោលឡាក់ព្រំដែនកម្ពុជា-ថៃលេខ៤៦ ដូចខាងក្រោម៖
ខ្ញុំឈ្មោះ គឹម ថុល អាយុ៦៩ឆ្នាំ កើតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ បច្ចុប្បន្ន គ្រួសារខ្ញុំរស់នៅភូមិជោគជ័យ(អតីតជំរំណងចាន់) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ខ្ញុំមានប្រពន្ធឈ្មោះ សួម ផាន អាយុ៦១ឆ្នាំ និងមានកូនចំនួន៧នាក់ គឺស្រីចំនួន៣នាក់ និងប្រុសចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ គឹម ចេវ និងម្តាយឈ្មោះ យ៉ូន ព្រមទាំងមានបងប្អូនប្រុសចំនួន៣នាក់។ ខ្ញុំគឺជាកូនពៅក្នុងគ្រួសារ។ ឪពុក ម្តាយ និងបងប្អូនខ្ញុំទាំងអស់បានបាត់ដំណឹងនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។
កាលនៅកុមារខ្ញុំមិនបានចូលរៀនទេ។ នៅពេលខ្ញុំធំដឹងក្តី ឪពុកម្តាយខ្ញុំបានបែកបាក់គ្នា ហើយខ្ញុំរស់នៅជាមួយជីដូនជីតា។ ចំណែកបងប្អូនខ្ញុំក៏បែកគ្នា ពេលខ្មែរក្រហមចូលមកដល់អរិយក្សត្រនៅឆ្នាំ១៩៧៥។ ក្រោយមកជីតាខ្ញុំបានស្លាប់ ហើយខ្ញុំត្រូវរស់នៅជាមួយជីដូន។
នៅឆ្នាំ១៩៧៥ ខ្ញុំនិងជីដូនត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិអរិយក្សត្រឱ្យទៅរស់នៅស្រុកព្រះនេតព្រះ ខេត្តបាត់ដំបង ដោយធ្វើដំណើរតាមរថភ្លើងពីភ្នំពេញមកឈប់នៅស្វាយស៊ីសុផុន។ ពេលនោះ ខ្ញុំនិងជីដូនត្រូវខ្មែរក្រហមដឹកតាមរទេះទៅនៅភូមិត្រពាំងកក់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ តំបន់៥។ នៅទីនោះ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើការងារក្នុងកងចល័ត និងបញ្ជូនឱ្យទៅលើកទំនប់កំបោរស្រេះរយៈពេលមួយឆ្នាំ ទើបបន្តទៅលើកទំនប់នៅអាងត្រពាំងថ្មទៀត។ ប្រធានកងចល័តឈ្មោះ តាវ៉ាល់។ បន្ទាប់ពីលើកទំនប់អាងត្រពាំងថ្មរួច ខ្ញុំក៏ត្រឡប់មកស្រុកព្រះនេត្រព្រះវិញ។ ចំណែកជីដូនខ្ញុំរស់នៅភូមិត្រពាំងកក់បានរយៈពេលមួយឆ្នាំក៏មានជំងឺ និងបានស្លាប់ដោយអត់អាហារ។ ខ្ញុំមករស់នៅ និងធ្វើការក្នុងកងចល័តភូមិត្រពាំងកក់រហូតដល់កងទ័ពវៀតណាមចូលមកដល់ស្រុកព្រះនេត្រព្រះ នៅឆ្នាំ១៩៧៩។
បន្ទាប់មក ខ្ញុំរត់ចូលព្រៃនៅម្តុំសាលាក្រៅ រួចហើយក៏ទៅស្នាក់នៅស្វាយស៊ីសុផុន។ ក្រោយមកខ្ញុំស្ម័គ្រចិត្តចូលធ្វើកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ខ្ញុំស្ថិតនៅក្នុងកងវរសេនាតូចលេខ១៨ ដែលមានប្រធាន និងអនុប្រធានឈ្មោះតាញ៉ាច់ តាម៉ាច និង វិជ្ជរា។ អង្គភាពរបស់ខ្ញុំឈរជើងនៅស្វាយស៊ីសុផុន បានរយៈពេលមួយសប្តាហ៍ក៏ទទួលបញ្ជាឱ្យទៅឈរជើងនៅប៉ោយប៉ែត ម្តុំដើមពោធិ៍ ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហមរយៈពេល២សប្តាហ៍ ទើបត្រឡប់មកប្រចាំការនៅស្វាយស៊ីសុផុនវិញ។
ក្រោយមក ថ្នាក់ដឹកនាំកងវរសេនាតូចលេខ១៨ បានដកកម្លាំង១កងអនុសេនាតូចរបស់ខ្ញុំ (ប្រមាណ៣០នាក់) ទៅវាយនៅសមរភូមិខេត្តបាត់ដំបង។ ពេលនោះខ្ញុំមានតួនាទីជាប្រធានកងអនុសេនាតូចចំណុះឱ្យកងវរសេនាតូចលេខ៣៣។ ប្រធានកងវរសេនាតូចលេខ៣៣មានឈ្មោះ តាញ៉ាច់។ ពេលត្រឡប់មកស្វាយស៊ីសុផុនវិញ កម្លាំងរបស់ខ្ញុំស្ថិតនៅក្នុងកងវរសេនាតូចលេខ៣៣ដដែល។ បន្ទាប់ពីប្រចាំការនៅស្វាយស៊ីសុផុនបានរយៈពេល២ខែ ក៏មានទំនាស់ជាមួយជំនាញការជនជាតិវៀតណាម ហើយកម្លាំងខ្ញុំបានបាញ់សម្លាប់ជំនាញការវៀតណាម។ ខ្ញុំ និងកងកម្លាំងផ្សេងទៀតដែលប្រចាំការនៅខាងកើតស្វាយស៊ីសុផុន (ម្តុំកងវ៉ា) សរុបចំនួន១៧០នាក់ បានរត់ចូលទៅជំរំរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បឹងអំពិល ឬជំរំជនភៀសខ្លួនបឹងអំពិល ដឹកនាំដោយ តាម៉ាំង។
បន្ទាប់ពីស្នាក់នៅជំរំរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបឹងអំពិល បានរយៈពេលមួយសប្តាហ៍ ក៏មានការបែងចែកកម្លាំងជា៣ផ្នែក ដោយមួយផ្នែកបន្តស្នាក់នៅជំរំបឹងអំពិល មួយផ្នែកផ្លាស់ទៅនៅជំរំភ្នំដងរែកដឹកនាំដោយ ទន់ ចាយ និងមួយផ្នែកទៀតមានខ្ញុំគឺជាប្រធានបានដឹកនាំកម្លាំងចំនួនជាង៣០នាក់ទៅស្នាក់នៅបន្ទាយទាហានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ប្រចាំនៅជំរំណងចាន់។ ពេលនោះប្រធាន និងអនុប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរប្រចាំនៅជំរំណងចាន់មានឈ្មោះ ជា រិទ្ធីឈុត និង ញ៉ែម សុផុន។ ទីតាំងបន្ទាយទាហានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ នៅជំរំណងចាន់ ស្ថិតនៅក្បែរដើមសំរោងមួយដើម ហើយពេលនោះមិនទាន់មានប្រជាជនរស់នៅច្រើនទេ។ ក្រោយមកទើបទីតាំងដើមសំរោងបានក្លាយជាកន្លែងដែលអង្គការសហប្រជាជាតិចុះមកចែកអង្ករដល់ជនភៀសខ្លួនខ្មែរ។ បន្ទាយទាហានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងជំរំជនភៀសខ្លួនស្ថិតនៅជិតគ្នា គឺស្ថិតនៅក្បែរស្រះទឹកមួយកន្លែង។ នៅក្បែរដើមសំរោងក៏មានរោងមួយ ដែលជាអតីតរោងយាមរបស់កងទ័ពខ្មែរក្រហមការពារព្រំដែនអំឡុង (ឆ្នាំ១៩៧៥-១៩៧៩)។ ពេលនោះមិនទាន់មានវត្តណងចាន់ និងភូមិរបស់ថៃនៅក្បែរនោះទេ។ ចំណែកបង្គោលឡាក់ព្រំដែនលេខ៤៦ ស្ថិតនៅខាងត្បូងឆៀងខាងកើតដើមសំរោងប្រហែល១គីឡូម៉ែត្រ។ នៅជិតបង្គោលឡាក់ព្រំដែនលេខ៤៦ មានដើមស្វាយព្រៃមួយដើមដែលមានមុខកាត់ចន្លោះប្រហែល២០ ទៅ៣០សង់ស៊ីម៉ែត្រ។ ចំណែកទំនប់ប្រឡាយដំបូងរបស់ថៃស្ថិតនៅទល់មុខភូមិគោកភឺ និងភូមិណងចាន់របស់ថៃ។ ក្រោយមក ថៃបានជីកទំនប់ប្រឡាយមួយទៀតស្ថិតនៅខាងលិចបង្គោលឡាក់ព្រំដែនលេខ៤៦ ប្រហែល៥០ម៉ែត្រ ហើយថៃបានដេញកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរឱ្យរើបន្ទាយ និងជំរំជនភៀសខ្លួនណងចាន់ ខិតចូលជ្រៅក្នុងដីខ្មែរប្រហែលមួយគីឡូម៉ែត្រពីទីតាំងចាស់។
ខ្ញុំចាំទីតាំងចាស់របស់បង្គោលឡាក់ព្រំដែនកម្ពុជា-ថៃលេខ៤៦យ៉ាងច្បាស់ ពីព្រោះមានពេលមួយកងទ័ពរបស់ខ្ញុំមួយក្រុមបានហូបបាយនៅក្បែរបង្គោលឡាក់លេខ៤៦ ស្រាប់តែមានកងទ័ពម្នាក់បានដើរទៅបត់ជើងនៅក្បែរបង្គោលឡាក់នោះ ក៏បានផ្ទុះមីន៦៩ បណ្តាលឱ្យដាច់ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ មីននោះ គឺជាមីនដែលកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក្នុងអង្គភាពខ្ញុំបានដាក់បង្កៃ។
បន្ទាប់ពីខ្ញុំស្នាក់នៅជំរំណងចាន់បានរយៈពេលប្រហែលពីរខែ គឺនៅចុងឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ សួម ផាន នៅជំរំឫទ្ធិសែន។ បន្ទាប់ពីរៀបការរួច គឺជារៀងរាល់ខែខ្ញុំត្រូវនៅឆ្លាស់គ្នាធ្វើការរវាងជំរំណងចាន់ និងជំរំឫទ្ធិសែន ដោយខ្ញុំត្រូវប្រចាំការនៅជំរំណងចាន់រយៈពេលមួយសប្តាហ៍ និងត្រឡប់ទៅរស់នៅជាមួយប្រពន្ធនៅជំរំឫទ្ធិសែននៅសប្តាហ៍បន្ទាប់។ ជំរំឫទ្ធិសែនស្ថិតនៅកន្លែងប្រាសាទស្តុកកក់ធំ ក្នុងដីខ្មែរ ពីព្រោះបង្គោលឡាក់ព្រំដែនស្ថិតនៅឆ្ងាយពីប្រាសាទស្តុកកក់ធំ។ បង្គោលឡាក់ព្រំដែនស្ថិតនៅប្រហែល៥០ម៉ែត្រខាងកើតទំនប់ប្រឡាយព្រំដែនកម្ពុជា-ថៃ។
លុះក្រោយមក កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា វាយបោសសម្អាតកម្លាំងតស៊ូតាមព្រំដែន ពេលនោះខ្ញុំត្រូវបានថ្នាក់ដឹកនាំរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បញ្ជូនទៅរៀនយុទ្ធសាស្ត្រកងទ័ពផ្នែកកងអត្តឃាតនៅជំរំបឹងអំពិល។ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនទៅក្លាងដុងប្រទេសថៃ និងបន្តរៀននៅឈុនបូរី ឡុកបូរី និងប្រទេសភូមារយៈពេលជាង១ឆ្នាំ។
នៅឆ្នាំ១៩៨៦ ខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ និងបាននៅមើលថែប្រពន្ធដែលសម្រាលកូនស្រីនៅឆ្នាំខាលនៅជំរំសាយធូ ភ្នំដងរែក បានរយៈពេលជាងមួយខែ។ បន្ទាប់មកកងអត្តឃាតរបស់ខ្ញុំស្ថិតនៅក្រោមការដឹកនាំរបស់ ផែន លី បានចេញទៅធ្វើប្រតិបត្តិការនៅស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង។
នៅឆ្នាំ១៩៩១ កងអត្តឃាតរបស់ខ្ញុំបានដកត្រឡប់មកឈរជើងនៅប្រាសាទស្តុកកក់ធំវិញ។ បន្ទាប់មក អ៊ុនតាក់កោះហៅកងរបស់ខ្ញុំទៅប្រមូលផ្តុំនៅបឹងត្រកួន ដើម្បីរំសាយកម្លាំង និងដកយកអាវុធ។ ខ្ញុំស្នាក់នៅបឹងត្រកួនបានរយៈពេលមួយខែ ក៏ត្រឡប់មកប្រាសាទស្តុកកក់ធំ ប៉ុន្តែពេលខ្ញុំមកដល់បានឃើញទាហានថៃកាន់កាប់ប្រាសាទស្តុកកក់ធំទាំងស្រុង ខ្ញុំក៏ត្រឡប់មករស់នៅជាមួយប្រពន្ធកូននៅក្នុងជំរំសាយធូវិញ។
នៅឆ្នាំ១៩៩២ អង្គការសហប្រជាជាតិបានដឹកគ្រួសារខ្ញុំធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតខាងប្រពន្ធខ្ញុំនៅស្រុកសង្កែ ខេត្តបាត់ដំបង។ បន្ទាប់ពីបោះឆ្នោតសកលឆ្នាំ១៩៩៣ គ្រួសារខ្ញុំបានត្រឡប់មករស់នៅអតីតជំរំណងចាន់ (ភូមិជោគជ័យ) វិញ ពីព្រោះនៅស្រុកកំណើតខាងប្រពន្ធខ្ញុំមិនមានដីធ្លីសម្រាប់ធ្វើស្រែចម្ការ។
ពេលខ្ញុំត្រឡប់មកព្រំដែនកម្ពុជា-ថៃ និងជំរំណងចាន់វិញ ខ្ញុំបានឃើញបង្គោលឡាក់លេខ៤៦ និង ៤៧ ស្ថិតនៅទីតាំងថ្មីតែម្តង។ បង្គោលឡាក់ព្រំដែនលេខ៤៦ ត្រូវបានចល័តពីទីតាំងចាស់មកទីតាំងថ្មីចូលជ្រៅក្នុងដីខ្មែរប្រហែលជាង១គីឡូម៉ែត្រទៀត (ទីតាំងបង្គោលឡាក់ព្រំដែនលេខ៤៦ថ្មីនេះស្ថិតនៅចម្ងាយប្រហែល៦០ម៉ែត្រខាងលិចផ្លូវជាតិលេខ៥៨ ត្រង់កន្លែងដើមអាកាស្យា និងក្បែរដីចម្ការអំពៅរបស់ប្រជាជនភូមិជោគជ័យ។ ចំណែកបង្គោលឡាក់ព្រំដែនកម្ពុជាថៃលេខ៤៧ ក៏ត្រូវបានចល័តមកទីតាំងថ្មីក្បែរអាងទឹកក្នុងភូមិជោគជ័យ។ ការចល័តបង្គោលឡាក់ព្រំដែនកម្ពុជា-ថៃលេខ ៤៦ និង៤៧ ចូលជ្រៅក្នុងដីខ្មែរនេះ គឺបានប្រព្រឹត្តឡើងនៅអំឡុងពេលទាហានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ចាកចេញពីជំរំណងចាន់ទៅធ្វើប្រតិបត្តិការជ្រៅក្នុងប្រទេសកម្ពុជានៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០។
នៅអំឡុងឆ្នាំ១៩៩៤ និង ឆ្នាំ១៩៩៥ អាជ្ញាធរថៃធ្លាប់ចុះមកជួបមេភូមិជោគជ័យ ឈ្មោះ គង់ ឆន និងរូបខ្ញុំ ដោយនិយាយបញ្ចុះបញ្ចូលឱ្យប្រជាជននៅភូមិភូមិជ័យធ្វើកាត និងបណ្ណជាមួយអាជ្ញាធរថៃ ហើយបានសន្យានឹងសាងសង់សាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាជនក្នុងភូមិជោគជ័យ។ មេភូមិ គង់ ឆន បានប្រាប់ទៅភាគីថៃថា គាត់គ្មានសិទ្ធិសម្រេចទេ ហើយគាត់នឹងរាយការណ៍បញ្ហានេះជូនលោកមេឃុំនិមិត្ត។ អាជ្ញាធរឃុំនិមិត្តបានបដិសេធសំណើរខាងលើ ហើយភាគីថៃក៏លែងមកទាក់ទងអាជ្ញាធរភូមិជោគជ័យទៀត។
នៅ១៩៩៥ និង ឆ្នាំ១៩៩៦ ភូមិជោគជ័យ ត្រូវបានកាត់បញ្ចូលឱ្យស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតមកសព្វថ្ងៃ។
ក្រោយពេលមានការប៉ះទង្គិចប្រដាប់អាវុធលើទី១ នៅឃុំជោគជ័យ គឺនៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបានចូលមកដាក់បន្លាលួសហ៊ុមព័ទ្ធយកដី និងផ្ទះសម្បែងប្រជាជនចំនួន៦គ្រួសារ។ បន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធលើទី២ គឺនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានរាយលួសបន្លា និងទូកុងតឺន័របិទផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០និង២១ ដោយហ៊ុមព័ទ្ធយកដី ផ្ទះសម្បែងសាលារៀន និងវត្តអារាមរបស់ប្រជាជនភូមិជោគជ័យទាំងស្រុងតែម្តង។
អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



