នៅព្រឹកម៉ោង៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សិស្សចំនួន៨នាក់ មកពីវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ស្នើមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ មានចំណងជើង «កុំស្មានបងភ្លេច» ដើម្បីទស្សនា បន្ទាប់ពីទំនេរពីម៉ោងសិក្សានៅក្នុងថ្នាក់រៀន។
ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានយល់ព្រមទៅតាមសំណើខាងលើ ពីព្រោះ ទី១) ចង់ឱ្យសិស្សានុសិស្សបានយល់ដឹងអំពីការបាត់បង់តន្ត្រី និងអ្នកសិល្ជាច្រើនទម្រង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ទី២) ចង់ឱ្យសិស្សានុសិស្សស្វែងយល់អំពីសម័យកាលនីមួយៗនៅក្នុងខ្សែភាពយន្ត «កុំស្មានបងភ្លេច» ទី៣) ចង់ឱ្យសិស្សានុសិស្សបានដឹងអំពីផលលំបាកនៃការកើតមានសង្រ្គាម និងទី៤) ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការទប់ស្កាត់ជម្លោះនានា។
ក្រោយទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ចប់ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានពិភាក្សាពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងរឿងរ៉ាវរបស់សិល្ករ តន្ត្រី នៅក្នុងខ្សែភាពយន្តនេះ ជាមួយសិស្សានុសិស្ស ហើយចុងក្រោយសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
សិស្សឈ្មោះ សែ ម៉េងហាក់ រៀនថ្នាក់ទី៩ រៀបរាប់ថា «ខ្ញុំបានដឹងពីការរស់នៅ និងភាពរុងរឿងរបស់ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយម ហើយខ្ញុំបានស្គាល់អ្នកចម្រៀង និងស្ដាប់បទចម្រៀងជាច្រើននៅក្នុងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»។ ខ្ញុំបានចាប់អារម្មណ៍រឿងរ៉ាវក្នុងរបបខ្មែរក្រហម ដែលបានជះឥទ្ធិពលអាក្រក់ទៅលើប្រជាជនខ្មែរ និងសិល្ករ។ ប្រជាជនត្រូវទទួលរងទុក្ខលំបាក និងត្រូវធ្វើការងារមិនមានពេលវេលាសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។
រីឯ សាយ សុខហេង បានចងចាំបន្ទាប់ពីទស្សនាខ្សែភាពយន្តកុំស្មានបងភ្លេចរួចមក «ខ្ញុំឃើញការបែងចែកសាច់រឿងជា៣សម័យកាលផ្សេងៗគ្នា គឺទី១) នៅសម័យសង្គមរាស្រ្តនិយមខ្ញុំបានឃើញពីភាពរីកចម្រើននៃវិស័យចម្រៀង និងតន្រ្តីរ៉ក ទី២) នៅសម័យសាធារណរដ្ឋខ្មែរ មានការប្រយុទ្ធគ្នា ការបាញ់ផ្លោងដាក់គ្នា និងមានយន្តហោះមកទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមព្រៃ និងនៅក្នុងភូមិឋានប្រជាពលរដ្ឋ ដែលបណ្តាលឱ្យប្រជាជនត្រូវរងរបួស និងស្លាប់ និងទី៣) នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ឬ របបខ្មែរក្រហម ខ្ញុំបានឃើញពីទុក្ខលំបាក ការធ្វើបាបប្រជាជន និងការធ្វើទារុណកម្មទៅលើប្រជាជន»។
កង ម៉េងគាង បានចែករំលែកថា «ក្រោយពីខ្ញុំបានទស្សនាខ្សែភាពយន្តឯកសារ កុំស្មានបងភ្លេច ខ្ញុំសង្កេតឃើញ ប្រជាជនកម្ពុជាសម័យនោះកម្សាន្តរីករាយជាមួយបទចម្រៀង និងក្បាច់រាំប្លែកៗ។ ប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យ។ បន្ទាប់ពីមានការរីកចម្រើន ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលធ្វើឱ្យប្រជាជនរស់ក្នុងភាពភ័យខ្លាច។ នៅពេលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះទៅលើរបប លន់ នល់ អ្នកចម្រៀងល្បីៗ និងក្រុមភ្លេងជាច្រើនត្រូវបានជម្លៀសទៅតាមទីជនបទដើម្បីធ្វើការងារពលកម្ម ហើយខ្លះទៀតត្រូវបានចាប់យកទៅសម្លាប់»។
យុវតី ផេង ដាឡែន យល់ឃើញថា «ខ្ញុំសង្កេតឃើញខ្សែភាពយន្តនេះបង្ហាញសម័យកាលផ្សេងៗ គ្នា គឺទាំងភាពសប្បាយរីករាយ និងទុក្ខក្រៀមក្រំ។ នៅក្នុងសម័យកាលសម្ដេចព្រះ នរោត្ដម សីហនុ គ្រប់គ្រងអំណាច ខ្ញុំឃើញមានការរីកចម្រើនគ្រប់វិស័យ ពិសេសលើវិស័យតន្រ្តី។ បន្ទាប់ពីមានការរីកចម្រើន គឺចាប់ផ្ដើមមានសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។ នៅពេលនោះក្រុមតន្រ្តីជាច្រើនត្រូវបានបញ្ឈប់ឱ្យលេងតន្រ្តី បន្ទាប់មកខ្មែរក្រហមបង្ខំឱ្យទៅធ្វើការងារនៅតាមការដ្ឋានផ្សេងៗ»។
ជាចុងបញ្ចប់នៃកិច្ចពិភាក្សា យុវតី គឿន ស៊ីលីញ លើកឡើងថា «នៅក្នុងខ្សែភាពយន្តឯកសារនេះ បង្កប់រឿងរ៉ាវជាច្រើន ដូចជា តន្ត្រី សង្រ្គាម ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតសិល្ករ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជារស់នៅក្រោមការគាបសង្កត់ លំបាកវេទនា និងការកាប់សម្លាប់។ នៅពេលអនាគត ខ្ញុំចង់ឃើញប្រជាជនរស់នៅក្នុងសុខសន្តិភាព។
អត្ថបទ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា








